ក្រសួង​ការងារ​ចេញ​សេចក្ដី​ណែនាំ​មួយ​ស្ដីពី​ការ​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ផលិត​ឥដ្ឋ

0:00 / 0:00

ក្រសួង​ការងារ​ចេញ​បម្រាម​ហាម​កុមារ​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់។ មន្ត្រី​សង្គម​សាទរ​ប៉ុន្តែ​ទទូច​ឱ្យ​ក្រសួង​ការងារ​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់​លើ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ណា​មិន​គោរព​តាម​បម្រាម​នេះ​។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ជា​ឱ្យ​ប្រធានមន្ទីរ​ការងារ​គ្រប់​រាជធានី​ខេត្ត​ត្រូវ​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ឡឥដ្ឋ​ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ចំនួន ៥ចំណុច​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ ជាយថាហេតុ​ចំ​ពោះ ​ក្មេងៗ នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

សេចក្ដី​ណែនាំ​របស់​ក្រសួង​ការងារ​ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា​ បង្ហាញ​ថា វិធានការ​ទាំង ៥ចំណុច​​ដែល​ត្រូវ​អនុវត្តន៍​នោះ ​រួមមាន​ទី១ គ្រប់​សិប្បកម្ម​ឡឥដ្ឋ​ត្រូវ​រៀបចំ​ស្លាក​សញ្ញា​ធំៗ និង​ងាយ​មើល​ឃើញ​ដូចជា​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​ហើយ​ជន​ណា​នាំ​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​និង​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ គឺ​អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ។ ទី២ ក្រសួង​ការងារ​ហាម​ដាច់​ខាត់ការ​ប្រើប្រាស់​ទាសភាព​បំណុល​ដើម្បី​ដាក់​បន្ទុក​សេរីភាព​ការងារ​កម្មករ។ ទី៣ ត្រូវ​មាន​អ្នកឃ្លាំមើល​ជាប្រចាំ​និង​ហាម​ក្មេង​ចូល​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម ឬ​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។ ទី៤ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​ឱ្យ​ឃ្លាតឆ្ងាយ​ពី​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​ហើយ​ត្រូវ​មាន​របងការពារ​សុវត្ថិភាព​ និង​ទី៥ ហាម​ឃាត់​ដាច់ខាត​រាល់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ និង​ការ​បង្ខំ​ឱ្យ​កុមារ​ធ្វើការ ដើម្បី​ដោះ​ស្រាយ​បំណុល។

ក្រសួង​ការងារ​បញ្ជាក់​ថា ប្រសិនបើ​ម្ចាស់ ឬ​នាយក​សិប្បកម្ម​ផលិត​ទាំង​ឡាយ​ណា​ខក​ខាន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​នេះ​នឹង​ត្រូវ​ទទួលរង​ការ​ផាក​ពិន័យ ឬ​អាច​ឈាន​ទៅដល់​ការ​បិទ​អាជីវកម្ម ឬ​អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ។

