សាលាឧទ្ធរណ៍បាត់ដំបងគ្រោងប្រកាសសាលដីកាសំណុំរឿងរបស់ព្រះសង្ឃ លួន សុវ៉ាត នៅថ្ងៃទី២៣ ខែធ្នូខាងមុខ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី៨ ខែធ្នូនេះ។ សំណុំរឿងនេះពាក់ព័ន្ធនឹងការកាត់ទោសកំបាំងមុខរបស់សាលាដំបូងខេត្តសៀមរាបថា ព្រះអង្គបានប្រព្រឹត្តអំពើ «រំលោភសេពសន្ថវៈ» និង «បរិហារកេរ្តិ៍ជាសាធារណៈ»។ មន្ត្រីសិទ្ធិមនុស្សរំពឹងថា តុលាការជាន់ខ្ពស់មួយនេះនឹងសម្រេចក្ដីនេះដោយឯករាជ្យ។
សវនាការសំណុំរឿងព្រះភិក្ខុ លួត សុវ៉ាត នៅសាលាឧទ្ធរណ៍បាត់ដំបងនេះ ធ្វើឡើងដោយកំបាំងមុខ និងអសាធារណៈ ដោយមានការចូលរួមពីភាគីដើមបណ្ដឹង និងមេធាវីតំណាងរបស់ព្រះអង្គ។
មេធាវីការពារក្ដីឱ្យព្រះភិក្ខុ លួន សុវ៉ាត គឺលោក មឿន សុវណ្ណ ថ្លែងថា លោកមិនអាចផ្ដល់ព័ត៌មានលម្អិតអំពីសវនាការនេះបានទេ ព្រោះជាសវនាការអសាធារណៈ។ ប៉ុន្តែលោកឱ្យដឹងថា ភាគីដើមបណ្ដឹងបានសម្រេចដកពាក្យបណ្ដឹងវិញ ហើយលោកបានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះទម្លាក់ចោលបទចោទប្រកាន់លើកូនក្ដីរបស់លោក៖ «គាត់សុំបញ្ចប់សំណុំរឿងរបស់គាត់ប៉ុណ្ណឹង អ៊ីចឹងការប្ដឹងទាមទារអ្វីផ្សេងៗរបស់គាត់ គឺជាដើមបណ្ដឹងរដ្ឋប្បវេណី គាត់សុំដកពាក្យបណ្ដឹងហើយព្រឹកមិញហ្នឹង ជាសំខាន់។ ហើយចាំយើងទុកឱ្យតុលាការពិនិត្យពិចារណាសម្រេចដោយឆន្ទានុសិទ្ធិចុះ » ។
តុលាការខេត្តសៀមរាប កាលពីខែមីនាកន្លងទៅ បានសម្រេចផ្ដន្ទាទោសកំបាំងមុខព្រះអង្គ លួន សុវ៉ាត ដាក់ពន្ធនាគារចំនួន ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥លានរៀលពីបទ «រំលោភសេពសន្ថវៈ» និងបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៦ និងនៅខេត្តសៀមរាប កាលពីខែឧសភា ឆ្នាំ២០២០។ សាលក្រមដដែលបានបង្គាប់ឱ្យចាប់ឃុំព្រះកាយព្រះអង្គ និងឱ្យព្រះអង្គបង់សំណងជំងឺចិត្តដល់ភាគីដើមបណ្ដឹងចំនួន ៥០ លានរៀល ឬជាង ១ម៉ឺន ២ពាន់ដុល្លារ (១២.៥០០$) ដល់ភាគីដើមបណ្ដឹង ព្រមទាំងរឹបអូសវត្ថុចាប់យកជាច្រើនមុខ ក្នុងនោះរួមទាំងរថយន្តមួយគ្រឿងផងដែរ។ មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិចាត់ទុកសំណុំរឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយចំពោះព្រះអង្គ លួន សុវ៉ាត ដែលតែងតែសកម្មក្នុងកិច្ចការជួយសង្គម។ ព្រះអង្គ លួន សុវ៉ាត បានភៀសព្រះកាយសុំសិទ្ធិជ្រកកោននៅប្រទេសស្វីស (Switzerland)។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងភាគីដើមបណ្ដឹង ដើម្បីសាកសួរអំពីមូលហេតុនៃការដកបណ្ដឹងវិញនោះទេ នៅថ្ងៃទី៨ ខែធ្នូ។
ក្ដីក្ដាំប្រឆាំងនឹងព្រះតេជព្រះគុណ លួត សុវ៉ាត នេះ កើតមានឡើង បន្ទាប់ពីសារសន្ទនាស្នេហាមួយចំនួន ត្រូវបានគេផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០។ អំឡុងពេលនោះ ប៉ូលិសបានចុះឆែកឆេរផ្ទះសាច់ញាតិរបស់ព្រះអង្គ និងសួរចម្លើយស្ត្រី ៤នាក់ ជាបងប្អូន និងម្ដាយ ដែលត្រូវបានចោទប្រកាន់ក្នុងវីដេអូ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ទោះជាយ៉ាងណា ប៉ុន្មានខែក្រោយមក កាសែត ឌឹ ញូវយ៉កថាម(The New York Time) ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយ ដោយបង្ហាញថា មន្ត្រីនៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺជាអ្នកបង្កើត និងបង្ហោះសារជាវីដេអូសំឡេងកាត់តទាំងនោះទៅលើបណ្ដាញសង្គម។
