អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចូលរួមនឹងអង្គការក្នុងស្រុកទាមទារឱ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ ឱ្យមានសេរីភាពវិញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធចំពោះការទាមទារនេះ ហើយថា អង្គការជាតិ និងអន្តរជាតិ អាចផ្ដល់ជំនួយផ្នែកច្បាប់ដល់យុវជនទាំងពីរ ប្រសិនបើយល់ថា សកម្មភាពរបស់ពួកគេ មិនមែនជាបទល្មើស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា អាជ្ញាធរកម្ពុជា គួរតែទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងមនុស្សដែលបានឃាត់ខ្លួនក្នុងពិធីបុណ្យខួប ៣ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញកាលពីថ្ងៃទី១២ កក្កដា បន្តថា រដ្ឋាភិបាលកម្ពុជា គួរតែដកចេញរាល់ការរឹតត្បិតលើការប្រមូលផ្តុំ និងសកម្មភាពផ្សេងៗទៀត ដែលរំលឹកដល់ការសម្លាប់បណ្ឌិត កែម ឡី និងត្រូវអនុញ្ញាតឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការសម្លាប់នេះ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រ៊េដ អាដាមស៍ (Brad Adams) ថ្លែងថា ការជំនួសឱ្យការស៊ើបអង្កេតដោយឯករាជ្យជុំវិញការចោទប្រកាន់ថា រដ្ឋអំណាចជាអ្នកនៅពីក្រោយខ្នងឃាតកម្មបណ្ឌិត កែម ឡី រដ្ឋាភិបាលបែរជាបានបំផ្លាញពិធីរំឭកវិញ្ញាណក្ខន្ធ និងចាប់ខ្លួនសកម្មជនទៅវិញ។
លោក ប្រ៊េដ អាដាម បន្តថា «ក្រុមម្ចាស់ជំនួយរបស់កម្ពុជា គួរតែអំពាវនាវឱ្យមានការដោះលែងអ្នកទាំងឡាយ ដែលគេបានចោទប្រកាន់រឿងតវ៉ាដោយសន្តិវិធី និងទាមទារជាថ្មីឱ្យមានការស៊ើបអង្កេតដោយឯករាជ្យក្នុងរឿងឃាតកម្មបណ្ឌិត កែម ឡី ឡើងវិញ។ លោកថា រដ្ឋាភិបាលមួយដែលគ្មានអ្វីលាក់បាំង គួរតែអនុញ្ញាតឱ្យមានការតវ៉ាដោយសន្តិវិធី ឬក៏ត្រូវរំពឹងទុកជាមុនថា នឹងឃើញការតវ៉ា ទាមទារយុត្តិធម៌ កើតឡើងនៅថ្ងៃខួបប្រចាំឆ្នាំនៃសោកនាដកម្មនេះ»។
ទន្ទឹមគ្នានេះ អង្គការ សមាគម សហគមន៍ក្នុងស្រុកជិត ៩០អង្គការ កាលពីថ្ងៃទី១២ កក្កដាក៏ទាមទារឱ្យអាជ្ញាធរដោះលែងសកម្មជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ទាំងពីរនាក់ដែរ។
អង្គការទាំងនោះ សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កងកម្លាំងសន្តិសុខដោយមិនសមហេតុផលអំឡុងពេលប្រារព្ធពិធីរំលឹកខួប ៣ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី។
ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតបថា ចំណាត់ការលើយុវជនទាំងពីរ គឺជាដំណើរការអនុវត្តច្បាប់ ដោយសារសមត្ថកិច្ចរកឃើញថា សកម្មភាពរបស់ពួកគេ ជាការប្រព្រឹត្ត បទល្មើស មិនមែនជាការអនុវត្ត សិទ្ធិសេរីភាពបញ្ចេញមតិ ឬការជួបជុំនោះទេ។
លោក ជិន ម៉ាលីន បានចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ នៅពីក្រោយយុវជនទាំងពីរនាក់។ «»
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ក្រុមអង្គការសង្គមស៊ីវិល នៅតែប្រកាន់ជំហរស្នើឱ្យអាជ្ញាធរដោះលែងយុវជនទាំងពីរនាក់ ព្រោះទង្វើរបស់ពួកគេ ពុំមានធាតុផ្សំនៃបទល្មើស ហើយពុំមានការចលាចលណាមួយកើតពីអំពើរបស់ពួកគាត់ដូចការចោទនោះទេ។ «»
លោកបន្តថា នៅពេលដែលរដ្ឋាភិបាល មិនអាចនាំយកអ្នកពាក់ព័ន្ធ ឬអ្នកនៅពីក្រោយខ្នងឃាតកម្ម បណ្ឌិត កែម ឡី មកផ្ដន្ទាទោស ប៉ុន្តែបែរជាចាប់អ្នកទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដាក់គុកទៅ វិញ គឺជារឿងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។ «»
ស្ថាប័នកំពូលផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែកក្កដា ក៏បានរម្លឹករបបលោក ហ៊ុន សែន ថា ពលរដ្ឋគ្រប់រូប មានសិទ្ធិគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្លែងសារក្នុងអំឡុងនៃខួបគម្រប់ ៣ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ថា សិទ្ធិក្នុងការជួបប្រជុំគ្នាដោយសន្តិវិធី និងសិទ្ធិក្នុងការបង្កើតសហគមន៍ រួមទាំងសិទ្ធិក្នុងការគោរព និងរម្លឹកវិញ្ញាណក្ខន្ធបុគ្គលសាធារណៈ ដូចជាបណ្ឌិត កែម ឡី ផង គឺត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។