មន្ត្រីជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលបានតាមដានស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ កំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម គ្រប់សព្វបែបយ៉ាង។ ការរំលោភបំពានទាំងនោះរួមមាន ការបង្ខំបណ្ដេញយកដីធ្លីស្រែចម្ការ ការបំបិទសិទ្ធិផ្នែកអ៊ិនធឹណែត និងសិទ្ធិជាជនជាតិដើមកំណើតជាដើម។
ក្នុងនាទីខ្មែរកម្ពុជាក្រោមប្រចាំសប្ដាហ៍ លោក យន់ សាមៀន និងនាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) ជុំវិញបញ្ហានេះ។
យន់ សាមៀន៖ បាទ ជំរាបសួរ លោក Phil Robertson! ខ្ញុំបានតាមដានស្ថានភាពនៃការរំលោភសិទ្ធិមនុស្សមួយចំនួនកើតឡើងទៅលើពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ។ បាទជាដំបូងនេះ ខ្ញុំចង់សាកសួរលោក លើករណីមួយ កើតឡើងកាលពីប៉ុន្មានសប្ដាហ៍មុននេះ គឺយុវជនខ្មែរក្រោមម្នាក់ ត្រូវបានអាជ្ញាធរវៀតណាម ដាក់ជាសញ្ជាតិវៀតណាម ក្នុងសំបុត្រកំណើតយុវជននោះ ហើយយុវជននោះមិនយល់ព្រមទេ ដោយសារតែគាត់ជាខ្មែរ។ តើលោកយល់ឃើញ យ៉ាងណាដែរ ចំពោះទង្វើរបស់អាជ្ញាធរវៀតណាមនេះ?
ចម្លើយលោក ហ៊្វីល រ៉ូប៊ើតសុន៖ វៀតណាម រើសអើងនឹងពលរដ្ឋខ្មែរក្រោម ដោយឥតលាក់លៀម។ ការរើសអើងនេះ រួមមាន ការរឹតត្បិតមិនឲ្យខ្មែរក្រោមប្រើប្រាស់អក្សរសម្រាប់ការអប់រំ ការជ្រៀតជ្រែកចូលកិច្ចការងារ របស់ព្រះពុទ្ធសាសនា និងវត្តអារាម របស់ខ្មែរក្រោម។ ចំពោះករណីដាក់ខ្មែរក្រោម ជាជនជាតិភាគតិចវៀតណាមនេះ វាមិនត្រូវទេ ពីព្រោះខ្មែរក្រោមមិនមែនជាជនជាតិភាគតិចឡើយ។ វៀតណាមកំពុងចង់ប្រែក្លាយខ្មែរក្រោម ឲ្យពួកគេនិយាយ និងប្រើប្រាស់ភាសាវៀតណាម ដើម្បីទទួលលាភសក្ការក្នុងការរស់នៅសមរម្យ។ វៀតណាមកំពុងតែបៀតបៀនធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងខ្មែរក្រោម។ ខ្ញុំគិតថា វៀតណាម គួរតែទទួលស្គាល់ថា ខ្មែរក្រោម ជាជនជាតិខ្មែរ ហើយវៀតណាមត្រូវតែគោរពឲ្យបានត្រឹមត្រូវចំពោះការប្រើប្រាស់ភាសា និងវប្បធម៌របស់ខ្មែរក្រោម។ វៀតណាមមិនត្រូវព្យាយាមចាប់បង្ខំខ្មែរក្រោមឲ្យទទួលយកមនោគមវិជ្ជារបស់ខ្លួននោះទេ ហើយនៅពេលខ្មែរក្រោមចង់បញ្ចេញទស្សនៈ ទាមទារឲ្យវៀតណាមកុំជ្រៀតជ្រែកចូលការងារវត្តអារាម នៅតាមបណ្ដាញសង្គម វៀតណាមមិនត្រូវបៀតបៀន និងសម្លុតបំភ័យពួកគេឡើយ។
សំណួរ យន់ សាមៀន៖ អរគុណលោក។ ករណីមួយទៀត មានចលនាខ្មែរក្រោមនៅខាងក្រៅស្រុក រួមមាន នៅសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសដទៃទៀត កំពុងបង្កើតយុទ្ធនាការមួយ ជំរុញវៀតណាមដល់សិទ្ធិស្វ័យសម្រេច ជោគវាសនាខ្លួនឯង ដល់ខ្មែរក្រោម។ តើលោកមានយោបល់អ្វីខ្លះដែរចំពោះយុទ្ធនាការនេះ?
