ប្រធានចលនាសេរីនិយមអន្តរជាតិ ឬ Liberal International ថារបបលោក ហ៊ុន សែន កាន់តែងាកចេញឆ្ងាយទាំងស្រុង ពីគន្លងនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និង ការគោរពសិទ្ធិមនុស្ស។
ប្រធានចលនានេះ គឺអ្នកស្រី ហាគីម៉ា អែល ហៃតេ (Hakima el Haité) ថ្លែងនៅក្នុងញត្តិថ្កោលទោសរបបលោក ហ៊ុន សែន កាលពីថ្ងៃទី ១៩ ខែ កក្កដា ថាការដាក់សមាជិកសភាអឺរ៉ុប ០៦ រូបក្នុងបញ្ជីខ្មៅ ដោយគ្រាន់តែពួកគាត់ប្រកាសជំហរ ថាពួកគាត់ត្រៀមខ្លួនរួចជាស្រេច ដើម្បីអមដំណើរប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលត្រឡប់ទៅប្រទេសកម្ពុជាវិញនោះ ថាជាសក្ខីកម្ម បង្ហាញឲ្យឃើញកាន់តែច្បាស់ថារបបលោក ហ៊ុន សែន កាន់តែលើកប្រទេសកម្ពុជា ដាក់លើជើងពាន នៃប្រទេសដែលអន្តរជាតិមិនស្វាគមន៍។
ប្រតិកម្មរបស់ស្ថាប័នចលនាសេរីនិយមអន្តរជាតិនេះ ធ្វើឡើងក្រោយពីរបបលោក ហ៊ុន សែន តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៥ ខែ កក្កដា បានដាក់ជនបរទេសប្រាំមួយរូបក្នុងបញ្ជីខ្មៅ និង ណែនាំឲ្យស្ថានទូខ្មែរទាំងអស់ នៅក្រៅប្រទេស កុំចេញទិដ្ឋាការឲ្យជនបរទេសទាំងនោះ។ ក្នុងលិខិតដដែលនោះ ក្រសួងបង្គាប់ឲ្យបដិសេធការផ្តល់ទិដ្ឋាការ ដល់ជនបរទេសឯទៀតដែរ ដែលមានបំណងគាំទ្រ ឬ ការពារលោក សម រង្ស៊ី និង មន្រ្តីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការនៃរបបនេះ ផ្តន្ទាទោស ឬ កំពុងជាប់ទោសដោយសាលដីកាតុលាការ។
ជនបរទេសទាំងប្រាំមួយរូប ដែលស្ថិតក្នុងបញ្ជីខ្មៅនោះ គឺសុទ្ធតែជាសមាជិកសភាអឺរ៉ុបទាំងអស់ រួមមានលោក ហ្វៀល ប៊ិននៀន ( Phil Bennion) ជនជាតិអង់គ្លេស, អ្នកស្រី អាណា ហ្គោម៉េស ( Ana Gomes) ជនជាតិព័រទុយហ្គាល់ (Portugal) លោក អៀលហាន យូឈុក ( Ilhan Kyuchyuk) ជនជាតិប៊ុកហ្គារី (Bulgaria) លោក យ៉ូហាណេះ ឃនេលីស វ៉ាន់បាឡិន ( Johannes Cornelis van BAALEN) ជនជាតិហុល្លង់ (Netherlands) អ្នកស្រី អាបៀ អាល់សាឡានី ( Abir Al Sahlani) ជនជាតិស៊ុយអែត និង លោក ហាវ្យែរ ណាត ( Javier Nart) ជនជាតិអេស្ប៉ាញ។ អ្នកទាំងនេះ កាលពីសប្តាហ៍មុន សុទ្ធតែបានប្រកាសជាសាធារណៈ ថាត្រៀមខ្លួនជាស្រេច ដើម្បីអមដំណើរលោក សម រង្ស៊ី ត្រឡប់ទៅកម្ពុជាវិញ។
មន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី ២០ ខែ កក្កដា នេះ ដោយបញ្ជាក់ការគាំទ្រខ្លឹមសារលិខិតនោះ និងថាកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដាក់សមាជិកសភាអឺរ៉ុបទាំងនោះ ទៅក្នុងបញ្ជីខ្មៅ ដោយហាមឃាត់ការធ្វើដំណើរទៅកម្ពុជា ព្រោះបុគ្គលទាំងនោះ ត្រូវចាត់ទុកថា ជាជនដែលមិនត្រូវបានទទួលស្វាគមន៍ ឬ ភាសាឡាតាំងថា Persona non grata <<ក្នុងច្បាប់អន្តរជាតិ គេមាននិយាយ អាហ្នឹង non grata។ សាមញ្ញបំផុត កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមានសិទ្ធិគ្រប់គ្រាន់ ចង់ឲ្យអ្នកណាមក៍ ទទួលស្វាគម៍ ហើយក៏ មានសិទ្ធិមិនស្វាគមន៍បុគ្គលណាមួយដែរ>>។
