ក្រុមអង្គការសង្គមស៊ីវិល ១១៦ស្ថាប័ន ស្នើសុំឱ្យរដ្ឋាភិបាលស៊ុយអែត(Sweden)ពិចារណាឡើងវិញ ចំពោះការដកស្ថានទូតចេញពីកម្ពុជា ទៅប្រទេសថៃ ដោយពួកគេ ចាត់ទុកថា នេះជាការបោះបង់ដំណើរការ ឬកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលកន្លងទៅ។ ការស្នើសុំបែបនេះ ធ្វើឡើងតាមរយៈលិខិតរួមគ្នាមួយ ចុះថ្ងៃទី១៨ ខែធ្នូ ដែលផ្ញើជូនប្រមុខការទូតស៊ុយអែត។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងដដែលថា ការដកស្ថានទូតចេញពីកម្ពុជា គឺជាសម្រេចចិត្តផ្ទៃក្នុងរបស់ស៊ុយអែត ហើយគ្មានអ្វីត្រូវសោកស្ដាយនោះទេ។
ក្រុមអង្គការ សមាគម និងសហជីព ទទូចស្នើសុំដល់រដ្ឋមន្ត្រីការបរទេសស៊ុយអែត អ្នកស្រី អាន់ លីនដ៍ (Ann Linde ) ផ្លាស់ប្ដូរការសម្រេចចិត្តកាលពីចុងខែវិច្ឆិកាឡើងវិញ ដោយបន្តរក្សាស្ថានទូតតំណាងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តចូលរួមដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលដែលភាគច្រើនធ្វើការផ្នែកសិទ្ធិមនុស្ស បរិស្ថាន និងអភិបាលកិច្ចទាំងនេះ លើកឡើងក្នុងលិខិតរួមគ្នាថា ចាប់តាំងពីប្រទេសស៊ុយអែត មានទំនាក់ទំនងការទូតជាមួយកម្ពុជា កាលពីឆ្នាំ១៩៦១ និងបានបើកដំណើរការស្ថានទូតនៅក្រុងភ្នំពេញ កាលពីឆ្នាំ២០១០ មក រដ្ឋាភិបាលស៊ុយអែត មានវិធីសាស្ត្រអភិវឌ្ឍន៍ពហុវិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញឱ្យមានអភិបាលកិច្ច ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ពួកគេយល់ថា ការវិវត្តន៍ថយក្រោយដ៏អាក្រក់នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពី២០១៧ មកជាហេតុធ្វើឱ្យស៊ុយអែត ពិនិត្យនិងសម្រេចចិត្តឡើងវិញ ដែលអាចធ្វើឱ្យអន្តរាយដល់ការរីកចម្រើនជារួម ដែលភាគីទាំងឡាយកំពុងខិតខំប្រឹងប្រែងធ្វើការឆ្ពោះទៅរកគោលដៅនោះ។
ក្រុមអង្គការទាំងនេះ អំពាវនាវដល់ប្រមុខការទូតស៊ុយអែត កុំបោះបង់ឬបែរខ្នងដាក់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់កម្ពុជា ខណៈប្រទេសកម្ពុជា កំពុងស្ថិតនៅលើផ្លូវបំបែកមួយផ្សេងទៀត។
ក្រុមអង្គការសង្គមស៊ីវិលដែលចូលរួមធ្វើសំណើនេះ មានដូចជា អង្គការតម្លាភាពអន្តរជាតិកម្ពុជា (TI Cambodia) អង្គការអុកស្វាម (Oxfam) សមាគមអាដហុក (ADHOC) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Furum) អង្គការអាក់សិនអេតកម្ពុជា ( ActionAid Cambodia) ព្រមទាំងអង្គការ សមាគម និងសហជីពជាច្រើនផ្សេងទៀត។
មកទល់ពេលនេះ ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ពួកគេនៅមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋមន្ត្រីការបទេសស៊ុយអែត អ្នកស្រី អាន់ លីនដ៍ (Ann Linde) នៅឡើយទេ។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសស៊ុយអែត បានប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលថា ស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញ នៅចុងឆ្នាំ២០២១ ខាងមុខ ហើយសកម្មភាពការបរទេសទាំងឡាយជាមួយកម្ពុជា នឹងត្រូវផ្ទេរឱ្យស្ថិតក្រោមការចាត់ចែងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃវិញ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ប្រទេសស៊ុយអែត មានគុណតម្លៃ និងបានផ្ដល់ផលវិជ្ជមានជាច្រើនសម្រាប់កម្ពុជា ដូច្នេះការចាកចេញរបស់ស្ថានទូតស៊ុយអែតនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការកសាងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ លោកសង្ឃឹមថា ការស្នើសុំរបស់ក្រុមអង្គការសង្គមស៊ីវិលដ៏ច្រើនលើសលប់មកពីគ្រប់វិស័យ និងជាតំណាងឱ្យពលរដ្ឋរាប់លាននាក់ផងនោះ នឹងធ្វើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ៖ «ស៊ុយអែតជាប្រទេសមួយដែលឥទ្ធិពល ហើយមានភាពទន់ភ្លន់នៅក្នុងការជំរុញឱ្យមានការជជែកគ្នាក្នុងវិបត្តិធំៗនៅក្នុងប្រទេសយើង ដូច្នេះវត្តមានរបស់គាត់ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនេះ គឺជាតួអង្គសំខាន់ណាស់ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ យើងលើកទឹកចិត្តឱ្យអ្នកនយោបាយស៊ុយអែតពិចារណាឡើងវិញហើយ បន្តបេសកកម្មរបស់ខ្លួនក្នុងដំណើរជាមួយប្រជាពលរដ្ឋខ្មែរក្នុងការកសាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិល ដែលចូលរួមដាក់លិខិតទៅប្រមុខការទូតស៊ុយអែតនេះ នៅមានចំនួនតិច បើធៀបនឹងចំនួនអង្គការដែលចុះបញ្ជីក្នុងក្រសួងមហាផ្ទៃជាង៤ពាន់ស្ថាប័ន ដូច្នេះលោក ជឿថាគ្មានឥទ្ធិពលធ្វើឱ្យស៊ុយអែតពិចារណាតាមការស្នើសុំនោះទេ។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា រដ្ឋាភិបាល គ្មានអ្វីត្រូវសោកស្ដាយចំពោះការដកស្ថានទូតស៊ុយអែតពីកម្ពុជានោះទេ ព្រោះជាការសម្រេចចិត្តផ្ទៃក្នុងរបស់ស៊ុយអែត ហើយមន្ត្រីស៊ុយអែត ក៏បានប្រកាសខ្លួនឯងរួចហើយថា នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដដែល៖ « លទ្ធិប្រជាធិបតេយ្យ មិនមែននំប៉័ងឯណា មិនមែនដឹកយកមកចែកគ្នាញាំឯណា ជាការកសាងនិងការប្តេជ្ញារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនមែនតែរដ្ឋាភិបាលទេ គឺទាំងអស់គ្នា រាប់ទាំងសង្គមស៊ីវិលនេះផងដែរ។ អ្វីដែលខ្ញុំមើលឃើញគឺអីចឹង។ ការត្រឡប់មកវិញ ឬមិនត្រឡប់មកវិញគឺជាសិទ្ធិអធិបតេយ្យរបស់ប្រទេសស៊ុយអែត ។ រដ្ឋាភិបាលយើង មិនមានឥទ្ធិពលអ្វីទប់ស្កាត់ការដកទូតចេញពីកម្ពុជាទេ»។
ទោះជាយ៉ាងណា ក្រមអង្គការសង្គមស៊ីវិល ជឿថា ការដែលប្រទេសមានប្រជាធិបតេយ្យគំរូ និងមានឥទ្ធិពល ប្រកាសដកស្ថានទូតបែបនេះ គឺប្រាកដជាមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កម្ពុជា ដោយសារទំនងរវាងប្រទេសនិងប្រទេស និងការជួយគាំទ្រផ្សេងៗ នឹងបាត់បង់ឬចុះខ្សោយបន្តិចម្តងៗ។ លើសពីនេះ ពួកគេ ជឿថា សម្រេចចិត្តដកស្ថានទូតនេះ ដោយសារប្រទេសស៊ុយអែត ខកចិត្តចំពោះទង្វើរបស់រដ្ឋាភិបាលកម្ពុជា ដែលបំផ្លាញគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី ទទួលស្គាល់ថា ស៊ុយអែត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកិច្ចការជាច្រើនដល់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងតួអង្គដទៃទៀត ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ លោកបន្តថា ក្រុមអង្គការសង្គមស៊ីវិល គ្រោងនឹងជជែកគ្នាដើម្បីដាក់លិខិតដាច់ដោយឡែកមួយទៀត ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំឱ្យចរចាជាមួយរដ្ឋាភិបាលស៊ុយអែត ក្នុងការបន្តដាក់ស្ថានទូតនៅកម្ពុជា៖ «វាស្រួលថា កាលណាគាត់មានវត្តមាននៅហ្នឹង គាត់បានជួយដល់ស្ថានភាពទាំងពីរទាំងប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ហើយការងារជាមួយសង្គមស៊ីវិល ក៏វាងាយស្រួលផង»។
គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ប្រទេសស៊ុយអែតបានផ្តល់ជំនួយឥតសំណង ក្នុងទឹកប្រាក់ប្រមាណ ១២៥លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដោយបានផ្ដោតលើវិស័យអភិបាលកិច្ច យេនឌ័រ សិទ្ធិមនុស្ស អប់រំ ការងារ និងវិស័យបរិស្ថាន។ ទោះជាយ៉ាងនេះក្តី ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលស៊ុយអែត តែងតែចេញមុខរិះគន់ខ្លាំងៗចំពោះរបបក្រុងភ្នំពេញ ជុំវិញការរំលោភគោលការណ៍ប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។