"ការ​ចាប់ខ្លួន​យុវជន គង់ រ៉ៃយ៉ា ដើម្បី​បំបាក់​ស្មារតី​អ្នក​ចូល​រួម​ខួប​ ៣ឆ្នាំ​​បណ្ឌិត​ កែម ឡី"

0:00 / 0:00

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​បាន​ហៅ​ការ​ចាប់ខ្លួន​លោក​ គង់​ រ៉ៃ​យ៉ា​ និង​ក្រុម​គ្រួសារ​លោក​បី​នាក់​ផ្សេងទៀត​ ជា​ការ​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​រួម​ប្រា​រព្វ​ខួប ៣ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​បណ្ឌិត​ កែម​ ឡី​។ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​អះអាង​​ថា​ លោក​មិន​ទាន់​ដដឹងពី​​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​នៅឡើយ​ទេ​។

នាយករង​ផ្នែក​ឃ្លាំមើល​សិទិ្ធមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​ (LICADHO​) លោក​ អំ​ សំអាត​ ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​គួរតែ​បើ​ក​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​យុវជន ​គង់​ រ៉ៃ​យ៉ា​។ យុវជន​គង់​ រ៉ៃ​យ៉ា​ និង​មនុស្ស​ ៣​នាក់​ផ្សេងទៀត​ជា​សាច់​ញាតិ​ ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី៩ ខែកក្កដា​ ដោយ​ចោទប្រកាន់​ពី​បទ​សង្ស័យ​ថា​ ជាប់ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម​។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​លោក​ ស ថេត​ ​បានទេ​ដោយ​ទូរ​ស័ព្ទ​របស់​លោក​ មិន​មាន​អ្នកទទួល​។ ចំណែក​ឯលោក​ ជិន​ ម៉ា​លីន ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា​ លោក​​មិនទាន់​បាន​ទទួល​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​នេះ​​នៅ​ឡើយ​៖ «ខ្ញុំ​មិនទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ចាំ​មើល​ខាង​សមត្ថកិច្ច​និង​តំណាង​អយ្យការ​គាត់​ធ្វើការ​បំភ្លឺ​ថា​ មានការ​ចាប់ខ្លួន​អត់​ ហើយ​ការ​ចាប់ខ្លួន​នេះ​ជាប់ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ ?»។

តែ​ទោះជាយ៉ាងណា​ លោក​ អំ​ សំអាត​ បញ្ជាក់​ថា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ និង​មនុស្ស​បី​នាក់​ផ្សេងទៀត​កំពុង​ឃុំខ្លួន​នៅ​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​នៅឡើយ​ ក្រោយពី​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​។ លោក​បាន​ហៅ​ការ​ចាប់ខ្លួន​លោក​ គង់​ រ៉ៃ​យ៉ា ​ថា ជា​​ការ​​គំរាម​បំបាក់​ស្មារតី​​ដល់​​ប្រជាពលរដ្ឋ​ផ្សេងទៀត​ មិន​ឱ្យ​ចូល​រូ​មគម្រប់​ខួប​ ៣​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​​បណ្ឌិត ​កែម​ ឡី​ ដែល​គ្រោង​នឹង​ប្រា​រព្វ​ធ្វើឡើង​នៅ​ថ្ងៃទី១០​ កក្កដា​នេះ​៖ ​«ធ្វើ​ ឱ្យ​ ប៉ះពាល់​ឬជា​ការ​គំរាមកំហែង​មួយ​នៅ​ទិដ្ឋភាព​នៅ​ថ្ងៃស្អែក​ សមាគម​ និង​ អង្គការ​​មិនមែន​រដ្ឋាភិបាល​ និង​ ប្រជាពលរដ្ឋ​ដែល​និយម​លោក​បណ្ឌិត ​កែម​ ឡី​ គ្រោង​នឹង​ធ្វើពិធី​គម្រប់​ខួប​ ៣​ឆ្នាំ​។ បានន័យ​ថា ​គោរព​​វិញ្ញាណក្ខន្ធ​លោក​ បណ្ឌិត​ កែម​ ឡី​»។

មុន​ពេល​ចាប់ខ្លួន​ លោក​ គង់​ រ៉ៃ​យ៉ា​ លោក​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​លោក​ថា​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចង់​ទិញ​អាវយឺត​បណ្ឌិត ​កែម​ ឡី​ មាន​ពណ៌ស​ និង​​​ពណ៌ខ្មៅ​ បញ្ជា​ទិញ​​តាម​​បណ្តាញ​សង្គម​ និង​លេខ​ទូរ​សព្ទ​របស់​លោក​បាន​​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​។

ប្ដីប្រពន្ធខ្ញុំបានយកអាវរូបលោកបណ្ឌិត កែម ឡី ជាអាវគូស្នេហ៍។ បងប្អូនដែលចង់ពាក់អាវរូបលោកបណ្ឌិត កែម ឡី អាចកម្មង់ខ្ញុំបាន...

