ក្រសួងព័ត៌មានអះអាងថា កិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦ ជាកិច្ចប្រជុំដែលផ្ដោតលើបញ្ហាសាកល ហើយនឹងមិនមានការលើកឡើងអំពីបញ្ហាសេរីភាពសារព័ត៌មាននៅកម្ពុជាឡើយ។ អង្គការសង្គមស៊ីវិលថា ព្រឹត្តិការណ៍នេះគួរតែមានរបៀបវារៈទាក់ទងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បើពុំដូច្នេះទេ ព្រឹត្តិការណ៍នេះនឹងមិនអាចរួមចំណែកដល់ការលើកស្ទួយសិទ្ធិសេរីភាពនៅកម្ពុជាបានឡើយ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ មិថុនាថា កិច្ចប្រជុំកំពូលនេះនឹងលើកឡើងអំពីប្រធានបទជាច្រើន ក្នុងនោះមានជាអាទិ៍ បដិវត្តន៍ឌីជីថល ការកំណត់ចក្ខុវិស័យព័ត៌មានក្នុងសម័យឧស្សាហកម្មទី៤ បញ្ហាព័ត៌មានក្លែងក្លាយ និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ជាដើម។ លោកថា អ្នកចូលរួមនឹងផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកទៅតាមប្រធានបទនីមួយៗ ក៏ប៉ុន្តែលោកបញ្ជាក់ថា នឹងមិនមានការលើកយកប្រធានបទស្ដីពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា មកជជែកក្នុងកិច្ចប្រជុំនេះឡើយ៖ «ភាគច្រើនយើងផ្ដោតទៅលើបច្ចេកទេសក្នុងប្រទេសនីមួយៗ ដើម្បីស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមកអំពីបទពិសោធន៍ និងមេរៀនល្អៗ ក្នុងការអនុវត្តប្រព័ន្ធឌីជីថល ក្នុងបច្ចេកវិទ្យាឧស្សាហកម្មទី៤ ហ្នឹង»។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ មិថុនា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំធំ នៅថ្ងៃទី១២ មិថុនា ខាងមុខ។ កិច្ចប្រជុំថ្នាក់អន្តរជាតិនេះ មានការចូលរួមពីប្រតិភូចំនួន៤២ ប្រទេស ក្រុមអង្គការសង្គមស៊ីវិល តំណាងវិស័យឯកជន និងអ្នកជំនាញជាច្រើននាក់ទៀត។ ភាគីកម្ពុជាគ្រោងលើកឡើងអំពីប្រធានបទ “ការចាប់យកបដិវត្តន៍ឌីជីថល” ទៅជជែកនៅក្នុងព្រឹត្តិការណ៍នេះ។
លោក មាស សុភ័ណ្ឌ បន្ថែមថា កិច្ចប្រជុំនេះផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់កម្ពុជា មានជាអាទិ៍ ការស្វែងយល់បន្ថែមអំពីបដិវត្តន៍ឌីជីថល ការទទួលស្គាល់ថា កម្ពុជាមានសេរីភាពសារព័ត៌មានល្អប្រសើរ និងការផ្សព្វផ្សាយអំពីកិត្យានុភាពជាតិតាមរយៈអ្នកសារព័ត៌មានអន្តរជាតិដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ព្រឹត្តិការណ៍អន្តរជាតិដែលជួយឧបត្ថម្ភដោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបែបនេះ គួរតែមានការជជែកគ្នាអំពីបញ្ហាធ្លាក់ចុះសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
អនុប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី ថ្លែងថា ស្របពេលដែលសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានកំពុងរងការរឹតត្បិតខ្លាំង កម្មវិធីទាំងមូលមិនគួរផ្ដោតតែទៅលើរឿងបដិវត្តន៍ឌីជីថល និងបច្ចេកវិទ្យាក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្មនោះឡើយ។ លោកបន្តថា ភាគីអន្តរជាតិគួរតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តទៅតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនក្នុងការការពារសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ បើពុំដូច្នេះទេលោកថា កិច្ចប្រជុំកំពូលនេះនឹងមិនផ្តល់ផលអ្វីជាដុំកំភួនដល់កម្ពុជាឡើយ៖ «កម្មវិធីអន្តរជាតិបែបនេះ ជាឱកាសមួយដែលរដ្ឋាភិបាលកម្ពុជាបកស្រាយចំពោះមុខសហគមន៍អន្តរជាតិដែរអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយជាឱកាសមួយដែលគាត់បង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងនាមជាសមាជិកនៃកតិកាសញ្ញាស្ដីអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាយើងបានផ្ដល់សច្ចាប័ន ក៏ដូចជាគោរពតាមស្មារតី និងគោលការណ៍រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា»។
អង្គការជាតិ និងអន្តរជាតិបានវាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដុនដាបខ្លាំងចាប់ពីចុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ដោយសារតែការបង្ក្រាបឥតត្រាប្រណីពីសំណាក់របបក្រុងភ្នំពេញទៅលើស្ថាប័ន និងអ្នកសារព័ត៌មាន ដែលមិនព្រមធ្វើតាមខ្សែញាក់របស់របបនេះ។
ឧទាហរណ៍ត្រួសៗ ស្តីពីការវាយបង្ក្រាបនេះ មានជាអាទិ៍ ការបិទកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការបិទហ្វ្រេកង់វិទ្យុជាង៣០ ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់ស្ថាប័នព័ត៌មានឯករាជ្យ ការធ្វើទុកបុកម្នេញលើវិទ្យុអាស៊ីសេរីរហូតដល់បិទការិយាល័យនៅភ្នំពេញ ការចាប់ឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបដោយបំពាន ការចាប់ខ្លួនអ្នកបង្ហោះសាររិះគន់តាមហ្វេសប៊ុក និងការប៉ុនប៉ងបង្កើតច្បាប់គ្រប់គ្រងអ៊ិនធើណិតជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចាត់ទុកការរៀបចំកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦ នេះថា ជាការចំអកឡកឡឺយដល់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពីព្រោះរដ្ឋាភិបាលកម្ពុជាគឺជាអ្នកដែលបានវាយកម្ទេចប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសរបស់ខ្លួន។ អង្គការអន្តរជាតិមួយនេះ ជំរុញឱ្យអង្គការយូណេស្កូ (UNESCO) និងប្រទេសទាំងឡាយ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវហ៊ានប្រឈមមុខនឹងលោក ហ៊ុន សែន ដោយទាមទារឱ្យមេដឹកនាំក្រាញអំណាចរូបនេះបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន និងអនុញ្ញាតឱ្យស្ថាប័នព័ត៌មានឯករាជ្យ អាចបើកដំណើរការឡើងវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។