ចម្លើយលោក ហ៊្វីល រ៉ូប៊ើតសុន៖ អង្គការ (Human Right Watch) មិនមានយោបល់ចំពោះការបញ្ហា ការគូសបន្ទាត់ព្រំដែន ឬក៏ក្រុមពលរដ្ឋមួយណា ត្រូវឋិតក្នុងផ្នែកនៃប្រទេសមួយណានោះទេ។ យើងគ្មានជំហរទៅលើជម្លោះព្រំដែនខ្មែរ និងវៀតណាមនោះទេ។ ប៉ុន្តែ អ្វីដែលយើងអាចនិយាយបាននោះគឺថា យើងមានការព្រួយបារម្ភ ពីការរំលោភលើសិទ្ធិសេរីភាពលើពលរដ្ឋខ្មែរក្រោម បង្កឡើងរដ្ឋាភិបាលវៀតណាម។ យើងបន្តឃើញការរើសអើង យើងឃើញកិច្ចខំប្រឹងប្រែងបង្ខំយុវជនខ្មែរក្រោម ឲ្យផ្លាស់ប្ដូរប្រែក្លាយជាជនជាតិវៀតណាម ដើម្បីទទួលបានឋានៈក្នុងសង្គម និងការងារល្អធ្វើ។ យើងឃើញ វៀតណាមដាក់សំពាធទៅលើសង្គមខ្មែរក្រោមជាច្រើនផ្នែក ឧទាហរណ៍ដូចជា ការដាក់សំពាធទៅលើវត្តអារាម ដែលជាទីកន្លែង ចំណុចស្នូលនៃវប្បធម៌ និងអត្តសញ្ញាណរបស់ខ្មែរក្រោម។ វៀតណាមកំពុងព្យាយាមត្រួតត្រា និងបំផ្លាញឯករាជភាព នៅក្នុងវត្តអារាម។ យើងបានធ្វើការងារនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ទាក់ទងនឹងករណីរំលោភសិទ្ធិមនុស្ស និងការរើសអើងនឹងខ្មែរក្រោមជាច្រើនករណី។ ខ្ញុំគិតថា វៀតណាមត្រូវតែប្រព្រឹត្តឲ្យបានសមរម្យលើខ្មែរក្រោម។ ខ្មែរក្រោមត្រូវតែមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមនឹងអង្គការ និងបង្កើតសមាគមដោយគ្មានការជ្រៀតជ្រែក ពីវៀតណាម និងចូលរួមការតវ៉ា និងប្រមូលផ្តុំ ដោយសន្តិវិធី ដើម្បីសំដែងការមិនពេញចិត្តណាមួយ ហើយវៀតណាមត្រូវតែដោះស្រាយ។
សំណួរ យន់ សាមៀន៖ បាទ! យុវជនខ្មែរក្រោមបច្ចុប្បន្ន កំពុងពេញនិយមប្រើប្រាស់ បណ្ដាញសង្គម ដូចជា ហ្វេសប៊ុកជាដើម ដើម្បីបញ្ចេញព័ត៌មាន ប្រវត្តិសាស្ត្រ និងវប្បធម៌ពីសហគមន៍របស់ពួកគេ។ ប៉ុន្តែពេលថ្មីៗ នេះ ខ្ញុំទទួលបានរបាយការណ៍ថា អាជ្ញាធរវៀតណាម បានកោះហៅយុវជនខ្មែរក្រោមឲ្យចុះកិច្ចសន្យា បញ្ឈប់សកម្មភាពរបស់ពួកគេ ប្រសិនមិនដូច្នោះទេ ពួកគេអាចនឹងត្រូវពិន័យ ឬចាប់ដាក់ពន្ធនាគារ។ តើលោកយល់ឃើញយ៉ាងណាដែរ ចំពោះទង្វើរបស់អាជ្ញាធរវៀតណាមនេះ?
