ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានសរសេរសាររៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២ ខែកក្កដាថា នៅសល់តែ៨ថ្ងៃទៀតទេ គឺដល់គម្រប់ខួប៣ឆ្នាំនៃការបាត់បង់ជីវិត របស់ស្វាមី ដោយសារតែជនអគតិរបបក្រុងភ្នំពេញ បានសម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦។
៚ ប្តីសម្លាញ់ តាំងពីអូនបានរៀបការជាមួយបង១៥ឆ្នាំមុន បងបានផ្តល់ភាពសប្បាយរីករាយ ភាពកក់ក្តៅ...
Posted by Rachna Bou on Monday, July 1, 2019
ក្រៅពីការចោទប្រកាន់នេះ អ្នកស្រី ប៊ូ រចនា សរសេររៀបរាប់ពីអារម្មរណ៍នឹករលឹកប្តីថា ប្តីសម្លាញ់ តាំងពីអូនបានរៀបការជាមួយបង១៥ឆ្នាំមុន បងបានផ្តល់ ភាពសប្បាយរីករាយ ភាពកក់ក្តៅ និង សុភមង្គលដល់គ្រួសារមួយនេះមិនដែលរអ៊ូមួយមាត់ឡើយ។ប៉ុន្តែ៣ឆ្នាំកន្លងមកនេះ បងបានទុក ឱ្យអូននឹងកូនរស់នៅខ្វះភាពកក់ពីបង សូម្បីតែមុខកូនពៅ កែម ឡីវីរបុត្រ ក៏មិនបានឃើញផង ។ ទោះយ៉ាងណា អ្នកស្រី ប្រាប់បណ្ឌិត កែម ឡី កុំបារម្ភអី ព្រោះជាង១ឆ្នាំដែលអ្នកស្រី និងកូនបានទៅ តាំងលំនៅថ្មីនៅលើទឹកដីប្រទេសអូស្ត្រាលី ដែលជាប្រទេសមានសន្តិភាពពិត ប្រទេសមានប្រជា ធិបតេយ្យពិត ប្រទេសដែលគោរពច្បាស់ពិត ប្រទេសដែលយកចិត្តទុកដាក់លើប្រជាពលរដ្ឋពិតៗ សូម្បីតែអ្នកស្រី និងកូនៗ ក៏រដ្ឋាភិបាលអូស្ត្រាលី បានជួយឧបត្ថម្ភថវិកាសម្រាប់ចំណាយក្នុងគ្រួសារ ជាពិសេសការរៀនសូត្ររបស់កូនៗ និងទៅមន្ទីរពេទ្យជាដើម។ អ្នកស្រី បន្តថា ទោះបីជា អូននិង កូនៗ រស់នៅបានសុខហើយក្ដី តែនៅរលឹកដល់បងគ្រប់ពេលវេលា នឹករហូត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតបថា វាគឺជារឿងធម្មតាចំពោះសាររបស់ អ្នកស្រី ប៊ូ រចនា ដែលបង្ហាញពីការឈឺចាប់ក្តុកក្តួលនិងឈឺចាប់ក្នុងការបាត់បង់ស្វាមី និងការចោទ ប្រកាន់អ្នកនេះឬអ្នកនោះថា ជាឃាតការសម្លាប់ស្វាមី។
«មានការចោទប្រកាន់អ្នកនេះអ្នកនោះអីនឹងគឺជារឿងធម្មតាទេ។គាត់ បង្ហាញពីការឈឺចាប់ហើយគាត់ប្រហែលជារងឥទ្ធិពលពីបរិយាកាសពីអ្នកដែលកំពុងនៅជុំវិញខ្លួន ដែលជួយទំនុកបម្រុងគាត់ហើយសុទ្ធតែជាអ្នកដែលមាននិន្នាការមិនពេញចិត្តប្រឆាំងនឹងរដ្ឋាភិបាល ។ »
លោក ជិន ម៉ាលីន បន្តថា ចំពោះសំណុំរឿងឃាតកម្មបណ្ឌិតកែម ឡី នេះ មិនទាន់បិទបញ្ចប់នោះទេ គឺកំពុងដំណើរការនីតិវិធីក្នុងតុលាការដើម្បីស្វែករកភាគីពាក់ព័ន្ធដទៃទៀត ប៉ុន្តែលោកមិនបញ្ជាក់ថា សំណុំរឿងនេះមានភាពជឿនលឿនទៅមុខឬអត់នោះទេ។
