សមត្ថកិច្ចដោះលែងក្រុមយុវជនដែលចូលរួមសិក្ខាជាមួយអង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP) ចំនួន១៧ ក្រោយសមត្ថកិច្ចសួរនាំពួកគាត់អស់ជាច្រើនម៉ោងអំពីការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ អ្នកឃ្លាំមើលសិទ្ធមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែដោះលែងពួកគាត់ទាំងអស់ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
ក្រុមយុវជនសង្គមទាំង ១៧នាក់ ដែលត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីល្ងាចថ្ងៃទី១៩ ខែសីហានោះ ស្ថិតក្នុងចំណោមក្រុមយុវជន ១៩នាក់ ដែលសមត្ថកិច្ចបានចាប់ខ្លួន។ ក្នុងនោះមានយុវជនម្នាក់មកសមាគមនិស្សិតបញ្ញវន្តខ្មែរបានធ្វើវីដេអូសុំទោសរដ្ឋាភិបាល។ រីឯយុវជនចំនួន ២នាក់ទៀត គឺកញ្ញា សើន ស្រីម៉ៃ និងអ្នកស្រី សាក់ កន្និការ សមត្ថកិច្ចនៅមិនទាន់ដោះលែងនៅឡើយទេ។
និស្សិតសិក្សាផ្នែកស្ថាបត្យកម្ម នៅរាជធានីភ្នំពេញ កញ្ញា ស៊ុយ មិនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែសីហា ថាកញ្ញាបានទទួលដំណឹងថា សមត្ថកិច្ចបានបញ្ជូនកញ្ញា សើន ស្រីម៉ៃ ទៅសាលាដំបូងដើម្បីសាកសួរ។ កញ្ញាព្រួយបារម្ភពីស្ថានភាពពួកគាត់ និងយុវជនចំនួនទៀតដែលកំពុងរងការគំរាមកំហែងពីអាជ្ញាធរ។
កញ្ញា ស៊ុយ មិនា៖«សម្រាប់ខ្ញុំបារម្ភខ្លាំងមែនទែន ពេលនេះយុវជនមួយចំនួន ដែលហ៊ាននិយាយការពិតហ៊ានបញ្ចេញមតិហ៊ានអីហ្នឹងគេគាបសង្កត់ខ្លាំងទៅៗ ប៉ុន្តែ មិនថាឥឡូវ ឬទៅមុខទៀត អាចនឹងខ្លាំងជាហ្នឹងទៀត បើប្រព័ន្ធហ្នឹងនៅតែបែបហ្នឹង ខ្ញុំបារម្ភខ្លាំងមែនទែន។ មិនដឹងថា តទៅមុខទៀតប្រជាពលរដ្ឋ ដែលរស់នៅធម្មតាការបញ្ចេញមតិ សូម្បីតែការនិយាយស្ដីធម្មតាហ្នឹង តើវានឹងមានការរឹតត្បិតកម្រិតណាបន្តទៅទៀត»។
កាលពីយប់ថ្ងៃទី១៧ ខែសីហា អាជ្ញាធរខណ្ឌច្បារអំពៅបានឃាត់ខ្លួនក្រុមយុវជនចំនួន១៧ ដែលឡើងមកពីខេត្តផ្សេងៗ ដើម្បីចូលរួមសិក្ខាជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា YRDP។ អង្គការនេះ ក៏បានអញ្ជើញមន្ត្រីរដ្ឋាភិបាលរួមផងដែរ។ ក្រោយចាប់ខ្លួនយុវជន ១៧នាក់រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៩ ខែសីហា សមត្ថកិច្ចក៏បានចាប់យុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ២នាក់បន្ថែមទៀត គឺកញ្ញា សើន ស្រីម៉ៃ និងកញ្ញា ឡាច ធីណា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែក្រោយមក កញ្ញា ឡាច ធីណា បានធ្វើវីដេអូសុំទោស ដើម្បីជាថ្នូរនឹងការដោះលែង។
ការឃាត់ខ្លួនពួកគាត់ទាំងនេះ គឺស្របពេលរដ្ឋាភិបាលកំពុងដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេសត្រៀមបង្ក្រាបអ្នកដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួមទាំងបានចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ ដែលរិះគន់លើបណ្ដាញសង្គមថា រដ្ឋាភិបាលអាចធ្វើឱ្យបាត់ទឹកដីទៅឱ្យប្រទេសវៀតណាម ជុំវិញការបង្កើតកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍជាមួយប្រទេសវៀតណាម។
ទោះជាយ៉ាងណាក្រុមយុវជនចំនួន ១៩នាក់នោះ សុទ្ធសឹងជាយុវជនចូលរួមឈឺឆ្អាលបញ្ហាសង្គម និងចូលរួមទាមទារឱ្យតុលាការដោះលែងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ។ ពាក់ព័ន្ធនឹងការចាប់ខ្លួនរបស់យុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ៤នាក់ កាលពីថ្ងៃទី១៨ ខែសីហា រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា លោក ធី ថន កញ្ញា នឿន ស្រីណែត និងកញ្ញា កាត់ ស៊ីណាត សមត្ថកិច្ចកំពុងបន្តនីតិវិធីដោយមិនទាន់ចោទប្រកាន់ពួកគាត់ពីបទអ្វីនៅឡើយទេ។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អ្នកនយោបាយគួរតែតម្កល់ផលប្រយោជន៍ជាតិជាធំ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋ ជាពិសេសគឺការយកយុវជនមកធ្វើជាឈ្នាន់នយោបាយ។
លោក អំ សំអាត៖«រឿងនេះគឺទាក់ទងហ្នឹងអ្នកនយោបាយទាំងអស់ទេអ៊ីចឹងបានខ្ញុំថា អ្នកនយោបាយទាំងអស់គួរតែតម្កល់ផលប្រយោជន៍ជាតិប្រយោជន៍ពលរដ្ឋជាធំកុំយកប្រជាពលរដ្ឋជាឧបករណ៍នយោបាយអ្នកនយោបាយប្រសិនបើមានរឿងអីយើងដោះស្រាយគ្នាដោយសន្តិវិធីទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៩ ខែសីហា។
គិតមកទល់ពេលនេះយុវជនសង្គមដែលអាជ្ញាធរបានឃាត់ខ្លួនកើនឡើងដល់ ៦នាក់ហើយ ចាប់តាំងពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាប់យុវជនណាដែលមិនគាំទ្រកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស្នើដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការចាប់សកម្មជនសង្គម ដែលហ៊ាននិយាយការពិត ដាក់ពន្ធនាគារ ពីព្រោះបញ្ហានេះមិនបានផ្ដល់ចំណេញដល់សង្គមជាតិឡើយ។ ដូច្នេះ រដ្ឋាភិបាលគួរតែដោះលែងសកម្មជនសង្គមទាំងអស់ឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។