សកម្មជន​​សង្គម​​និង​​សកម្មជន​​នយោបាយ​​ពីរ​នាក់​​ទៀត​​ត្រូវ​​បាន​​ដោះលែង​​និង​​ព្យួរ​ទោស​

0:00 / 0:00

សកម្មជន​សង្គម​ម្នាក់ ត្រូវ​បានតុលាការ​ដោះលែង​នៅថ្ងៃនេះ។ ទោះយ៉ាងណា​ មន្ត្រី​សង្គម​ស៊ីវិល​​បន្ត​​ជំរុញ​ទៅ​តុលាការ​គួរ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​រូប​លោក ប៉ុន្តែ​មន្រ្តី​បក្ស​កាន់​អំណាច​ថា ​ការសម្រេច​បែប​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

សកម្មជនសង្គម​​យុវជន មួង សុភ័ក្រ បាន​ចេញពីពន្ធនាគារ​នៅ​ថ្ងៃ​ទី១១ ខែវិច្ឆិកា ក្រោយ​​​អនុវត្ត​ទោស​គ្រប់​ចំនួន​កំណត់។ យុវជន មួង សុភ័ក្រ មាន​ទឹកមុខ​ស្លេកស្លាំង​​និង​ស្គមស្គាំង​ ក្រោយ​លោក​​ជាប់​ពន្ធនាគារ​​អស់​រយៈ​ ១៤​ខែ។ ទោះយ៉ាងណា យុវជនរូបនេះ នៅ​តែ​ប្ដេជ្ញា​ចិត្ត​បន្ត​​ការងារ​សង្គម​ដដែល​។​

អតីតអ្នក​ទោសមនសិការរូបនេះ រិះគន់​ថា​ ស្ថាន​ភាព​ក្នុង​ពន្ធនាគារ​មាន​​​ការ​បែង​ចែក​វណ្ណៈ​ ​ហើយ​ថ្នាំ​សង្កូវ​​​មិន​គ្រប់​គ្រាន់​​។ លោក​ថា​ នៅ​ពន្ធនាគារ​មាន​តែ​ថ្នាំ​ប៉ារ៉ា​​ប៉ុណ្ណោះ​សម្រាប់​ព្យាបាល​គ្រប់​សព្វ​មុខ៖ « ប្រព័ន្ធ​សុខាភិបាល​និយាយ​ឲ្យ​ចំ​ទៅ​ខ្សោយ​មែន​ទែន​ព្រោះ​ពេល​បុគ្គល​ណា​ឈឺ​អី​ក៏​ដោយ​​ គឺ​មាន​ថ្នាំ​តែ​គ្រាប់​លេប​​អ៊ីចឹង​ យើង​ពិបាក ​ពេល​ណា​យើង​ត្រូវ​រក​ថ្នាំ​លេប​ យើង​ត្រូវ​ទាក់ទង​ទៅ​គ្រួសារ​។ ដល់​យើង​អត់​បាន​​ទំនាក់ទំនង​គ្រួសារ​​យើង​រក​ថ្នាំ​លេប​អត់​បាន»។

វិទ្យុអាស៊ីសេរី​មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា បាន​ទេ​នៅថ្ងៃទី១១ ខែវិច្ឆិកា។​​​

សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ១០០​រាត្រី លោក មួង សុភ័ក្រ ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ដែល​ត្រូវ​បាន​​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន កាលពី​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ចោទ​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​និង​ជា​អ្នកឃ្លាំមើល​ព្រំដែន​លោក រ៉ុង ឈុន ដែល​មាន​គម្រោង​ទៅ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។

កាល​ពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​ ក្រុម​សកម្មជន​សង្គម ៥នាក់​​​ ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​បន្ទាប់​ពី​ពួក​គេ​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​ក្នុង​ពន្ធនាគារ​។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​​លោក ប៉ែន ច័ន្ទសង្គ្រាម ដែល​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​ ១១ ​ខែ​ក្នុង​សំណុំរឿង​ « ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ » ​ក៏​នឹង​ត្រូវ​តុលាការ​ដោះលែង​​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ដែរ។

កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​លោក សេង ស៊ីវុត្ថា បាន​ប្រកាស​សាលដីកា​សម្រេច​ឲ្យ លោក ប៉ែន ច័ន្ទសង្គ្រាម ​អនុវត្តទោស​ក្នុងពន្ធនាគារ​ចំនួន ១០ខែ ២០ថ្ងៃ ដោយ​ឡែក​ទោស​ដែល​នៅ​សល់ ៣ឆ្នាំ​ទៀត​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​អនុញ្ញាត​ឲ្យ​ព្យួរ​​។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​មេធាវី​ការពារ​ក្ដី​លោក​ ប៉ែន​ ​ច័ន្ទសង្គ្រាម​ គឺ​លោក​ សំ សុគង់ បាន​ទេ​នៅ​ថ្ងៃ​ទី​១១​​ ខែ​វិច្ឆិកា​។ ទោះយ៉ាងណា​ មេធាវី​រូប​នេះ​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ (វីអូឌី​) ដឹង​ថា​ គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​កូន​ក្ដី​លោកមកដល់​ពេលនេះ ​ជិត​ដល់​ចំនួន​កំណត់​ហើយ ដូច្នេះ​លោក​ថា នាប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​​ កូន​ក្ដី​លោក​អាច​នឹង​ត្រូវតុលាការ​ដោះ​លែង។

ប្រធាន​អង្គការសម្ព័ន្ធភាព​ការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC)​ លោក រស់ សុដ្ឋា សង្កេត​​ឃើញ​ថា​ សំណុំរឿង​ទាំងនេះមាន​ពាក់ព័ន្ធ​នឹង​នយោបាយ​​ច្រើន​​ជាង​​ការ​​អនុវត្ត​ច្បាប់​។​ ​​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ​​គួរ​ដល់ពេល​​តុលាការ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​លើ​សកម្មជន​សង្គម​និង​សកម្មជន​នយោបាយ​​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ហើយ៖ « កុំ​ឲ្យ​មាន​ការ​ព្យួរ​អី​ឲ្យ​ស្អាត​​តែ​ម្ដង​ទៅ​ ព្រោះ​យើង​ពិនិត្យ​មើល​បង​ប្អូន​​គាត់​​អនុវត្ត​សិទ្ធិ​របស់​គាត់​ណា​ មាន​ទៅ​រំលោភ​អី​ទេ​ ធ្វើ​ឲ្យ​ស្អាត​តែ​ម្ដង​ទៅ​ កិត្តិយស​រដ្ឋាភិបាល​នឹង​មាន​ការ​ល្អ​ប្រសើរ​ការ​សាទរ »

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន​ និយាយ​ថា​ ការ​ដោះលែង​​សកម្មជន​ទាំង​នោះ​ គឺ​តុលាការ​ពិនិត្យ​ជាក់ស្ដែង​តាម​សំណុំរឿង​នីមួយៗ​ និង​គ្មាន​ការ​គាប់​សង្កត់​អ្នក​ណា​នោះ​ទេ៖ «​ អ៊ីចឹង​ សុំ​កុំ​ឲ្យ​បញ្ហា​​ថា​ មាន​គំនាប​ខាង​ក្រៅ​ដាក់​លើ​រាជរដ្ឋាភិបាល​ ទើប​មាន​ការ​ដោះលែង​អត់​។ អ៊ីចឹង​​​បង​ប្អូន​ ដែល​ជាប់​ពាក់ព័ន្ធ​បាន​រួច​ហើយ​​ ទោះ​បី​ឋិត​ក្នុង​ការ​ត្រួត​ពិនិត្យ​ ឬ​មិន​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ក៏​សុំ​ឲ្យ​កែប្រែ​ខ្លួន​​ទៅ​ជា​ពលរដ្ឋ​ល្អ​ដូច​គេ​ដូច​ឯង​ទៅ​ អត់​មាន​បញ្ហា​អី​ទេ »

ចាប់តាំង​ពី​អាជ្ញាធរ​សម្រុក​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​សង្គម​ បរិស្ថាន និង​សកម្មជន​បក្ស​ប្រឆាំ​ដាក់​ពន្ធនាគារ​ជា​បន្ត​មក ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ តែង​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឲ្យដោះ​​អ្នក​ទាំង​នោះ​​ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​ទាំង​នេះ គឺ​ជា​ការគំរាមកំហែង និង​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ មួយរយៈពេល​ចុងក្រោយ​នេះរបប​លោក ហ៊ុន សែន បាន​ដោះលែង​សកម្មជន​បរិស្ថាន និង​នយោបាយ​ជា​បន្តបន្ទាប់នៅ​ពេល​ដែល​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​អាស៊ាននិង​រងសម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជា​ច្រើន​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។