រីឯព្រះតេជព្រះគុណ លួន សុវ៉ាត វិញ ព្រះអង្គមានថេរដីកាថា នេះជាការចោទប្រកាន់ដោយអយុត្តិធម៌ពាក់ព័ន្ធនឹងនយោបាយ និងជាការប្រឌិតរឿងដើម្បីធ្វើទុក្ខបុកម្នេញលើព្រះអង្គ ដែលជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងព្រះភិក្ខុ លួន សុវ៉ាត ដើម្បីសុំប្រតិកម្មពីព្រះអង្គជុំវិញដំណើរក្ដីនៅសាលាឧទ្ធរណ៍បាត់ដំបង ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ គិតត្រឹមម៉ោងផ្សាយនេះ។
ចំណែកអគ្គលេខាធិការ និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀង សំបូរ វិញមានប្រសាសន៍ថា សេចក្ដីសម្រេចយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាជំនុំជម្រះ ដែលនឹងប្រកាសសាលដីកានៅថ្ងៃទី២៣ ខែធ្នូ ខាងមុខ៖ «នៅលើការពិភាក្សារបស់ក្រុមប្រឹក្សាក្នុងការសម្រេចតាមនីតិវិធីច្បាប់ តាមមាត្រាច្បាប់ច្បាស់លាស់ ខ្ញុំមិនអាចបញ្ជាក់ជូនបានទេ »។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)លោក រស់ សារ៉ាត់ សង្កេតឃើញថា តុលាការហាក់មិនមានភស្តុតាងរឹងមាំដើម្បីដាក់បន្ទុកលើព្រះអង្គ លួន សុវ៉ាត នោះទេ ក្រៅពីសារសំឡេងដែលត្រូវបានគេផ្សព្វផ្សាយលើបណ្ដាញសង្គម។ លោកស្នើដល់សាលាឧទ្ធរណ៍បាត់ដំបងពិនិត្យករណីនេះឱ្យបានហ្មត់ចត់ និងផ្ដល់យុត្តិធម៌ដល់ព្រះអង្គវិញ៖« ព្រះអង្គ លួន សុវ៉ាត ខ្ញុំគិតថា ក៏មិនខុសពីសកម្មជនសិទ្ធិមនុស្សផ្សេងៗទៀតដែរ ពួកគាត់ធ្វើការដើម្បីសង្គម ដើម្បីប្រយោជន៍ប្រទេសជាតិ ដើម្បីប្រយោជន៍រួមរបស់ខ្មែរ តែបែរជាត្រូវទទួលបានការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ។ អ៊ីចឹងយើងសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌សម្រាប់ព្រះអង្គ លួន សុវ៉ាត និងសកម្មជនផ្សេងៗទៀត ដែលពួកគាត់កំពុងមានករណីក្ដីក្ដាំនៅតុលាការ »។
ព្រះតេជព្រះគុណ លួន សុវ៉ាត គឺជាសកម្មជនសង្ឃដ៏លេចធ្លោមួយអង្គ និងជាអ្នកការពារសិទ្ធិមនុស្ស ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ ព្រះអង្គធ្លាប់ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សអន្តរជាតិពីប្រទេសស្វីស។
ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) កត់សម្គាល់ក្នុងរបាយការណ៍ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២០ថា ព្រះអង្គ លួន សុវ៉ាត បានក្លាយជាគោលដៅនៃការគំរាមកំហែងពីគណបក្សកាន់អំណាច។ អង្គការដដែលគូសបញ្ជាក់ថា អ្វីដែលកំពុងកើតឡើងនេះ គឺជាយុទ្ធនាការបំភិតបំភ័យ និងមួលបង្កាច់លើអ្នកការពារសិទ្ធិមនុស្សដោយមិនត្រឹមត្រូវ។ អង្គការលីកាដូលើកឡើងទៀតថា យុទ្ធនាការមួលបង្កាច់នេះ មានគោលបំណងធ្វើឱ្យខូចកិត្តិយសរបស់ព្រះអង្គ លួន សុវ៉ាត ដែលជាអ្នកតែងតែទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សដែលអាជ្ញាធរបានប្រព្រឹត្តិ។ ជាមួយគ្នានេះ អង្គការលីកាដូសោកស្ដាយជាខ្លាំងដែលអាជ្ញាធរកម្ពុជាបន្តបង្ក្រាបលើភាពសកម្មនិយមផ្នែកសិទ្ធិមនុស្ស ដោយមិនលើកលែងសូម្បីតែព្រះសង្ឃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។