មន្ត្រីជំនាញអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ព្រួយបារម្ភរឿងរដ្ឋាភិបាលបន្តបំបិទ និងបង្ក្រាបសំឡេងប្រឆាំង។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលឱ្យស្ដារស្ថានភាពឱ្យល្អប្រសើរឡើងវិញ និងងាកមករកវប្បធម៌សន្ទនា។ មន្ត្រីនាំពាក្យរដ្ឋាភិបាល បានសំដែងការសោកស្ដាយចំពោះការលើកឡើងនេះ ដោយចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) និងអ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិនៃការបញ្ចេញ និងសម្ដែងមតិ លោក ដាវីដ ខេយ៍ (David Kaye) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៩ មិថុនា ថា ខ្លួនមានកង្វល់ចំពោះនិន្នាការកើនឡើងនៃការគាបសង្កត់ដោយរដ្ឋាភិបាល ទៅលើសំឡេងប្រឆាំង។ មន្ត្រីជំនាញអង្គការសហប្រជាជាតិទាំងពីររូបនេះ ហៅនិន្នាការនេះថា ទំនងជាការប៉ុនប៉ងរបស់អាជ្ញាធរនៃរបបក្រុងភ្នំពេញ ក្នុងការបំភិតបំភ័យ ឬបំបិទសំឡេងក្រុមអ្នកនយោបាយគណបក្សប្រឆាំង។អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ទាត់ចោលកង្វល់ដែលលើកឡើងដោយមន្ត្រីជំនាញអង្គការសហប្រជាជាតិនាពេលនេះ។ លោកហៅការលើកឡើងនេះថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាគណបក្សប្រឆាំងនៅកម្ពុជា ពុំមានសិទ្ធិសេរីភាពនោះ។ ដោយមិននិយាយសំដៅទៅគណបក្សសង្គ្រោះជាតិថា ជាគណបក្សប្រឆាំងនោះ សម្រាប់លោក ផៃ ស៊ីផាន លោកថា គណបក្សប្រឆាំងនៅកម្ពុជា ដែលជាសមាជិកឧត្ដមក្រុមប្រឹក្សាផ្ដល់ និងពិគ្រោះយោបល់នោះ កំពុងតែប្រតិបត្តិដោយសេរីនៅកម្ពុជា៖ «ជាការសោកស្ដាយមួយ ចេញសេចក្ដីថ្លែងការណ៍មួយដែលវាប្រាសចាកពីការពិត ហាក់បីដូចជាមានបំណងលាក់បាំងអ្វីមួយ។ ចំណុចទីមួយ ដែលលើកឡើងថា មានការបិទសេរីភាពចំពោះគណបក្សប្រឆាំង គឺខុសទាំងស្រុងតែម្ដង ដ្បិតអី កម្ពុជាហ្នឹង គណបក្សប្រឆាំងកំពុងតែប្រតិបត្តិការដោយសេរី ហើយគណបក្សប្រឆាំងដែលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាផ្ដល់យោបល់ ទទួលបានប្រាក់បំណាច់ថែមទៀតដើម្បីធ្វើចលនានយោបាយរបស់លោក។ រីឯគណបក្សមួយទៀត ដែលគេហៅថា គណបក្សដែលត្រូវបានរម្លាយដោយតុលាការកំពូល ជារឿងដាច់ដោយឡែកនោះទេ។ មិនមានអ្វីពាក់ព័ន្ធនឹងគណបក្សប្រឆាំងនៅកម្ពុជានោះទេ»។
កង្វល់ និងក្ដីព្រួយបារម្ភរបស់មន្ត្រីជំនាញអង្គការសហប្រជាជាតិនៅពេលនេះ កើតមានឡើង ក្រោយពេលដែលអាជ្ញាធរ និងតុលាការនៃរបបក្រុងភ្នំពេញ បានចេញដីកាកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់សរុបជាង ១៤០នាក់ ជុំវិញករណីដែលពួកគេបានប្រមូលផ្តុំគ្នាហូបនំបញ្ចុក និងត្រៀមខ្លួនចាំទទួលមេដឹកនាំរបស់ខ្លួនត្រលប់ចូលស្រុកវិញ។ អាជ្ញាធររបបក្រុងភ្នំពេញ ហៅការជួបជុំនេះ ជាទង្វើផ្ទុយនឹងសាលដីកាតុលាការកំពូល ដែលបានរម្លាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញអង្គការសហប្រជាជាតិទាំងពីររូបនេះ គូសបញ្ជាក់ថា ពួកគេមានកង្វល់អំពីការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅទៅលើការនិយាយស្តីដោយសេរី ទាំងនៅលើបណ្ដាញអ៊ីនធឺណិត និងទាំងនៅក្នុងសង្គមធម្មតា។ មន្ត្រីជំនាញទាំងពីររូបនេះគូសបញ្ជាក់ថា ការរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ ត្រូវតែមានដែនកំណត់ និងត្រូវកំណត់និយមន័យឱ្យបានច្បាស់លាស់ ហើយថា ការណ៍គ្រាន់តែគាំទ្រមេដឹកនាំនយោបាយ មិនស្ថិតក្រោមការកំណត់បែបនោះឡើយ។
មន្ត្រីជំនាញអង្គការសហប្រជាជាតិទាំងពីររូបនេះ ហៅការកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិក្នុងទ្រង់ទ្រាយធំនេះ ថាទំនងជាធ្វើឡើងផ្ទុយនឹងគោលការណ៍ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជាពិសេសគោលការណ៍សិទ្ធិស្មើគ្នា និងសិទ្ធិមានពេលវេលា និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ការត្រៀមការពារខ្លួនរបស់ពួកគេក្នុងពេលមានដំណើរការតតាំងក្ដីក្ដាំនៅចំពោះមុខច្បាប់។
មន្ត្រីជំនាញអង្គការសហប្រជាជាតិទាំងពីររូបនេះ អំពាវនាវដល់រដ្ឋាភិបាល ឱ្យស្ដារនិន្នាការនៃការធ្លាក់ចុះបច្ចុប្បន្ន ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិនយោបាយ និងសេរីភាពជាមូលដ្ឋាន។ ពួកគេក៏មិនភ្លេចដាស់តឿនរដ្ឋាភិបាល ឱ្យងាកមកដឹកនាំផ្ដោតលើវប្បធម៌សន្ទនាជាជាងផ្ដោតលើបញ្ហាបុគ្គល ដើម្បីធានាថា កម្ពុជាមានសន្តិភាពយូរអង្វែង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។