សកម្មជនសហគមន៍ខ្មែរមួយចំនួន ក្នុងប្រទេសអូស្ត្រាលី កំពុងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីបានទទួលការគំរាមកំហែងរបស់ជនអនាមិក ដែលមានបំណងចង់សម្លាប់ពួកគាត់។ ទោះបីជាមានការគំរាមបែបនេះក៏ដោយ ក៏ក្រុមសកម្មជននៃសហគមន៍ខ្មែរដែលសកម្មក្នុងការតវ៉ាអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជានោះ អះអាងថា ការគំរាមនេះ មិនអាចរារាំង ពួកគេឲ្យឈប់ការតវ៉ាអំពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនោះឡើយ។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរពីខាងគណបក្សពលករ អះអាងថាលោកបានប្ដឹងទៅសមត្ថកិច្ចរបស់ប្រទេសអូស្ត្រាលីរួចហើយ ដើម្បីប៉ូលិសអូស្ត្រាលីបើកការស៊ើបអង្កេតស្វែងរកភស្តុតាង និងតម្រុយ របស់ជនអនាមិកដែលបានផ្ញើលិខិតគំរាមរូបលោក និងសកម្មជនសហគមន៍ខ្មែរមួយចំនួនទៀតកាលពីពេលថ្មីៗនេះ៖ «រឿងនេះយើងខ្ញុំក៏មានការព្រួយបារម្ភដែរ ដោយគ្មានអ្នកណាគេមក គំរាមកំហែងនោះទេ។ អ៊ីចឹងយើងបានប្ដឹងករណីនេះទៅប៉ូលិស វីកតូរីយ៉ា និងប៉ូលិសសហព័ន្ធ។ ហើយប៉ូលិសគេបានយកចិត្តទុកដាក់។ ពីព្រោះគេមិនអាចទទួលយកបានទេចំពោះការគំរាមមកលើសមាជិកសភាដូច្នេះ»។
លោកបន្តថា លោកទទួលលិខិតអនាមិកដែលលោកទទួលបាននេះ គឺមួយអាទិត្យមុនការធ្វើពិធីដាក់បណ្ដាសាជាការដុតរូបទីងមោងរូបរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ស្របពេល ដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ជាលើកដំបូង។
តំណាងរាស្ត្រ និងជាសកម្មជនសហគមន៍ខ្មែរក្នុងរដ្ឋ វ៉ិចតូរីយ៉ា ដែលសកម្មខាងទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា រូបនេះអះអាងថា លិខិតគំរាមនោះបាន សំដៅទៅលើមនុស្សបួននាក់រួមមានលោក ជា យូហន អភិបាលក្រុង ស្ព្រីងវែល (Springvale) រដ្ឋវីកតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បេក្ខជនឈរឈ្មោះតំណាងរាស្ត្រប្រចាំគណបក្សពលករ និងអ្នកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។
ក្នុងលិខិតដែលគំរាមលោក ហុង លីម លោក ជា យូហន លោក តាក់ មេងហ៊ាង និងអ្នកស្រី ប៊ូ រចនា ដែលអាស៊ីសេរី ទទួលបានកាលពីថ្ងៃ ទី ១៩ មីនា ២០១៨ បានសរសេរថា ពួកគេនឹងបាញ់សម្លាប់ក្រុមនេះទាំងអស់ ដូចលោក កែម ឡី អ៊ីចឹងដែរ។ ជនអនាមិករូបនោះសរសេរទៀតថា រូបគេមានប្រពន្ធកូនក្នុងប្រទេសអូស្ត្រាលីដូច្នេះគេអាចចេញចូលប្រទេសអូស្ត្រាលីពេលណាក៏បាន។ ជននោះនិយាយថា រដ្ឋាភិបាលអូស្ត្រាលីនឹងមិនអាចប៉ះពាល់គ្រួសាររបស់ជននោះបានទេ ហើយថារដ្ឋាភិបាលអូស្ត្រាលីក៏ដឹងបញ្ហានេះដែរ។
ជនអនាមិកដដែលនោះថា ពួកគេចង់សម្លាប់សកម្មជនខ្មែរ ក្នុងប្រទេសអូស្ត្រាលី និងមនុស្សជាច្រើនទៀតក្នុងប្រទេសកម្ពុជាឲ្យអស់ ហើយថាបើពួកគេឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០១៨ នោះ ពួកគេនឹងគ្រប់គ្រងប្រទេសជារៀងរហូត។
លោក ហុង លីម បញ្ជាក់ថាក្រុមសមត្ថកិច្ចដែលមានជំនាញខាងការ ធ្វើកោសលវិច័យក្រយ៉ៅដៃអះអាងពួកគេនឹងស្វែងរកមុខជនអនាមិក ដែលបានគំរាមកំហែងឲ្យទាល់តែឃើញ។ លោកបន្តថារហូតមកទល់ពេលនេះភ្នាក់ងារចារកិច្ចរបស់ប្រទេសអូស្ត្រាលី កំពុងដំណើរតាមដាន លើបញ្ហានេះយ៉ាងយកចិត្តទុកដាក់៖ «ក្រសួងពាក់ព័ន្ធអីហ្នឹងគេចាប់ផ្ដើមយកចិត្តទុកដាក់ហើយ។ ហើយលោករដ្ឋមន្ត្រីទីមួយរបស់ខ្ញុំក៏បានដឹងអំពីរឿងហ្នឹងដែរ។ ហើយក្រុមចារកិច្ចអូស្ត្រាលីហ្នឹងក៏ចូលមកជួយស៊ើបអង្កេតលើ បញ្ហាហ្នឹងដែរ»។
អាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺពីសមត្ថកិច្ចរបស់ប្រទេសអូស្ត្រាលីបាននៅឡើយទេ ចំពោះវិធានការជាក់លាក់ក្នុងការស៊ើបអង្កេតករណី គំរាមសម្លាប់សកម្មជនសហគមន៍រដ្ឋវីកតូរីយ៉ាទាំងនេះ។
ទោះជាមានការគំរាមយ៉ាងណាក៏ដោយ លោក ហុង លីម បានប្ដេជ្ញាចិត្តហើយថា ការគំរាមនោះមិនអាចរារាំងក្រុមរបស់លោកពីការស្រែក ទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សម្រាប់ប្រទេសកម្ពុជាបាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។