មន្ត្រីរបបលោក ហ៊ុន សែន ថា សាររបស់ក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា មិនឆ្លុះបញ្ចាំងការពិត អំពីអ្វីដែលកើតមានឡើងនោះទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចោទអ្នករាយការណ៍ពិសេសទាំងនោះ ថា ថ្លែងសារតាមការយល់ឃើញជាលក្ខណៈបុគ្គលឯកជនតែប៉ុណ្ណោះ។ លោកបន្តថា ការចាប់ខ្លួន និង ចោទប្រកាន់លើយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ គឺធ្វើឡើងស្របតាមច្បាប់កម្ពុជា ដោយមិនមែនជាការរំលោភសិទ្ធិមនុស្សនោះឡើយ៖ «សម្រាប់សមត្ថកិច្ច នេះមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព ក្នុងការជួបជុំគ្នា សម្ដែងមតិអ្វីនោះទេ ប៉ុន្តែវាជាយន្តការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់រាល់អំពើ ឬសកម្មភាពដែលបង្កភាពចលាចលនៅក្នុងសង្គម វាជាសកម្មភាព ដែលបង្កប់ទៅដោយចេតនាទុច្ចរិត ហើយមានអង្គការចាត់តាំង រៀបចំក្នុងការបង្កភាពចលាចលក្នុងសង្គម។ ចំណែកការអំពាវនាវឱ្យទម្លាក់ចោលបទចោទនោះ គឺរដ្ឋាភិបាលគ្មានសមត្ថកិច្ចអ្វី លូកលាន់កិច្ចការតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ»។
ប្រតិកម្មរបស់លោក ជិន ម៉ាលីន ធ្វើឡើងតបទៅនឹងសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសមួយក្រុម របស់អង្គការសហប្រជាជាតិ ដែលចេញកាលពីថ្ងៃទី២៦ ខែកក្កដា ដោយរម្លឹករបបលោក ហ៊ុន សែន សាជាថ្មីថា សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព គឺមិនអាចខ្វះការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបាននោះទេ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៦ ខែកក្កដានោះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចំនួន ៥រូប រួមទាំងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផង បានដាស់តឿនក្រើនរម្លឹករបបលោក ហ៊ុន សែន ថា ការបញ្ចេញមតិ និង ជជែកគ្នាដោយចំហ លើបញ្ហាអ្វីក៏ដោយ រួមទាំងបញ្ហារសើបផង គួរលើកទឹកចិត្ត ព្រោះវាជាមធ្យោបាយលើកស្ទួយការចូលរួមមតិ ជំរុញភាពច្នៃប្រឌិត និងលើកកម្ពស់ការជជែកវែកញែកគ្នា ជុំវិញបញ្ហានយោបាយ និងសង្គម ដែលទាំងនេះ សុទ្ធតែមានភាពចាំបាច់ មិនអាចខ្វះបាន ដើម្បីធ្វើឱ្យប្រទេសកម្ពុជា បោះជំហានទៅរកការអភិវឌ្ឍប្រកបដោយចិរភាព និងសេចក្ដីសុខសន្តិភាពយូរអង្វែង។
សារនេះ ធ្វើឡើងក្រោយរបបលោក ហ៊ុន សែន ចាប់យុវជនពីររូប គឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ដោយចោទប្រកាន់តាមផ្លូវតុលាការ ទៅលើអ្នកទាំងពីរ ជុំវិញការអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមដោយសន្តិភាព ក្នុងការរម្លឹកបុណ្យខួបបីឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ក្រុមអ្នករាយការណ៍ពិសេសទាំងនេះ ចាត់ទុកចំណាត់ការរបស់អាជ្ញាធររបបនេះ ថា កំពុងមានគោលដៅ ធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិ និងជួបប្រជុំគ្នាដោយសន្តិវិធី។ ពួកគាត់អំពាវនាវឱ្យរបបក្រុងភ្នំពេញ បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ដូច្នេះតទៅទៀត។
ក្នុងរបាយការណ៍សិទ្ធិមនុស្សលើកមុនៗ របស់អ្នកស្រី រ៉ូណា ស្មីត និងអ្នករាយការណ៍ពិសេសឯទៀតរបស់អង្គការសហប្រជាជាតិ ពួកគាត់ក៏បានក្រើនរម្លឹករបបនេះ ឱ្យងាកមកស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញផងដែរ។
សាររម្លឹកអំពីស្ថានភាពរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យរបស់មន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិនេះ ធ្វើឡើងស្របពេលដែលនីតិវិធីត្រួតពិនិត្យ និង វាយតម្លៃស្ថានការណ៍ស្រុកខ្មែរ របស់សហភាពអឺរ៉ុប រយៈពេលប្រាំមួយខែដំបូង ត្រូវបិទបញ្ចប់នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ។ សហភាពអឺរ៉ុប នឹងឈានទៅព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា បើស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នៅតែមិនប្រសើរឡើងវិញ។
អ្នករាយការណ៍ពិសេស និងអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន រកឃើញថា ស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅតែគ្មានភាពប្រសើរឡើងវិញ ជិតពីរឆ្នាំក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តលើសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ដីធ្លី និង សហជីពកម្មករជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។