ក្រុមជាតិដើមភាគតិចកម្ពុជា គ្រោងប្រារព្ធព្រឹត្តការណ៍ ទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោក លើកទី២៥ ក្នុងមូលដ្ឋានចំនួន ៣៧ទីតាំងផ្សេងគ្នា ក្នុងខេត្តចំនួន ១១ នៅថ្ងៃទី៩ ខែសីហាខាងមុខនេះ ដោយផ្តោតសំខាន់លើការអភិរក្សភាសាជនជាតិដើមភាគតិច ដែលកំពុងប្រឈមការបាត់បង់។
ពួកគេអះអាងថា ទិសដៅសំខាន់នៃព្រឹត្តការណ៍នេះ ជំរុញឲ្យរដ្ឋាភិបាលពន្លឿនការបង្កើតមជ្ឈមណ្ឌល និងសាលាបណ្តុះបណ្តាលភាសា និងអក្សរជនជាតិដើមភាគតិចនៅខេត្ត ដែលជនជាតិដើមភាគតិចរស់នៅច្រើន អនុលោមតាមសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាតិ។
ការថយចុះនៃការប្រើប្រាស់ភាសាជនជាតិដើមភាគតិច គឺជាប្រធានបទ ដែលក្រុមជនជាតិដើមភាគតិច ២៤ អម្បូរ នៅទូទាំងប្រទេសត្រៀមថ្លែងជាសាធារណៈ ក្នុងទិវាសិទ្ធិជនជាតិដើមភាគតិចអន្តរជាតិលើកទី២៥ លើពិភពលោក និងលើកទី១៥ នៅកម្ពុជា។
ពួកគេរកឃើញថា ភាសាជនជាតិដើមភាគតិច កួយ ព័រ និងសួយ កំពុងប្រឈមការបាត់បង់ ដែលជាធាតុផ្សំនាំឲ្យប្រពៃណី អត្តសញ្ញាណ និងវប្បធម៌ របស់ពួកគេប្រឈមការគំរាមកំហែងធ្ងន់ធ្ងរ។
ពួកគេអំពាវនាវឲ្យរដ្ឋាភិបាល និងម្ចាស់ជំនួយនានា ពន្លឿនបង្កើតមជ្ឈមណ្ឌលសិក្សាក្នុងសហគមន៍មូលដ្ឋានជនជាតិដើមភាគតិច សម្រាប់អភិវឌ្ឍន៍សហគមន៍ បំណងផ្តល់ឱកាសដល់មនុស្សចាស់ យុវជន និងកុមារ ទទួលបានព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈពីគ្រប់មជ្ឈដាន។
ប្រធានបណ្តាញសហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោកស្រី ទេព ទឹម បារម្ភថា មានកត្តាជាច្រើននាំឲ្យការប្រើប្រាស់ភាសាជនជាតិដើមភាគតិចថយចុះ រួមមាន កង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ការរើសអើងជនជាតិដើមភាគតិច និងកង្វះការគាំទ្រជាដើម។ លោកស្រីថា ជម្លោះដីធ្លី ការបាត់បង់ព្រៃឈើធំធេង និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់ជនជាតិដើមភាគតិចរស់នៅ ជះឥទ្ធិពលអាក្រក់ ដល់ការប្រតិបត្តិប្រពៃណីវប្បធម៌ រួមទាំងការប្រើប្រាស់ភាសាផងដែរ។ លោកស្រីអះអាងថា ពួកគេនឹងលើកយកប្រធានបទនេះ ថ្លែងក្នុងទិវាសិទ្ធិជាតិដើមភាគតិច៖ «ធ្វើឲ្យប៉ះពាល់ភាសា វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណ មុខរបប កន្លែងគោរពបូជា ព្រៃជម្រកសត្វ កន្លែងឃ្វាលគោ បាត់បង់អត្តសញ្ញាណជនជាតិ។ វិនិយោគហ្នឹងបាត់បង់អត្តសញ្ញាណជនជាតិ មុខរបប ជីវភាព មានចិនមកច្រើនធ្វើឲ្យយើងបាត់បង់ » ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមជនជាតិដើមភាគតិចកម្ពុជា នៅថ្ងៃទី៧ សីហា បង្ហាញថា ជនជាតិដើមភាគតិច ១០អម្បូរ ក្នុងខេត្តចំនួន ១១ រួមមាន ជនជាតិដើមភាគតិចកួយ ព្នង (ពូនង) ទំពួន ចារ៉ាយ ក្រឹង លុន កាវែត កាចក ព័រ សួយ ជង និងក្រោលជាដើម នឹងចូលរួមទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោក នៅតាមមូលដ្ឋានចំនួន ៣៧ទីតាំង ក្នុងភូមិចំនួន ៧៨ ទូទាំងប្រទេស។
