ព្រះសង្ឃ​និង​ពលរដ្ឋ​ធ្វើ​ពិធី​បួងសួង​សុំ​ឲ្យ​តុលាការ​ដោះលែង​មនុស្ស​១៨​នាក់

0:00 / 0:00

ប្រជាពលរដ្ឋ ព្រះ​សង្ឃ សកម្មជន​ដីធ្លី តំណាងរាស្ត្រ​គណបក្ស​នយោបាយ អង្គការ​សមាគម និង​សហគមន៍​ដីធ្លី បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។ នេះ​ជា​ការ​ជួបជុំ​គ្នា​លើក​ទី​៤ ហើយ នៅ​មុខ​ពន្ធនាគារ​ព្រៃស ចាប់​តាំង​ពី​អាជ្ញាធរ​ចាប់​សកម្មជន​ការពារ​ដីធ្លី ហើយ​ការ​ជួបជុំ​នេះ ដើម្បី​​ទាមទារ​ឲ្យ​ស្ថាប័ន​របស់​រដ្ឋ​មួយ​នេះ ដោះលែង​ព្រះសង្ឃ​បី​អង្គ សកម្មជន​គណបក្ស​នយោបាយ ៥​រូប និង​ស្ត្រី​តស៊ូ​ក្នុង​រឿង​ដីធ្លី​ចំនួន ១០​នាក់​ពី​ពន្ធនាគារ។

ការ​តវ៉ា​ដោយ​អហិង្សា និង​សន្តិវិធី​នេះ បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​បួន​ហើយ គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ធ្នូ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​អស់ ដែល​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​ដីធ្លី ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​បាន​នៅ​ក្រៅ​ឃុំ ខណៈ​ដែល​ស្ត្រី​ទាំង ៨​នាក់ បន្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥ ដោយ​ពុំ​មាន​ដំណោះស្រាយ។

ការ​តវ៉ា​នៅ​ខាង​មុខ​ពន្ធនាគារ​លើក​នេះ ដូច​ពេល​មុន​ដែរ គឺ​ក្រុម​អ្នក​តវ៉ា​រៀបចំ​ពិធី​ស្មិងស្មាធិ៍ មាន​ព្រះ​សង្ឃ​ទេសនា ស្វាធ្យាយធម៌​ផ្សាយ​មេត្តា​ចិត្ត និង​នៅ​នាទី​ចុង​ក្រោយ​មុន​ចាកចេញ​ពី​មណ្ឌល​កែប្រែ ម​២ ឆ្ពោះ​ទៅ​មណ្ឌល​កែប្រែ ម១ គឺ​ក្រុម​អ្នក​តវ៉ា​បាន​បង្ហោះ​ប៉ោងៗ ជា​សញ្ញា​ទី​មួយ បង្ហាញ​ឲ្យ​អ្នក​ជាប់​ឃុំ​ដឹង​ថា ពួក​គេ​នៅ​ខាង​ក្រៅ មិន​ព្រងើយ​កន្តើយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ និង​ទី​ពីរ​ជា​សារ​បញ្ជាក់​ថា អ្នក​តស៊ូ​ក្នុង​វិវាទ​ដីធ្លី ព្រម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។

ក្រៅ​ពី​នេះ រឿង​នៅ​ថ្ងៃ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ទាំង ១៨​នាក់ ឈាន​ចូល​​ដល់​សប្ដាហ៍​ទី​បួន​នេះ របាំង​ដែល​ធ្លាប់​តែ​ដាក់​ពង្រាយ​ក្បែរ​របង​ពន្ធនាគារ ម២ បែរ​ជា​រំកិល​ចូល​មក​ដល់​ក្បែរ​ផ្លូវ​ធំ​ទៅ​វិញ។ ប៉ុន្តែ​របាំង​នេះ ត្រូវ​បាន​រំកិល​ទៅ​ដាក់​កន្លែង​ដើម​វិញ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បង្ខំ​ចិត្ត​ឆ្លង​កាត់​លើ​ដី​ទួល​ឆ្ពោះ​ទៅ​ក្បែរ​មណ្ឌល​កែប្រែ ម២។ ជាង​នេះ​ទៀត​នោះ គឺ​ជា​លើក​ទី​មួយ​ហើយ ចាប់​តាំង​ពី​មាន​ការ​តវ៉ា​នៅ​មុខ​ពន្ធនាគារ គឺ​សំឡេង​ធុងបាស​ត្រូវ​បាន​​ចាក់​បំពង​​សំឡេង​ចេញ​ពី​ផ្នែក​ខាង​ក្នុង​នៃ​បរិវេណ​មណ្ឌល​កែប្រែ ម១។ សំឡេង​ដែល​បន្ទរ​ឮ​ខ្លាំងៗ​នេះ ទំនង​ចង់​ប្រណាំង​នឹង​សំឡេង​របស់​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​ពន្ធនាគារ​ដើម្បី​​ស្នើ​សុំ​បំភ្លឺ​ជុំវិញ​​ការ​​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​បាន​ទេ។ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ ដែល​បាន​បញ្ជូន​ពេទ្យ​ដើម្បី​ចូល​ពិនិត្យ​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​បញ្ជាក់​ថា ក្នុង​ចំណោម​ស្ត្រី​ទាំង ៨​នាក់ ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ ក្នុង​នោះ​លោកស្រី បូ ឆវី មាន​សភាព​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ជាង​គេ។ បើ​ទោះ​ជា​បែប​នេះ​ក្តី ពេទ្យ​ដែល​​អង្គការ​លីកាដូ បញ្ជូន​ដើម្បី​ពិនិត្យ​សុខភាព​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​នៃ​អង្គការ-​សមាគម​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា ច្រាក (CHHRAC) លោក សួន ប៊ុនស័ក្ដិ ចាត់​ទុក​ថា រូប​ភាព​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ធ្វើ​ដូច​នេះ គឺ​កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ លោក​ថ្លែង​ថា រដ្ឋាភិបាល​គប្បី​ពិនិត្យ​ឡើង​វិញ​ពី​វិធីសារ​នានា ស្ដីពី​សិទ្ធិមនុស្ស​ដែល​ខ្លួន​បាន​​ទទួល​ស្គាល់​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ពេល​កន្លង​ទៅ។

