មជ្ឈដ្ឋានជាតិ និងអន្តរជាតិ យល់ស្របគ្នាថា ៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាមិនបានបោះជំហានទៅមុខទេ ប៉ុន្តែបែរជាដើរទៅក្រោយបញ្ច្រាសទិសប្រជាធិបតេយ្យ។ ការយល់ឃើញរបស់ពួកគាត់ គឺផ្អែកលើព្រឹត្តិការណ៍ជាក់ស្តែង ដែលកើតមាននៅកម្ពុជា ជាពិសេសក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំជាងគេតែមួយគត់នៅកម្ពុជា។
ក្នុងខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ លើកនេះ មេដឹកនាំនៃរបបក្រុងភ្នំពេញ ហាក់ដូចជាចង់បង្ហាញពលរដ្ឋខ្មែរនិងពិភពលោក ឲ្យឃើញថារបបក្រុងភ្នំពេញ នៅតែឲ្យតម្លៃ ដល់កិច្ចព្រមព្រៀងនេះ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញ អនុក្រឹត្យមួយ ឲ្យធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់ថ្មី ប្រភេទ ៣០.០០០ រៀល ដោយសរសេរឃ្លារម្លេចថា «អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១-២០២១)» និងមានរូបភាពពីសន្និសីទទីក្រុងប៉ាស និងរូបលោក ហ៊ុន សែន និងព្រះឆាយ៉ាលក្ខណ៍ ព្រះបរមរតនាកោដ នរោត្ដម សីហនុផង។
ប៉ុន្តែ អត្ថន័យនេះ វាហាក់បីដូចជាដើរបញ្ច្រាសគ្នា ទៅនឹងភាពស្ទាក់ស្ទើររបស់លោក ហ៊ុន សែន ក្នុងការផ្តល់តម្លៃពិត ដល់កិច្ចព្រមព្រៀងនេះ ព្រោះម្តងលោកឲ្យដាក់បញ្ចូលថ្ងៃ ២៣ តុលា ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ ម្តងលោកឲ្យដកចេញវិញ។
កាលពីឆ្នាំ២០០៥ លោកធ្លាប់បានលុបចោលថ្ងៃរំលឹកខួបនេះ។ ៧ឆ្នាំក្រោយមក ពោលគឺ នៅឆ្នាំ២០១២ លោកព្រមឲ្យដាក់បញ្ចូលទិវានេះ ជាថ្ងៃឈប់សម្រាកឡើងវិញ។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០១៩ លោក ឲ្យលុបវាចេញពីថ្ងៃឈប់សម្រាកវិញទៀត។ ឥឡូវថ្ងៃទី២៣ ខែតុលានោះ លែងស្ថិតក្នុងប្រតិទិននៃថ្ងៃសម្រាកប្រចាំឆ្នាំទៀតហើយ។
ភាពស្ទាក់ស្ទើររបស់លោក ហ៊ុន សែន ក្នុងការទទួលស្គាល់តម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ក៏ទំនងជាអាចកើតមានឡើង ដោយសារមកពីរបបលោកបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ រហូតរងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ។
ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានដាក់បញ្ចូលក្នុង រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ចែងថាប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ការបោះឆ្នោតត្រូវប្រព្រឹត្តទៅជាទៀងទាត់ និងត្រូវប្រព្រឹត្តទៅដោយមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែព្រឹទ្ធបុរសរងនៃកម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យ និងកម្មវិធីអភិវឌ្ឍសាកល និងជាសាស្រ្តាចារ្យ នៃសាលាគ្រប់គ្រងសាកល Thunderbird នៅសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona) បណ្ឌិត អៀ សុផល សង្កេតឃើញថា ប្រទេសកម្ពុជាមិនបានគោរពតាមកិច្ចព្រមព្រៀងនេះទេ។ លោកថា ប្រទេសកម្ពុជាសព្វថ្ងៃ ស្ថិតនៅឆ្ងាយពីគោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺឆ្ងាយជាងកាលពីឆ្នាំ២០១៣ ឬឆ្នាំ១៩៩៣ ទៅទៀត។
