វិបត្តិ​ក្នុង​រាជ្យ​លើក​ទី​២​របស់​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី​ឆ្នាំ​១៩០៦ (ភាគ​៤៩)

0:00 / 0:00

នៅ​ដើម​សតវត្ស​ទី​១៨ នៅ​ពេល​ដែល​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ឡើង​គ្រងរាជ្យ​ជា​លើក​ទី​ពីរ វិបត្តិ​ដណ្ដើម​រាជ្យ​គ្នា​ពី​សំណាក់​ព្រះ​ញាតិវង្ស ហើយ​រត់​ទៅ​ពឹងពាក់​ប្រទេស​ជិត​ខាង បាន​ផ្តល់​ឱកាស​ឲ្យ​បរទេស​ទន្ទ្រាន​លេប​ទឹក​ដី​ខ្មែរ។ ឯកសារ​ប្រវត្តិសាស្ត្រ​នានា​បញ្ជាក់​ថា ដី​ខ្មែរ​ត្រង់​ភូមិភាគ​ពាម បាន​ត្រូវ​យួន​ដណ្ដើម​យក​នៅ​ឆ្នាំ​១៧០៧ នៃ​គ.ស គឺ​មួយ​ឆ្នាំ​ក្រោយ​ពេល​ដែល​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ឡើង​គ្រងរាជ្យ​ជា​លើក​ទី​ពីរ​នេះ។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​របស់ លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ៖

គ. ២៧-២ ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី (ឆ្នាំ​១៧០៦-ឆ្នាំ​១៧១០ រាជ្យ​លើក​ទី​២)

ព្រះរាជ​ឱង្ការ​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ទ្រង់​ឡើង​សោយរាជ្យ​ជា​លើក​ទី​២ នៅ​រាជធានី​ឧដុង្គ​មានជ័យ ក្នុង​ឆ្នាំ​១៧០៦ បន្ត​ពី​ព្រះ​ជ័យ​ចេស្ដា​អង្គ​ស៊ូ ជា​ព្រះបិតា ដែល​កាល​ណោះ​ដាក់​រាជ្យ ហើយ​ទ្រង់​គង់​នៅ​ជា​ឧបយោរាជ​វិញ។

ក្នុង​រាជ្យ​ទី​២ របស់​ព្រះអង្គ​នេះ ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ទ្រង់​បញ្ជា​ឲ្យ​ចៅហ្វាយ​ស្រុក​ខេត្ត​ពាម ឧកញ៉ា​រាជា​សេដ្ឋី កៀរ​គ្រូ​លាវ​ដែល​នៅ​ក្នុង​ស្រុក​បាទី ឲ្យ​ទៅ​នៅ​ជ្រោយ​រាម កំពង់សោម។ ប៉ុន្តែ​ពួក​លាវ​ទាំង​នោះ​ដែល​មាន​ព្រះ​ញាតិវង្ស​ម្នាក់​ឈ្មោះ សុគន្ធបទ បាន​សមគំនិត​ផង មិន​ព្រម​ទៅ​តាម​បញ្ជា ក៏​នាំ​គ្នា​ក្រោក​បះបោរ​ឡើង។ តែ​ទីបំផុត ពួក​លាវ​បះបោរ​ទាំង​នោះ​ច្បាំង​ចាញ់​ចៅហ្វាយ​ស្រុក​ខេត្ត​ពាម ដែល​ជា​មេទ័ព​របស់​ព្រះរាជា ហើយ​ត្រូវ​បែក​ខ្ចាត់ខ្ចាយ​ជា​បី​ក្រុម។ គឺ​មួយ​ក្រុម​រត់​ទៅ​រស់នៅ​ព្រៃលើ មួយ​ក្រុម​ទៀត​រត់​ទៅ​ពឹង​យួន និង​មួយ​ក្រុម​ទៀត រត់​ទៅ​ពឹង​ព្រះ​កែវ​ហ្វា​អង្គ​អឹម ដែល​តាំង​ពី​ដាក់​រាជ្យ​មក​មិន​សប្បាយ​ព្រះទ័យ ដោយ​ឃើញ​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ជា​ប្អូន​ថ្លៃ​ឡើង​សោយរាជ្យ​ជា​លើក​ទី​២ ហើយ​មាន​បំណង​ចង់​វាយ​ដណ្ដើម​រាជ្យ​ពី​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី នោះ​ផង។

