សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa)នៅថ្ងៃទី៦ ខែកញ្ញា បានចេញថ្លែងការណ៍បង្ហាញការសោកស្តាយ និងទាមទារឲ្យស្ថាប័នអនុវត្តច្បាប់ មានវិធានការច្បាស់លាស់ចំពោះមន្ត្រីដែលធ្វើទុក្ខបុកម្នេញ និងរារាំងការងាររបស់អ្នកសារព័ត៌មាន។ ការចេញសេចក្តីថ្លែងការណ៍បែបនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មានពីររូបទៀត បានរងនូវការគំរាមកំហែងនិងបំភិតបំភ័យក្នុងពេលពួកគាត់ ចុះយកព័ត៌មានពីករណីជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាល។
ខេមបូចា បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីម៉ោង ៣ រសៀលថ្ងៃទី៤ ខែកញ្ញា អ្នកហាត់ការនៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យ(វីអូឌី) លោក ពក ខឺយ បានចុះទៅយកព័ត៌មាននៅកន្លែងមានជម្លោះដីធ្លី ក្នុងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលនៅទីនោះក្រុមប្រជាពលរដ្ឋ បានធ្វើសន្និសិទសារត៌មានឆ្លើយតបនឹងលិខិតរដ្ឋបាល ខេត្តកណ្តាល ស្តីពី ការបិទទ្វារទឹក និងកាយផ្តាច់ផ្លូវទំនប់៥៤ ក្នុងភូមិកំពង់តាឡុង។ ពេលលោក ពក ខឺយ ទៅដល់ទីនោះ ស្រាប់តែមានអាជ្ញាធរស្លៀកពាក់ស៊ីវិលបានថត រូបលោក និងម៉ូតូរបស់លោក ប៉ុន្តែលោក នៅបន្តធ្វើការនិងសម្ភាសន៍ពលរដ្ឋជាធម្មតា។ លុះដល់ម៉ោង ៥ ល្ងាច លោកបានធ្វើដំណើរត្រឡប់មកផ្ទះវិញ ក៏មានមនុស្សពីរនាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងស្លាកលេខរដ្ឋ បើកដេញតាមលោកពីក្រោយរហូត។ ក្រៅពីមានអ្នកជិះម៉ូតូដេញតាមលោកហើយនោះ ក៏មានសមត្ថកិច្ចពាក់ឯកសណ្ឋាននគរបាលប្រហែល ៥ នាក់ ចេញមកស្ទាក់ម៉ូតូរបស់លោកមុខផ្លូវ ទំនងជាចង់ចាប់រូបលោកបង្ខំឲ្យលុបវីដេអូនិងរូបភាពដែលលោកបានថតនិងសម្ភាសន៍ប្រជាពលរដ្ឋ ប៉ុន្តែលោកមិនព្រមឈប់។ បន្ទាប់មក លោកបានបន្ថែមល្បឿនម៉ូតូ ដើម្បីគេច ប៉ុន្តែនៅតែមានម៉ូតូដេញតាមលោកពីក្រោយដោយស្រែកប្រាប់ឲ្យលោកឈប់ និងបញ្ជាក់ថា ពួកគេ គឺជាមន្ត្រីប៉ូលិស។ ក្រោយជិះម៉ូតូដេញលោកប្រមាណ៥០០ម៉ែត្រ ហើយលោកនៅតែមិនព្រមឈប់ ទើបមន្ត្រីប៉ូលិសទាំង ២ នាក់នោះឈប់ដេញតាមលោក។ លោក ពក ខឺយ រៀបរាប់ប្រាប់ខេមបូចាថា ស្ថិតក្នុងហេតុការណ៍នេះ លោកពិតជាតក់ស្លុត និងម្យ៉ាងគិតស្តាយរូបភាពនិងព័ត៌មានដែលលោកខំសម្ភាសន៍ ត្រូវអាជ្ញាធរបង្ខំឲ្យលុបចោល ហើយម្យ៉ាងទៀត ខ្លាចពេលពួកគេចាប់បានវាយធ្វើបាបដោយហិង្សាលើរូបលោក។លោក ចាត់ទុកថា ការដែលសមត្ថកិច្ច ជិះម៉ូតូដេញតាមចាប់លោកនេះ គឺជា សកម្មភាពបង្ហាញពីការធ្វើទុក្ខបុកម្នេញ ចង់បំបាកស្មារតី និងរារាំងការងាររបស់អ្នកសារព័ត៌នានា។
ជាមួយគ្នានេះ មានអ្នកសារព័ត៌មានមួយរូបទៀត ឈ្មោះ លួស សេង ដែលជាចាងហ្វាងការផ្សាយទូរទស្សសន៍អនឡាញ SLN ដែលបានចុះទៅយកព័ត៌មានទីនោះដែរអះអាងថា លោកបានទទួលដំណឹងពីប្រជាពលរដ្ឋថា សមត្ថកិច្ចក៏មានគម្រោងចាប់ខ្លួនលោកដែរ ដើម្បីកុំឲ្យផ្សាយព័ត៌មានពីការធ្វើសន្និសិទរបស់ប្រជាពលរដ្ឋ។ ក្រោយទទួលដំណឹងនេះ លោក និងក្រុមការងារ ក៏បង្ខំចិត្តផ្អាកយកព័ត៌មានតែម្តង។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី ថ្លែងថា ទង្វើរបស់អាជ្ញាធរនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពរបស់អ្នកសារព័ត៌មាន សេរីភាពបញ្ចេញមតិនៅកម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិទទួលបានព័ត៌មានជាដើម។ ជម្លោះដីធ្លីនេះ កើតឡើងជាយូរមកហើយ រវាងប្រជាពលរដ្ឋ ជាមួយនឹងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ អូ.ស៊ី.អាយ.ស៊ី(OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ខេមបូចា បានកត់ត្រាករណីបៀតបៀន មកលើអ្នកសារព័ត៌មានចំនួន៣៨ករណីក្នុងនោះមានអ្នកសារព័ត៌មាន៥៦នាក់ ភាគច្រើន ជាករណីចាប់ឃុំខ្លួននិងការប្រើអំពើហិង្សា។
ខេមបូចា ស្នើសុំឲ្យមន្ត្រីថ្នាក់លើនៃក្រសួងជំនាញ រួមមានក្រសួងមហាផ្ទៃជាដើម ណែនាំទៅដល់មន្ត្រីនៅមូលដ្ឋានរបស់ខ្លួន ឲ្យយល់ដឹងពីតួនាទីភារកិច្ច និងសិទ្ធិរបស់អ្នកសារព័ត៌មាន និងបញ្ឈប់ការបៀតបៀនទាំងឡាយលើអ្នកសារព័ត៌មាន។ ខេមបូចា ក៏ជំរុញឲ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវរកសមត្ថកិច្ចដែលបានរារាំងនិងបង្ករូបភាពគំរាមកំហែង បំភិត បំភ័យអ្នកសារព័ត៌មាន យកមកអប់រំណែនាំដើម្បីឲ្យពួកគេបញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់នោះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។