កាលពីឆ្នាំ១៩៩៣ កម្ពុជារៀបចំការបោះឆ្នោតជាលើកដំបូង ក្រោមការចាត់ចែងរបស់អ៊ុនតាក់ ( UN TA C) (ឬអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា)។ គណបក្សនយោបាយជាច្រើន បានចូលរួមការបោះឆ្នោតនោះ។ សូម្បីតែភាគីខ្មែរក្រហម ដែលមានគណបក្សមួយដែរ ក៏ត្រូវអញ្ជើញឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតនោះដែរ។ ប៉ុន្តែខ្មែរក្រហមធ្វើពហិការ មិនចូលរួម។
ទោះជាក្រោយ អ៊ុនតាក់ ដកចេញពីកម្ពុជាទៅហើយក្តី ក៏ការបោះឆ្នោតក្រោយៗច្រើនអាណត្តិមកទៀត មានការចូលរួមពីគណបក្សនយោបាយច្រើន រួមទាំងគណបក្សប្រឆាំងផង។ ប៉ុន្តែ នៅខែវិច្ឆិកា ឆ្នាំ២០១៧ របបក្រុងភ្នំពេញ ធ្វើច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ដែលឈានទៅរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ដែលមានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រជិត ៣ លាននាក់ ឬស្មើជិតពាក់កណ្តាលប្រទេស។
អតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែលលោក គល់ បញ្ញា ថាប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះខ្លាំង ជាពិសេសគឺការរំលោភស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់កំពូលរបស់កម្ពុជា នៅក្រោយរម្លាយគណបក្សសង្គ្រោះជាតិ និងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ដោយគ្មានវត្តមានគណបក្សប្រឆាំង៖ «ក្រោយពីការរម្លាយគណបក្សសង្គ្រោះជាតិ ហើយរៀបចំការបោះឆ្នោត ២០១៨ កន្លងមកនេះ ជាការបោះឆ្នោតមួយដែលរំលោភទៅលើស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានដកចេញនូវតួនាទីគណបក្សប្រឆាំង ចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោត។ ត្រង់ហ្នឹងគឺជារឿងដែល រំលោភលើកិច្ចព្រមព្រៀង ដែលស្មារតីនៃកិច្ចព្រមព្រៀងនេះ គេយល់ឃើញថាដើម្បីធានាបាននូវស្ថេរភាព សន្តិភាពពេញលេញ និងធ្វើយ៉ាងដូចម្តេចឲ្យមានការវិវឌ្ឍទៅល្អនូវស្ថានការណ៍នយោបាយ ជាពិសេសការលើកស្ទួយប្រជាធិបតេយ្យ និងនីតិរដ្ឋហ្នឹង គឺថាត្រូវឲ្យមានការចូលរួមពេញលេញពីគ្រប់ភាគីទាំងអស់ នៅក្នុងដំណើរការនយោបាយ ទាំងគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច និងគណបក្សផ្សេងៗទៀត»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏មានគោលបំណងឲ្យប្រជាពលរដ្ឋខ្មែរ ប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និងសាលាជម្រះក្ដី។ អំណាចត្រូវបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ប៉ុន្តែ តាំងពីក្រោយរម្លាយគណបក្សសង្គ្រោះជាតិមក កម្ពុជាជារបបឯកបក្ស ដែលរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាផ្តាច់មុខ។ ចំណែកឯសាលាជម្រះក្តី ក៏រងការរិះគន់ថាមិនឯករាជ្យ និងជាឧបករណ៍របស់គណបក្សកាន់អំណាច និងរដ្ឋាភិបាល ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងទៅវិញ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ភ្ញាក់ផ្អើលដែល ៣០ឆ្នាំក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជានៅតែមិនទាន់អាចសម្រេចបានគោលដៅនៃគោលបំណងនៃកិច្ចព្រមព្រៀងនេះ ដែលចង់ឃើញកម្ពុជាមានអំណាចឯករាជ្យដាច់ចេញពីគ្នារវាងស្ថាប័នទាំងបីនេះ។
