ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចបញ្ជូនសកម្មជនបក្សប្រឆាំងគឺយុវជន គង់ រ៉ៃយ៉ា ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ពាក់ព័ន្ធករណីលោកបង្ហោះហ្វេសប៊ុក (Facebook) លក់អាវមានរូបបណ្ឌិត កែម ឡី។ សង្គមស៊ីវិល ចាត់ទុកចំណាត់ការរបស់អាជ្ញាធរ ជាការរំលោភច្បាប់ និងជំរុញឱ្យអាជ្ញាធរ គួរតែព្យាយាមស្វែងរកអ្នកពាក់ព័ន្ធដែលសម្លាប់បណ្ឌិត កែម ឡី វិញ។
ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច សរសេរនៅលើហ្វេសប៊ុកថា ស្វាមីរបស់លោកស្រី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១០ ខែកក្កដា ។ ចំណែកលោកស្រី និងប្អូនថ្លៃឈ្មោះ គង់ មករា និងឈ្មោះ សុខ ឌីណា ត្រូវបានសមត្ថកិច្ចឱ្យរៀបចំ ឯកសារត្រឡប់ទៅផ្ទះវិញ។ លោកស្រីអះអាងថា ស្វាមី មិនបានធ្វើអ្វីខុសច្បាប់នោះទេ និងទាមទារឱ្យសមត្ថកិច្ចដោះលែងវិញ។
អាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីលោកស្រី សុខ ស្រីនិច បាននៅឡើយទេ ដោយសារលោកស្រី មិនទទួលទូរស័ព្ទ។
កាលពីថ្ងៃទី៩ ខែកក្កដា ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោក គង់ រ៉ៃយ៉ា និងភរិយា របស់លោក ព្រមទាំងប្អូនៗរបស់លោក២នាក់ទៀត ដោយចោទប្រកាន់ថា ញុះញង់បង្កចលាចល នៅក្នុងសង្គម ដោយសារតែលោកបង្ហោះហ្វេសប៊ុកលក់អាវមានរូប និងពាក្យបណ្ដាំរបស់លោក បណ្ឌិតកែម ឡី ថា ''បើអ្នកមិនធ្វើអ្វីសោះ គង់តែនឹងរងគ្រោះដែរ គ្រាន់តែ មិនទាន់ដល់វេនអ្នក ប៉ុណ្ណោះ"។
អាស៊ីសេរី បានព្យាយាមទាក់ទងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និងអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ជាច្រើនដងតែពុំមានអ្នកទទួលទូរស័ព្ទ។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បដិសេធមិនឆ្លើយតបសំណួររបស់អាស៊ីសេរី និងបានចុចបិទទូរស័ព្ទ៖ «ធ្វើម៉េចខ្ញុំជឿថា ជាអាស៊ីសេរីទៅ បើអត់ស្គាល់លេខទូរស័ព្ទនេះផង»។
លោក ស ថេត ប្រាប់វិទ្យុវីអូឌីថា សមត្ថកិច្ចពិតជាបញ្ជូនយុវជន គង់ រ៉ៃយ៉ា ទៅតុលាការមែន ដោយ សារតែលក់អាវបណ្ឌិត កែម ឡី។
ប្រធានមូលនិធិបណ្ឌិត កែម ឡី គឺលោក សៅ កុសល មានប្រសាសន៍ថា ចំណាត់ការរបស់អាជ្ញាធរ នេះគឺធ្វើឡើងតាមអារម្មណ៍ មិនផ្អែកតាមច្បាប់នោះទេ ព្រោះគ្រាន់តែលក់អាវមានរូប និងពាក្យបណ្ដាំបណ្ឌិតកែម ឡី មិនអាចបង្កឱ្យមានចលាចលនៅក្នុងសង្គមនោះទេ។ លោកចាត់ទុកទង្វើរបស់ អាជ្ញាធរគឺជាការគំរាមកំហែងដល់អ្នក កែម ឡី និយម និងចង់ឱ្យប្រជាពលរដ្ឋខ្មែរបំភ្លេចលោកបណ្ឌិត កែម ឡី ចោល៖ «អាជ្ញាធរគួរតែធ្វើការងារស្រាវជ្រាវរកឃាតកពិតដែលសម្លាប់លោកបណ្ឌិតកែម ឡី ប្រសើរជាងដើរចាប់អ្នកនេះចាប់អ្នកនោះដោយសារតែគាត់គោរពស្រលាញ់លោកបណ្ឌិត។ដូចខ្ញុំជម្រាបអ៊ីចឹងបញ្ហាឃាតកម្មនេះ វាពាក់ព័ន្ធនឹងអ្នកធំៗ អ៊ីចឹងវាពិបាកណាស់សូម្បីតែពួកយើងទៅគោរពវិញ្ញាណក្ខន្ធនេះក៏មិនឱ្យ»។
រីឯអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស(CHRAC) បានចេញសេចក្ដីថ្លែងការណ៍ថា ការចាប់ខ្លួន យុវជន គង់ រ៉ៃយ៉ា គឺជាការរំលោភសិទ្ធិបញ្ចេញមតិ។ សេចក្តីថ្លែងការណ៍បន្តថា ផ្អែកតាមគោល ការណ៍សកលស្ដីពីសិទ្ធិមនុស្ស គឺសកម្មភាពរបស់គាត់ មិនខុសច្បាប់អ្វីទេ ដូច្នេះការចោទប្រកាន់ របស់អាជ្ញាធរ គឺមិនសមទំនងទាល់តែសោះ និងជាការរំលោភសិទ្ធិបញ្ចេញមតិធ្ងន់ធ្ងរ។ អង្គការ សម្ព័ន្ធភាពការពារសិទ្ធិមនុស្ស ស្នើសុំឱ្យដោះលែងយុវជន គង់ រ៉ៃយ៉ា ជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងស្នើសុំឱ្យរដ្ឋាភិបាលគោរពសិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
យុវជន គង់ រ៉ៃយ៉ា ជាអតីតនិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីយុវជនរូបនេះប្រកាសធ្វើបដិវត្តន៍ពណ៌នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីឆ្នាំ២០១៥។ បន្ទាប់ពីចេញពីពន្ធនាគារ លោកបានបង្កើតបណ្ណាល័យ កែម ឡី ដើម្បីតាំងសៀវភៅឱ្យសាធារណជនចូលអានដោយឥតគិតថ្លៃ។ បន្ទាប់មក លោកតែងតែបង្ហោះសារអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមទិញក្រមា និងអាវយឺតដែលមានរូបបណ្ឌិត កែម ឡី ហើយសកម្មភាពរបស់លោកកាន់តែទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋនៅពេលពិធីបុណ្យខួបគម្រប់ ៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាន់តែខិតចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។