នៅប្រទេសកម្ពុជាមានជនជាតិដើមភាគតិច ២៤អម្បូរ ដែលកំពុងរស់នៅក្នុងខេត្តចំនួន ១១ ហើយខេត្ត ដែលជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ គឺខេត្តរតនគិរី ព្រះវិហារ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង ពោធិ៍សាត់ កំពងស្ពឺ កំពង់ធំ និង ខេត្តកោះកុង។
ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក ក្រើង តុលា ឲ្យដឹងថា នៅខេត្តមណ្ឌលគិរីមានជនជាតិដើមភាគតិច ១២អម្បូរ ក្នុងនោះមានជនជាតិដើមភាគតិចព្នង រស់នៅច្រើនជាងគេ។ លោកថា ការរើសអើង គឺជាកត្តានាំឲ្យជនជាតិដើមភាគតិចអៀនខ្មាស់ បង្ខំចិត្តឈប់និយាយភាសាជនជាតិដើមភាគតិច ជាក់ស្តែងជនជាតិដើមភាគតិចខ្លះ បម្រើការងារជាមន្ត្រីរាជការ នគរបាល និងគ្រូបង្រៀនជាដើមបានបង្ខំចិត្តឈប់និយាយភាសាជនជាតិដើមរបស់ខ្លួន៖ «នេះជាចំណុចមួយមានការព្រួយបារម្ភ នៅពេលដែលគាត់និយាយភាសាជនជាតិដើម ខ្វះការលើកទឹកចិត្ត សាមីខ្លួនមានការអៀនខ្មាស់។ ទាហាន ប៉េអឹម រាជការផ្សេងៗ គាត់អត់ហ៊ាននិយាយភាសាដើមរបស់គាត់ទេ ដោយសារមានការសើចចំអក មានការរើសអើង ពួកព្នង។ អ៊ីចឹងទៅធ្វើឲ្យគាត់ខ្មាស់ ដោយសារគាត់ធ្វើការ មេឃុំ មេស្រុក និងចៅហ្វាយខេត្តគាត់អត់ហ៊ាននិយាយ គាត់សុខចិត្តបង្ខំនិយាយភាសាខ្មែរ ដើម្បីបង្ខំឲ្យគាត់សសើរគាត់ » ។
កាលពីឆ្នាំ២០០៩ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិចក្នុងវិស័យអប់រំ ក្នុងនោះក្រសួងអប់រំបានចម្រាញ់យក ភាសាជនជាតិដើមភាគតិច ២ ទៅ ៣ ភាសា ដើម្បីរៀបចំឲ្យមានប្រព័ន្ធសរសេរសាកល្បងត្រឹមថ្នាក់ទី៣ នៅខេត្តភាគឦសាន រួមមាន ភាសាព្នង (ពូនង) ទំពួន ក្រឹង និងកួយ។
អគ្គលេខាសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យុន ឡូរ៉ង់ ថ្លែងថា ពួកគេនឹងជំរុញឲ្យទិវានេះកើតមានច្រើនតំបន់ ក្នុងបំណងពញ្ញាក់ស្មារតីជនជាតិដើមភាគតិច យល់អំពីគុណតម្លៃការប្រើប្រាស់ភាសារបស់ខ្លួនឡើងវិញ។ លោកថា ក្រុមអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធសិទ្ធិជនជាតិដើមភាគតិចកំពុងព្យាយាមបញ្ជ្រាប និងពន្យល់ដល់យុវជនជាតិដើមភាគតិចផ្សេងៗ ទៀត ឲ្យចាប់អារម្មណ៍ និងអនុវត្តភាសារបស់ខ្លួនឡើងវិញ។ លើសពីនេះ ពួកគេបានព្រៀងសេចក្តីថ្លែងការណ៍រួចមួយ រួចហើយ ក្នុងបំណងស្នើឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យជនជាតិដើមភាគតិចទទួលបានការអប់រំចំនួន ២ភាសាដូចជា ភាសា ព្នង និង កួយ ដើម្បីអភិរក្សវប្បធម៌ និងកសាងសមត្ថភាព៖ «សម្រាប់ជនជាតិដើមភាគតិចគ្រប់អម្បូរទាំងអស់ គឺយើងការបារម្ភខ្លាំងរឿងនេះ។ អ៊ីចឹងយើងបានជំរុញឲ្យមានការ រៀបចំព្រឹត្តការណ៍ជនជាតិដើមភាគតិចហ្នឹង ឲ្យបានច្រើនកន្លែង ដើម្បីពួកគាត់ជាជនជាតិដើមភាគតិចហ្នឹង គាត់អាចមើលឃើញ ភ្ញាក់រឭក គាត់អាចមើលឃើញ ពីគុណតម្លៃហ្នឹងឡើងវិញ។ សមាគមយុវជនជាតិដើមភាគតិចកម្ពុជា និងសហគមន៍ជនជាតិដើមភាគតិច ឬអង្គការជនជាតិដើមភាគតិចផ្សេងៗ ទៀត គាត់ព្យាយាម និងពន្យល់ជនជាតិដើមភាគតិចជាច្រើន