អង្គការសង្គមស៊ីវិលស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ឱ្យមានប្រសិទ្ធភាព ដោយសារបញ្ហានេះកំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់។ សង្គមស៊ីវិលមើលឃើញទៀតថា ពន្ធនាគារបច្ចុប្បន្ននេះមិនមានលក្ខណៈជាមណ្ឌលកែប្រែឡើយ ប៉ុន្តែជាកន្លែងបំប៉នសមត្ថភាពទុច្ចរិតរបស់អ្នកជាប់ឃុំមួយចំនួនទៅវិញទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ កក្កដាថា ពន្ធនាគារទូទាំងប្រទេសនៅតែស្ថិតក្នុងស្ថានភាពចង្អៀតណែន មិនមានអ្វីផ្លាស់ប្ដូរឡើយ។ លោកបន្តថា អាជ្ញាធរហាក់ដូចជាមិនមានដំណោះស្រាយអ្វីជាក់លាក់ទេ ក្រៅពីការបង្កើតក្រុមការងារថ្នាក់ជាតិមួយឱ្យទទួលខុសត្រូវរឿងនេះ។ ជាពិសេស លោកកត់សម្គាល់ថា តុលាការនៅតែបន្តទម្លាប់ឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្ន ទោះបីជាករណីនោះជាបទល្មើសមជ្ឈិមកម្រិតស្រាលក៏ដោយ៖ «យើងពិនិត្យមើលទៅ ហាក់ដូចជាមិនទាន់មានយន្តការណាច្បាស់លាស់ក្នុងការដោះស្រាយទេ ហើយបណ្ដាតុលាការខេត្ត - រាជធានីទៀតសោត ដែលខាងក្រសួងយុត្តិធម៌ថា រឿងនេះវានៅលើតុលាការក្នុងការពន្លឿននីតិវិធីទាក់ទងនឹងសំណុំរឿងទាំងអស់ហ្នឹង ក៏យើងមិនទាន់ឃើញមានការពន្លឿនឱ្យបានដិតដល់ដែរ»។
ពន្ធនាគារគ្រប់រាជធានី-ខេត្ត បានចាប់ផ្ដើមចង្អៀតណែនខ្លាំង ចាប់ពីឆ្នាំ២០១៧ ពោលគឺបន្ទាប់ពីរបបក្រុងភ្នំពេញបានអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់។ ចំនួនអ្នកជាប់ឃុំដោយសារបទល្មើសគ្រឿងញៀនបានកើនឡើងជាគំហុក ស្របពេលដែលតុលាការមានមានភាពយឺតយ៉ាវក្នុងការចាត់ការរឿងក្តីនីមួយៗផង បានធ្វើឱ្យចំនួនអ្នកជាប់ឃុំកើនឡើងដល់ជាង ៣ម៉ឺននាក់ រហូតមកដល់ពេលនេះ។
ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ អ្នកដែលត្រូវបានកាត់ទោសរួច មានប្រមាណ ៣០% ខណៈ ៧០% ទៀត សុទ្ធសឹងជាអ្នកដែលរង់ចាំនីតិវិធីតុលាការ ហើយជាងពាក់កណ្តាលនៃអ្នកជាប់ឃុំ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ លោក ជិន ម៉ាលីន ថ្លែងថា ស្ថាប័នពាក់ព័ន្ធកំពុងរកដោះស្រាយបញ្ហានេះជាបណ្តើរៗ ហើយ មានជាអាទិ៍ ការពន្លឿនសំណុំរឿងក្តីនៅតុលាការ ការគិតគូរអំពីទោសសហគមន៍ និងការកសាងបន្ថែមហេដ្ឋារចនាសម្ពន្ធពន្ធនាគារជាដើម។ លោកបញ្ជាក់ថា ដំណោះស្រាយទាំងនេះមានការវិវឌ្ឍជាវិជ្ជមាន ប៉ុន្តែនៅមិនទាន់អាចកាត់បន្ថយស្ថានភាពចង្អៀតណែនបាននៅឡើយ ពីព្រោះសំណុំរឿងថ្មីៗ ចេះតែមកដល់ជាបន្តបន្ទាប់៖ «ភាពចង្អៀតណែននេះ បើថាឱ្យមើលឃើញថា មានការថយចុះជាក់ស្ដែងតែម្ដង ដូចមិនទាន់ទេ ព្រោះយន្តការដែលយើងកំពុងធ្វើនេះ គឺជាយន្តការសម្រាប់រយៈពេលវែងទៅមុខ។ មិនមែនយន្តការដែលធ្វើហើយ ចេញផលសម្រាប់រយៈពេលពីរបីថ្ងៃ ឬក៏ពីរបីខែនោះទេ។ ដូចជា ការសាងសង់ និងពង្រីកពន្ធនាគារ ជាដើម គឺស្ថិតនៅក្នុងដំណើរការនៅឡើយ ហើយយន្តការដែលដាក់ឱ្យអនុវត្តទោសសហគមន៍ហ្នឹង គឺកំពុងតែស្ថិតក្នុងដំណើរការសិក្សាស្រាវជ្រាវ និងរៀបចំយន្តការ។ ហើយការពន្លឿនសំណុំរឿង គឺខាងតុលាការបានពន្លឿនសំណុំរឿងចាស់ដែលនៅសេសសល់ហ្នឹង បានច្រើនជាងពាក់កណ្ដាលហើយ ក៏ប៉ុន្តែទន្ទឹមនឹងនេះ សំណុំរឿងថ្មីដែលចូលមក ក៏វាប្រហែលគ្នាហ្នឹងដែរ»។
ក្រៅពីការប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ បញ្ហាចង្អៀតណែននេះក៏បានបង្កការលំបាកដល់មន្ត្រីពន្ធនាគារផងដែរ ដោយចំនួនអនុរក្សពន្ធនាគារមិនមានសមាមាត្រនឹងចំនួនអ្នកជាប់ឃុំ។ មន្ត្រីជាន់ខ្ពស់ពន្ធនាគារបានអះអាងថា ជាស្តង់ដារកំណត់ អនុរក្សពន្ធនាគារម្នាក់ត្រូវមើលការខុសត្រូវអ្នកជាប់ឃុំចំនួន ៦នាក់ ក៏ប៉ុន្តែពេលនេះមន្ត្រីអនុរក្សម្នាក់ ត្រូវមើលការខុសត្រូវអ្នកជាប់ឃុំជាង ៣០នាក់។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) និងជាអតីតអ្នកទោសមនសិការ លោក នី សុខា ថ្លែងថា ពន្ធនាគារបច្ចុប្បន្ន មិនសមហៅថា ជាមណ្ឌលអប់រំកែប្រែនោះឡើយ។ លោកអះអាងថា អ្នកជាប់ឃុំមួយចំនួនមិនបានកែប្រែខ្លួនឱ្យល្អឡើងវិញនោះទេ។ ផ្ទុយទៅវិញ ពួកគេបែរជារៀនចេះជំនាញទុច្ចរិតថែមទៀត ពីព្រោះការបំពាក់បំប៉នជំនាញនៅក្នុងពន្ធនាគារ នៅមានភាពខ្វះខាតនៅឡើយ ស្របពេលដែលបន្ទប់ឃុំឃាំងនីមួយៗ ត្រូវផ្ទុកមនុស្សរាប់សិបនាក់៖ «តាមខ្ញុំតាមដានមើល គឺគាត់ទៅរៀនពីគ្នាទៅវិញទៅមក។ របៀបថា អ្នកខ្លះគាត់ប្រព្រឹត្តបទល្មើសលួចតូចតាច ពេលគាត់ចូលទៅដល់ហ្នឹង គាត់ទៅរៀនចេះពីល្បិច អាចឈានដល់ប្លន់ អាចឈានដល់លួចធំដុំ។ អ្នកខ្លះគ្រាន់តែសេពគ្រឿងញៀនធម្មតា អាចទៅរៀនចេះអំពីរហូតទៅដល់ជួញដូរទៀត ក៏មានដែរ។ អ៊ីចឹងទាក់ទងទៅនឹងការកែប្រែរបស់ពន្ធនាគារនេះ ខ្ញុំឃើញថា ហាក់ដូចជាមិនមានអីជាដុំកំភួនទេ»។
អ្នកការពារសិទ្ធិមនុស្សរូបនេះជឿជាក់ថា ស្ថានភាពចង្អៀតណែននេះអាចនឹងកាត់បន្ថយបានខ្លះ ប្រសិនបើតុលាការពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចឃុំខ្លួនជនណាម្នាក់ ហើយនិងអនុវត្តឱ្យបាននូវប្រភេទទោសសហគមន៍។ បន្ថែមពីលើនេះ លោកជំរុញអាជ្ញាធរឱ្យប្រែក្លាយពន្ធនាគារទៅជាកន្លែងអប់រំកែប្រែពិតប្រាកដ មិនមែនត្រឹមតែជាកន្លែងឃុំឃាំងមនុស្សដូចពេលបច្ចុប្បន្ននេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។