ចម្លើយលោក ហ៊្វីល រ៉ូប៊ើតសុន៖ ខ្ញុំគិតថា មនុស្សមិនត្រូវគេចាប់ដាក់ពន្ធនាគារ ដោយសារតែការសរសេរអ្វីមួយនៅលើបណ្ដាញអ៊ិនធឹណែតនោះទេ លុះត្រាតែការសរសេរនោះ បានញុះញង់ឲ្យមានអំពើហិង្សា។ យើងមើលមិនឃើញថា ខ្មែរក្រោមប្រព្រឹត្តអំពើទាំងនេះទេ។ ខ្មែរក្រោមគ្រាន់តែ បង្ហាញការពិតពីវប្បធម៌ សាសនា និងឯករាជភាពសង្គម ពីព្រោះពួកគេ មិនមែនជាជនជាតិវៀតណាម។ ខ្មែរក្រោម មានមោទនភាព ជាខ្មែរក្រោម ហើយ មោទនភាពនេះ មិនត្រូវទទួលរងការដាក់វិន័យ ឬ ចាប់ដាក់ពន្ធនាគារនោះទេ។ វៀតណាមកំពុង ព្យាយាមបំបាត់ការរិះគន់ អវិជ្ជមាន ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ហើយវិធានការនេះកំពុងកើតឡើងនៅទូទាំងប្រទេស។ វៀតណាមកាលពីខែកុម្ភៈ និងមេសា បានដាក់គំនាបយ៉ាងសំបើមទៅលើ ក្រុមហ៊ុន facebook នៅវៀតណាម។ យើងមិនយល់ស្រប ចំពោះករណីមួយចំនួន ដែលវៀតណាមចាត់ទុកថា ជាអំពើខុសច្បាប់នោះទេ។ ទង្វើនេះ បង្ហាញឲ្យឃើញថា ការអនុវត្តរបស់វៀតណាម វាផ្ទុយទៅនឹងនិយមន័យអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាស្ដីពី សិទ្ធិពលរដ្ឋ និងនយោបាយ ដែលវៀតណាមបានអនុម័តទទួលយកទៅអនុវត្ត។ វៀតណាមកំពុងរឹតត្បិតការបញ្ចេញមតិ ដែលក្នុងទស្សនៈយើងគិតថា វាមិនត្រឹមត្រូវ ហើយវៀតណាមមិនត្រូវផ្ដន្ទាទោសរាល់ការបញ្ចេញមតិនោះទេ។ ទង្វើរបស់វៀតណាមនេះ ដោយសារតែវៀតណាម ជារដ្ឋាភិបាលឯកបក្ស ហើយវៀតណាមព្យាយាមខ្លាំងណាស់ ដើម្បី គ្រប់គ្រងទៅលើអ្វីដែលពលរដ្ឋមើលឃើញ និងអានបាន ហើយទង្វើនេះ វៀតណាមក៏កំពុងធ្វើទៅលើខ្មែរក្រោមដែរ។ វៀតណាមកំពុងព្យាយាមលាងខួរយុវជនខ្មែរក្រោម ហើយបង្ខំឲ្យពួកគេប្រែក្លាយទៅជាជនជាតិវៀតណាម ហើយកុំពួកគេចូលចុះនឹងសហគមន៍ខ្មែរក្រោមរបស់ពួកគេ។
សំណួរ យន់ សាមៀន៖ បាទ សូមអរគុណលោក។ កាលពីដើមខែឧសភានេះ មានការប៉ះទង្គិចគ្នារវាងអាជ្ញាធរវៀតណាម និងពលរដ្ឋខ្មែរក្រោម។ អំពើហិង្សាកើតឡើងពេលអាជ្ញាធរវៀតណាម បានបង្ខំបណ្ដេញពួកគេចេញពី ដីស្រែចម្ការ ប្រមាណ ១០០ហិកតារ ដែលពួកគេបានបង្កបង្កើនផលចាប់តាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។ ក្រោយហេតុការណ៍បង្ខំបណ្ដេញនោះ ខ្មែរក្រោម បានដាក់ពាក្យបណ្ដឹង សុំឲ្យវៀតណាមដោះស្រាយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានបដិសេធ។ បើតាមលោក យល់តើអាជ្ញាធរវៀតណាម ត្រូវដោះស្រាយករណីនេះ ដូចម្ដេចដែរបាទ?
