អាជ្ញាធរក្រុងភ្នំពេញហាម និងព្រមានសហជីពវិស័យទេសចរណ៍ និងសេវាកម្ម មិនឱ្យជួបជុំគ្នា នៅមុខក្រសួងការងារ ដើម្បីដាក់ញត្តិទាមទារការកំណត់ប្រាក់ឈ្នួលអប្បបរមាទេ។ ប៉ុន្តែអាជ្ញាធរបានបង្គាប់ឱ្យសហជីព និងកម្មករជួបជុំគ្នានៅទីស្នាក់ការ ឬទីលានប្រជាធិបតេយ្យថ្មី នៅខណ្ឌឫស្សីកែវបាន។ សហជីព និងកម្មករ រក្សាជំហរជួបជុំគ្នា នៅមុខក្រសួងការងារដដែល ដោយសំអាងថា មិនបានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដូចការចោទប្រកាន់ឡើយ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ព្រមានតំណាងសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថា ក្នុងករណីមានការជួបប្រជុំរៀបចំកម្មវិធីនៅមុខក្រសួងការងារ ឬតាមដងផ្លូវសាធារណៈ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ តំណាងសហជីពទាំង៣ គឺលោក ម៉ម រិទ្ធី លោក ហ៊ាំង រុន និងលោក កែវ គឿន ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
លិខិតចុះថ្ងៃទី១១ កក្កដា ដែលអាស៊ីសេរីទើបទទួលបាន លោក ឃួង ស្រេង បានបង្គាប់ឱ្យតំណាងសហជីពជួបប្រជុំគ្នា ចំនួន ១៥០នាក់ នៅថ្ងៃចន្ទ ទី១៥ កក្កដា ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ នៅទីស្នាក់ការរបស់ខ្លួន ឬទីលានប្រជាធិបតេយ្យថ្មី រួចចាត់តំណាង ៥នាក់ ទៅដាក់ញត្តិនៅក្រសួងការងារ។
សហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) និងសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF) គ្រោងជួបជុំតំណាងកម្មករចំនួន ១៥០នាក់ នៅថ្ងៃទី១៥ កក្កដា នៅមុខក្រសួងការងារ ដើម្បីទាមទារឱ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករក្នុងវិស័យទាំង២។
ក្រោយអាជ្ញាធរហាមឃាត់បានមួយថ្ងៃ គឺនៅថ្ងៃទី១២ កក្កដា សហភាពការងារកម្ពុជា បានប្រកាសព័ត៌មានថា នឹងចូលរួមជួយសម្របសម្រួលសហព័ន្ធសហជីពទាំងពីរវិស័យ ក្នុងការដាក់សំណើទៅក្រសួងការងារ ដើម្បីឱ្យក្រសួងចេញប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមា កំណត់ប្រាក់ធនានុគ្រោះ ឬហៅថ្លៃសេវាបន្ថែម (service charge) និងស្នើសុំឱ្យមានការកែប្រែ លក្ខខណ្ឌការងារ រៀបចំប្រព័ន្ធសុខភាព សុវត្ថិភាព ស្នើសុំឱ្យធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធកិច្ចសន្យាការងារ សម្រាប់កម្មករក្នុងវិស័យកសិកម្ម ជាដើម។ សហភាពការងារថា នឹងមានកម្មករទាំងវិស័យទេសចរណ៍ និងកសិកម្ម ចូលរួម ចំនួន ២៥០នាក់។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) លោក ម៉ម រិទ្ធី ប្រាប់ថា កម្មករនឹងបន្តជួបគ្នានៅមុខក្រសួងការងារដដែល ព្រោះការជួបគ្នានោះ ដើម្បីទាមទារផលប្រយោជន៍កម្មករ ហើយគ្មានការធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ឬផ្ទុយពីច្បាប់ដូចអាជ្ញាធរ ហាមទេ។ លោកថា តំណាងកម្មករចូលរួម អាចលើសពី ១៥០នាក់បន្តិចបន្តួច ហើយកម្មករនឹងឈរអែបរបងក្រសួងការងារ ដើម្បីទាមទារឱ្យក្រសួងទទួលញត្តិ និងអនុវត្តតាមការស្នើសុំរបស់កម្មករ។