ថ្លែងក្នុងកិច្ចពិភាក្សាអំពីខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលរៀបចំតាមអនឡាញ ដោយវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិក ( U SIP) អ្នកស្រី ចក់ សុភាព ថាកម្ពុជាមានបុរសខ្លាំង ប៉ុន្តែស្ថាប័នខ្សោយ។ អ្នកស្រីបន្ថែមថា អំណាចរដ្ឋសភា ព្រឹទ្ធសភា និងតុលាការ ដែលគួរតែឯករាជ្យដាច់ចេញពីរដ្ឋាភិបាល បែរជាទៅចំណុះក្រោមបង្គាប់បញ្ជារបស់រដ្ឋាភិបាលទៅវិញ។
ជាងនេះទៅទៀត អ្នកស្រី ថាស្ថាប័នកងទ័ព ដែលបើតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ត្រូវឯករាជ្យ ក៏បែរជាលម្អៀង និងចំណុះក្រោមរដ្ឋាភិបាលដែរ។ មិនតែប៉ុណ្ណោះ អ្នកស្រីនៅតែឆ្ងល់ថា ៣០ឆ្នាំទៅហើយ ហេតុអ្វីកម្ពុជានៅតែមិនទាន់ចាស់ទុំទៀត? អ្នកស្រីប្រដូចអាយុកាលនៃកិច្ចព្រមព្រៀងនេះ ទៅនឹងវ័យមនុស្ស ដែលថាបើអាយុ ៣០ឆ្នាំទៅហើយ គួរណាតែចាស់ចិត្តចាស់គំនិត ដឹងខុសដឹងត្រូវ ដែលមិនគួរនៅតែមិនយល់ អំពីបញ្ហារំលោភសិទ្ធិមនុស្សជាដើម បែបនេះនោះទេ។
ជុំវិញបញ្ហាសិទ្ធិមនុស្សនេះ បើតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កម្ពុជាទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស។
ប៉ុន្តែ របបក្រុងភ្នំពេញរងការរិះគន់ និងថ្កោលទោសជុំទិស ដោយសារតែរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដូចជាការបណ្តេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើទុកបុកម្នេញសំឡេងប្រឆាំងឥតស្រាកស្រាន្តជាដើម។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់វិទ្យុអាស៊ីសេរី ថានៅក្រោយសម័យអ៊ុនតាក់ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រីកលូតលាស់ខ្លាំង និងអាចបំពេញការងាររបស់ខ្លួន បានយ៉ាងសកម្ម និងមានប្រសិទ្ធភាព។ ប៉ុន្តែ ឥឡូវនេះ សេរីភាពផ្នែកនយោបាយ ការបង្កើតអង្គការសមាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លែងមានដូចមុនទៀតហើយ៖ «ឥឡូវនេះ រាល់សេរីភាពនៃការបញ្ចេញមតិ រាល់សេរីភាពនៃបង្កើតអង្គការសង្គមស៊ីវិលឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមានភាពខ្លាំងក្លានៅប៉ុន្មានឆ្នាំក្រោយសម័យអ៊ុនតាក់ ឥឡូវលែងមានអស់ហើយ។ ប្រព័ន្ធផ្សព្វផ្សាយដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាសែតភ្នំពេញប៉ុស្តិ៍ (the Phnom Penh Post) កាសែត ឌឹ ខែមបូឌា ដេលី (the Cambodia Daily) សុទ្ធតែបិទអស់ហើយ។ អង្គសង្គមស៊ីវិលណា ដែលហ៊ានរិះគន់រដ្ឋាភិបាល ត្រូវគេផ្តន្ទាទោស។ អ្នកនយោបាយបក្សប្រឆាំង ត្រូវគេចាប់ដាក់គុក។ កម្ពុជាសព្វថ្ងៃ ក្លាយជាកម្ពុជា ដែលមិនធ្វើតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កម្ពុជាបានប្រែមុខមាត់ថ្មី ទាំងផ្នែកអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ ការប្រែមុខមាត់ទាំងនេះ កើតមានឡើងក៏ដោយសារ មានការជួយជ្រោមជ្រែងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រជាធិបតេយ្យសេរី។ សេដ្ឋកិច្ចកម្ពុជា កើនឡើងរហូតដល់ ៧ភាគរយក្នុងមួយឆ្នាំ។ ប៉ុន្តែ អ្វីៗបានប្រែប្រួលអស់ ដោយសារតែឥរិយាបទដើរបញ្ច្រាសទិសរបស់មេដឹកនាំរបបក្រុងភ្នំពេញ។
មានសំណួរជាច្រើនចោទសួរថា តើហេតុដូចម្តេចបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជ្រើសរើសយកផ្លូវបញ្ច្រាសនេះ?
