សមាគម​អាដហុក​រក​ឃើញ​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​ប្រើ​សិទ្ធិ​ហួស​ផ្លូវ​ច្បាប់​អំឡុង​ពេល​សវនាការ

0:00 / 0:00

សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​រក​ឃើញ​​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​ប្រើ​សិទ្ធិ​ហួស​ពី​គោល​ការណ៍​ច្បាប់ នៅ​ក្នុង​អំឡុង​ពេល​សវនាការ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​ភាព​អយុត្តិធម៌។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ដាក់​ពិន័យ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​​អនុវត្ត​ខុស​ច្បាប់។

សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ចេញ​ផ្សាយ​របាយការណ៍​នៅ​ថ្ងៃ​ទី២ ខែ​មករា រក​ឃើញ​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​ប្រើ​សិទ្ធិ​​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ ក្រោយ​ពី​បាន​ចូលរួម​ឃ្លាំមើល​សវនា​ការ ១៧៥ករណី នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត​ចំនួន២០ ចាប់​ពី​ខែមករា ឆ្នាំ២០២២ ដល់​ខែកក្កដា ឆ្នាំ២០២៣។

របាយការណ៍​​​​រក​ឃើញ​ថា តុលាការ​បាន​រារាំង​មិន​ឱ្យ​សាធារណជន ចូល ឬ​បណ្ដេញ​ចេញ​ពី​បន្ទប់​សវនាការ​មាន ៨១ភាគ​រយ រារាំង​មិន​ឱ្យ​​​អ្នក​សារព័ត៌មាន​ចូល ឬ​បណ្ដេញ​ចេញ​ពី​បន្ទប់​សវនាការ ៦៦ភាគ​រយ និង​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​ចំនួន ៩៧ភាគ​រយ។

របាយការណ៍​បញ្ជាក់​ថា ​​​​ចៅក្រម​ជំនុំជម្រះ​បាន​ប្រាប់​ឱ្យ​ជន​ជាប់​ចោទ​សុំទោស​មាន ៤៦ភាគ​រយ ព្រះរាជអាជ្ញា​ស្រែក​សម្លុត នៅ​ពេល​ជន​ជាប់​ចោទ​មិន​ឆ្លើយ​មាន​ចំនួន ៤ភាគ​រយ និង​ចៅក្រម ឬ​តំណាង​អយ្យការ​សម្ដែង​អាកប្បកិរិយា​សម្លុត​គំរាម​ជន​ជាប់​ចោទ​ចំនួន ១០ភាគ​រយ។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា តុលាការ​បាន​បន្ថែម​បទ​ល្មើស​ថ្មី នៅ​ពេល​ប្រកាស​សាលក្រម​មាន​ចំនួន ៧៨ភាគ​រយ ហើយ​នៅ​ក្នុង​សវនាការ​ក៏​មិន​បាន​ពន្យល់​លំអិត​អំពី​សិទ្ធិ​មាន​មេធាវី​ ឬ​សិទ្ធិ​ការពារ​ខ្លួន សិទ្ធិ​មិន​ឆ្លើយ សិទ្ធិ​មិន​បង្ខំ​ឱ្យ​សារ​ភាព​កំហុស​ សិទ្ធិ​ការ​សន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស​ដែល​កើត​ឡើង​ប្រមាណ ​៥០ភាគរយ​ក្នុង​សវនាការ។

ក្នុង​ចំណោម​ ១៧៥ករណី​ មាន​ ១៤២ករណី​​ ជន​ជាប់​ចោទ​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ហើយ​បើ​គិត​ដល់​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​ មាន​ជន​ជាប់​ចោទ​៨០​ករណី​​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ លើស​ពី​ ៦ខែ​រហូតដល់ ២ឆ្នាំ​ ។ ចំណែក​​​ករណី​ភាគច្រើន​នៃ​​​វិវាទ​ដីធ្លី​រវាង​សហគមន៍​ជាមួយ​នឹង​អ្នក​មាន​លុយ​​មានអំណាច​ចៅក្រម​ជំនុំ​ជម្រះ​ មិន​បាន​អនុញ្ញាត ឬ​កោះហៅ​ឱ្យ​សាក្សី​ដោះបន្ទុក​ចូល​រួម​ធ្វើ​សក្ខីកម្ម ទោះ​បី​ជា​មេធាវី​បាន​ដាក់​ស្នើ​ក៏​ដោយ។

វិទ្យុ​អាស៊ី​សេរី​មិន​​អាច​សុំ​ការ​ឆ្លើយ​តប​ជុំ​វិញ​ការ​រក​ឃើញ​នេះ លោក ជិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​​​សិទ្ធិ​មនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា ​បាន​ទេ នៅ​ថ្ងៃ​ទី២ ខែមករា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា តាម​រយៈ ​របាយការណ៍​នេះ​​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​កម្សោយ​របស់​ប្រព័ន្ធ​តុលាការ​ការ​នៅ​កម្ពុជា ដែល​ចៅក្រម និង​តំណាង​​អយ្យការ​បាន​ប្រើប្រាស់​តួនាទី​ហួស​ពី​ផ្លូវ​ច្បាប់ និង​ប្រាស់​ចាក​ពី​អគតិធម៌​ទាំង៤។ លោក ស៊ឹង សែនករុណា ថា ការ​លំអៀង​របស់​ចៅក្រម និង​តំណាង​អយ្យការ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត​រងគ្រោះ​ពី​អ្នក​មាន​លុយ​មាន​អំណាច​ផង​និង​តុលាការ​ផង។

លោក ស៉ឹង សែនករុណា៖«បញ្ហា​ដែល​យើង​ឃើញ​ហើយ​ កន្លង​មក​គឺ​ពាក់​ព័ន្ធ​នឹង​ករណី ដែល​យើង​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​រំលោភ​សិទ្ធិ​សកម្មជន​នយោបាយ សង្គម​ទាំង​អស់​នេះ យើង​ឃើញ​​ថា មាន​ករណី​ដែល​យើង​មើល​ទៅ​ហាក់​បី​ដូច​ជា​ចៅក្រម ឬ​តំណាង​អយ្យការ​ទាំង​អស់​ហ្នឹង​គឺ​នៅ​មិន​ទាន់​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ឯករាជ្យ​ភាព និង​អព្យាក្រឹត្យ​ភាព​ទេ​ ជា​ពិសេស​មិន​លោះ​នឹង​អគតិ​ទាំង៤»។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​​​​អាដហុក​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌​ចំនួន​៩ចំណុច រួម​មាន ពិនិត្យ និង​ដាក់​វិធានការ​​ច្បាស់​លាស់ ចំពោះ​ការ​អនុវត្ត​របស់​ចៅក្រម ​​និង​តំណាង​អយ្យការ​ទាំង​ឡាយ​ណា ដែល​អនុវត្ត​ផ្ទុយ​នឹង​គោល​ការណ៍​ច្បាប់។

កាល​ពី​​ឆ្នាំ២០២៣ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​សន្ទស្សន៍ នៃ​ការ​គោរព​នីតិរដ្ឋ ដោយ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា នៅ​ជិត​បាត​តារាង គឺ​ជាប់​លេខ១៤១ ក្នុង​ចំណោម ១៤២ ប្រទេស ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​មិន​គោរព​នីតិរដ្ឋ។ របាយការណ៍​នេះ​បញ្ជាក់​ថា ចំណាត់​ថ្នាក់​អាក្រក់​នេះ ដោយសារ​តែ​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា​​ទៅ​ក្នុង​វិស័យ​តុលាការ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។