អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) អំពាវនាវឱ្យតុលាការលុបចោលសាលក្រមផ្ដន្ទាទោសម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ព្រោះការចោទប្រកាន់នោះ គ្មានភស្តុតាង និងឃុំខ្លួនយូរពេកណាស់ទៅហើយ។
ប្រធានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ ខែធ្នូ នេះ ថាសាលក្រមផ្ដន្ទាទោសអ្នកសារព័ត៌មានរូបនេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន ព្រោះសូម្បីតែមន្ត្រីយោធាដែលប្ដឹងលោក សុខ ឧត្ដម និងសាក្សីដាក់បន្ទុកពីរនាក់ទៀត គ្មានវត្តមានក្នុងសវនាការជម្រះក្ដីនោះឡើយ។
លោក ដានីញ៉ែល បាស្តាត បន្ថែមថា ការណ៍ដែលតុលាការឃុំខ្លួនអ្នកសារព័ត៌មានយូរខែ និងកាត់ទោសទាំងគ្មានភស្តុតាងបែបនេះ គឺគ្មានអ្វីក្រៅពីចេតនាគំរាមកំហែង ដល់អ្នកសារព័ត៌មានឯករាជ្យឯទៀតតែប៉ុណ្ណោះ។
ម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទិ្ធសែន លោក សុខ ឧត្តម ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន២០លានរៀល ឱ្យដើមបណ្ដឹង ពីបទញុះញង់ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានជម្លោះដីធ្លីនៅស្រុកទឹកផុស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
លោក សុខ ឧត្ដម គឺជាអ្នកកាសែតទីបីហើយ ដែលត្រូវបានតុលាការផ្ដន្ទាទោស នៅក្នុងឆ្នាំ ២០២០។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន រកឃើញសេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ ២០២០ ថាបានថយចុះជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់ ១៤៤ ក្នុងចំណោមប្រទេស ១៨០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។