ក្រុមមេដឹកនាំសហជីព ចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍សម្រេចឱ្យមេដឹកនាំសហជីព ៦នាក់រួចទោស និងបដិសេធសាលាក្រមសាលាដំបូងនោះ គឺជារឿងត្រឹមត្រូវ ទោះជាយ៉ាងនេះក្ដី សហជីពអះអាងថា សំណុំរឿងពាក់ព័ន្ធនិងអំពើហិង្សានៅផ្លូវវេងស្រេងនេះ មិនទាន់មានយុត្តិធម៌សម្រាប់កម្មករ និងជនរងគ្រោះ ដោយការបង្ក្រាបហិង្សាពីអាជ្ញាធរនៅឡើយក៏ដោយ។
តំណាងសហជីពទាមទារតុលាការស៊ើបអង្កេត សំណុំរឿងប្រើអំពើហិង្សានៅផ្លូវវេងស្រេង ដែលដឹកនាំដោយបញ្ជាការដ្ឋានឆ័ត្រយោងលេខ៩១១ បាញ់បង្ក្រាបទៅលើហ្វូងបាតុករ កាលពីដើមឆ្នាំ២០១៤សាជាថ្មីទៀត ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ ដែលស្លាប់ និងរបួស។
លោក រ៉ុង ឈុន ប្រធានសភាពសហជីពកម្ពុជា ឱ្យដឹងកាលពីរាត្រីថ្ងៃទី២៩ ឧសភា ថា មកទល់ពេលតុលាការនៃរបបលោក ហ៊ុន សែន មិនទាន់ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅឡើយ។ លោកបញ្ជាក់ថា តុលាការត្រូវតែធ្វើការស៊ើបអង្កេតសំណុំរឿងនេះឱ្យឯករាជ្យ និងមិនស្ថិតនៅក្រោមសម្ពាធនយោបាយណាមួយឡើយ៖ «ដើម្បីផ្ដល់យុត្តិធម៌ដល់ជនទន់ខ្សោយ តុលាការត្រូវឈរលើឆន្ទៈ និងវិជ្ជាជីវៈ ហើយយើងចង់ឃើញតុលាការវែកមុខអ្នកនៅពីក្រោយខ្នងនៃការបាញ់បង្ក្រាបកម្មករនៅផ្លូវវេងស្រេង ដែលធ្វើឱ្យកម្មករស្លាប់ របួស និងបាត់ខ្លួន»។
បាតុកម្មរបស់កម្មករនៅផ្លូវវេងស្រេង ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារល្អប្រសើរកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤នេះ រងការបង្ក្រាបដ៏ធ្ងន់ធ្ងរពីអាជ្ញាធររបបក្រុងភ្នំពេញ បាញ់ប្រហារបាតុករស្លាប់៤នាក់ និងមួយចំនួនទៀតរងរបួសធ្វើឱ្យយុវជន ខឹម សូផាត បាត់ខ្លួនរហូតមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ មានមន្ត្រីអង្គការ សមាគម និងកម្មករចំនួន ២៣នាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៤ឆ្នាំទៅ ៤ឆ្នាំ និង ៦ខែ។ ប៉ុន្តែដោយមានការសម្របសម្រួលផ្នែកនយោបាយ អ្នកទាំងនោះត្រូវដោះលែងវិញដោយអនុវត្តទោសក្នុងពន្ធនាគារប្រមាណ ៥ខែ ហើយទោសដែលនៅសល់ ត្រូវព្យួរ។
រីឯខាងសមត្ថកិច្ចវិញ ដែលគេស្គាល់ដឹកនាំដោយកងឆ័ត្រយោងលេខ៩១១ របស់លោក ចាប ភក្តី នោះ តុលាការមិនបានចាប់ខ្លួន ឬផ្ដន្ទាទោសមន្ត្រីណាម្នាក់ឡើយ ទោះបីជាមានការទាមទារឱ្យមានការស៊ើបអង្កេតពីអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិយ៉ាងណាក្ដី។
ការទាមទាររបស់លោក រ៉ុង ឈុន នេះ ធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍កាលពីថ្ងៃទី២៨ ខែឧសភា បានចេញសាលដីកា បដិសេធសាលក្រមសាលាដំបូងចោល ហើយសម្រេចលើកលែងការចោទប្រកាន់ថ្នាក់ដឹកនាំសហជីព ៦នាក់ និងបិទសំណុំរឿងហិង្សាផ្លូវវេងស្រេង ក្រោយពីបានសួរដេញដោលរួចរាល់។ មេដឹកនាំសហជីពទាំង៦នាក់នោះ រួមមាន លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ និង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា រួមនឹងមេដឹកនាំសហជីពមួយចំនួនទៀត។
សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសមេដឹកនាំសហជីពទាំង៦នាក់ កាលពីថ្ងៃទី១១ធ្នូ ឆ្នាំ២០១៨ ដាក់ពន្ធនាគារម្នាក់ៗ ២ឆ្នាំកន្លះ ប៉ុន្តែទោសទាំងនេះត្រូវព្យួរ ក្នុងសំណុំរឿងដឹកនាំធ្វើបាតុកម្មនៅផ្លូវវេងស្រេង កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ មេដឹកនាំសហជីពទាំង ៦នាក់នេះ រងការចោទប្រកាន់ចំនួន ៤បទចោទគឺ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បទគំរាមកំហែង និងបទប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។
លោក រ៉ុង ឈុន បញ្ជាក់ថា ក្រុមមេដឹកនាំសហជីពគ្មានប្រព្រឹត្តិកំហុសណាមួយ ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញកន្លងមកឡើយ។ លោកបញ្ជាក់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ គឺជារឿងត្រឹមត្រូវដើម្បីផ្ដល់យុត្តិធម៌ជូនសហជីពដែលខិតខំធ្វើការលើកស្ទួយសិទ្ធ និងលក្ខខណ្ឌការងាររបស់កម្មករ។ លោក រ៉ុង ឈុន បន្ថែមថា លោក ចង់ឃើញ តុលាការសើរើនិងស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ដើម្បីផ្ដល់ភាពយុត្តិធម៌ដូចក្រុមសហជីពទាំង ៦នាក់ដែរ៖ «មកដល់ពេលនេះ មិនទាន់បានលឺចម្លើយពីអាជ្ញាធរ ឬតុលាការ ដូច្នេះខ្ញុំជំរុញឱ្យស៊ើបអង្កេតអំពើហិង្សានៅផ្លូវវេងស្រេង»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ដើម្បីសួរអំពីបញ្ហានេះ បានទេ កាលពីថ្ងៃទី២៩ ឧសភា។
សំណុំរឿងហិង្សានៅផ្លូវវេងស្រេងនេះ ក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) លោក រីឆាដ រ៉ូជើរ (Richard Rogers) ដែលមានទីតាំងនៅប្រទេសអង់គ្លេស តំណាងឱ្យដើមបណ្ដឹងប្រជាពលរដ្ឋខ្មែរ ជាជនរងគ្រោះនៃការរំលោភបំពាន និងបង្ខំបណ្ដេញចេញពីផ្ទះសម្បែង និងដីធ្លី បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីករណីសមត្ថកិច្ចប្រើហិង្សាលើអ្នកតវ៉ានៅផ្លូវវេងស្រេង និងក្បែររោងចក្រយ៉ាក ជីន នេះដែរ។ នៅក្នុងពាក្យបណ្ដឹងនោះចោទប្រកាន់មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងរយៈពេលជាង ១២ឆ្នាំចុងក្រោយនេះ។
ករណីហិង្សាដែលកើតឡើងនៅឆ្នាំ២០១៤ នៅផ្លូវវេងស្រេងនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ធ្ងន់ធ្ងរនៃការរំលោភសិទ្ធិមនុស្ស។ របាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សលើពិភពលោកក្នុងឆ្នាំ២០១៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឆ្នាំ២០១៤ បង្ហាញថា បញ្ហារំលោភសិទ្ធិមនុស្សជាច្រើនកើតមាននៅក្នុងប្រទេសកម្ពុជា។ ហើយការរំលោភសិទ្ធិមនុស្សនេះ បានអូសបន្លាយដល់ពេលបច្ចុប្បន្ន ដែលរបបលោក ហ៊ុន សែន មិនទាន់បានស្ដារឡើងវិញនៅឡើយ។
ក្រុមសហជីពលើកឡើងថា ពួកគេនឹងនៅតែទាមទារឱ្យរបបលោក ហ៊ុន សែន ទទួលខុសត្រូវលើការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៃការបង្ក្រាបហិង្សានេះឱ្យទាល់តែបាន៕