អង្គការសង្គមស៊ីវិលបារម្ភពីការបន្តធ្លាក់ចុះសេរីភាពជាមូលដ្ឋាននៃការបញ្ចេញមតិ និងការជួបជុំ នៅក្នុងរបាយការណ៍ឆ្នាំ២០២២ ស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរួមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព នៅថ្ងៃទី៧ ខែកញ្ញានេះ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២ ដោយបានពិនិត្យតាមដាន និងវាយតម្លៃអំពីស្ថានភាពសេរីភាពមូលដ្ឋានចំនួនបី គឺសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ ឬសេរីភាពមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍ឆ្នាំ២០២២បង្ហាញថា ការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងសង្គមស៊ីវិល មានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០២១។
អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ប្រាក់ ចាន់ម្លី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែកញ្ញា ថា គោលបំណង សំខាន់នៃរបាយការណ៍នេះ គឺចង់បង្ហាញរដ្ឋាភិបាលពីទិន្នន័យច្បាស់លាស់ តាមរយៈកំណត់ត្រាហេតុការណ៍ ព្រមទាំងការជួបសម្ភាសន៍ផ្ទាល់ជាមួយមន្ត្រីសង្គមស៊ីវិល និងសហជីព ទៅលើការបញ្ចេញមតិ និងសេរីភាពជួបប្រជុំជាដើម។
អ្នកស្រី ប្រាក់ ចាន់ម្លី៖ «ភស្តុតាងជាក់លាក់ដែលបានចងក្រងនេះ គឺមានទិន្នន័យច្បាស់លាស់។ របាយការណ៍នេះសំរាប់តែផ្តល់នូវព័ត៌មានដែលជាមូលដ្ឋានគ្រឹះសំរាប់ពិចារណា ឬពិភាក្សា ដើម្បីធ្វើឲ្យច្បាប់ជាតិនៅកម្ពុជាស្របតាមច្បាប់អន្តរជាតិ ហើយការអនុវត្តសេរីភាពជាមូលដ្ឋានមានភាពប្រសើរ។ នេះជាគោលបំណងនៃរបាយការណ៍ និងរបស់គម្រោងរួមរបស់ស្ថាប័នទាំងបីនេះ។ កន្លែងនេះ គឺយើងមិនមានការស្នើជាវិធានការជាក់លាក់អ្វីនោះទេ ប៉ុន្តែស្ថាប័នរដ្ឋ អាចប្រើទិន្នន័យនៃរបាយការណ៍នេះដើម្បីឲ្យមានភាពប្រសើរ ដូចជាហេតុការណ៍មួយចំនួនទាក់ទងនឹងការរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិល សមាគម ការបិទសេរីភាពបញ្ចេញមតិនិងការជួបប្រជុំ សូមឲ្យអាជ្ញាធរយកគោលការណ៍ច្បាប់ជាធំ និងមិនធ្វើអ្វីតាមអំពើចិត្ត...»។
របាយការណ៍ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៧ហើយ របស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន។ គម្រោងនេះ បានកត់ត្រាហេតុការណ៍ចំនួន៣២៩ តាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន ការរាយការណ៍ពីហេតុការណ៍ចំនួន២៣៧ ការស្ទង់មតិជាមួយសាធារណជនជិត ១.៥០០នាក់ (១៤២៤) នៅទូទាំងខេត្តរាជធានី ព្រមទាំងការស្ទង់មតិថ្នាក់ដឹកនាំរបស់អង្គការសង្គមស៊ីវិល និងសហជីពចំនួន ១០៥នាក់។ របាយការណ៍បង្ហាញថា អាជ្ញាធរបានបំពានទៅលើការអនុវត្តក្របខណ្ឌច្បាប់របស់កម្ពុជា ហើយរដ្ឋាភិបាលកំពុង ប្រើប្រាស់ច្បាប់ទាំងនេះ ដើម្បីកាត់បន្ថយលំហសេរីភាពពលរដ្ឋនិងរឹតត្បិតការអនុវត្តសេរីភាពមូលដ្ឋាន ជាជាងការពារសិទ្ធិទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។