ជនជាតិឥណ្ឌា ៦៧នាក់បន្ថែមទៀត ត្រូវបានសង្គ្រោះចេញពីកន្លែងឆបោកតាមអនឡាញ ខណៈស្ថានទូតឥណ្ឌាកំពុងបង្កើនការផ្សព្វផ្សាយព្រមានដល់ពលរដ្ឋខ្លួន មុនមកធ្វើការនៅកម្ពុជា
រដ្ឋាភិបាលនៃប្រទេសឥណ្ឌា (India) កំពុងបង្កើនការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដែលកំពុងរងការបង្ខាំង និងបង្ខំឱ្យធ្វើការឆបោកតាមអនឡាញនៅកម្ពុជា។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ក៏កំពុងបង្កើនការផ្សព្វផ្សាយព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពីហានិភ័យក្នុងការចូលមកបម្រើការងារនៅកម្ពុជា ខណៈមានជនជាតិឥណ្ឌា ៦៧នាក់បន្ថែមទៀត ត្រូវបានជួយសង្គ្រោះចេញពីកន្លែងឆបោកតាមអនឡាញ។
ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញបានសម្ដែងកង្វល់លើបទល្មើសឆបោកតាមអនឡាញ និងអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជួយសង្គ្រោះជនរងគ្រោះជនជាតិឥណ្ឌាកំពុងធ្វើការក្នុងទម្រង់ក្លែងបន្លំ តាមរយៈភ្នាក់ងារក្លែងក្លាយ ដែលទាក់ទាញពួកគេឱ្យចូលរួមក្នុងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឹណែត។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌា កាលពីថ្ងៃទី២ ខែតុលាថា កាលពីថ្ងៃទី២២ ខែកញ្ញា មានជនជាតិឥណ្ឌាចំនួន ៦៧នាក់បន្ថែមទៀតត្រូវបានជួយសង្គ្រោះចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកំពុងរៀបចំនីតិវិធីបញ្ជូនពួកគេទៅប្រទេសកំណើតវិញជាបណ្ដើរៗ ហើយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា។ ស្ថានទូតឥណ្ឌា ក៏បានប្ដេជ្ញាចិត្តថា នឹងជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដែលកំពុងស្ថិតក្នុងទម្រង់ការងារបែបឧក្រិដ្ឋកម្មតាមអ៊ីនធឹណិត។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា ក៏បានព្រមាន ដល់ពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការចូលមកបម្រើការងារនៅកម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនតាមរយៈភ្នាក់ងារគួរឱ្យសង្ស័យ និងការផ្សាយពាណិជ្ជកម្មឱកាសការងារតាមបណ្ដាញសង្គម។
ទាក់ទងនឹងក្ដីកង្វល់របស់ភាគីឥណ្ឌាបែបនេះ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រតិកម្ម និងចាត់ទុកការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានទូតឥណ្ឌាថា គឺអយុត្តិធម៌សម្រាប់ភាគីកម្ពុជា។ អ្នកស្រី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែតុលាថា កម្ពុជា និងឥណ្ឌា កន្លងទៅ តែងតែជជែកគ្នាអំពីកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនេះ។ អ្នកស្រីអះអាងទៀតថា ជនជាតិឥណ្ឌា ដែលលើកឡើងអំពីការរងគ្រោះ ព្រោះអំពើជួញដូរ និងបម្រើការងារតាមអនឡាញ គឺពួកគេមកតាមរយៈបណ្ដាញក្រុមហ៊ុននៅឥណ្ឌា។
អ្នកស្រី ជូ ប៊ុនអេង៖«យើងបានប្រាប់ហើយថា កម្ពុជាខ្វាយខ្វល់ ពីព្រោះគេនាំគ្នាធ្វើភ្លៀង ធ្វើផ្គរគ្រប់បែបយ៉ាងនៅកម្ពុជា។ យើងតែងប្រាប់ស្ថានទូតឥណ្ឌាក៏ដោយ ស្ថានទូតណាក៏ដោយយើងតែងប្រាប់ថា ឱ្យជួយបង្ការទប់ស្កាត់នូវឯប្រទេសខ្លួនឯងហាមឃាត់ទៅ កុំឱ្យប្រជាពលរដ្ឋមក ដើម្បីគ្រាន់តែមកធ្វើការល្បែងឆបោក(Game Scam)សម្ងំលាក់ខ្លួនធ្វើសកម្មភាពហ្នឹង ហើយនៅពេលមានបញ្ហា បន្ទោសរដ្ឋាភិបាលកម្ពុជា គឺយើងអត់ទទួលទេ ពីព្រោះវាជារឿង ដែលអយុត្តិធម៌សម្រាប់កម្ពុជា»។
