ពលករ​ខ្មែរ​នៅ​ថៃ ប្រឈម​ការ​ចាប់​ខ្លួន​ព្រោះ​គ្មាន​ប្រាក់​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើ​ការ​ស្របច្បាប់

0:00 / 0:00

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាច្រើន​នាក់​នៅតែ​ពុំ​មាន​លទ្ធភាព​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើ​ការងារ​ស្របច្បាប់​បាន​នៅឡើយ ស្រប​ពេល​ដែល​ថ្ងៃ​ផុត​កំណត់​ចុះឈ្មោះ​នៅ​ចុង​សប្ដាហ៍​នេះ។ ពលករ​ខ្លះ​មាន​ជីវភាព​ខ្វះខាត និង​ខ្លះ​ទៀត ពុំ​ដឹង​ព័ត៌មាន​អំពី​អាជ្ញាធរ​ថៃ​បើក​ឱ្យ​ពលករ​បរទេស​សុំ​សិទ្ធិ​ធ្វើការ​ស្របច្បាប់​នៅឡើយ​។ មន្ត្រី​សង្គម​​ស៊ីវិល យល់ថា ពលករ​ទាំងនោះ​អាច​នឹង​ត្រូវ​អាជ្ញាធរ​ថៃ​ចាត់វិធានការ​តាមច្បាប់​នៅ​ពេល​ខាងមុខ។

ក្រុម​ពលករ​ខ្មែរ ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ កំពុង​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ ឬ​ចាប់​ដាក់គុក នៅ​ពេល​ខាងមុខ ដោយសារតែ​ពួកគាត់ ពុំ​មាន​លទ្ធភាព​ចុះឈ្មោះ​សុំ​សិទ្ធិ​ការងារ​ស្របច្បាប់។

ប្រជាពលរដ្ឋ ដែល​មាន​ស្រុកកំណើត នៅ​ខេត្ត​ប៉ៃលិន​លោកស្រី ហែម មុំ រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា លោកស្រី​ និង​កូនស្រី​របស់​លោក​ស្រី ២​នាក់ មិន​ទាន់​បាន​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើ​ការងារ​ស្របច្បាប់​នៅឡើយ​ទេ ព្រោះ​ទើបតែ​ដឹង​ព័ត៌មាន​ដែល​ថា​ អាជ្ញាធរ​ថៃ​បើក​​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​ការងារ​ស្របច្បាប់ ឬ​បើក​ឲ្យ​សុំ​កាត​ធ្វើការ​ពណ៌​ស៊ី​ជម្ពូ។ ពល​ការិនី​ធ្វើការ​សំណង់​រូប​នេះ បន្ថែម​ថា លោកស្រី​គ្មាន​ប្រាក់​ចុះឈ្មោះ​ធ្វើ​កាត​ស៊ី​ជម្ពូ ដើម្បី​បាន​សិទ្ធិ​ធ្វើ​ការងារ​ស្របច្បាប់​នោះ​ទេ ដ្បិត​មួយ​រយៈ​នេះ ពួកគាត់​ធ្វើ​ការ​មិន​ទៀងទាត់ ហើយ​បាន​ប្រាក់​ឈ្នួល​តិចតួច​សម្រាប់​តែ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ ស្ត្រី​មេម៉ាយ​រូប​នេះ បញ្ជាក់​ថា លោកស្រី​មិន​ចង់​ត្រឡប់​ទៅ​កម្ពុជា​អំឡុង​ពេលនេះ​ទេ ព្រោះ​នៅ​ស្រុក​កំណើត​គ្មាន​ដី​ដាំ​ដុះ និង​គ្មាន​របរ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ៖ «ខ្ញុំ​ចាញ់​តែ​បោក​គេ​មិនដែល​បាន​លុយ​ផង ភូមិ​ជីន (Jin)​ ក៏​មិនបាន​លុយ​នៅ​ឯ​ប៉ាតាយ៉ា​ក៏​មិនបាន​លុយ ខ្ញុំ​ដើរ​ឡើង​៦ ប្រាំពីរ​ខែ​ហើយ​មិនដែល​បាន​លុយ​ទេ គេ​ឱ្យ​តែ​ថ្លៃ​ម្ហូប​ហូប។ ខ្ញុំ​មកនេះ​ប៉ុន្មាន​ខែ​ហើយក៏​មិន​មាន​លុយ​ណា​ទៅ​ធ្វើ​កាត ។​ខ្ញុំ​ធ្វើការ​មកនេះ​មិន​រួច​ថ្លៃ​ម្ហូប​ហើយ​គេ​កាត់​៥០០​ៗ ខ្ញុំស្រី​បាន​ប្រាក់​៥​ពាន់​អស់​ច្រើន​ហើយ ហើយ​គេ​កាត់​៥០០​ទៀត ខ្ញុំ​មាន​អី​សល់។ វា​ពិបាក​ណាស់​និយាយ​ថា អត់​ត្រូវ វា​ពិបាក​រក​និយាយ​អី​អត់​កើត គេ​ឱ្យ​ធ្វើ​យើង​ធ្វើ​ទៅ បើ​គេ​ចាប​គេ​ចង​គេ​មិន​ឱ្យ​ធ្វើ​មានតែ​ទៅ​ខ្មែរ​វិញ​ហ្នឹងហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ ពល​ការិនី​ធ្វើការ​សំណង់​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត លោកស្រី ហៃ សុខន ថ្លែង​ថា គ្រួសារ​របស់​លោក​ស្រី មាន​សមាជិក​៣​នាក់ បាន​ឆ្លងដែន​ទាំង​ប្រថុយប្រថាន​មក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ កាលពី​ខែមេសា ឆ្នាំ២០២០​។ ស្ត្រី​វ័យ​ ៣៥​ឆ្នាំ​រូប​នេះ ប្រាប់​ថា ចាប់​តាំង​ពី​ពួក​លោក​ស្រី និង​កូន​២​នាក់ មកដល់​ប្រទេស​ថៃ​មក គឺ​ធ្វើការ​មិនបាន​ប្រាក់​ឈ្នួល​គ្រប់​ចំនួន​តាម​កម្លាំង​ពលកម្ម​នោះ​ទេ ដោយ​ថៅកែ​ថៃ​បើកប្រាក់​ឱ្យ​បន្តិចបន្តួច ដើម្បី​ទិញ​ស្បៀងអាហារ​ហូបចុក​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។

លោកស្រី​បន្ថែម​ថា អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩​ នេះ លោកស្រី​និង​កូនៗ​របស់​លោក​ស្រី​បាន​ប្ដូរ​ទីកន្លែង​ធ្វើការ​ចំនួន ​២​លើក​រួច​មក​ហើយ នៅតែ​សន្សំ​ប្រាក់​មិនបាន​ផ្ញើ​ទៅ​ឱ្យ​បងប្អូន​នៅ​កម្ពុជា​ដដែល​។ លោកស្រី​ថា ពួកគាត់​មិន​ទាន់​បាន​ចុះឈ្មោះ សុំ​សិទ្ធិ​ធ្វើ​ការងារ​ស្របច្បាប់​នៅឡើយ​ទេ ពីព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ធ្វើ​កាត​ពណ៌​ស៊ី​ជម្ពូ​របស់​អាជ្ញាធរ​ថៃ​នោះ៖ «ខ្ញុំ​ព្រួយបារម្ភ​ខ្លាច​គេ​ចុះ​ចាប់​ចុះ​អី​ដែរ ព្រោះ​អី​ខ្ញុំ​មាន​បញ្ហា​ដូច​ថា​ម៉ែ​គាត់​ឈឺ​នៅផ្ទះ ខ្ញុំ​មក​រក​យក​ទៅ​មើល​ម៉ែ។ ដល់ពេល​មក​អីចឹង​យើង​អត់​មាន​ប៉ាស្ព័រ​អីចឹង​យើង​ចេះតែ​ព្រួយបារម្ភ​ដែរ​ហ្នឹង មើល​ដូច​កាលពី​ចូលឆ្នាំ​សាកល​ខ្ញុំ​រត់​បែក​ទឹក​បែក​ដី​ហើយ កាលណា​មិន​ឱ្យ​គេ​អាហ្នឹង​ឱ្យ​ទេ​ខ្ញុំ​ធ្វើការ​អត់​សល់​លុយ​ទៅ​ស្រុក​ទេ​។ ក៏​ចង់​ធ្វើ​អា​ហ្នឹងឯង ព្រោះ​អី​ខ្ញុំ​ធ្វើការ​អត់​មាន​សល់​លុយ​ទេ »

