ក្រសួង​ការងារ​ហៅ​តំណាង​សហជីព ១៤​នាក់ មក​ពី​ ៤​ស្ថាប័ន តាម​ពាក្យ​បណ្ដឹង​រោងចក្រ Bowker

ក្រសួង​ការងារ​អញ្ជើញ​តំណាង​សហជីព​ចំនួន ១៤នាក់ មក​ពី ៤ស្ថាប័ន ដើម្បី​ផ្ដល់​ព័ត៌មាន​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន បូវឃើរ ហ្គាមិន។

ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អាំង សេងលី កាល​ពី​ថ្ងៃទី ២៣ ខែ​កក្កដា បាន​ចេញ​លិខិត​អញ្ជើញ​ថ្នាក់ដឹកនាំ​សហជីព​សរុប​ចំនួន ១៤​នាក់ មក​ពី​សហជីព​ឯករាជ្យ សហជីព​កម្ពុជា សហជីព​សេរី​ឯករាជ្យ និង​សហជីព​សេរី​ភាពកម្មករ​ខ្មែរ ឲ្យ​ទៅ​កាន់​នាយកដ្ឋាន​វិវាទ​ការងារ នៅ​ថ្ងៃទី ២៩ ខែ​កក្កដា ដើម្បី​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន បូវឃើរ ហ្គាមេន (Bowker Garment Factory Cambodia)។

ការ​អញ្ជើញ​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន បូវ​ឃើរ ហ្គាមេន កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ថ្នាក់​ដឹកនាំ​សហជីព​ទាំង៤ ទៅ​ក្រសួង​ការងារ​ដោយ​បាន​ចោទ​ថា សហជីព​ទាំង៤ មិន​បាន​អនុវត្ត និង​មិន​គោរព​តាម​យន្តការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​ក្រុមហ៊ុន ព្រម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមហ៊ុន និង​ស្ថិរភាព​ការ​បញ្ជា​ទិញ។ នេះ បើ​តាម​កំណត់​ហេតុ​ប្រជុំ​របស់​សហជីព​ទាំង៤ នៃ​ក្រុមហ៊ុន​បូវឃើរ ហ្គាមេន នៅ​ថ្ងៃ​ទី២៩ ខែកក្កដា។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា មាន​ថ្នាក់​ដឹកនាំ​សហជីព​ទាំង៤ស្ថាប័ន ចំនួន ១២នាក់ បាន​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការងារ ដែល​មាន​តំណាង​មក​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អូន ទ្រី ជា​ប្រធាន​អង្គប្រជុំ។

ក្នុង​កិច្ច​ប្រជុំ​នេះ ថ្នាក់​ដឹកនាំ​សហជីព​ទាំង៤ បាន​លើកឡើង​អំពី​បញ្ហា​ទឹក​លេច​ទឹក​ក្នុង​ក្រុមហ៊ុន តាំង​ពី ២ឆ្នាំ​មុន ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ​ឡើយ។ ទន្ទឹម​នឹង​នេះ សហជីព​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​សង្គម និង​តាម​រយៈ​សារព័ត៌មាន ហើយ​សហជីព​លើកឡើង​ថា បើសិន​ជា​ក្រុមហ៊ុន​មាន​ភស្តុតាង​គួរតែ​យក​មក​បង្ហាញ​នៅ​ថ្ងៃ​សម្របសម្រួល។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន បូវឃើរ ហ្គាមិន ដើម្បី​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា ។

ប្រធាន​សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ប្រចាំ​រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី លោក សយ ចន្ធូ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ថា ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម និង​សារព័ត៌មាន​នា​ពេល​កន្លង​ទៅ លោក​បាន​និយាយ​ពី​ការ​ពិត និង​មាន​ភស្តុតាង​ច្បាស់លាស់​ពី​ការ​រើសអើង​សហជីព​នៅ​ក្នុង​រោងចក្រ​បូវឃើរ។

លោក សយ ចន្ធូ៖«ក្រុមហ៊ុន​ចោទ​ប្រកាន់​គាត់​ថា គាត់​ឈ្លោះ​ប្រកែក​គ្នា ហើយ​ប្រសិន​បើ​ពួកគាត់​ឈ្លោះ​ប្រកែក​គ្នា ហេតុ​អ្វី​គេ​បញ្ឈប់​តែ​ថ្នាក់ដឹកនាំ​សហជីព​យើង ហើយ​ចុះ​សហជីព​ផ្សេង​មួយ​ទៀត​គេ​អត់​បញ្ឈប់។ អា​ហ្នឹង​យើង​ដាក់​សំណួរ​ទៅ​វិញ ហើយ​រឿង​ហ្នឹង​ជា​រឿង​ពិត មិន​មែន​ក្លែងបន្លំ មិន​មែន​អី​ទេ ការ​ពិត។ ឥឡូវ​គិត​មក​ទល់​នឹង​ថ្ងៃ​នេះ លោកស្រី សុខ ចាន់ថា នៅ​មិន​ទាន់​បាន​ចូល​ធ្វើការ​វិញ​ទេ ក្រុមហ៊ុន​គេ​ថា គេ​អត់​យក​គាត់​ចូល​ធ្វើការ​វិញ តែ​យើង​នៅ​តែ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​គាត់​ចូល​ធ្វើ​ការងារ​វិញ ហេតុ​អ្វី​ចោទ​ប្រកាន់​ថា គាត់​ឈ្លោះ​គ្នា ហើយ​បញ្ឈប់​តែ​ម្នាក់ ។ បើ​ទាក់ទង​នឹង​ការ​ឈ្លោះ​ប្រកែក​គ្នា តាម​មាត្រា ៨៣ ការ​ឈ្មោះ​ប្រកែក​គ្នា​គួរ​តែ​ត្រូវ​បាន​បញ្ឈប់​ទាំង​ពីរ​នាក់»។

ក្រុមហ៊ុន បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា (Bowker Garment Factory Cambodia Co.,LTD.) គឺ​ជា​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពងទឹក ឃុំបែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដែល​មាន​កម្មករ​ធ្វើការ​សរុប ៤ពាន់ ២រយ​នាក់ (៤.២០០)។

ប្រធាន​សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ប្រចាំ​រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី លោក សយ ចន្ធូ អះអាង​ថា សហជីព​មូលដ្ឋាន នឹង​ចូលរួម​រាល់​ការ​សម្រុះសម្រួល​ជាមួយ​ក្រុមហ៊ុន និង​ក្រសួង​ការងារ ហើយ​ក្នុង​ករណី​មិន​សះ​ជា ប្រធាន​សហជីព​រូប​នេះ នឹង​ប្ដឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​យីហោ អាឌីដាស់ adidasដើម្បី​ជំរុញ​ឱ្យ​ថៅកែ​គោរព​ច្បាប់​ការងារ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។