ទោះជាយ៉ាងណាក្ដី ជនជាតិឥណ្ឌា ដែលត្រូវបានជួយសង្គ្រោះចេញពីកម្ពុជាកន្លងមក បានរៀបរាប់ថា ពួកគេត្រូវបានថៅកែបង្ខំឱ្យធ្វើការក្នុងមួយថ្ងៃលើស ១៥ម៉ោង ហើយប្រសិនបើមិនអាចឆបោកជនរងគ្រោះគ្រប់ចំនួនកំណត់ ពួកគេត្រូវបានគេធ្វើទារុណកម្ម និងបង្ខាំងជាដើម។ ក្រៅពីនេះ នៅពេលពួកគេមកដល់ទីតាំងធ្វើនៅកម្ពុជា លិខិតឆ្លងដែនត្រូវបានភ្នាក់ងារថៅកែជនជាតិចិននៅកម្ពុជាដកហូត និងបង្ខំឱ្យពួកគេឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៊ីនធឹណិត ដោយហៅទូរស័ព្ទទាក់ទងជនរងគ្រោះ ដើម្បីវិនិយោគបែបក្លែងក្លាយ។
ក្រសួងការបរទេសឥណ្ឌាឱ្យដឹងកាលពីខែមីនាថា មានជនជាតិឥណ្ឌាជាង ៥ពាន់នាក់ ត្រូវបានឃុំខ្លួន និងធ្វើទារុណកម្ម បង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអ៊ីនធឹណិតនៅកម្ពុជា។ រដ្ឋាភិបាលឥណ្ឌាប៉ាន់ប្រមាណថា អ្នកទាំងនោះ បានឆបោកលុយយ៉ាងតិចចំនួន ៧០លានដុល្លារ ពីប្រជាជនក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល ៦ខែ ចាប់តាំងពីអំឡុងចុងឆ្នាំ២០២៣ មក។
ចាប់តាំងពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ បានអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋខ្លួនត្រឡប់ទៅប្រទេសកំណើតវិញ ១.០០០នាក់ហើយក្នុងនោះមានជនជាតិឥណ្ឌា ៧៧០នាក់ត្រូវបានជួយសង្គ្រោះក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៤ នេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា ក្រៅពីរដ្ឋាភិបាលឥណ្ឌា ក៏មានប្រទេសមួយចំនួនទៀត ក្នុងតំបន់តែងតែលើកឡើងក្ដីកង្វល់ ចំពោះពលរដ្ឋរបស់ពួកគេរងគ្រោះ ដោយសារតែការងារឆបោកតាមអនឡាញនៅកម្ពុជា។ លោកយល់ថា បញ្ហានេះ គឺបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ ការវិនិយោគ សេដ្ឋកិច្ច និងមុខមាត់កម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ។
លោក អំ សំអាត៖«កម្ពុជាគួរតែបង្កើនការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព បានន័យថា គឺជាការទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស ល្បែងអនឡាញជាដើម ដើម្បីធ្វើម៉េចកុំឱ្យមានការលើកឡើងអំពីបញ្ហាទាំងអស់នេះតទៅទៀត។ ការអនុវត្តច្បាប់ ដែលមានប្រសិទ្ធភាពទៅបាន លុះត្រាតែមានការតាំងចិត្តខ្ពស់ក្នុងការបង្ក្រាបបញ្ហាទាំងអស់ហ្នឹង លុបបំបាត់រាល់ទម្រង់ នៃអំពើពុករលួយ កុំឱ្យទៅលើបទល្មើសទាំងអស់ហ្នឹង»។
អ្នកឃ្លាំមើលលើកឡើងថា មូលហេតុ ដែលក្រុមឧក្រិដ្ឋជនអាចតាំងមូលដ្ឋាននៅកម្ពុជាបង្កើតមុខជំនួញ នៃអាជីវកម្មបែបឧក្រិដ្ឋ ដូចជា ការជួញដូរមនុស្ស ឆបោកតាមអនឡាញរីករាលដាលដូចផ្សិតបែបនេះ ដោយសារតែកម្ពុជាគ្មានការអនុវត្តច្បាប់ត្រឹមត្រូវ សម្បូរទៅដោយអ្នកមានអំណាច និងមន្ត្រីអាជ្ញាធរមួយចំនួនកាងការពារជនល្មើស និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។