Posted by Raiya Kung on Monday, July 8, 2019

អតីត​និស្សិត​សាកល​វិទ្យាល័យ​ខេមរៈ​ លោក​ គង់​ រ៉ៃ​យ៉ា​ និង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ ត្រូវបាន​​​តុលាការក្រុង​ភ្នំពេញ​​​ផ្ដន្ទាទោស​លោក​ ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ១៨ខែ​ កាល​ពី​​ថ្ងៃ​ទី១៥ ខែ​មីនា​ ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ដែល​​បាន​​ធ្វើ​ឡើង​ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក កាល​ពី​​ខែ​សីហា​ ឆ្នាំ២០១៥។ លោក​ត្រូវ​បាន​ដោះលែង​ ក្រោយ​ពី​ជាប់​ពន្ធនាគារ ពេញ​​រយៈ​ពេល ១៨ខែ (បាន​អនុវត្ត​ទោស​ពេញលេញ​តាម​រយៈ​ពេល​កំណត់)។

លោក​ គង់​ រ៉ៃ​យ៉ា​បាន​ចេញមុខ​យ៉ាងសកម្ម​ដើម្បី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ទិញ​អាវយឺត ​ដើម្បី​​ចូល​រួម​​ខួប​​គម្រប់ ៣ឆ្នាំ​​នៃ​​ការ​​បាញ់​​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១០​ ខែកក្កដា​នេះ​។

អ្នកវិភាគ​នយោបាយ​នឹង​សង្គម​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​ឃាដករ​បាញ់សម្លាប់​​កាល​ពី​​ថ្ងៃ​ទី១០ កក្កដា​ កាល​ពី​​ឆ្នាំ២០១៦​ នៅ​​ស្ថានីយ​ប្រេងសាំង​កាល់​តិច​ជិ​តស្តុ​បបូ​កគោ​។

ចំពោះ​ឃាតកម្ម​នេះ​ដែរ​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​ អន្តរជាតិ​ចំនួន​ ២៤​ អំពាវនាវ​ឱ្យ​របប​លោក​ ហ៊ុន​ សែន​ បង្កើត​គណ​កម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ ដើម្បី​រក​យុត្តិធម៌​ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត​។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ កាល​ថ្ងៃទី​៩​ ខែ​​កក្កដា​នេះ​ អង្គការ​ទាំងនេះ​ ដែល​រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​ និង​​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ផង​ រក​ឃើញថា​ បើ​ទោះជា​រយៈពេល​បី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី​ ក៏​នៅតែ​គ្មាន​ការស៊ើបអង្កេត​ណាមួយ​ ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ដែរ​ ដោយសារតែ​គ្មាន​គណ​កម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ និង​​ឥត​លម្អៀង​ ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឱ្យ​បាន​ហ្មត់ចត់​ និង​ត្រឹមត្រូវ​។

ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ និង​ត្រឹមត្រូវ​នេះ​ អង្គការ​ទាំងនេះ​ រម្លឹក​របប​លោក​ ហ៊ុន​ សែន​ អំពី​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា​ ដែល​ជារ​ដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ ស្ដី​ពី​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ តម្រូវ​ឱ្យ​កម្ពុជា​ បង្កើត​គណ​កម្មការ​ស៊ើបអង្កេត​មួយ​ភ្លាម​ៗ ដោយ​ឯករាជ្យ​ ឥត​លម្អៀង​ និង​ មានប្រសិទ្ធភាព​ ក្នុង​​ការ​ស៊ើប​អង្កេត​​ករណី​​នៃ​​ការ​​ស្លាប់​​នេះ​។

ការស៊ើបអង្កេត​នោះ​ទៀតសោត​ ត្រូវ​រក​ឱ្យ​ឃើញ​ មិនមែន​ត្រឹមតែ​ជន​ដៃដល់​ទេ​ គឺ​ត្រូវ​រក​ជន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ចូលដៃ​ ឬ​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន្ត ចាត់ទុកថា​ ការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ថា ​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។ លោក​អំពាវនាវ​ឱ្យ​សង្គម​ស៊ីវិល​បង្ហាញ​ភស្តុតាង​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត ​កែម​ ឡី​ កុំ​ឱ្យ​សន្និដ្ឋាន​គ្មាន​ការពិត​៖ ​«ខ្ញុំ​យល់ថា​ ពួក​អស់លោក​ខាង​សង្គម​ស៊ីវិល​មួយចំនួន​ ដែល​មាន​និន្នាការ​ខាងនយោបាយ​ហ្នឹង​ គួរតែ​អាណិត​ស្រុកទេស​ផង​។ កុំ​បង្ក​បញ្ហា​មួយ​ហើយ​ទៅ​មួយទៀត​ រឿង​ខ្លះ​ហ្នឹង ១០ ទៅ ២០ឆ្នាំ​ ហើយ​​យក​​រំលឹក​ធ្វើថ្មី​។ ដំបៅ​វា​សះ​អស់​ទៅ​ហើយ​​ធ្វើ​រំលឹក​ ឱ្យ​ ដំបៅ​ហ្នឹង​វា​ឈាម​ឡើងវិញ​ វា​អត់​ត្រូវ​រឿង​ទេ​»។

រហូតមកដល់​ពេលនេះ​ គ្មាន​ជន​ណា​ម្នាក់​ផ្សេង​ ក្រៅពី​ឈ្មោះ​ អឿត​ អាង​ ដែល​ដាក់ឈ្មោះ​ខ្លួនឯង​ថា​ ជួប​ សម្លាប់ ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ហើយ​ក្រោយមក​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ ប៉ុន្តែ​អាជ្ញាធរ​មិន​រក​​ឃើញ​​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត​កែម​ ឡី​នៅឡើយ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។