អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម ១អង្គ នៅខេត្តកំពង់ចាម ក្រោមហេតុផលល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ អង្គការសមាគមខ្មែរក្រោម ច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកករណីនេះគឺ ជាការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃខ្មែរក្រោម។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ករណីនេះបង្កើតនូវមន្ទិលសង្ស័យជាច្រើនដែលបណ្តាលឱ្យប៉ះពាល់សិទ្ធិរបស់ព្រះអង្គ។
អាជ្ញាធរនៅមិនទាន់បង្ហាញទីកន្លែងឃុំព្រះកាយ ព្រះសង្ឃខ្មែរកម្ពុជាក្រោមជាព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញព្រះអង្គ ប៉ាង សុដា នៅឡើយទេ ក្រោយព្រះអង្គត្រូវបានអាជ្ញាធរចាប់និងផ្សឹក កាលពីថ្ងៃទីថ្ងៃទី២ កញ្ញា។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ ថ្លែងប្រាប់អាស៊ីសេរីថា មន្ត្រីសង្ឃនិង មន្ទីរខេត្តបានផ្សឹកព្រះអង្គ ប៉ាង សុដា ស្របតាមពុទ្ធបញ្ញត្តិដើម្បីឱ្យគាត់ដោះស្រាយតាមផ្លូវច្បាប់។ លោកបន្តថា ការផ្សឹកនេះអនុវត្តតាមដីការបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលចេញដីកាចាប់ខ្លួនដើម្បីយកទៅសាកសួរជុំវិញបទចោទប្រកាន់ល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ លោកឱ្យដឹងថា មន្ត្រីខេត្តត្រឹមតែជួយសម្របសម្រួលផ្សឹក ចំណែកកិច្ចការបន្ទាប់គឺជាភារកិច្ចរបស់តុលាការនិងស្ថាប័នផ្សេងទៀត៖ «សមត្ថកិច្ចគេសំណូមពរឱ្យមន្ត្រីសង្ឃជួយសម្របសម្រួលឱ្យព្រះអង្គ ប៉ាង សុដា លាចាកសិក្ខាបទដើម្បីគេអនុវត្តដីកាពីព្រោះគេអត់ចង់ធ្វើជាលោកសង្ឃដែលអាចប៉ះពាល់ដល់ព្រះពុទ្ធសាសនា ការលាចាកសិក្ខាបិទហ្នឹងក្រោមការសម្របសម្រួលរបស់មន្ត្រីសង្ឃ នៅពេលព្រះរាជអាជ្ញាគេចេញដីកាចោទប្រកាន់មានន័យថាគាត់មានបញ្ហាជាមួយផ្លូវច្បាប់ជាមួយរាជការ អ៊ីចឹងគឺតាមវិន័យសាសនាឱ្យគាត់ចេញទៅតតាំងអីសិនទៅ»។
ប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះតេជព្រះគុណ ឃឹម សន មានថេរដីកាថាព្រះអង្គមិនដឹងមូលហេតុឈាននៃការចាប់ព្រះកាយព្រះអង្គនោះទេ ចំណែករបាយការណ៍ជុំវិញរឿងនេះគណៈសង្ឃខេត្ត ព្រះអង្គក៏មិនទាន់ទទួលបានដែរ។ ព្រះអង្គបន្តថា ប្រសិនព្រះសង្ឃធ្វើខុសធម្មវិន័យត្រូវផ្សឹកជាមុនសិន ប៉ុន្តែប្រសិនបើអាជ្ញាធររដ្ឋរកមិនមានកំហុសព្រះអង្គ ប៉ាង សុដា អាចបួសជាព្រះសង្ឃឡើងវិញបាន។
អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរព័ត៌មានអំពីការចាប់ខ្លួននេះបានទេ នៅថ្ងៃទី៤ កញ្ញា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ព្រះអង្គ ប៉ាង សុដា ត្រូវបានមន្ត្រីសង្ឃខេត្តកំពង់ចាម ២អង្គចាប់ផ្សឹកហើយសមត្ថកិច្ចខេត្តនិងក្រសួងមហាផ្ទៃបានបញ្ជូនព្រះកាយមកភ្នំពេញកាលពីថ្ងៃទី០២ កញ្ញា ដោយធ្វើឡើងយ៉ាងតក់ក្រហល់តែរហូតមកដល់ថ្ងៃនេះ មិនទាន់បានបង្ហាញទីកន្លែងដែលអាជ្ញាធរឃុំព្រះអង្គនៅឡើយទេ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ ឡែន ប្រាប់វិទ្យុអាស៊ីសេរីថា