ពលរដ្ឋឡើងមកលេងកូននៅភ្នំពេញ ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ធ្វើកិច្ចសន្យាកុំឱ្យតវ៉ាប្រឆាំង CLV

0:00 / 0:00

សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង សោកស្ដាយ​ចំពោះ​សមត្ថកិច្ច ដែល​ឃាត់​ខ្លួន​ ពួកគាត់ និង​បង្ខំឱ្យ​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ចូលរួម​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ ត្រីកោណ CLV របស់​រដ្ឋាភិបាល ​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស ក្នុង​ពេល​ ពួកគាត់កំពុង​ដំណើរ​មក​លេង​កូន​ចៅ​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី២៥ សីហា។មន្រ្តី​សង្គម​ស៊ីវិល​ហៅ​វិធានការ​នេះ ថា​មិន​ស្រប​តាម​គោល​ការណ៍​ច្បាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ។

ពលរដ្ឋ​ដែល​សកម្ម​រឿង​យុត្តិធម៌​សង្គម និង​តែង​តែ​លះបង់​ពេល​វេលា​និង​សេចក្តី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​ទាមទារ​ដំណោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្តកោះកុង គឺ​លោកស្រី ផាវ ញើង ហៅ​វិធានការ​របស់​សមត្ថកិច្ច ដែល​ឃាត់​ដំណើរ​លោកស្រី និង​អ្នក​ផ្សេង​ទៀត​ជា​ច្រើន​កន្លែង តាំង​ពី​ខេត្តកោះកុង​ដល់​រាជធានី​ភ្នំពេញ និង​ឱ្យ​ធ្វើ​កិច្ចសន្យា ថា​ជា​ទង្វើ​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

លោកស្រី ផាវ ញើង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី ២៥ ខែសីហា ថា គ្រាន់​តែ​ លោកស្រី ធ្វើ​ដំណើរ​ទៅ​លេង​កូន​ចៅ​នៅ​ភ្នំពេញ សមត្ថកិច្ច​នៅ​ឃុំអូជ្រៅ ស្រុកស្រែ អំបិល បាន​ឃាត់​រថយន្ត ដែល​លោកស្រី​ជិះ​ធ្វើ​ដំណើរ​តាំង​ពី​ម៉ោង៨ព្រឹក ​រហូត​ដល់​ម៉ោង១០ព្រឹក និង​សួរ​នាំ​ពី​ប្រវត្តិ និង​ការងារ​របស់​លោកស្រី​យ៉ាង​លម្អិត​ដូច​អ្នក​ទោស​។ លោកស្រី​ថា សមត្ថកិច្ច​បាន​ថត​រូប​លោកស្រី​ទុក និង​ឱ្យ​លោកស្រី ធ្វើ​កិច្ចសន្យា​មួយ​ហើយ​មួយ​ទៀត ដោយ​ផ្ដិត​មេដៃ​រហូត​ដល់៥ដង រឿង​មិន​ឱ្យ​ លោកស្រី​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​គម្រោង CLV របស់​រដ្ឋាភិបាល។

លោកស្រី​យល់​ថា ទង្វើ​បែប​នេះ​របស់​អាជ្ញាធរ​ប្រៀប​ដូច​លោកស្រី​រស់​ក្នុង​គុក​ឥត​ ជញ្ជាំង ដែល​ការ​ឃាត់​ខ្លួន​នោះ​ធ្វើ​ឱ្យ​លោកស្រី អត់​បាយ​ស្ទើរ​ខ្យល់​គរ។

