ពលរដ្ឋ​ខ្មែរ​៤​នាក់​ដែល​ចោរ​សមុទ្រ​សូម៉ាលី​ឃុំ​ជិត​៥​ឆ្នាំ​នឹង​ទៅ​ដល់​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​២៨​តុលា

0:00 / 0:00

ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ តុលា ថា ប្រជាជន​ខ្មែរ ៤​នាក់​ដែល​ចោរ​សមុទ្រ​សូម៉ាលី (Somalia) ដោះលែង នឹង​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៨ តុលា ខាង​មុខ។

អស់​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ​ដែល​ប្រជាជន​ខ្មែរ ៤​រូប​ជាមួយ​នឹង​ជនជាតិ​ចិន តៃវ៉ាន់ ហ្វីលីពីន វៀតណាម និង​ឥណ្ឌូនេស៊ី ២២​រូប​ទៀត ត្រូវ​បាន​ចោរ​សមុទ្រ​សូម៉ាលី ឃុំឃាំង​នៅ​ក្នុង​ទីក្រុង​ដាច់ស្រយាល​មួយ​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​សូម៉ាលី។

ប្រជាជន​ទាំង ២៦​រូប​នោះ​ជា​អ្នក​ធ្វើ​ការ​លើ​ទូក​នេសាទ​តៃវ៉ាន់ មួយ​ឈ្មោះ ណាហាម​៣ (Naham 3) ដែល​ត្រូវ​បាន​ចោរ​សមុទ្រ​ចាប់​តាំង​តែ​ពី​ខែ​មីនា ឆ្នាំ​២០១២ នៅ​ក្បែរ​ប្រទេស​សៃឆែល (Seychelles) ប៉ែក​ខាង​លិច​នៃ​មហា​សមុទ្រ​ឥណ្ឌា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី ឲ្យ​អាស៊ីសេរី ដឹង​ថា មក​ទល់​នឹង​ពេល​នេះ អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ ៤​រូប​ថា​ជា​អ្នក​ស្រុក​ណា ខេត្ត​ណា គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ព័ត៌មាន​លម្អិត​នឹង​ទទួល​បាន​ក្រោយ​ពី​ជនជាតិ​ខ្មែរ ៤​រូប​នោះ​មក​ដល់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ហ្វីលីពីន៖ «ខាង​យើង​មិន​មាន​ព័ត៌មាន​លម្អិត​ថា​ខាង​ណា​ជា​អ្នក​ចរចា ឬ​ដោះលែង​ទេ ? គ្រាន់​តែ​ដឹង​ថា ពេល​ដែល​យើង​ទទួល​បាន​ព័ត៌មាន​ថា​មាន​ការ​ដោះលែង ហើយ​ក្នុង​នោះ​មាន​ប្រជាជន​ខ្មែរ យើង​មាន​ការ​រីករាយ ហើយ​ក៏​ចាត់​វិធានការ​រៀបចំ»

អត្ថបទ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចេញ​ថ្ងៃ​ច័ន្ទ ទី​២៤ តុលា ឲ្យ​ដឹង​ថា ប្រជាជន​ខ្មែរ​ទាំង ៤​រូប​នោះ​មិន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដល់​ជីវិត​ទេ ប៉ុន្តែ​ម្នាក់​ក្នុង​ចំណោម ៤​នាក់​មាន​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង ហើយ​នេះ​មិន​មែន​ជា​ករណី​ទី​មួយ​ទេ​ដែល​អ្នក​នេសាទ​ខ្មែរ​ត្រូវ​បាន​ចាប់​ដោយ​ចោរ​សមុទ្រ​សូម៉ាលី។ កាល​ពី​ឆ្នាំ​២០១១ អ្នក​នេសាទ​ខ្មែរ​ចំនួន ១៥​រូប ត្រូវ​បាន​ដោះលែង​ពី​ប្រទេស​នៅ​អាហ្វ្រិក​ខាង​កើត​ដូច​គ្នា។

សារព័ត៌មាន រ៉យទ័រ (Reuters)ឲ្យ​ដឹង​ថា ការ​ចរចា​ដោះលែង​នេះ​ដំណើរ​ការ​បាន​ដោយសារ​មេ​កុលសម្ព័ន្ធ មេ​សាសនា និង​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់ ជួយ​ដាក់​សម្ពាធ​ទៅ​ចោរ​សមុទ្រ។ចំណាត់​ខ្មាំង​ទាំង ២៦​រូប​នោះ​ត្រូវ​បាន​ចោរ​សមុទ្រ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​សូម៉ាលី កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ តុលា ដែល​ពួក​គេ​គឺ​ជា​ចំណាត់​ខ្មាំង​ចុង​ក្រោយ​ហើយ​ដែល​ចោរ​សមុទ្រ​សូម៉ាលី បាន​ចាប់​ខ្លួន។

ចោរ​សមុទ្រ​សូម៉ាលី មួយ​រូប​ឈ្មោះ ប៊ីល ហ៊ូសេន (Bile Hussein) ប្រាប់​សារព័ត៌មានឌឹ ហ្គាឌៀន (The Guardian)ថា​ប្រាក់​ចំនួន ១​លាន ៥​សែន​ដុល្លារ​អាមេរិក ត្រូវ​ផ្តល់​ឲ្យ​ក្រុម​ចោរ​សមុទ្រ​ជា​ថ្នូរ​នឹង​ការ​ដោះលែង ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​ផ្លូវ​ការ​ណា​មក​បញ្ជាក់​ពី​លើ​តួលេខ​នេះ​ទេ។ ចំណាប់​ខ្មាំង​ម្នាក់​បាន​ពណ៌នា​ពី​ស្ថានភាព​រស់នៅ​ក្រោម​ការ​ឃុំឃាំង​ថា ចោរ​សមុទ្រ​ចាត់​ទុក​ពួក​គេ​ដូចជា​សត្វ​ធាតុ​អ៊ីចឹង។ ពួក​គេ​មាន​ទឹក និង​ចំណី​អាហារ​តិចតួច​សម្រាប់​បរិភោគ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ហូប​អ្វី​ទាំងអស់​ដែល​មាន​ដូចជា​សត្វ​កណ្ដុរ ជាដើម។

ចំពោះ​ពលរដ្ឋ​ខ្មែរ ៤​រូប​នោះ​វិញ ខាង​ក្រសួង​ការ​បរទេស​កម្ពុជា មិន​ទាន់​បញ្ជាក់​ថា នឹង​មក​ដល់​កម្ពុជា វិញ​នៅ​ពេល​ណា​នៅ​ឡើយ ប៉ុន្តែ​លោក ជុំ សុន្ទរី អះអាង​ថា គេ​នឹង​បញ្ជូន​អ្នក​ទាំង ៤​នាក់​មក​ដល់​កម្ពុជា ឆាប់ៗ បន្ទាប់​ពី​ពួក​គេ​មក​ដល់​ទីក្រុង​ម៉ានីល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។