ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​សោកស្ដាយ​ដែល​សាលាឧទ្ធរណ៍ លើក​ពេល​សវនាការ​ពួកគេ

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​(Adhoc) សោកស្ដាយ​ដែល​សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​លើ​ពួកគេ ខណៈ​ពួកគេ​រង់ចាំ​សវនាការ​នេះ​ជិត​៥​ឆ្នាំ​មក​ហើយ​។ តុលាការ​សម្រេច​លើក​ពេល​សវនាការ​ដោយសារ មេធាវី​អគ្គលេខា​រង​នៃ គ.ជ.ប លោក នី ចរិយា និង​ជា​អតីតមន្ត្រី​អាដហុក​ផង​នោះ ជាប់​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ១៩។

សវនាការ​សាលាឧទ្ធរណ៍​ភ្នំពេញ ថ្ងៃទី​២៥ ខែ​មីនា ជំនុំជម្រះ​លើ​បណ្ដឹង​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស ប្រឆាំង​នឹង​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​លើ​ពួកគេ​ឲ្យ​ជាប់ពន្ធ​គារ​៥​ឆ្នាំ​។ ទោះ​យ៉ាងណា សវនាការ​បាន​ចាប់ផ្ដើម​តែ​បន្តិច​ក៏​ត្រូវ​តុលាការ​លើក​ពេល ដែល​ធ្វើ​ឲ្យ​ការ​ទន្ទឹងរង់ចាំ​យុត្តិធម៌​របស់​មន្ត្រី​សិទ្ធិមនុស្ស​កាន់តែ​អូស​បន្លាយ​តទៅ​ទៀត។

ប្រធាន​សមាគម​អាដហុក លោក នី សុខា ដែល​ជា​អ្នក​រង​ការចោទប្រកាន់​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា ទោះ​ទោស​របស់​លោក​និង​មិត្ត​រួមការងា​រលោក​ផ្សេងទៀត​បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​លោក​នៅតែ​មាន​ឆន្ទៈ​ចង់​ឲ្យ​តុលាការ​បើកសវនាការ​។ លោក​សោកស្ដាយ​ថា ក្រុម​លោក​ប្ដឹង​ជិត​៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ សាលាឧទ្ធរណ៍​ទើប​ចាប់ផ្ដើម​សវនាការ​នៅ​ពេល​នេះ​។ លោក នី សុខា រិះគន់​ថា សំណុំរឿង​ចោទប្រកាន់​ពួកគាត់ គឺជា​រឿង​របស់​អ្នកនយោបាយ ដូច្នេះ​គួរ​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​គ្នា មិន​គួរ​យក​បញ្ហា​នេះ​មក​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​សង្គម​ស៊ីវិល៖ «​យើង​គិតថា រយៈពេល​នៃ​ការ​ពន្យារ​នេះ​យូរ​ពេក​ហើយ ខ្ញុំ​បាន​ជម្រាប​ហើយ​ថា នេះ​ជា​ការ​មួយ​ឲ្យ​យើង​សោកស្ដាយ​ចំពោះ​ពន្យារ​ដោយសារ​នេះ​ជា​រឿង​មួយ​ដែល​យូរ​ហួស​ធ្វើ​ឲ្យ​ទន្ទឹងរង់ចាំ​យុត្តិធម៌​យូរ​ពេក​គួរ​ណាស់​តុលាការ​ដំណើរការ​នីតិវិធី​ហ្នឹង​ឲ្យ​ឆាប់​នៅពេល​យើង​បាន​ប្ដឹង​ឧទ្ធរណ៍​កាលពី​ដំបូង​នោះ​បាទ»។

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ម្នាក់ទៀត អ្នកស្រី លឹម មុន្នី និយាយ​ថា អ្នកស្រី​មិន​សប្បាយចិត្ត​នៅពេល​តុលាការ​អូស​បន្លាយ​សវនាការ​នេះ​។ អ្នកស្រី​ស្នើ​ទៅ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ធ្វើ​ការងារ​បម្រើ​សង្គម ប៉ុន្តែ​បែរ​ត្រូវ​សាលាដំបូង​រាជធានី ភ្នំពេញ​កាត់ទោស​ទាំង​អយុត្តិធម៌ និង​បាន​ជាប់ឃុំ​ក្នុង​យ៉ាង​យូរ​ក្នុង​ពន្ធនាគារ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​គិតថា គឺជា​ការ​រុកគួន​ដល់​ក្រុម​សង្គម​ស៊ីវិល​ដែល​ពួក​យើង​អត់​មាន​ធ្វើ​នយោបាយ​អី​ទាំងអស់ ពួក​យើង​ធ្វើ​ការងារ​បម្រើ​សង្គម​ហើយ​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​រដ្ឋាភិបាល​នៅក្នុង​ការ​ជួយ​ជនរងគ្រោះ​ប៉ុណ្ណោះ»។

