ក្រសួង​ព័ត៌មាន​ព្រមាន​ចុង​ក្រោយ​បន្ទាប់​ពី​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​មិន​ប្រើ​គោរម​ងារ​សម្ដេច

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន​ព្រមាន​ថា ក្រសួង​ព័ត៌មាន​នឹង​ប្រើ​គ្រប់​វិធានការ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រើប្រាស់​គោរមងារ "សម្ដេច"។ ក៏ប៉ុន្តែ អ្នក​ធ្វើការ​ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន​យល់​ឃើញ​ថា នេះ​ជា​ការ​គំរាមកំហែង​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ។

ក្រសួង​ព័ត៌មាន​នឹង​មិន​អត់ឱន​ឲ្យ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ឡាយ​ណា​ដែល​មិន​ព្រម​ប្រើប្រាស់​គោរមងារ "សម្ដេច" ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​អត្ថបទ ឬ​ការ​ផ្សាយ​របស់​ខ្លួន​នោះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ថា កន្លង​មក​ក្រសួង​ព័ត៌មាន​បាន​បង្ហាញ​ជំហរ​ទន់ភ្លន់​ទៅ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូច្នេះ នៅ​ពេល​នេះ ដល់​ពេល​ក្រសួង​ត្រូវ​ធ្វើ​គ្រប់​មធ្យោបាយ​ហើយ​ដើម្បី​ចាត់​វិធានការ​លើ​រឿង​នេះ។ លោក​បន្ត​ថា ក្រសួង​មិន​អាច​ទទួល​បាន​ទេ​ចំពោះ​ស្ថាប័ន​ទាំង​ណា​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ខ្លួន៖ «ខ្ញុំ​បាន​និយាយ​ហើយ​ថា ស្ថាប័ន​សាធារណៈ​មួយ​នេះ ក្រសួង​ព័ត៌មាន​នេះ​បាន​ធ្វើ​កិច្ចការ​ទន់ភ្លន់​ជាមួយ​ស្ថាប័ន​ទាំង​អស់ ហើយ​អង្គភាព​ទាំង​អស់​គ្នា​ពុំ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ព័ត៌មាន​វិញ ក្រសួង​នឹង​ធ្វើ​អ្វីៗ គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»

ទន្ទឹម​ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​ដូច​នេះ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ព្រមាន​ជា​លើក​ចុង​ក្រោយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ឲ្យ​ស្ថាប័ន​សារព័ត៌មាន​អនុវត្ត​តាម​ការ​បង្គាប់​របស់​ខ្លួន។ ក្រសួង​ព្រមាន​ថា បើ​ស្ថាប័ន​ណា​នៅ​តែ​បំពាន​ក្រសួង​នេះ​នឹង​ចាត់វិធានការ​តាម​ភារកិច្ច និង​សមត្ថកិច្ច​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ។

​ដោយ​ឡែក​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ និយាយ​ថា ការ​ដែល​អ្នក​សារព័ត៌មាន​មិន​ប្រើ​គោរមងារ "សម្ដេច" មិន​មែន​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​ណា​ដែល​ទទួល​បាន​គោរមងារ "សម្ដេច" នោះ​ទេ។ លោក​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត អ្នក​សារព័ត៌មាន​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​ហៅ​បុគ្គល​ណា​ម្នាក់​ដោយ​មិន​ចាំបាច់​ហៅ​តាម​ការ​ណែនាំ ឬ​បែបបទ​រដ្ឋបាល ហើយ​ដែល​សំខាន់​នោះ​ការ​ហៅ​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ៖ «តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ធានា​នូវ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​នោះ​ខ្ញុំ​គិត​ថា ការ​គំរាម​បិទ ឬ​ដក​អាជ្ញាប័ណ្ណ ឬ​ក៏​មិន​ចេញ​កាត​កាសែត​ឲ្យ​នោះ​ជា​ការ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន»

កាល​ពី​ដើម​ខែ​កក្កដា ក្រសួង​ព័ត៌មាន បាន​ផ្ញើ​លិខិត​ទៅ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រំលឹក​ឲ្យ​ប្រើប្រាស់​គោរមងារ "សម្ដេច"។ សព្វថ្ងៃ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ទាន់​ប្រើប្រាស់​គោរមងារ "សម្ដេច" រួម​មាន វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​បារាំង​អន្តរជាតិ (RFI) វិទ្យុ​អាស៊ីសេរី (RFA) កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) កាសែត ខ្មែរ ថែមស៍ (Khmer Times) និង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី ជាដើម។

​វិធានការ​ដែល​ក្រសួង​ព័ត៌មាន នឹង​ប្រើ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ប្រើ​គោរមងារ "សម្ដេច" ដែល​ក្រសួង​ចោទ​ថា ស្ថាប័ន​គឃ្លើន​នោះ អាច​ជា​ការ​បញ្ចប់ ឬ​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​បន្ត​ទៀត។ ជាង​នេះ​ទៀត ក្រសួង​នឹង​មិន​អនុញ្ញាត​អោយ​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​វិទ្យុ​បរទេស​ណា​ដែល​មិន​ប្រើ​គោរមងារ "សម្ដេច"។

​សព្វថ្ងៃ​នេះ ក្រសួង​ព័ត៌មាន កំពុង​តាមដាន​ថា​តើ​ស្ថាប័ន​ព័ត៌មាន​ណា​ខ្លះ​មិន​ទាន់​ប្រើ​គោរមងារ​"សម្ដេច"។ ប៉ុន្តែ​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មិន​ទាន់​បង្ហាញ​តួលេខ​ថា មាន​ស្ថាប័ន​ប៉ុន្មាន​ប្រើ​គោរមងារ "សម្ដេច" និង​មិន​ទាន់​ប្រើ​គោរមងារ "សម្ដេច"។ ក្រសួង​ព័ត៌មាន​អះអាង​ថា នឹង​ប្រើ​ធម៌​ក្ដៅ​នៅ​ខែ​កក្កដា នេះ​ហើយ ដោយ​គ្មាន​ការ​ចរចា ឬ​ជជែក​បន្ថែម​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​ទៀត​ទេ។

​ដោយ​ឡែក នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ ព្រួយ​បារម្ភ​ថា ការ​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រើ​គោរមងារ "សម្ដេច" នៅ​ពេល​នេះ រួច​ហើយ ក្រុម​អ្នក​កាសែត​អាច​ប្រឈម​ការ​ចោទ​បី​ប្រភេទ​ដូចជា ទាក់ទង​បទ​បរិហារកេរ្តិ៍ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ញុះញង់ ប្រសិនបើ​អ្នក​សារព័ត៌មាន​ណា​សរសេរ ឬ​រាយការណ៍​ប៉ះពាល់​បុគ្គល​មាន​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។