កម្មករ​ ២៤៥នាក់​ ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោះ​ស្រាយ​បញ្ហា​ថៅកែ​រោងចក្រ​គេច​វេះ​មិន​ទូទាត់​អត្ថប្រយោជន៍​ដល់​កម្មករ​

0:00 / 0:00

ក្រុម​កម្មករ​រោងចក្រ​ ឃេនធើរេន​ អឹភើរិល​ដែល​មាន​ចំនួន​ ២៤៥នាក់​ បាន​នាំ​គ្នា​តវ៉ា​ទៅ​នៅ​ខាង​មុខ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ ហើយ​បាន​បន្ត​ទៅ​ដាក់​លិខិត​សូម​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​របស់​លោក​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ទី៨​ ខែសីហា​នេះ​។​ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា​ ថៅ​កែ​ដែល​បិទ​ទ្វារ​រោងចក្រ​ ដើម្បី​គេចវេះ​ការ​ទូទាត់​ប្រាក់​បំណាច់​នានា​នោះ​ គឺ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដោយ​សារ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ហើយ​ពួក​គេ​ក៏​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​រឹត​បន្តឹង​ច្បាប់​ ដើម្បី​កុំ​ឱ្យ​ថៅកែ​ទាំង​នោះ​បន្ត​រំ​លោភ​ច្បាប់​ការងារ​តទៅ​ទៀត​។​

តំណាង​កម្មករ​រោងចក្រ​ ឃេនធើរេន​ អឹភើរិល​ ២៤៥នាក់​ បាន​ដាក់​ពាក្យ​សូម​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី៨​ ខែ​សីហា​នេះ​ ដើម្បី​ទាម​ទារ​ឱ្យ​ថៅ​កែ​រោងចក្រ​ បើក​ប្រាក់ខែ​ចុងក្រោយ​ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ដល់​កម្មករ​។​

កម្មករ​រោងចក្រ​ លោក​ស្រី​ សាន់​ សុផា​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ កម្មករ​ទាំង​អស់​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​កាល​ពីថ្ងៃ​ទី​៣​ ខែ​សីហា​ ដែល​តម្រូវ​ឱ្យ​ថៅ​កែ​រោងចក្រ​ផ្ញើ​ប្រាក់​តម្កល់​នៅ​សាលាដំបូង​តែ​ ២០ម៉ឺន​ដុល្លារ​ (២០០.០០០ដុល្លារ)​បាន​ទេ​។​ លោកស្រីថា​ សម្ភារៈ​ដែល​នៅ​ក្នុង​រោង​ចក្រ​មិន​មាន​តម្លៃ​គ្រប់​សម្រាប់​ទូ​ទាត់​ប្រាក់​ដល់​កម្មករ​ឡើយ​ ហើយ​តុលាការ​បែ​ជា​សម្រេច​មិន​ឃាត់​ទុក​អគារ​ ហាម​លក់ដូរ​ បញ្ចាំ​ និង​ផ្ទេរ​កម្មសិទ្ធិ​ ដើម្បី​ទុក​ជា​សំណង​ប្រាក់ខែ​ និង​ផល​ប្រយោជន៍​របស់​កម្មករ​ជាង​ ៦៨ម៉ឺន​ដុល្លារ​ទៅ​វិញ​ (៦៨៨.៦៥១,៤៥ដុល្លារ)​៖ «ខ្ញុំ​ឈឺចាប់​មែន​ទែន​ ហើយ​ខ្ញុំ​ខូច​ចិត្ត​ អត់​សប្បាយ​ចិត្ត​ នៃ​ការ​ខ្ញុំ​ផលិត​ឱ្យ​គាត់​ ខ្ញុំ​រក​ប្រាក់​ចំណេញ​ឱ្យ​គាត់​ ២០​ឆ្នាំ​ជាង​ដែល​គាត់​ចំណេញ​ពី​កម្លាំង​ ការ​ខិត​ខំ​របស់​ខ្ញុំ​ ហើយ​ទី​បំផុត​គាត់​ទៅ​ដោយ​ មិន​ប្រាប់​មួយ​ម៉ាត់​ទេ​ ​គឺ​បិទ​ឈឹប​លែង​ឱ្យ​ពួក​ខ្ញុំ​ចូល​ហ្មង »។

កម្មករ​រោងចក្រ​ ឃេនធើរេន​ អឹភើរិល​ ម្នាក់​ទៀត​ដែល​បាន​ធ្វើ​ការ​រោងចក្រ​នេះ​ ១៧​ឆ្នាំ​មក​ហើយ​នោះ​ លោកស្រី​ ប៊ីន​ សោភ័ណ្ឌ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ ​នៅ​ពេល​ដែល​រោង​ចក្រ​បិទ​ទ្វារ​ ជីវភាព​របស់​គ្រួសារ​លោក​ស្រី​ជួប​ការ​លំបាក​ខ្លាំង​ ​ព្រោះ​លោក​ស្រី​ត្រូវ​ផ្គត់​ផ្គង់​កូន ​២​នាក់​ទៅ​រៀន​។​ លោកស្រី​សំណូមពរ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទាមទារ​សំណង​កម្មករ​ផង​ ព្រោះ​លោក​ស្រី​បាន​ធ្វើ​ការ​នៅ​រោង​ចក្រនេះ​ចំនួន​ ១៧​ឆ្នាំ​មក​ហើយ​ ហើយ​នៅ​ពេល​រោង​ចក្រ​បិទ​ទ្វារ​ លោក​ស្រី​បាន​ខ្ចី​លុយ​ពី​បង​ប្អូន​ដើម្បី​ផ្គង់​ផ្គង់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​៖ «ពេល​ដែល​អត់​មាន​លុយ​ទិញ​ម្ហូប​ ធ្វើ​ម្ហូប​ឱ្យ​កូន​ហូប​អ៊ីចឹង​ហាស​ ​ហើយ​ដល់​ពេល​ហើយ​ធម្មតា​កូន​តូចៗ​​ គាត់​មិន​ឃ្លាន​ណា​លោក​ពូ​ គាត់​អត់​ដឹង​ថា​ម្ដាយ​អត់​មាន​លុយ​ទេ គាត់​ដឹង​តែពី​ឃ្លាន​ អ៊ីចឹង​ហាស។​ អ៊ីចឹង​ទៅ​យើង​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ក៏​មាន​តា​ទឹក​ត្រី​ពង​ទា​ ២​គ្រាប់​អី​អ៊ីចឹង​ទៅ ​ហូប​បួន​ប្រាំ​នាក់​ម៉ែ​កូន​អ៊ីចឹង​​ ជួន​កាល​ឱ្យ​កូន​ហូប​ទៅ​ម្ដាយ​អត់»

