មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទាមទារឲ្យរបបលោក ហ៊ុន សែន ប្រញាប់រកដំណោះស្រាយនយោបាយ ជាបន្ទាន់មួយ ដើម្បីអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ។ បើមិនដូច្នេះទេ ការបោះឆ្នោតនោះ នឹងត្រូវចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សង្កត់ធ្ងន់ថា “គ្មានការបោះឆ្នោតណាមួយ អាចចាត់ទុកថា ជាការត្រឹមត្រូវបានឡើយ ប្រសិនបើគណបក្សប្រឆាំងដ៏ធំជាងគេតែមួយគត់ ត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងការបោះឆ្នោត”។
ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី៣០ ខែមេសា នេះ អ្នកស្រី រ៉ូណា ស្មីត រម្លឹករបបលោក ហ៊ុន សែន ថា ដើម្បីធានាឲ្យបាននូវការគោរពគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស គឺទាល់តែ គោរពសិទ្ធិប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងជីវភាពនយោបាយ ហើយអ្នកកាន់អំណាចសព្វថ្ងៃនៅមានឱកាសចុងក្រោយ ដើម្បីពិចារណាឡើងវិញ នូវចំណាត់ការរបស់ខ្លួន ដោយប្រញាប់ដោះលែង មេដឹកនាំគណបក្សប្រឆាំង និងលុបចោលបម្រាម ដែលហាមសិទ្ធិនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ហើយត្រូវតែងាកមកផ្លូវត្រូវតាមគន្លងនៃរដ្ឋធម្មនុញ្ញ ដែលធានាឲ្យមានការបោះឆ្នោតមួយ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពោលគឺត្រូវធានាធ្វើយ៉ាងណា ឲ្យគណបក្សនយោបាយទាំងអស់ មានសិទ្ធិ និងសេរីភាព ក្នុងការចូលរួមប្រកួតប្រជែង ដោយស្មើភាពគ្នា។
សេចក្តីប្រកាសព័ត៌មាន របស់អ្នករាយការណ៍ពិសេស ដែលធ្វើឡើងនៅថ្ងៃដំបូង នៃថ្ងៃដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមចុះបញ្ជីគណបក្សនយោបាយ និង បេក្ខជន ដើម្បីចូលរួមការបោះឆ្នោតជាតិនេះ គឺជាសារមួយរំលឹកដល់របបលោក ហ៊ុន សែន ឲ្យប្រញាប់រកដំណោះស្រាយនយោបាយជាបន្ទាន់ និងឥតបង្អង់យូរ ព្រោះពេលវេលាសម្រាប់ចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជននេះ មានតែ ១៥ ថ្ងៃប៉ុណ្ណោះ។ ផុតពីនេះ គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ នឹងខកពេលក្នុងការចូលរួមប្រកួត ការបោះឆ្នោតជាតិខាងមុខ ជាមិនខាន។
ជាចុងក្រោយ អ្នកស្រី រ៉ូណា ស្មីត បន្ថែមថា ការបោះឆ្នោតដែលអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺទាល់តែរបបលោក ហ៊ុន សែន អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការបំពេញការងាររបស់ខ្លួន និងត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិជជែកដេញដោលគ្នា និងបញ្ចេញមតិពិភាក្សា កិច្ចការនយោបាយ ដោយចំហ និងសេរី។
ជំហររបស់អ្នករាយការណ៍ពិសេស គឺស្របគ្នាទៅនឹងជំហររបស់សហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលសុទ្ធតែទាមទារឲ្យរបបលោក ហ៊ុន សែន ងាកមកស្ដារ ដំណើរប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ ក្រោយរបបនេះបានបំផ្លាញវាយ៉ាងដំណំ ដោយសារតែការចាប់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដាក់ពន្ធនាគារ រំលាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការជួបជុំជាដើម។
ចំណែកឯប្រទេសជប៉ុន ដែលនៅតែបន្តជួយដល់គ.ជ.ប ក៏បារម្ភអំពីការបោះឆ្នោតដែលគ្មានវត្តមានគណបក្សប្រឆាំងនេះដែរ និងសំណូមពរ ដដែលជាដែល ឲ្យរបបលោក ហ៊ុន សែន រៀបចំការបោះឆ្នោតជាតិខាងមុខ ឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការចូលរួមពីគ្រប់ភាគី រួមទាំងគណបក្សប្រឆាំងតែមួយគត់ ដែលមានអាសនៈនៅរដ្ឋសភា មុនបក្សកាន់អំណាចរម្លាយចោល៕