លោកស្រី ផាវ ញើង៖ «ខ្ញុំ​អត់​យល់​ខ្ញុំ​ជា​មុខ​សញ្ញា ខ្ញុំ​ជា​មេ​ចោរ​អន្តរជាតិ​មែន ខ្ញុំ​ជា​ពិរុទ្ធជន​មែន រឿង​អី​គេ ខ្ញុំ​អត់​ដែល​ប្រព្រឹត្តិ​បទ​ល្មើស​សូម្បី​តែ​ស្លាព្រា​បាយ​មួយ​មិន​ដែល​យក​របស់​អ្នក​ណា​គេ។ ដងទឹក​សុទ្ធ​គេ​បោះ​ចោល ខ្ញុំ​មិន​ដែល​ទៅ​យក​របស់​គេ​ផង បើ​មិន​មាន​ការ​អនុញ្ញាត​ហើយ​មូលហេតុ​អ្វី​បាន​ជា​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្ញុំ​គ្រាន់​តែ​ដើរ​ហើរ រឿង​អ៊ីចឹងៗ ខ្ញុំ​អត់​យល់​មែន។ បើ​សិន​ស្អែក​ខ្ញុំ​ទៅ​ខ្ញុំសៀមរាប ខ្ញុំ​និយាយ​ប្រាប់​គាត់​ត្រង់ បើសិន​ខ្ញុំ​និយាយ​ត្រង់​ហើយ ស្អែក​ឃាត់​ខ្លួន​ខ្ញុំ​នៅ​កន្លែង​ណា​ទៀត ខ្ញុំ​សុខ​ចិត្ត​ងាប់​តែ​ម្ដង ខ្ញុំ​និយាយ​មែន វា​អត់​ត្រូវ​ចង់​និយាយ​ថា វា​អត់​ត្រូវ​តែ​ម្ដង។ លើក​មុន​អ៊ីចឹង​ដែរ ស្អែក​ឡើង​នាំ​កូនៗ​ខ្ញុំ​ទៅ​ដើរ​លេង ស្រាប់​តែ​ថ្ងៃ​ហ្នឹង ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​បាត់​ឆ្នាំ​ទៅ​មិញ។ ឥឡូវ​ខ្ញុំ​ទៅ​ដើរ​លេង​ទៀត»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំការ​បំភ្លឺ​បញ្ហា​នេះ ពី​អភិបាល​ខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បាន​ទេ​នៅ​ថ្ងៃទី ២៥ ខែសីហា ដោយ​ទូរសព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

លោកស្រីផាវ ញើង បញ្ជាក់​ថាលោកស្រី​ឈឺ​ចិត្ត​ ដែល​សមត្ថកិច្ច​ គំរាម​លោកស្រី​ឱ្យ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់ បើ​លោកស្រី​ធ្វើ​បាតុកម្ម​រឿង​គម្រោងCLV។

លោកស្រី ផាវ ញើង៖ «គម្រោងCLVជា​គម្រោង​របស់CLVបើ​ខ្ញុំ​បាតុកម្ម​រឿង​ហ្នឹង ក៏​អត់​ខុស​ច្បាប់​អី​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​បាន​មក​ទេ ខ្ញុំ​អត់​បាន​គិត​គួរ​រឿង​អស់​ហ្នឹងទេ។ ហេតុ​អី​បាន​ៗសួរ​នាំ​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​ឈឺ​ចាប់​ណាស់​ខ្ញុំ​ចេញ​ពី​កន្លែង​ប៉ូលីស​មក ខ្ញុំ​ស្រក់​ទឹក​ភ្នែក ខ្ញុំ​ទប់​ភ្នែក​ខ្ញុំ​ដែរ ខ្ញុំ​មិន​ចង់​ស្រក់​នៅ​ចំពោះ​មុខ​ពួកគាត់​ទេ»។

លោកស្រីផាវ ញើង សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដែល​រស់នៅ​ក្រោម​ការ​ដឹក​នាំ​សង្គម​បែប​សព្វ​ថ្ងៃ ដែល​សមត្ថកិច្ច​ធ្វើ​តាម​តែ​គោល​ការណ៍​របស់​មេ​ដឹក​នាំ មិន​ធ្វើ​ តាម​គោល​ការណ៍​ច្បាប់។

