អង្គការ​ការពារ​អ្នក​កាសែត ២០ស្ថាប័ន​ស្នើ​ឱ្យ​បញ្ឈប់​អំពើ​និទណ្ឌភាព​ប្រឆាំង​អ្នក​កាសែត​នៅ​កម្ពុជា

0:00 / 0:00

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ការពារ​អ្នក​សារ​ព័ត៌មាន​ចំនួន ២០ស្ថាប័ន បាន​ទទូច​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់រហ័ស និង​ជាក់លាក់ លើ​ករណី​ឃាតកម្ម​សម្លាប់​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រហែល២០នាក់ ដែលបានកើតឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៤ ហើយ​គ្មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដើម្បី​រក​ជន​ប្រព្រឹត្តិ​មក​ផ្ដន្ទាទោស។

ចាប់ចាប់តាំងពីឆ្នាំ១៩៩៤ មក យ៉ាង​ហោច​ណាស់​មាន​អ្នក​សារ​ព័ត៌មាន ១៥នាក់ ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ហើយ​ក្នុង​នោះ ១២ នាក់ ជា​អ្នក ដែល​រាយ​ការណ៍​ព័ត៌មាន​រសើប ប៉ុន្តែ​មិន​មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់ អង្គការសមាគមចំនួន២០ស្ថាប័ន នៅ​ប្រទេស​កម្ពុជា និង​មក​ពី​ប្រទេសថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ក្នុង​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន។ អង្គការ​ទាំង​នោះ ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព​លើ​ករណី​ឃាតកម្ម​ទាំង​នោះ។

អង្គការ​ទាំង​នោះ​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ថា ការ​មិន​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​ក្រុម​អ្នក​សារ​ព័ត៌មាន រួម​ទាំង​លើ​អ្នកវិភាគ​នយោបាយ​បណ្ឌិត កែម ឡី និង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជា​ច្រើន​រូប​ទៀត ដូច​ជា សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី សកម្មជន​សហជីព​លោក ជា វិជ្ជា និង​លោក រស់ សុវណ្ណារ៉េត បង្ហាញ​ពី​ការ​រីក​រាល​ដាល​ខ្លាំង​ឡើង នៃ​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល នៅ​តែ​មិន​ចាត់​វិធានការ​លុប​បំបាត់​អំពើ​និទណ្ឌភាព ដែល​បាន​កើត​ឡើង​លើ​អ្នក​សារ​ព័ត៌មាន និង​អ្នក​ធ្វើ​ការងារ​ការពារ​សិទ្ធិមនុស្ស​ទាំង​នោះ​ទេ នោះ​វា​នឹង​បន្ត​ធ្វើ​ឱ្យ​ប៉ះពាល់​សតិ​អារម្មណ៍​អ្នក​សារព័ត៌មាន និង​អ្នក​ធ្វើ​ការងារ​សង្គម ដោយ​ពួក​គេ​នឹង​បន្ត​ភ័យ​ខ្លាច​ថា ករណី​ឃាតកម្ម​ទាំង​នោះ អាច​កើតឡើង​បន្ត​បន្ទាប់​ទៀត។

ចំណែក​នាយិកា​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោកស្រី ឆន សុគន្ធា ចង់​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ទី៧ នេះ ស្វែងរក​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​ក្រុម​អ្នក​សារព័ត៌មាន អ្នកវិភាគ សកម្មជន​បរិស្ថាន សកម្មជន​សហជីព ដែល​ត្រូវ​គេ​សម្លាប់​ទាំង​អស់​នោះ ដើម្បី​បង្ហាញ​ពី​ការ​ធានា​ការពារ​អ្នក​សារព័ត៌មាន​ជំនាន់​ក្រោយ ដែល​ហ៊ាន​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ។

លោកស្រី​បន្ត​ថា រដ្ឋាភិបាល​គួរ​ឆក់​ឱកាស ក្នុង​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ និង​បើក​ចំហ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ឡើង​វិញ ស្រប​ពេល​អង្គការ​អន្តរជាតិ និង​ក្រុម​ប្រទេស​លោក​ខាង​លិច តែងតែ​កត់​សម្គាល់​ឃើញ​ថា មាន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី២ ខែវិច្ឆិកា ជុំវិញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ។

ការ​យាយី និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​ជា​ក្ដី​បារម្ភ​នៅ​ក្នុង​ឆ្នាំ២០២៣ បន្ទាប់​ពី​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) រក​ឃើញ​ថា ក្នុង​រយៈ​ពេល ១០ខែ​ចុង​ក្រោយ មានយាយីលើអ្នកសារព័ត៌មាន៣០នាក់ ក្នុងនោះ២៣នាក់ រង​អំពើ​ហិង្សា និង​ការ​គំរាម​កំហែង ៤នាក់​រង​ការ​យាយី​តាម​ផ្លូវ​តុលាការ និង ២នាក់​ត្រូវ​ឃាត់​ខ្លួន ដើម្បី​សួរ​ចម្លើយ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ចេញ​ផ្សាយ​នៅ​ខែឧសភា បាន​ចាត់​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី១៤៧ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់ ១៨០ប្រទេស នៅ​ឆ្នាំ២០២៣ ដែល​ជា​តួលេខ​កាន់តែ​អាក្រក់ សម្រាប់​លំហ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ដោយសារ​ចំណាត់​ថ្នាក់ បានធ្លាក់ចុះចំនួន៥លេខ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។