វិទ្យុ​អាស៊ី​សេរី​នៅ​​មិន​​អាច​ទាក់​ទង​មេធាវី​រោងចក្រ​ឃេនធើរេន​ អឹភើរិល​ លោក​ ហម​ ភា​ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨​ ​ខែសីហា​។​ រោងចក្រ​ ឃេនធើរេន​ អឹភើរិល​ ដែល​មាន​កម្មករ​ ៣២០នាក់​ បាន​បិទទ្វារ​បញ្ឈប់​អាជីវកម្ម​កាល​ពី​ថ្ងៃ​ទី៩​ ខែ​ឧសភា​ កន្លង​ទៅ​ ដោយ​មិន​បាន​ទូទាត់​ប្រាក់​ខែ​ចុង​ក្រោយ​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ ដល់​កម្មករ​ឡើយ​។​ ក្រុម​កម្មករ​ បាន​ធ្វើ​បាតុកម្ម​ និង​ដេក​យាម​រោងចក្រ​ កុំ​ឱ្យ​ម្ចាស់​រោង​ចក្រ​យក​សម្ភារៈ​ចេញ​ពី​រោងចក្រ​ ដើម្បី​ទាម​ទារ​ប្រាក់​បៀវត្ស​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ណា​ឡើយ​។​ ថៅកែ​រោង​ចក្រ​លោក​ យ៉ាប់​ ហ្វុង​ គង់​ (YAP​ FONG​ KONG​)​ មក​ពី​ប្រទេស​ម៉ាឡេស៊ី​ បែ​ជា​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ថ្មី​ឈ្មោះ​ ខ្វល​លី​ធី​ (Quality)​ ដែល​មាន​ទីតាំង​នៅ​ក្បែ​រោងចក្រ​ ឃេនធើរេន​ អឹភើរិល​ ហើយ​មិន​បាន​ខ្វល់ខ្វាយ​អំពី​ការ​តវ៉ា​របស់​កម្មករ​ឡើយ។​

ជុំវិញ​រឿង​នេះ​ដែរ​ អ្នកនាំ​ពាក្យ​សមាគម​អាដហុក​ លោក​ សឹង​ សែន​ករុណា​​ យល់​ឃើញ​ថា​ កន្លង​មក​ថៅ​កែ​រោងចក្រ​តែងតែ​បិទទ្វារ​រោងចក្រ​ ដើម្បី​គេចវេស​ការ​ទូទាត់​ប្រាក់​បំណាច់​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ដល់​កម្មករ​។​ លោក​ថា​ បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​ ដោយ​សារ​តែ​បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ដែល​ធ្វើ​ឱ្យ​ថៅកែ​រោងចក្រ​ទាំង​នោះ​អាច​គេចវេស​ និង​មិន​ទទួល​ខុស​ត្រូវ​ជា​មួយ​កម្មករ​ មិន​ព្រម​ប្រឈម​នឹង​ផ្លូវ​ច្បាប់​។​ ជា​មួយ​គ្នា​នេះ​ លោក​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ ជា​ពិសេស​ថ្នាក់​ដឹក​នាំ​ប្រទេស​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ការងារ​ជា​មួយ​ថៅកែ​រោងចក្រ​ ដើម្បី​លើក​កម្ពស់​ជីវភាព​កម្មករ​៖ «ខ្ញុំ​យល់ថា​បញ្ហានេះ​ ប្រមុខ​រដ្ឋា​ភិ​បាល​គួរ​តែ​ពិនិត្យ​មើល​ឡើងវិញ​ អំពី​ប្រព័ន្ធ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​រោង​ចក្រ​នេះ​ គួរ​តែ​មាន​ការ​រឹត​បន្តឹង​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​ក្រុម​ឈ្មួញ​ខិល​ខូច​ ឬ​ក៏​ក្រុម​ថៅ​កែ​បរទេស​ខិល​ខូច​មក​រកស៊ី​នៅ​ក្នុង​ប្រទេស​យើង​ហើយ​ ទៅ​ជារំ​​លោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​កម្មករ​ ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ហ្នឹង​ទៅ​ទៀត »។

កន្លងមក​ អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ ចាត់​ទុក​ថា​ ការ​បិទទ្វារ​រោងចក្រ​ គេច​វេះ​មិន​ទូទាត់​សំណង​ដល់​កម្មករ​និយោជិត​ គឺជា​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ ហើយ​អង្គការ​ទាំងនេះ​ រក​ឃើញ​ថា​ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​គឺ​ជា​មូល​ហេតុ​ចម្បង​ ដែល​បណ្ដាល​ឱ្យ​ថៅកែ​រោងចក្រ​គេចវេស​ពី​ការ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ដល់​កម្មករ​និយោជិត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។