សេចក្តី​ណែនាំ​របស់ក្រ​សួង​ការងារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ជាពិសេស​អង្គការ​ លីកាដូ​ រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​កម្លាំង​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅតែ​បន្ត​កើតមាន​ហើយ​គ្រោះថ្នាក់​នៅ​តែ​បន្ត​កើត​ឡើង​ដដែល។ ករណី​ដែល​កុមារ​ជួប​គ្រោះថ្នាក់​នៅ​ឡឥដ្ឋ​សុទ្ធ​សឹង​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ពិការ​រហូត​គ្រោះថ្នាក់​ដល់​ជីវិត។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត សាទរ​ចំពោះ​ការ​ចេញ​សេចក្ដី​ណែនាំ​នេះ និង​ថា វា​គឺ​ជា​លើក​ទីមួយ​ហើយ ដែល​សេចក្ដី​ណែនាំ​នេះ​ហាក់​ដូច​ជា​មាន​ទម្ងន់​លើ​សិប្បកម្ម​ឡ​ឥដ្ឋ។ លោក​ យល់ថា​ ការ​ចេញ​សេចក្ដី​ណែនាំ​សម្រាប់​សិប្បកម្ម​ឡ​ឥដ្ឋ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​បរិបទ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ប្រព័ន្ធ GSP ដែរ​ដោយសារ​តែ​ក្រុម​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​ និង​ប្រតិភូ​របស់​អាម៉េរិក​បាន​លើក​ឡើង​ច្រើន​អំពី​លក្ខខណ្ឌ​ការងារ ដែល​ក្នុង​នោះ ក៏​មាន​សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​ដែរ​ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ជួប​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ នេះ។ លោក​ បន្ត​ថា​ កន្លងមក​រដ្ឋាភិបាល​តែងតែ​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អង្គការ លីកាដូ ដែល​រក​ឃើញ​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ និង​ករណី​គ្រោះ​របស់​កុមារ​ទាំង​នោះ ប៉ុន្តែ​ទីបំផុត​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ការ​ពិត៖ «យើង​អបអរ​ហើយ​ស្វាគមន៍​ហើយ ចំពោះ​ការ​ចេញ​នូវ​សេចក្ដី​ណែនាំ​នេះ ប៉ុន្តែ​ដើម្បី​ឱ្យ​វា​មាន​ប្រសិទ្ធិ​ភាព​ត្រូវ​តែ​បង្កើត​នូវ​ក្រុម​ចុះ​អធិការកិច្ច​របស់​មន្ទីរ​ការងារ​ឬ​ក្រសួង​ការងារ​ចុះ​អធិការកិច្ច​ជាប្រចាំ​នៅ​តាម​បណ្ដា​សិប្បកម្ម​ឡឥដ្ឋ​ទើប​សេចក្ដី​ណែនាំ​នេះ​មាន​ប្រសិទ្ធិ​ភាព»

លោក អំ សំអាត បន្ត​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​កុមារ​ចូល​ទៅ​ក្នុង​បរិវេណ​ផលិត​ឥដ្ឋ និង​ត្រូវ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​បែប​នេះ ព្រោះ​ឪពុក​ម្ដាយ​របស់​កុមារ​ទាំងនោះ​គឺជា​កម្មករ​ឡឥដ្ឋ ដែល​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ទាំង​គ្រួសារ​ដើម្បី​ដោះ​បំណុល។ លោក​បន្ត​ថា​ការ​មិន​គិត​ប្រាក់ខែ​ដល់​កម្មករ​ឡឥដ្ឋ​ប៉ុន្តែ​បែរ​ជា​កំណត់​ការងារ​ម៉ៅការ ក៏​ជា​កត្តា​ជំរុញ​មាន​ពលកម្ម​កុមារ​ដែរ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​លោក យ៉ាន់ ធី គាំទ្រ ចំពោះ​ការ​ចេញ​សេចក្ដី​ណែនាំ​នេះ ព្រោះ​វា​មាន​ប្រយោជន៍​សម្រាប់​កម្មករ​ឡឥដ្ឋ​ក៏ដូចជា​ចូលរួម​ការពារ​សុវត្ថិភាព​របស់​កុមារ​។ លោក​បន្ត​ថា​ សហជីព​របស់​លោក​នឹង​តាមដាន​ឃ្លាំមើល​ចំពោះ​ការអនុវត្ត​នូវ​សេចក្ដី​ណែនាំ​នេះ​ដើម្បី​ធានា​ឱ្យ​មាន​ប្រសិទ្ធិ​ភាព៖ «ដោយសារ​កម្ម​ឡ​ឥដ្ឋ​ធ្វើ​ការ​ជា​លក្ខណៈ​គ្រួសារ​កាល​ណា​មាន​ឪពុក​ម្ដាយ​ធ្វើ​ការ​ក្នុង​ឡ​ឥដ្ឋ​តែងតែ​នាំ​កូនចៅ​ទៅ​ដែរ​ហើយ។ កន្លែង​នេះ​ហើយ​ជា​បញ្ហា។ បើ​តាម​ខ្ញុំ​មើល​យន្តការ​នេះ គឺ​មាន​ចំណុច​ខ្លះ គឺ​ល្អ​ហើយ​ចំណុច​ខ្លះ​ទៀត គឺ​មិន​ទាន់​ជាក់លាក់​ ឬក៏​ថា​មិនទាន់​អាច​ដោះស្រាយ​បាន​ភ្លាមៗ នោះ​ទេ ក្នុង​ករណី​ដូចជា​បំណុល​ដូចជា​ក្មេងៗ នៅ​ក្នុង​ឡ​ឥដ្ឋ​នេះ។ យ៉ាង​ហោច​ណាស់​ក្រសួង​ការងារ​គួរ​គិត​អំពី​ការ​បង្កើត​ទារកដ្ឋាន​នៅ​ក្នុង​ឡឥដ្ឋ​នី​មួយៗ ដែល​មានកម្ម​ករ​ច្រើន។ មាន​ទារកដ្ឋាន​ដែល​នៅ​ឆ្ងាយ​ពី​ឡ​ឥដ្ឋ​ហើយ​ដាក់​ឱ្យ​មាន​អ្នក​មើល​ថែ​ជា​ដើម»

