ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃច័ន្ទ ទី២៤ តុលា ថា ប្រជាជនខ្មែរ ៤នាក់ដែលចោរសមុទ្រសូម៉ាលី (Somalia) ដោះលែង នឹងធ្វើដំណើរមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨ តុលា ខាងមុខ។
អស់រយៈពេលជិត ៥ឆ្នាំហើយដែលប្រជាជនខ្មែរ ៤រូបជាមួយនឹងជនជាតិចិន តៃវ៉ាន់ ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី ២២រូបទៀត ត្រូវបានចោរសមុទ្រសូម៉ាលី ឃុំឃាំងនៅក្នុងទីក្រុងដាច់ស្រយាលមួយនៅប៉ែកខាងកើតនៃប្រទេសសូម៉ាលី។
ប្រជាជនទាំង ២៦រូបនោះជាអ្នកធ្វើការលើទូកនេសាទតៃវ៉ាន់ មួយឈ្មោះ ណាហាម៣ (Naham 3) ដែលត្រូវបានចោរសមុទ្រចាប់តាំងតែពីខែមីនា ឆ្នាំ២០១២ នៅក្បែរប្រទេសសៃឆែល (Seychelles) ប៉ែកខាងលិចនៃមហាសមុទ្រឥណ្ឌា។
អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ឲ្យអាស៊ីសេរី ដឹងថា មកទល់នឹងពេលនេះ អត្តសញ្ញាណរបស់ជនជាតិខ្មែរ ៤រូបថាជាអ្នកស្រុកណា ខេត្តណា គឺមិនទាន់ដឹងនៅឡើយទេ។ ព័ត៌មានលម្អិតនឹងទទួលបានក្រោយពីជនជាតិខ្មែរ ៤រូបនោះមកដល់ស្ថានទូតកម្ពុជា នៅប្រទេសហ្វីលីពីន៖ «ខាងយើងមិនមានព័ត៌មានលម្អិតថាខាងណាជាអ្នកចរចា ឬដោះលែងទេ ? គ្រាន់តែដឹងថា ពេលដែលយើងទទួលបានព័ត៌មានថាមានការដោះលែង ហើយក្នុងនោះមានប្រជាជនខ្មែរ យើងមានការរីករាយ ហើយក៏ចាត់វិធានការរៀបចំ»។
អត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញថ្ងៃច័ន្ទ ទី២៤ តុលា ឲ្យដឹងថា ប្រជាជនខ្មែរទាំង ៤រូបនោះមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់ជីវិតទេ ប៉ុន្តែម្នាក់ក្នុងចំណោម ៤នាក់មានរងរបួសដោយសារគ្រាប់កាំភ្លើង ហើយនេះមិនមែនជាករណីទីមួយទេដែលអ្នកនេសាទខ្មែរត្រូវបានចាប់ដោយចោរសមុទ្រសូម៉ាលី។ កាលពីឆ្នាំ២០១១ អ្នកនេសាទខ្មែរចំនួន ១៥រូប ត្រូវបានដោះលែងពីប្រទេសនៅអាហ្វ្រិកខាងកើតដូចគ្នា។
សារព័ត៌មាន រ៉យទ័រ (Reuters)ឲ្យដឹងថា ការចរចាដោះលែងនេះដំណើរការបានដោយសារមេកុលសម្ព័ន្ធ មេសាសនា និងរដ្ឋាភិបាលនៅក្នុងតំបន់ ជួយដាក់សម្ពាធទៅចោរសមុទ្រ។ចំណាត់ខ្មាំងទាំង ២៦រូបនោះត្រូវបានចោរសមុទ្រប្រគល់ទៅឲ្យអាជ្ញាធរសូម៉ាលី កាលពីព្រឹកថ្ងៃសៅរ៍ ទី២២ តុលា ដែលពួកគេគឺជាចំណាត់ខ្មាំងចុងក្រោយហើយដែលចោរសមុទ្រសូម៉ាលី បានចាប់ខ្លួន។
ចោរសមុទ្រសូម៉ាលី មួយរូបឈ្មោះ ប៊ីល ហ៊ូសេន (Bile Hussein) ប្រាប់សារព័ត៌មានឌឹ ហ្គាឌៀន (The Guardian)ថាប្រាក់ចំនួន ១លាន ៥សែនដុល្លារអាមេរិក ត្រូវផ្តល់ឲ្យក្រុមចោរសមុទ្រជាថ្នូរនឹងការដោះលែង ប៉ុន្តែមិនទាន់មានប្រភពផ្លូវការណាមកបញ្ជាក់ពីលើតួលេខនេះទេ។ ចំណាប់ខ្មាំងម្នាក់បានពណ៌នាពីស្ថានភាពរស់នៅក្រោមការឃុំឃាំងថា ចោរសមុទ្រចាត់ទុកពួកគេដូចជាសត្វធាតុអ៊ីចឹង។ ពួកគេមានទឹក និងចំណីអាហារតិចតួចសម្រាប់បរិភោគ ហើយត្រូវបង្ខំចិត្តហូបអ្វីទាំងអស់ដែលមានដូចជាសត្វកណ្ដុរ ជាដើម។
ចំពោះពលរដ្ឋខ្មែរ ៤រូបនោះវិញ ខាងក្រសួងការបរទេសកម្ពុជា មិនទាន់បញ្ជាក់ថា នឹងមកដល់កម្ពុជា វិញនៅពេលណានៅឡើយ ប៉ុន្តែលោក ជុំ សុន្ទរី អះអាងថា គេនឹងបញ្ជូនអ្នកទាំង ៤នាក់មកដល់កម្ពុជា ឆាប់ៗ បន្ទាប់ពីពួកគេមកដល់ទីក្រុងម៉ានីល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។