លោកស្រី ផាវ ញើង៖ «ខ្ញុំកើត​នៅ​ក្នុង​សង្គម​នេះ ខ្ញុំ​សោកស្ដាយ​មែនទែន ដែល​មនុស្ស​អត់​មាន​ប្រព្រឹត្តបទល្មើស​អី មនុស្ស​ចេះ​គោរព​ច្បាប់ មនុស្ស​យល់​ពី​ស្ថានភាព​ច្បាស់លាស់​បែរ​ទៅ​ជា​ធ្វើ​ទុក្ខបុកម្នេញ អានៅ​ផ្ទះ​យាមៗ​នោះ​យាម អា​តេ​ឆាត​រក​តាម​WhatAppតាមតេឡេក្រាម​ក៏​ឆាត ក៏​សួរ​អាច​ចាប់​ខ្លួន»។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី ធន​ធាន​ធម្មជាតិ នៃ​សមាគម​ការពារ​ សិទ្ធិ​មនុស្ស​អាដហុក​លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៥ ខែសីហា ថា ការ​ឃាត់​មនុស្ស​ហើយ ទើប​ទៅ​រក​បទល្មើស​ទម្លាក់​ឱ្យ​មនុស្ស​វិញ គឺ​ជា​អំពើ ខុសច្បាប់។ លោក​ពន្យល់ថា កាល​ណា​មាន​បទល្មើស ទើប​អាច​ឃាត់​រថយន្ត​បាន គឺ​មិន​អាច​លោកស្រី ផាវ ញើង ជិះ​រថយន្ត​សុខៗ​ក៏​ស្រាប់​តែ​ទៅ​ឃាត់រថយន្ត​នោះ​ទេ។

លោក យិន ម៉េងលី ៖«ពាក់ព័ន្ធ​នឹង​ផ្ដិត​មេ​ដៃហ្នឹង សុខៗ​យើង​ដើរ​ចាប់​គេ ហៅ​គេ​ផ្ដិត​មេ​ដៃៗៗហ្នឹង ផ្ដិត​មេ​ដៃ​ធ្វើ​កិច្ច​សន្យា​ហ្នឹង កិច្ចសន្យា​នឹង​យើង​ដឹង​ហើយ ទាល់​កិច្ច​សន្យា​ចេញ​ពី​ឆន្ទៈ​របស់​ភាគី​ម្ខាង​ទៀត តែ​បើ​កិច្ចសន្យា​ធ្វើ​ឡើង​ដោយ​ការ​បង្ខំ កិច្ចសន្យា​ធ្វើ​ឡើង​ដោយ​ការ​គំរាម កិច្ចសន្យា​ដែល​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​កិច្ចសន្យា​នឹង​អត់​អាច​អនុវត្ត​បាន​ទេ​តាម​គោលការណ៍​ច្បាប់»។

ដើម្បី​ទប់ស្កាត់​ចលនា​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV របស់​រដ្ឋាភិបាល ក្រៅ​តែ​ពី​ប្រកាស​បង្រ្កាប​និង​បញ្ចេញ​កង​កម្លាំង​ព្រោងព្រាត​គំរាមកំហែង​ពលរដ្ឋ អាជ្ញាធរ​ពី​ថ្នាក់​ភូមិ​រហូត​ ដល់​ថ្នាក់​រាជធានី-ខេត្ត បណ្តាក់​គ្នា​ធ្វើ​ការ​ពិនិត្យ​តាម​ដាន​ទៅ​លើ​សកម្មភាព និង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។ សមត្ថកិច្ច​បាន​ដាក់​របាំង​ឆែកឆេរ​នៅ​តាម​ផ្លូវ​ជាតិ និង​បញ្ឈប់​រថយន្ត ដើម្បី​ពិនិត្យ​មើល​អ្នក​ជិះ ដែល​សកម្មភាព​ទាំង​នេះ ត្រូវ​បាន​រង​ការ​រិះគន់​ថា​ជា​ការ​គំរាមកំហែង និង​រំខាន​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ។

លោក យិន ម៉េងលី លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ត្រូវ​ធានា​នូវ​ការ​គោរព​សម្រាប់​ ទាំងអស់​គ្នា ទាំង​សមត្ថកិច្ច និងប្រជាពលរដ្ឋ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​សេរីភាព និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។