ចំណែក​ក្រុម​កុមារ​តូចៗ​វិញ ដែល​ម្ដាយ​របស់​ពួក​គេ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ក្រោម​អំណាច​សាលក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទ្រហោយំ​នៅ​ខាង​ក្រៅ​របង​ពន្ធនាគារ ដោយ​ទទូច​សុំ​ឲ្យ​ដោះលែង​ម្ដាយ​របស់​ពួកគេ​មក​វិញ៖ «ខ្ញុំ​បាន​រស់​នៅ​មាន​សុភមង្គល​ជាមួយ​គ្រួសារ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ម្ដាយ»

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំមើល​ការ​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ចាត់​ទុក​ថា អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នេះ គប្បី​ដោះលែង​ឲ្យ​មាន​សេរីភាព។ ការ​ចាប់​ខ្លួន​គឺ​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​ដែល​ឈាន​រហូត​មាន​អំណាច​សាលក្រម​ពី​តុលាការ​ដូច្នេះ​ឡើយ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា អ្នក​ដែល​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ គឺ​ពួក​គេ​សុទ្ធ​តែ​ជា​កូន​អុក និង​ជា​គ្រាប់​ឡុកឡាក់​របស់​អ្នក​នយោបាយ ដើម្បី​សម្រេច​គោលដៅ​អ្វី​មួយ។ លោក អំ សំអាត អំពាវនាវ​សូម​ឲ្យ​អ្នក​នយោបាយ​ឈប់​ប្រើប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ត​ទៅ​ទៀត៖ «ទទូច​ហើយ​ទទូច​ទៀត សូម​ឲ្យ​គណបក្ស​ទាំង​ពីរ​ឈប់​យក​ប្រជាពលរដ្ឋ ឈប់​យក​សកម្មជន​ដីធ្លី ឈប់​យក​សកម្មជន​របស់​គណបក្ស ឈប់​យក​ព្រះសង្ឃ​ធ្វើ​ជា​ឧបករណ៍ ឬ​ជា​ចំណាប់​ខ្មាំង»

ទោះជា​យ៉ាង​ណា ការ​តវ៉ា​ក្នុង​សប្ដាហ៍​ទី​បួន​នេះ អ្នក​ចូល​រួម​មាន​ចំនួន​កើន​ឡើង បើ​ប្រៀប​កាល​បី​សប្ដាហ៍​កន្លង​ទៅ។ លើក​នេះ មនុស្ស​ប្រមាណ ៣០០​នាក់ និង​ព្រះសង្ឃ​ប្រហែល ២០​អង្គ​ផង បាន​ចូលរួម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ដោះលែង ក្នុង​នោះ​គឺ​មក​ពី​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី អង្គការ សមាគម សមាជិក​នៃ​សមាគម​​គ្រូបង្រៀន សហជីព និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង។

ដោយ​ឡែក លោក ណៃ វ៉ង់ដា មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) វិញ ថ្លែង​ថា បើ​ដំណោះស្រាយ​តាម​មធ្យោបាយ​តវ៉ា​ដោយ​អហិង្សា​នេះ នៅ​តែ​មិន​អាច​ទៅ​រួច​ទៀត គឺ​នៅ​មាន​ចលនា​តវ៉ា​ដោយ​សន្តិវិធី​ពី​អង្គការ សមាគម​មួយ​ចំនួន​បន្ថែម​លើ​សកម្មភាព​ដែល​មាន​ស្រាប់​នេះ។ លោក​បន្ត​ទៀត​ថា ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​ទាំង​នោះ នឹង​ធ្វើ​យុទ្ធនាការ​ប្រហាក់ប្រហែល​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ ប្រឆាំង​ការ​ឃុំ​ខ្លួន​ទាំង​នោះ៖ «នៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ទៀត កំពុង​តែ​រៀបចំ​ក្បួន។ ខ្ញុំ​​គិត​ថា យ៉ាង​ហោច​ណាស់​ថ្ងៃ ២០ ជាង​ដែរ​នឹង​អាច​មាន​សកម្មភាព​គគ្រឹកគគ្រេង​បន្ថែម​ទៀត»

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ ធ្នូ សកម្មជន​តស៊ូ​ក្នុង​រឿង​ដីធ្លី​ជា​ស្ត្រី​​ចំនួន ៨​នាក់ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ឈាន​ចូល​ថ្ងៃ​ទី​៥​ហើយ។ អ្នក​ទាំង​នោះ​ព្រមាន​ថា នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត ប្រឆាំង​ការ​ឃុំ​ខ្លួន​នេះ រហូត​មាន​ដំណោះស្រាយ​អាច​ចេញ​ពី​ពន្ធនាគារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។