ចំណែក​ពលរដ្ឋ​មាន​ស្រុកកំណើត​នៅ ខេត្ត​បន្ទាយមានជ័យ​វិញ គឺ​លោកស្រី ឌឿន ថេត លោកស្រី ឱ្យដឹង​ថា លោកស្រី​បាន​មក​ស្នាក់នៅ​ជាមួយ​មិត្តភ័ក្ដិ​ជាង ១​ខែ​ហើយ ដោយសារ​មួយរយៈ​នេះ​លោកស្រី​អត់​ការងារ​ធ្វើ ហើយ​គ្មាន​ប្រាក់​ទិញ​អាហារ​ហូបចុក និង​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល​។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូប​នេះ ប្រាប់​ថា លោកស្រី​ក៏​មិន​ទាន់​បាន​ចុះឈ្មោះ​ធ្វើ​កាត​ពណ៌​ស៊ី​ជម្ពូ​នោះ​ដែរ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ធ្វើ​ឯកសារ​របស់​អាជ្ញាធរ​ថៃ​។ លោកស្រី​បញ្ជាក់​ថា លោកស្រី ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដែរ ប៉ុន្តែ​មិនអាច​ធ្វើដំណើរ​ទៅបាន ព្រោះ​អាជ្ញាធរ​ថៃ​បាន​ហាមឃាត់​មិនឱ្យ​ពលករ​បរទេស​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ទៀត៖ «ចៃដន្យ​អី​យើង​នៅ​ជាមួយ​គេ​អីចឹង​វា​ប្រយ័ត​លុយ​ផង យើង​ចេះ​ធ្វើ​បាយ​ធ្វើ​ទឹក​អីចឹង​ទៅ​វា​ប្រយ័ត​លុយ បើ​សិន​ទៅ​ញាំ​ខាងក្រៅ​វិញ​វា​អស់​ច្រើន។ សំខាន់​គឺ​ការងារ​វា​អត់​បាន​លុយ មក​ធ្វើការ​អីចឹង​វា​មាន​បញ្ហា​ហ្នឹង​កន្លែងធ្វើការ ជូន​កាល​យើង​មក​ធ្វើការ​ជាមួយ​មិត្តភ័ក្ដិ​អីចឹង​គេ​និយាយ​កិច្ចសន្យាការងារ​អត់​ដឹង​រឿង យើង​អត់​ដឹង​ដែរ ដល់​មក​ធ្វើ​គ្នា​អីចឹង​វា​ត្រូវ​នេះ កាល​ហ្នឹង​ធ្វើការ​ប្រហែលជា​៣​ខែ​គ្នា​បាន​លុយ​ទេ ទៅ​កន្លែង​ថ្មី​ទៀត​ក៏​មិនសូវ​បាន​លុយ​ដែរ​។ ២​ឆ្នាំនេះ​ខ្ញុំ​អត់​មាន​ចំណូល​ទេ ខ្ញុំ​មានតែ​ចាយ​លុយ​អ្នកផ្ទះ​ទៀត»។

អាស៊ីសេរី​មិន​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ក្ដី​កង្វល់​របស់​ពលករ​នេះ​បានទេ នៅ​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ធ្លាប់​ឱ្យ​ដឹង​ថា ស្ថានទូត​មិន​អាច​ជួយ​ដោះស្រាយ​ជូន​ពលករ​តាម​ការ​ស្នើ​សុំ​បានទេ ព្រោះ​អាជ្ញាធរ​ថៃ បាន​បើក​ឱ្យ​ពលករ​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើ​ការងារ​ស្របច្បាប់​ហើយ។

ក្រសួង​ការងារ​ថៃ បើក​ឱ្យ​ពលករ​បរទេស​ចុះឈ្មោះ​តាម​ទូរស័ព្ទ ដើម្បី​ធ្វើ​កាត​ធ្វើការ​ពណ៌​ស៊ី​ជម្ពូ​ចាប់ពី​ថ្ងៃទី​១៥ ខែមករា ដល់ ថ្ងៃទី១៣ ខែ​កុម្ភៈ​ខាងមុខ ដើម្បី​មាន​សិទ្ធិ​ធ្វើ​ការងារ​ស្របច្បាប់​រយៈពេល​២​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ​។ វិធានការ​របស់​អាជ្ញាធរ​ថៃ​នេះ ធ្វើ​ឡើងជា​ករណី​ពិសេស​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មានការ​រាតត្បាត​ជំងឺ​កូវីដ​-១៩​។ ទោះជា​យ៉ាងណា ក្រសួង​ការងារ​ថៃ​ព្រមាន​ថា អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ លើ​ពលករ​បរទេស​ណា ដែល​ធ្វើ​ការងារ​ខុសច្បាប់​ចាប់ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ​ត​ទៅ។

ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​អង្គការ​សង់ត្រាល់​ (Central) ទទួលបន្ទុក​សិទ្ធិ​ការងារ លោក ឌី ថេហូយ៉ា យល់​ថា ការ​បើក​ឱ្យ​ពលករ​ចុះឈ្មោះ​រយៈពេល ១ខែ​​នេះ មិន​គ្រប់គ្រាន់​សម្រាប់​ពលករ​បំពេញបែបបទ​សុំ​សិទ្ធិ​នោះ​ឡើយ​។ លោក​ថា ពលករ​ខ្មែរ​មាន​រាប់​សែន​នាក់ កំពុង​ធ្វើ​ការ​ងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ហើយ​ពួកគាត់​ភាគច្រើន មិន​ចេះ​ចុះឈ្មោះ​តាម​ទូរស័ព្ទ​នោះ​ទេ​។ ម្យ៉ាងទៀត ការ​ធ្វើ​កាត​ពណ៌​ស៊ី​ជម្ពូ​នេះ តម្រូវ​ឲ្យ​ពលករ​បង់​ប្រាក់​ជាង​ ៩​ពាន់​បាត ​(៩.០០០) ឬ​ប្រមាណ​ ៣០០​ដុល្លារ​ក្នុង​ម្នាក់​ឯណោះ ដែល​ជា​បន្ទុក​ធ្ងន់​សម្រាប់​ពលករ​។ លោក​បន្ថែម​ថា ពលករ​មួយ​ចំនួន​អត់​ការងារ​ធ្វើជា​ច្រើន​ខែ​មក​ហើយ ដូច្នេះ​ពួកគាត់​មិន​មាន​ប្រាក់​ធ្វើ​កាត​ពណ៌​ស៊ី​ជម្ពូ​នោះ​ឡើយ៖ «ហើយ​អា​បញ្ហា​មួយទៀត​ហ្នឹង​គឺ​គាត់​ត្រូវ​ប្រឈម​នឹង​អត់​មាន​ប្រាក់ចំណូល​ការ​ចិញ្ចឹម​ជីវភាព​ការ​បង់​ធនាគារ​អី​ជាដើម​អីចឹង។ អីចឹង​យើង​ឃើញ​ថា បញ្ហា​ប្រឈម​៤​ហ្នឹង​វា​រឹត​តែ​ឱ្យ​គាត់​រងគ្រោះ គេ​ហៅថា​ជនរងគ្រោះ​នៃ​សង្គម។ សង្គម​ហ្នឹង​ គឺ​មិន​បង្កើត​បរិយាកាស​មួយ​អាច​ឱ្យ​គាត់​អាច​រស់​បាន​ស្រួល​ហើយ សង្គម​មិន​មាន​ការទទួលខុសត្រូវ​សំដៅ​ទៅ​ការដឹកនាំ​រដ្ឋ​មិន​មាន​ការទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ​ខ្លួន ដែល​ដឹង​ហើយ​ថា​ បញ្ហា​នឹង​កើតឡើង​ចំពោះ​ពលរដ្ឋ​ក៏ប៉ុន្តែ​មិន​មាន​ចំណាត់ការ​សមស្រប​ណាមួយ​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ទាំងអស់​ហ្នឹង»។

របាយការណ៍​ក្រសួង​ការងារ​ថៃ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី៦ ខែ​កុម្ភៈ មាន​ពលករ​ខ្មែរ​ជិត ១​សែន ២​ម៉ឺន​នាក់​ហើយ ​(១១៩.៨១១) ដែល​បាន​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើការ​ស្របច្បាប់​រួចរាល់។

មន្ត្រី​សិទ្ធិ​ការងារ​លោក ឌី ថេហូយ៉ា ឱ្យ​ដឹង​ដែរ​ថា ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​មាន ១​លាន ៨​សែន​នាក់ ក្នុង​នោះ​ពលករ​ធ្វើការ​ខុសច្បាប់​មាន​ជាង ៤​សែន​(៤០០.០០០)​នាក់​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជឿ​ថា ពលករ​ខ្មែរ​ជាង ២​សែន​នាក់ នឹង​ក្លាយទៅជា​ពលករ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ថៃ អាច​នឹង​ចាប់​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ ឬ​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ខាងមុខ​។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ថៃ​គួរតែ​ពន្យារពេល​ចុះឈ្មោះ​សុំ​សិទ្ធិ​ធ្វើការ​ទៅមុខ​មួយ​​រយៈ​​ទៀត ហើយ​បញ្ចុះតម្លៃ​ធ្វើ​កាត​ឱ្យ​បាន​ទាប​ជាង​ពេល​បច្ចុប្បន្ន​។ បន្ថែម​ពី​នេះ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ ត្រូវ​ចាត់​វិធាន​លើ​ក្រុម​មេខ្យល់ ដែល​រត់​ការ​​ចុះឈ្មោះ​ឱ្យ​ពលករ​ក្នុង​តម្លៃ​ថ្លៃ​លើស​ការ​កំណត់​របស់​អាជ្ញាធរ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូលមតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។