បណ្ឌិត អៀ សុផល ថាសង្កេតឃើញថាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តែងតែគិតថា ពួកគាត់ជាម្ចាស់វាសនាប្រទេសកម្ពុជាផ្តាច់មុខ តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០ មកម្ល៉េះ។ លោកថា មហិច្ឆតានេះ ត្រូវបានរារាំងខ្លះ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារស។ ប៉ុន្តែលោកបន្តថា ដល់ឆ្នាំ២០១៨ របបក្រុងភ្នំពេញអស់ភាពអត់ធ្មត់ និងសម្រេចចិត្តច្បាមយកប្រទេសកម្ពុជា មកក្តាប់ក្នុងដៃផ្តាច់មុខទាល់តែបាន ទោះក្នុងតម្លៃណាក៏ដោយ។
លោក ប្រ៊ែដ អាដាម ឯណោះវិញ លោកយល់ថា កត្តាដែលអាចធ្វើឲ្យលោក ហ៊ុន សែន ហ៊ានប្រព្រឹត្តបំពានទាំងរដ្ឋធម្មនុញ្ញកម្ពុជា និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ដោយសារតែមានចិននៅជាខ្នងបង្អែក និងចំណាត់ការតិចតួចនៅឡើយរបស់សហគមន៍អន្តរជាតិចំពោះរបបក្រុងភ្នំពេញ។
លោកថា ការប្រព្រឹត្តិរបស់លោក ហ៊ុន សែន គឺជាការធ្វើតេស្ត មើលសម្ពាធរបស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រជាធិបតេយ្យសេរី ដែលផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសកម្ពុជា។ ប៉ុន្តែ ប្រតិកម្មរបស់សហគមន៍អន្តរជាតិ នៅមានកម្រិត ស្របពេលដែលចិនមិនខ្វល់ពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ហើយនៅតែធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់លោក ហ៊ុន សែន។
ទោះជាយ៉ាងនេះក្ដី លោក ប្រ៊ែដ អាដាម ថាស្ថានភាពចិនប្រែប្រួលហើយ ដោយសារចិនកំពុងតែមានសត្រូវកាន់តែច្រើននៅលើពិភពលោក។ ឥឡូវ ឥទ្ធិពលចិនក៏ចាប់ផ្តើមធ្លាក់ចុះដែរ។ លោកថាក្នុងពេលនេះ បើសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធរបបក្រុងភ្នំពេញ ដូចជាការដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់កម្ពុជា អនុវត្តទណ្ឌកម្មនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប គិតគូរដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក និងធ្វើយ៉ាងណាឲ្យលោក ហ៊ុន សែន ដឹងថាទណ្ឌកម្មទាំងនេះ ប៉ះពាល់ដល់របបក្រុងភ្នំពេញ ដែលរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះលោក ហ៊ុន សែន នឹងកែ។
ប៉ុន្តែ លោកថា រឿងនេះ គឺទាល់តែមានកិច្ចខិតខំប្រឹងប្រែង បញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឲ្យយកចិត្តទុកដាក់លើកម្ពុជាសាជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។