ចម្លើយលោក ហ៊្វីល រ៉ូប៊ើតសុន៖ នៅប្រទេសវៀតណាម រដ្ឋាភិបាលគ្រប់គ្រង និងកាន់កាប់ដីធ្លីទាំងអស់។ កត្តានេះហើយបានបណ្ដាលឲ្យកើតមានករណីជម្លោះដីធ្លី នៅទូទាំងប្រទេស។ នៅវៀតណាម មានករណីជម្លោះដីធ្លីច្រើនណាស់ មិនមែនកើតឡើងតែទៅលើពលរដ្ឋខ្មែរក្រោមនោះទេ។ រដ្ឋាភិបាលវៀតណាម បានបង្ខំឲ្យពលរដ្ឋចាកចេញពីដីធ្លីរបស់ពួកគេ ហើយបង្កអំពើហិង្សាទៀតផង។ រដ្ឋាភិបាលវៀតណាម បានកាន់កាប់ដីធ្លី ហើយតែងតែប្រើប្រាស់កម្មសិទ្ធិនេះ ដើម្បីដាក់ការត្រួតត្រាទៅលើដីធ្លីរបស់សហគមន៍។ ជាក់ស្ដែងដូច ករណីដីពលរដ្ឋខ្មែរក្រោម ដែលបានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៣ ជាដើម ដែលត្រូវវៀតណាមបង្ខំបណ្ដេញចេញ ដោយសំអាងលើហេតុផលមួយចំនួន។ ការបង្ខំបណ្ដេញចេញនេះ បណ្ដាលឲ្យកើតមានអំពើហិង្សា គេចមិនផុតនោះទេ ដោយសារតែពលរដ្ឋរស់នៅអាស្រ័យផលលើដីស្រែចម្ការ។ ដីធ្លីចម្ការមានសារសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់ពួកគេ។ ករណីអំពើហិង្សាកើតឡើងនៅខេត្ត កៀង យ៉ាង នេះ បណ្ដាលឲ្យខ្មែរក្រោម ១០នាក់រងរបួស បង្កឡើងដោយកងសន្តិសុខវៀតណាម។ ករណីនេះ ជាឧទាហរណ៍ បានប្រើប្រាស់អំណាចរំលោភសិទ្ធិរបស់ខ្មែរក្រោម និងសហគមន៍ពួកគេ។
យន់ សមៀន៖ បាទ អរគុណ! សង្គមស៊ីវិល ដែលតាមដានករណីអាជ្ញាធរវៀតណាម បង្ខំបណ្ដេញខ្មែរក្រោម ចេញពីដីស្រែចម្ការពួកគេនេះ ស្នើឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ករណីនេះទៅរដ្ឋាភិបាលវៀតណាមឲ្យជួយដោះស្រាយ។ តើលោកគិតថា រដ្ឋាភិបាលគួរព្យាយាម អន្តរាគមន៍ករណីនេះ?
ចម្លើយលោក ហ៊្វីល រ៉ូប៊ើតសុន៖ បាទ ! ចំពោះករណីរដ្ឋាភិបាលខ្មែរ និងពលរដ្ឋខ្មែរក្រោម រដ្ឋាភិបាលកម្ពុជាមិនសូវ មើលថែខ្មែរក្រោមឲ្យបាន ល្អដិតដល់នោះទេ។ យើងសង្កេតឃើញថា រាល់ពេលដែលខ្មែរក្រោម ធ្វើដំណើរទៅកម្ពុជា អាជ្ញាធរខ្មែរប្រាប់គេថា ពួកគេមិនអាចទទួលបានសញ្ជាតិខ្មែរនោះទេ ពីព្រោះពួកគេ កើតនៅវៀតណាម ឬក៏ឈ្មោះខ្មែរក្រោម មិនដូចឈ្មោះខ្មែរ។ រដ្ឋាភិបាលខ្មែរម្តងថា ខ្មែរក្រោមជាជនជាតិខ្មែរ ប៉ុន្តែរដ្ឋាភិបាលមិនបានត្រួតពិនិត្យ អាជ្ញាធរថ្នាក់ក្រោម និងបង្កើតច្បាប់ឬនីតិវិធី ដើម្បីធានាថា ខ្មែរក្រោម ទទួលបានសញ្ជាតិខ្មែរនោះទេ។ ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាគួរដោះស្រាយ គោលនយោបាយខ្លួន ដែលមិនបានបម្រើខ្មែរក្រោមឲ្យបានល្អជាមុនសិន ទើបអាចទៅធ្វើអន្តរាគមន៍ ករណីរំលោភបំពានខ្មែរក្រោម ទៅរដ្ឋាភិបាលវៀតណាម ។ ខ្មែរក្រោមចង់មកកម្ពុជាណាស់ ដើម្បីទទួលបានសញ្ជាតិខ្មែរ ប៉ុន្តែខ្មែរក្រោមមិនទទួលបានការយកចិត្តទុក្ខដាក់ឲ្យបានល្អសមរម្យ ម្តងហើយម្ដងទៀត។ នៅកម្ពុជា មានការរើសអើងនឹងខ្មែរក្រោម ដោយសារតែខ្មែរក្រោមមកពីវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។