លោក ម៉ម រិទ្ធី ថា តាមការសិក្សា និងស្ទង់ជីវភាព កម្មករក្នុងវិស័យទេសចរណ៍ ត្រូវចំណាយមួយខែជាង ៣០០ដុល្លារ។ តែជំហានដំបូង សហជីព និងកម្មករ ស្នើសុំឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមា ៣០០ដុល្លារក្នុងមួយខែ ខណៈប្រាក់ឈ្នួលកម្មករក្នុងវិស័យទេសចរណ៍បច្ចុប្បន្ន ស្ថិតក្នុងចន្លោះ ៨០ដុល្លារ ទៅ ១៥០ដុល្លារ៖ «ពួកខ្ញុំអត់នេះទេ ពួកខ្ញុំនៅតែធ្វើ។ យើងធ្វើហ្នឹង វាអត់មានខុស ឬផ្ទុយនឹងច្បាប់អ្វីទេ ហើយការណ៍យើងជូនដំណឹងទៅគាត់ដើម្បីដាក់ញត្តិនៅមុខក្រសួងការងារពាក់ព័ន្ធរឿងការទាមទារឱ្យមានការកំណត់ប្រាក់ខែ ក្នុងវិស័យទេសចរណ៍ សេវាកម្ម និងប្រាក់ធនានុគ្រោះហ្នឹង វាអត់មានទៅប៉ះពាល់សណ្ដាប់ធ្នាប់អ្វីទេ ហើយក៏ដើម្បីកម្មករដែរ។ ខ្ញុំជាមួយកម្មករទាំងអស់នៅតែរក្សាជំហរថា យើងនឹងទៅដាក់ញត្តិនៅក្រសួងការងារដដែល»។
ការដាក់ញត្តិនោះ នឹងមានតំណាងកម្មករមកពីតាមមូលដ្ឋាននានាចូលរួម។ តំណាងកម្មករ និងជាប្រធានសហជីពវិស័យទេសចរណ៍នៃសណ្ឋាគាររ៉ាហ្វល ហ្គ្រែន (Raffle Grand Hotel) នៅខេត្តសៀមរាប លោក រស់ ប៊ុនណាល់ ឱ្យដឹងថា កម្មករក្នុងវិស័យទេសចរណ៍ច្រើននាក់ នឹងទៅចូលរួមទាមទារនៅមុខក្រសួងការងារ។ លោកថា ប្រាក់ឈ្នួលបច្ចុប្បន្ន នៅសណ្ឋាគាររ៉ាហ្វល់ ហ្គ្រែន មាន ចន្លោះ ៨០ ទៅ ១២០ដុល្លារ ហើយមិនអាចផ្គត់ផ្គង់ជីវភាពកម្មករបានទេ។
ប្រធានសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា លោក ហេង ជឿន ប្រាប់ថា ខាងកម្មករក្នុងវិស័យកសិកម្ម ក៏បានត្រៀមញត្តិរួចហើយដែរ ដើម្បីទាមទារផលប្រយោជន៍កម្មករក្នុងវិស័យកសិកម្ម៤ចំណុច។ លោក ថា កម្មករក្នុងវិស័យកសិកម្ម ក៏ទទួលបានប្រាក់ឈ្នួលនៅកម្រិត ១០០ដុល្លារ ឬជាង១០០ដុល្លារតិចតួច ដែលធ្វើឱ្យកម្មករពិបាកចំណាយ និងធ្វើឱ្យស្ថានភាពរស់នៅមិនស្ថិតក្នុងជីវភាពសមរម្យ។ លោក ហេង ជឿន ថា កម្មករវិស័យកសិកម្ម ក៏ទាមទារឱ្យកំណត់ប្រាក់ឈ្នួលតិចបំផុត ៣០០ដុល្លារដែរ ទើបចំណាយគ្រប់គ្រាន់៖ «យើងធ្វើរួមគ្នា។ ខាងទេសចរណ៍ គាត់ ( អភិបាលក្រុង ) ចេញលិខិតជូនដំណឹង។ តែខាងយើងដែលនឹងចូលរួមជាមួយ អមជាមួយខាងវិស័យទេសចរណ៍។ យើងក៏មានសាររបស់យើងដាក់ជូនរដ្ឋាភិបាលដែរ។ ទាមទារ៤ចំណុច ទី១ ទាក់ទងនឹងកិច្ចសន្យាការងារក្នុងវិស័យកសិកម្ម។ ទី២ ទាក់ទងនឹងសុខភាព សុវត្ថិភាពនៅកន្លែងការងាររបស់កម្មករវិស័យកសិកម្ម។ ទី៣ទាក់ទងនឹងប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យកសិកម្មដែរ។ ទី៤ គឺទាក់ទងនឹងសិទ្ធិសេរីភាពរបស់កម្មករក្នុងវិស័យកសិកម្មដែរ»។
នៅកម្ពុជា មានតែកម្មករក្នុងវិស័យកាត់ដេរមួយប៉ុណ្ណោះ ដែលទទួលបានការកំណត់ប្រាក់ឈ្នួលអប្បបរមា និងត្រូវប្រជុំដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ។ ចំណែកកម្មករក្នុងវិស័យផ្សេងទៀត ដូចជា កម្មករសំណង់ អ្នកធ្វើការតាមផ្ទះ ក្រុមស្ត្រីលក់ស្រាបៀរ មិនទាន់មានការកំណត់ប្រាក់ឈ្នួលអប្បបរមាទេ ហើយពួកគេ ក៏ទាមទារឱ្យក្រសួងការងារកំណត់ប្រាក់ឈ្នួលអប្បបរមា និងឱ្យមានលក្ខខណ្ឌការងារល្អប្រសើរជាងសព្វថ្ងៃដែរ។ ពួកគេបានដាក់ញត្តិ និងទាមទារច្រើនឆ្នាំហើយ ទាំងនៅក្រសួងការងារ និងរដ្ឋសភា ប៉ុន្តែមិនទាន់មានការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យពួកគេ នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។