មាន​ឯកសារ​ខ្លះ​និយាយ​ថា ឆ្លៀត​ឱកាស​ដែល​ផ្ទៃ​ក្នុង​របស់​ខ្មែរ​នៅ​មាន​ភាព​ច្របូកច្របល់ ចិន ម្នាក់​ឈ្មោះ ម៉ាក​គីវ ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ប្រទេស​ខ្មែរ​ភាគ​ខាង​ក្រោម ហើយ​ត្រូវ​បាន​ព្រះរាជា​ខ្មែរ​តែង​តាំង​ជា​មន្ត្រី ឈរ​ត្រួតត្រា​តំបន់​ឆ្នេរ​សមុទ្រ​របស់​ខ្មែរ​តាំង​ពី​រាជ្យ​មុន​នោះ បាន​ក្រឡាស់​ចិត្ត​ក្បត់​ស្ដេច​ខ្មែរ ប្រែ​ជា​លើក​ដង្វាយ​ទៅ​ថ្វាយ​ស្ដេច​ង្វៀន ប្រទេស​យួន សុំ​ចុះ​ចូល​ខាង​យួន វិញ។ ស្រប​បំណង​ស្ដេច​យួន ដែល​មាន​គំនិត​ទន្ទ្រាន​លេប​ទឹក​ដី​ខ្មែរ​ផង ស្ដេច​យួន ក៏​ឆ្លៀត​ជំរុញ​ឲ្យ​ប្រជារាស្ត្រ​យួន ចូល​មក​នៅ​ទាំង​បំពាន​ក្នុង​តំបន់​ពាម ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ចិន ឈ្មោះ ម៉ាក​គីវ នោះ​ជាច្រើន។

ចាប់​ពី​ពេល​នោះ​មក បើ​តាម​ឯកសារ​នោះ​បញ្ជាក់​ថា ឆ្នាំ​១៧០៧ នៃ​គ.ស ដី​ខ្មែរ​ត្រង់​ភូមិភាគ​ពាម នោះ​បាន​ក្លាយ​ទៅ​ជា​ចំណុច​ប្រទេស​យួន រួច​ទៅ​ហើយ។ ចំណែក​ខាង​ព្រះ​កែវ​ហ្វា​អង្គ​អឹម ជា​បង​ថ្លៃ​ដែល​មាន​បំណង​ដណ្ដើម​រាជ្យ​ពី​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី វិញ ឆ្លៀត​ឱកាស​ដែល​មាន​ពួក​លាវ​បះបោរ រួច​មក​សុំ​ជ្រក​កោន​នឹង​ព្រះអង្គ​ដូច្នោះ ព្រះអង្គ​ក៏​ប្រើ​កលឧបាយ​បញ្ចុះបញ្ចូល​ព្រះ​ញាតិវង្ស​ឈ្មោះ សុគន្ធបទ នោះ ឲ្យ​ទៅ​បំបះ​រាស្ត្រ​លាវ យួន បាន​ចំនួន ២​ម៉ឺន​នាក់។ ចាត់​មន្ត្រី​ជំនិត​ព្រះអង្គ​ឲ្យ​បញ្ចុះបញ្ចូល​រាស្ត្រ​នៅ​ព្រៃលើ ពួក​កួយ ពួក​សំរែ បាន​ពល​ប្រមាណ ១​ម៉ឺន​នាក់​ទៀត នាំ​ទ័ព​វាយ​សង្កត់​យក​ខេត្ត​ត្រើយ​ខាង​កើត​បាន​ទាំងអស់។ ទីបំផុត ជំរុល​ទ័ព​ឡោមព័ទ្ធ​រាជវាំង​ក្រុង​ឧដុង្គ បាន​អស់​រយៈ​កាល ៣​ខែ។

ឯ​សម្ដេច​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ជា​ស្ដេច​សោយរាជ្យ​វិញ ទ្រង់​មិន​បាន​ដឹង​ជា​មុន ក៏​មិន​បាន​រៀប​ទ័ព​បម្រុង​ច្បាំង​ឡើយ ហើយ​ត្រូវ​ទ័ព​ខាង​ព្រះ​កែវ​ហ្វា​អង្គ​អឹម ព័ទ្ធ​ជាប់​ក្នុង​បន្ទាយ​ឧដុង្គ​មានជ័យ អស់​រយៈពេល ៣​ខែ។ ប៉ុន្តែ​ទីបំផុត ព្រះអង្គ​បាន​នាំ​ព្រះអង្គ​ទង ជា​ព្រះរាជបុត្រ​ព្រះអង្គ​យ៉ង និង​ព្រះអង្គ​អឹម ដែល​ជា​ព្រះរាជ​បុត្រា​អាយុ ៨​ឆ្នាំ គេច​ព្រះអង្គ​រួច​ពី​ការ​ឡោមព័ទ្ធ ហើយ​ភៀស​ព្រះអង្គ​ទៅ​សុំ​ជ្រក​កោន​នឹង​ព្រះ​ចៅ​ប្រទេស​សៀម។

ព្រះ​កែវ​ហ្វា​អង្គ​អឹម ក្រោយ​ពី​បាន​ទទួល​ជ័យជម្នះ​ក្នុង​ចំបាំង​ដណ្ដើម​រាជ្យ ដោយ​បាន​បញ្ចប់​រាជ្យ​ទី​២ របស់​ព្រះ​ស្រី​ធម្មរាជា​រាមាធិបតី ដែល​ជា​ប្អូន​ថ្លៃ ហើយ​បណ្ដេញ​ក្សត្រ​អង្គ​នេះ​ភៀស​ព្រះអង្គ​ចេញ​ផុត​ពី​ប្រទេស​កម្ពុជា ទៅ​គង់​នៅ​ប្រទេស​សៀម ហើយ ព្រះ​កែវ​ហ្វា​អង្គ​អឹម ក៏​ទ្រង់​ឡើង​សោយរាជ្យ​បន្ត​ដែល​ជា​រាជ្យ​ទី​២ របស់​ព្រះអង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។