« សំណុំរឿងមួយបានបិទបញ្ចប់ពាក់ព័ន្ធជាមួយជួប សម្លាប់នឹង។ចំណែកសំណុំរឿងមួយទៀត កំពុងដំណើការនីតិវិធីស្វែងរកភាគីដែលពាក់ព័ន្ធហើយយើងឃើញថា មកដល់ពេលនេះ មានតែការចោទប្រកាន់ថារដ្ឋអំណាចឬអ្នកមានអំណាចនៅពីក្រោយប៉ុន្តែមិនមាន ភស្តុតាំងនិងសក្ខីកម្មផ្លូវច្បាប់ណាមួយបង្ហាញនោះទេ ។ក្នុងនាមក្រសួងយុត្តិធម៌ លើកទឹកចិត្តគ្រប់ ភាគីទាំងអស់រួមទាំងអ្នកស្រីប៊ូ រចនាផងដែរ ប្រសិនបើមានភស្តុតាំងសក្ខីកម្មរឹងមាំផ្នែកច្បាប់ច្បាស់ លាស់អាចចូលរួមដំណើការនីតិវិធីនិងផ្តល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្វែករកភាគីដែល ពាក់ព័ន្ធជាជាងចោទប្រកាន់ថាអ្នកនេះនៅពីក្រោយ អ្នកមានអំណាចនេះអ្នកមានអំណាចនោះនៅ ពីក្រោយដោយមិនមានមូលដ្ឋានអីច្បាស់លាស់។ »
បើទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅសង្កេតឃើញថារបប ក្រុងភ្នំពេញ បានទុកសំណុំរឿងនេះចោលយ៉ាងស្ងប់ស្ងាត់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)ក្នុងទីក្រុងភ្នំពេញ។
អំពើឃាតកម្មនេះបានកើតឡើងរយៈពេល២ ថ្ងៃ ក្រោយពីលោកបានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីវេទិកាអ្នកស្តាប់អាស៊ីសេរី ដើម្បីជជែកពិភាក្សាអំពីរឿងការក្ដោបក្ដាប់ជំនួញរបស់ក្រុមគ្រួសារលោក ហ៊ុន សែន នៅកម្ពុជា។ តុលាការ បានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសាធារជននៅតែមិនអស់ចិត្តនៅឡើយ ព្រោះសំណុំរឿងនេះមានភាពមិនស៊ីសង្វាក់គ្នាជាច្រើនចំណុចជុំវិញមូលហេតុនៃអំពើឃាតកម្ម ដែលមជ្ឈដ្ឋាននានាសុទ្ធតែជឿថា អឿត អាង មិនអាចធ្វើរឿងនេះបានតែម្នាក់ឯងនោះឡើយ។ ទំនងជាដើម្បីបញ្ចៀសការរិះគន់ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត យកមកកាត់ទោស។ ការស៊ើបអង្កេតបន្តនោះ គឺដើម្បីរកអ្នកលក់កាំភ្លើងឱ្យ ជួប សម្លាប់ អ្នកទទួលឱ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ និងអ្នកនៅពីក្រោយខ្នង ជួប សម្លាប់ ក៏ប៉ុន្តែតុលាការខកខានមិនបានផ្តល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយអ្នក ទទួលទូរសព្ទប្រាប់ថា លោក ផៃ ស៊ីផាន ជាប់ប្រជុំមិនអាចនិយាយបាន។ចំណែកនាំពាក្យក្រសួង មហាផ្ទៃ និងជាអនុប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ សុភ័គ្រ បានបិទទូរសព្ទ នៅ ពេលអាស៊ីសេរីទូរសព្ទចូល។