បន្ទាប់ពីមន្ត្រីសង្ឃចាប់ផ្សឹកនិងឃុំព្រះកាយមក ព្រះអង្គ ប៉ាង សុដា បានទាក់ទងមកលោកនៅថ្ងៃទី៤ កញ្ញានេះ ដោយប្រាប់ថា ព្រះអង្គមានសុខភាពធម្មតា ប៉ុន្តែព្រះអង្គមិនអាចបញ្ជាក់អំពីកន្លែងដែលសមត្ថកិច្ចឃុំព្រះកាយបានទេ។ លោកខកចិត្តជាខ្លាំងចំពោះអាជ្ញាធរដែលចោទប្រកាន់ព្រះអង្គ ប៉ាង សដា រឿងល្មើសវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ លោកឱ្យដឹងថា ព្រះអង្គគ្រាន់តែនិមន្តសូត្រមន្ត ឬស្រោចទឹករំដោះគ្រោះកន្លងមក តបតាមការនិមន្តរបស់ពុទ្ធបរិស័ទដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ លោកសង្កេតឃើញថា ករណីនេះធ្វើឡើងដោយលាក់បាំងព័ត៌មានដែលធ្វើឱ្យប៉ះពាល់សិទ្ធិព្រះសង្ឃ។ លោកស្នើដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែងព្រះអង្គមានសេរីឡើងវិញ ព្រោះព្រះអង្គគ្មានកំហុសដូចការចោទប្រកាន់នោះទេ៖ «ប្រើកម្លាំងទៅចាប់ព្រះអង្គតក់ក្រហល់ដោយខ្វះការពិនិត្យឱ្យគ្រប់ជ្រុងជ្រោយពីច្បាប់ ដល់មែនទែនទៅការអនុវត្តច្បាប់ហាក់បីដូចជាមិនបានពង្រឹងនិងមិនស្របតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា កន្លែងនេះដែលធ្វើឱ្យយើងខ្ញុំក្នុងនាមសមាគមខ្មែរក្រោមក៏ដូចក្នុងនាមខ្លួនខ្ញុំជាខ្មែរក្រោមមានការខកចិត្តយ៉ាងខ្លាំងចំពោះបញ្ហាទាំងអស់នេះ»។
មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សក៏សង្កេតឃើញថា ការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមនេះ បានបង្កើតឲ្យមានរឿងមន្ទិលសង្ស័យច្រើន។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរ ចាប់ព្រះកាយព្រះអង្គ ប៉ាង សុដា ដោយមិនផ្តល់ព័ត៌មានច្បាស់លាស់ ដល់សាច់ញាតិនិងពុទ្ធបរិស័ទ ជាពិសេសអាជ្ញាធរមិនបានបង្ហាញមូលហេតុពិតប្រាកដនៃការចោទប្រកាន់ ករណីល្មើសបំរាមកូវីដ១៩នៅឡើយ ប្រការនេះនឹងបណ្តាលឱ្យប៉ះពាល់ដល់សិទ្ធរបស់ព្រះអង្គ។ លោកឱ្យដឹងថា បច្ចុប្បន្នព្រះសង្ឃអាចនិមន្តសូត្រមន្តតាមផ្ទះពលរដ្ឋដោយមិនល្មើសបំរាមទប់ស្កាត់ជំងឺកូវីដ១៩នោះទេ។ លោកថា អង្គការសង្គមស៊ីវិលព្រួយបារម្ភការចំពោះសកម្មជនដីធ្លី និងសង្គម និងព្រះសង្ឃតែងតែរងការចាប់ ឬឃុំខ្លួនពីអាជ្ញាធរដែលកំពុងអនុវត្តច្បាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ៖ «សង្គមស៊ីវិលយើងចង់ឱ្យមានតម្លាភាពទាក់ទងទៅនឹងការចាប់ និងឃុំព្រះកាយព្រះអង្គ ព័ត៌មានឱ្យពិតប្រាកដថាតើមូលហេតុអ្វីបានជាចាប់ និងការឃុំខ្លួនព្រះអង្គហ្នឹង បើមិនអ៊ីចឹងទេមន្ទិលនឹងមានច្រើន ហើយការរិះគន់ក៏ដូចជាការលើកឡើងពីបញ្ហាហ្នឹងអាចផ្សេងៗគ្នា»។
ព្រះតេជព្រះគុណ ប៉ាង សុដា តែងតែជួយសកម្មភាពសង្គម ដូចជាឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈ ដល់ពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារជំងឺកូវីដ១៩។ លើសពីនេះ ព្រះអង្គយកព្រះទ័យទុកដាក់ទុកលើពលរដ្ឋខ្មែរក្រោមតាមរយៈធ្វើការងារជាមួយ អង្គការសមាគមខ្មែរក្រោម និងកម្មវិធីមនុស្សធម៌នានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។