ដើម្បីឲ្យគាត់ចាប់អារម្មណ៍ភាសាខ្លួនឯងឡើងវិញ » ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនទំទាស់ការប្រារព្ធទិវានេះទេ ក៏ប៉ុន្តែភាគីពាក់ព័ន្ធត្រូវសហការជាមួយរដ្ឋបាលមូលដ្ឋានភូមិ/ឃុំ និងត្រូវផ្តល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីជួយការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់។ លោកថា រដ្ឋាភិបាលបានអនុម័តសកម្មភាពគោរពសិទ្ធិមនុស្ស និងកំពុងកំណែទម្រង់វិស័យយុត្តិធម៌ ទាក់ទិនសិទ្ធិទទួលបានការវិនិឆ្ឆ័យ និងសិទ្ធិទទួលបានការគាំពារដោយច្បាប់ស្មើភាពគ្នា៖ «ជូនដំណឹងសុំកិច្ចសហការគ្នាទៅវិញទៅមក។ យើងអត់ជំទាស់អីទេ តែត្រូវសហការជាមួយរដ្ឋបាលភូមិ / ឃុំ ដើម្បីឲ្យគេការពារយើងយ៉ាងម៉េច ? ជូនដំណឹងស្នើសុំរបស់គេ គេមើលសកម្មភាពយើងយ៉ាងម៉េច គេអនុញ្ញាតឲ្យបានៗ បើគេមិនអនុញ្ញាតឲ្យ ប្រសិនជារូបភាពហ្នឹងជារូបភាពមួយផ្សេងទៀត ព្រោះរដ្ឋបាលភូមិ និងឃុំជាអ្នកទទួលខុសត្រូវ » ។
សេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច មាត្រា១៤ ចែងថា ជនជាតិដើមភាគតិចមានសិទ្ធិបង្កើត គ្រប់គ្រងស្ថាប័ន និងប្រព័ន្ធអប់រំភាសារបស់ខ្លួនដោយផ្ទាល់ដោយលក្ខណៈសមស្រប និងវិធីសាស្ត្រតាមវប្បធម៌នៃការបង្រៀន និងរៀនសូត្ររបស់ពួកគេ។
នៅខេត្តមណ្ឌលគិរី ក្រសួងអប់រំ បានបង្កើតសាលាបង្រៀនភាសា និងសរសេរអក្សរជនជាតិដើមភាគតិចចំនួន ៥ទីតាំងផ្សេងគ្នា។ សាលារៀនទាំងនោះ មានបង្រៀនភាសាជនជាតិដើមភាគតិច និងអក្សរចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣។
មន្ត្រីនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរមូលដ្ឋានគួរតែចូលរួមសហការសម្របសម្រួល ឲ្យជនជាតិដើមភាគតិចប្រារព្វទិវានេះដោយរលួន ដើម្បីរូមចំណែកលើកកម្ពស់វប្បធម៌ជនជាតិដើមភាគតិច។ លោកថា កង្វល់ទាំងឡាយរបស់ជនជាតិដើមភាគតិច រដ្ឋាភិបាលគួរតែសិក្សាស្រាវជ្រាវឲ្យស៊ីជម្រៅ និងរកវិធីសាស្ត្រដោះស្រាយឲ្យមានប្រសិទ្ធភាព ជាពិសេស ត្រូវបើកទូលាយរាល់ការផ្សព្វផ្សាយពីភាសា និងអក្សរជនជាតិដើមភាគតិច៖ «រដ្ឋាភិបាលគួរតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ ពីបញ្ហាដែលកើតមានឡើងក្នុងសហគមន៍មូលដ្ឋានរបស់គាត់។ ធ្វើការផ្សព្វផ្សាយ ឬជួយអភិរក្សតំបន់ទាំងអស់ហ្នឹង កុំឲ្យមានការជ្រៀតជ្រែក ពីវប្បធម៌ផ្សេងៗ ដែលធ្វើឲ្យវប្បធម៌ពួកគាត់បាត់បង់ » ។
លោក យុន ឡូរ៉ង់ បន្ថែមថា តំណាងជនជាតិដើមភាគតិចពិភពលោក បានពិភាក្សាគ្នានៅអង្គការសហប្រជាជាតិ ទាក់ទិនការថយចុះភាសា ក្រោយពីធ្វើការសិក្សាស្រាវជ្រាវរកឃើញថា ការប្រើប្រាស់ភាសាជនជាតិដើមភាគតិចមួយចំនួននៅខេត្តភាគឦសានប្រឈមការបាត់បង់ ដូចជា ភាសា កួយ សួយ និង ស្អូច។
របាយការណ៍របស់ក្រសួងផែនការបង្ហាញថា ជនជាតិដើមភាគតិចកួយ ជាអម្បូរជនជាតិដើមច្រើនជាងគេ លំដាប់ថ្នាក់លេខ៣ ក្នុងប្រទេសកម្ពុជា និងកំពុងរស់នៅ ខេត្តព្រះវិហារ ស្ទឹងត្រែង សៀមរាប និង ខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។