ប្រធានមូលនិធិបណ្ឌិត កែម ឡី គឺលោក សៅ កុសល ថ្លែងថា សារចោទប្រកាន់របស់ភរិយាបណ្ឌិត កែម ឡី គឺមិនខុសពីគំនិតរបស់អ្នកគោរពស្រឡាញ់លោកបណ្ឌិតកែម ឡី នោះឡើយ ហើយពួក គាត់ គ្មាន ទទួលរងឥទ្ធិពលពីក្រុមបក្សប្រឆាំងឬក្រុមអ្នកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលនោះ ទេ។ ផ្ទុយទៅវិញ ក្រុមមន្ត្រីរដ្ឋាភិបាលទៅវិញទេ ដែលមានគំនិតអគតិមិនហ៊ាននិយាយការពិត ដោយសារតែមានផលប្រយោជន៍ និងភាពភ័យខ្លាច។
លោក សៅ កុសល បន្តថា លោក ហ៊ុន សែន ខ្លួនឯងនោះទេ ដែលចេះតែចោទប្រកាន់និងទម្លាក់ កំហុសទៅលើអ្នកដទៃតាមអំពើចិត្ត។ ជាក់ស្តែងក្នុងពេលកន្លងទៅ លោក ហ៊ុន សែន ធ្លាប់ចោទថា ឃាតកម្មបណ្ឌិត កែម ឡី អាចជាអំពើរបស់ចារកម្មអាមេរិក ប៉ុន្តែត្រូវស្ថានទួតអាមេរិកបដិសេធ។ លោក បន្តថា ស្ថានទួតអាមេរិក និងរដ្ឋាភិបាលកម្ពុជា គួរតែរួមគ្នាស្រាវជ្រាវរកឃាតករពិត។ លើស ពីនេះទៀត លោក សៅ កុសល យល់ថា សំណុំរឿងឃាតកម្ម បណ្ឌិត កែម ឡីនេះ ដូចជាមិនចាំបាច់ ប្រើពេលវេលាស៊ើបអង្កេតយូរនោះទេ ប្រសិនបើអាជ្ញាធរមានឆន្ទៈពិតប្រាកដ ព្រោះទីតាំងឃាតកម្ម មានកាមេរ៉ាសុវត្ថិភាពដែលអាចឃើញច្បាស់ថា នរណាជាឃាតករពិត ប៉ុន្តែបែរជាអាជ្ញាធរ មិនហ៊ាន បង្ហាញឱ្យបានច្បាស់លាស់។ករណីនេះធ្វើឱ្យគេសង្ស័យថា អាជ្ញាធររបបក្រុងភ្នំពេញ មានចេត នាអូសបន្លាយពេលវេលា ដើម្បីឱ្យពលរដ្ឋខ្មែរចេះតែភ្លេចករណីឃាត់កម្មដ៏ព្រៃផ្សៃលើបណ្ឌិត កែម ឡី។
« ប្រសិនបើរដ្ឋាភិបាលមានចេតនាពិតប្រាកដក្នុងការស្វែងរក ឃាតករ គឺយើងអាចរកឃើញហើយ ប៉ុន្តែប្រហែលជាឃាតករនោះ វាមានអ្នកនៅពីក្រោយខ្នង មានអំណាចធំពេក ដែលធ្វើឱ្យរឿងក្ដីនេះប្រែប្រួលដោយឃាតករត្រូវផ្លាស់ប្តូរ។ »
ការរិះគន់ និងការចោទប្រកាន់នានាលើរបបលោក ហ៊ុន សែន បានអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ន ពីព្រោះរបបនេះនៅមិនទាន់អាចវែកមុខចាប់អ្នកបញ្ជាពីក្រោយខ្នង យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។ អ្នកតាមដានសង្គមយល់ថា ប្រសិនបើរបបក្រុងភ្នំពេញចង់លុបបំបាត់ការចោទប្រកាន់ទាំងឡាយដែលពាក់ព័ន្ធនឹងឃាតកម្មលើបណ្ឌិត កែម ឡី របបនេះត្រូវតែហ៊ាននាំខ្លួនអ្នកពាក់ព័ន្ធទាំងអស់មកជំនុំជម្រះ និងផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនដល់គ្រួសារជន រងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។