ទោះជាយ៉ាងនេះក្តី សមាជិកសភាអឺរ៉ុប ដែលត្រូវរបបលោក ហ៊ុន សែន ដាក់ក្នុងបញ្ជីខ្មៅទាំងនោះ មិនយល់ស្របដូច្នេះឡើយ។ សមាជិកសភាអឺរ៉ុបមកពីចក្រភពអង់គ្លេសលោក ហ្វីល ប៊ែននៀន (Phil Bennion) ដែលធ្លាប់សន្យាជាសាធារណៈថា លោកនឹងអមដំណើរលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជាវិញ ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៧ កក្កដា ថា ករណីរបបលោក ហ៊ុន សែន ដាក់បញ្ចូលឈ្មោះលោកទៅក្នុងបញ្ជីបដិសេធផ្ដល់ទិដ្ឋាការឱ្យចូលកម្ពុជានោះ រឹតតែស្ដែងឱ្យឃើញថា កម្ពុជាគ្មានប្រជាធិបតេយ្យ និង មិនគោរពសិទ្ធិមនុស្សឡើយ។ លោកសង្កត់ធ្ងន់ៗថា ការធ្វើដូច្នេះ នឹងរឹតតែពង្រឹង ឱ្យមាននូវការអំពាវនាវកាន់តែខ្លាំងឡើងថែមទៀត ឱ្យមានចំណាត់ការប្រឆាំងនឹងកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសមួយនេះ ដែលបានធ្វើទង្វើអកុសលទាំងនេះ។
ចំណែកឯអ្នកស្រី អាណា ហ្គោម៉េស (Ana Gomes) ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅនោះដែរ ដោយសារតែអ្នកស្រីគាំទ្រលោក សម រង្ស៊ី ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី ១៨ ខែ កក្កដាថា ចំណាត់ការរបស់របបលោក ហ៊ុន សែន មិនចំណេញអ្វីដល់កម្ពុជានោះទេ គឺមានតែបង្កើនលទ្ធផលអវិជ្ជមានច្រើនទៀតដល់របបនេះតែប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា សមាជិកសភាអឺរ៉ុបទាំងអស់ នឹងរឹតតែបង្កើនសន្ទុះ នៃការគាំទ្រអ្នកនិយមប្រជាធិបតេយ្យ និង ដំណើរវិលត្រឡប់របស់មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទៅកម្ពុជាវិញ និង បកអាក្រាតអំពីអំពើឧក្រិដ្ឋ អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និង ចរិតនៃរបបផ្តាច់ការសព្វថ្ងៃនៃរបបលោក ហ៊ុន សែន ឲ្យកាន់តែក្លាំងក្លាជាងនេះ។
ចលនាសេរីនិយមអន្តរជាតិ ជាសហព័ន្ធពិភពលោកនៃគណបក្សនយោបាយសេរីនិយម និង ប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស និង មានសមាជិកជាង ១០០ ប្រទេស (១០៦ ប្រទេស ត្រឹមខែ ធ្នូ ឆ្នាំ ២០១៨)។ លោក សម រង្ស៊ី ជាអនុប្រធានមួយរូបរបស់ស្ថាប័នអន្តរជាតិនេះ។ ចលនានេះ កាលពីថ្ងៃទី ១៩ ខែ កក្កដា បានរៀបចំញត្តិមួយ ថ្កោលទោសរបបលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និង ការហាមឃាត់សិទ្ធិធ្វើដំណើររបស់មន្រ្តីបរទេស ដែលនិយមប្រជាធិបតេយ្យ និង បានអំពាវនាវឲ្យរបបលោក ហ៊ុន សែន ងាកមករកគន្លងប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។