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ លីកាដូ រក​ឃើញ​ថា មាន​កុមារ​បួន​នាក់​ហើយ ដែល​ជួប​គ្រោះថ្នាក់​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ​ក្នុង​ចំណោម​នោះ​មាន​កុមារ​ម្នាក់​បាន​បាត់បង់​ជីវិត។ ករណី​ចុង​ក្រោយ​គេ គឺ​ក្មេង​ស្រី​ឈ្មោះ ឆេង ស្រីភ័ក្ត្រ អាយុ ១០ឆ្នាំ ត្រូវ​ជា​កូន​កម្មករ​ឡ​ឥដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ដាច់​ដៃ​ស្ដាំ​ត្រឹម​គល់​ក្លៀក​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង​នៅ​ភូមិ​ព្រះប្រសប់ ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់​កណ្ដាល​ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃ​ទី៩ មីនា​កន្លង​ទៅ។

របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ ហូលូវេ (Holloway University) ផ្សាយ​កាលពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០១៨ ថា ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ក្នុង​នោះ រួម​មាន​ទាំង​កុមារ​ដែល​ជំពាក់​បំណុល​គេ​កំពុង​ធ្វើ​ការងារ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ជា​ទី​បំផុត ដើម្បី​បំពេញ​តម្រូវ​ការ​ឥដ្ឋ​ដែល​របាយការណ៍​ចាត់​ទុក​ថា ជា​ឥដ្ឋ​ឈាម​សម្រាប់​ការ​សាងសង់។

របាយការណ៍​បន្ត​ថា ដើម្បី​បាន​កម្មករ​មក​ធ្វើ​ការងារ​នៅ​ឡ​ឥដ្ឋ ម្ចាស់​ឡ​ឥដ្ឋ​បាន​សង​បំណុល​ជំនួស​កសិករ​ដែល​ជំពាក់​លុយ​គេ​ ប៉ុន្តែ​តម្រូវ​ឱ្យ​កសិករ​ទាំង​នោះ​ធ្វើ​ការងារ​នៅ​ក្នុង​ឡឥដ្ឋ​រហូត​ដល់​កាត់​បំណុល​ប្រមាណ​ពី​មួយ​រយ​ដុល្លារ ដល់​បួន​ពាន់​ដុល្លារ ដែល​ជំពាក់​ម្ចាស់​ឡឥដ្ឋ​វិញ។

កម្មករ​ឡឥដ្ឋ​ទាំង​អស់​នោះ​ត្អូញត្អែរ​ថា ពួក​គេ​រង​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ដោយសារ​គ្មាន​ឧបករណ៍​ការពារ​ផ្លូវ​ដង្ហើម​បណ្ដាល​មក​ពី​ការ​ដក​ដង្ហើម​ពី​ចំហាយ និង​ធូលី​ឡ​ឥដ្ឋ ហើយ​មាន​ករណី​ខ្លះ​កម្មករ​រង​គ្រោះ​ថ្នាក់​ដល់​ពិការ​អវយវៈ​ទៀត​ផង។ របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ណា​កម្មករ​ត្រូវការ​ព្យាបាល​ជំងឺ ឬ​ចង់​សម្រាក​ពី​ការងារ​ពួក​គេ​មិន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សមាជិក​គ្រួសារ​ទៅ​ជាមួយ​នោះ​ទេ ដើម្បី​ធានា​ថា អ្នក​ចាកចេញ​ពី​ឡឥដ្ឋ​នឹង​វិល​ត្រឡប់​មក​វិញ។

អង្គការ​ការងារ​អន្តរជាតិ និង​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​លើ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​សំណង់ ដូច​ជា សុខុមាលភាព​របស់​កម្មករ​ឡ​ឥដ្ឋ​នៅ​កន្លែង​ធ្វើ​ការ ដែល​ត្រូវ​ពាក់​សម្ភារៈ​ការពារ​សុវត្ថិភាព​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។