កាលពី​ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កសាង​សំណុំរឿង​ចោទ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង​៣​រូប​គឺ​លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​មន្ត្រី​សិទ្ធិមនុស្ស​ម្នាក់ទៀត​គឺ​លោក ណៃ វ៉ង់ដា ដែល​កាលនោះ​លោក​ជា​ម​ន្ត្រី​សមាគម​អាដហុក រួម​អគ្គលេខាធិការ​រង​នៃ​គ.ជ.ប លោក នី ចរិយា ដែល​លោក​ជា​អតីតមន្ត្រី​សមាគម​អាដហុក​ទាក់ទង​ការ​សូកប៉ាន់​សាក្សី។ នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា បាន​ប្រកាន់​អ្នក​ទាំង​៥​រូប​នេះ​។ តុលាការ​ក៏បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​១៤​ទោស​នៅសល់​ព្យួរ​ក្រោម​បទ​ចោទ​សមគំនិត និង​សូកប៉ាន់​សាក្សី​។ អ្នក​ទាំង​អស់​ក៏​សម្រេច​ប្ដឹង​ទាស់​ការសម្រេច​របស់​សាលាដំបូង​មក​សាលឧទ្ធរណ៍​កាលពី​ខែ​តុលា ឆ្នាំ​២០១៨។

អ្នក​តាមដាន​ដំណើរ​រឿង​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព និយាយ​ថា នៅ​ពេល​តុលាការ​ចាប់ផ្ដើម​សវនាការ​គឺ​មាន​ការ​រឹត​បន្តឹង លើ​អ្នកសារព័ត៌មាន​។ ទោះ​យ៉ាងណា តុលាការ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​ភាព​ប្រឆាំង​អំពើពុករលួយ ដែល​ជា​ភាគី​ចោទប្រកាន់​លើ​មន្ត្រី​សង្គម​សង្គម​ស៊ីវិល​អាច​ចូលក្នុង​សវនាការ និង​ថត​វីដេអូ​នៅក្នុង​បន្ទប់​សវនាការ​ថែម​ទៀត​ផង៖ «យើង​ដឹង​ហើយ​ថា ករណី​ចោទ​ប្រកាន់​លើ​ពួកគាត់​ទាំង​ប្រាំ​រូប​នេះ គឺ​មាន​ការ​ដាក់​សំណុំរឿង​ចេញ​គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហ្នឹងហើយ គាត់​ជា​ភាគី​ដើម្បី​បណ្ដឹង គាត់​ជា​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​បណ្ដឹង​ហ្នឹងហើយ​គាត់​ជា​អ្នកមាន​សិទ្ធិអំណាច ក្នុង​ការ​ថត រូប ឬក៏​ថត​វីដេអូ​ទៀត ខ្ញុំ​មើលទៅ​វា​មិន​សម​ហេតុផល»។

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​សាលាឧទ្ធរណ៍​រាជធានី ភ្នំពេញ លោក យូ ប៊ុនឡេង ប៉ុន្តែ​នៅពេល​លោក​ឮ​ថា អ្នកសារព័ត៌មាន​មកពី​វិទ្យុ​អាស៊ីសេរី​លោក​ប្រាប់​ថា រវល់​រួច​បិទ​ទូរស័ព្ទ។

លោក នី សុខា លើកឡើង​ថា សាក្សី​ដាក់​បន្ទុក​ពីរ​នាក់​គឺ នាង ខុម ចាន់តារាទី និង​អ្នកស្រី​មេធាវី ទ្រី ឈួន មិនដែល​បាន​ចូល​បំភ្លឺ​តុលាការ​តាំងពី​សំណុំ​រឿង​នេះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មក​ម្ល៉េះ។ លោក​ស្នើ​ទៅ​តុលាការ​ឲ្យ​កោះហៅ​សាក្សី​ទាំងពីរ​នាក់​នេះ​មក​បំភ្លឺ​នៅ​តុលាការ​ផង​នៅពេល​ចាប់ផ្ដើម​សវនាការ​ជាថ្មី​។ បើ​គ្មាន​ការប្រែប្រួល សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​លើ​សំណុំ​រឿង​នេះ​នៅ​ចុង​ខែ​មេសា​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។