សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ២០២០ គ្មានភាពប្រសើរទេ។ ប៉ុន្តែ អាជ្ញាធរជំនាញច្រានចោលរបាយការណ៍នេះ និងហៅរបាយការណ៍ថា មានចេតនាបំភ័ន្តសាធារណៈជនឲ្យយល់ច្រឡំ ពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។
ក្នុងឆ្នាំ២០២០ អ្នកសារព័ត៌មានច្រើននាក់ បានរងការយាយី ដោយហិង្សា ការគំរាម និងការចាប់ខ្លួនអ្នកសារព័ត៌មាន។ ជាងនេះទៅទៀត ក្រមព្រហ្មទណ្ឌ នៅតែជាឧបករណ៍ច្បាប់ ដ៏មានឥទ្ធិពលក្នុងការបំភិតបំភ័យ និងចាប់អ្នកសារព័ត៌មាន ដាក់ពន្ធនាគារ។
នៅថ្ងៃនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ហៅកាត់ថា ខេមបូចា) ចេញផ្សាយនូវ របាយការណ៍មួយមានចំណងជើងថា ...
Posted by CamboJA on Sunday, March 28, 2021
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានចេញផ្សាយ របាយការណ៍ស្ដីពីស្ថានភាពអ្នកសារព័ត៌មានកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃទី២៩ មីនា បង្ហាញថា អ្នកសារព័ត៌មានពិបាកប្រើប្រាស់សិទ្ធិស្របច្បាប់ និងសេរីភាពក្នុងការរាយការណ៍ ដោយមានការចាប់ខ្លួន ដោយអយុត្តិធម៌ និងការអនុវត្តក្រមព្រហ្មទណ្ឌ ជំនួសច្បាប់ស្ដីពីរបបសារព័ត៌មាន។
របាយការណ៍បង្ហាញថា រយៈពេលមួយឆ្នាំ មានអ្នកសារព័ត៌មានចំនួន ៧២នាក់ រងការយាយីទាំងការចាប់ដាក់ពន្ធនាគារ និងការប្រើប្រាស់ហិង្សា។ ក្នុងនោះ មានអ្នកសារព័ត៌មានយ៉ាងតិចណាស់ ចំនួន ៣១នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន និងមានអ្នកសារព័ត៌មាន ២២នាក់ រងការវាយដំរាងកាយ ឬរងការគំរាមប្រើហិង្សា ក្នុងពេលបំពេញការងារ។
អាជ្ញាធរ បានចាប់ខ្លួនអ្នកសារព័ត៌មានជាច្រើន ក្នុងឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ ឬបទជំរិតទារប្រាក់តាមក្រមព្រហ្មទណ្ឌ។ សម្ព័ន្ធអ្នកសារព័ត៌មានយល់ថា ការបន្តឃុំខ្លួន និងការគំរាមកំហែងជាបន្តបន្ទាប់លើអ្នកសារព័ត៌មាន បានធ្វើឲ្យខូចដល់តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមប្រជាធិបតេយ្យ និងបានបង្កឲ្យមានការភ័យខ្លាច ដល់អ្នកសារព័ត៌មាន ដែលបានចុះផ្សាយរឿងរ៉ាវ ឬករណីពាក់ព័ន្ធជាមួយមន្ត្រី និងអ្នកមានអំណាច។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី សង្កេតឃើញថា បន្ថែមពីការយាយី និងចាប់ខ្លួននេះ អ្នកសារព័ត៌មានមិនទទួលបានការជួយគាំពារពីអាជ្ញាធរមានសមត្ថកិច្ចទេ។ ចំណែកស្ថាប័នតុលាការ ក៏នៅតែបន្តនីតិវិធី ដោយមិនព្រមទម្លាក់ចោលបទចោទតាមក្រមព្រហ្មទណ្ឌប្រឆាំងលើអ្នកសារព័ត៌មានដដែល។
លោកយល់ថា ស្ថានភាពជារួម នៃសេរីភាពសារព័ត៌មាន ក្នុងឆ្នាំ២០២០ នៅកម្ពុជា មិនទាន់មានភាពល្អប្រសើរជាងឆ្នាំកន្លងៗ ទៅទេ ហើយច្បាប់ស្ដីពីរបបសារព័ត៌មាន ក៏មិនត្រូវយកមកប្រើ ដើម្បីជួយគាំពារអ្នកសារព័ត៌មានដែរ។
អ្នកឃ្លាំមើលសិទ្ធិសេរីភាពសារព័ត៌មានរូបនេះ ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ខិតខំជួយការពារអ្នកសារព័ត៌មានឲ្យបានប្រសើរជាងនេះ ដើម្បីឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាវិវត្តន៍ទៅរកភាពល្អប្រសើរវិញ៖ « ករណី ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ដែលដោយសារតែការបំពេញវិជ្ជាជីវៈរបស់ពួកគាត់ គួរតែត្រូវបានទម្លាក់ចោល។ កុំឲ្យនៅមានការបន្ត ការប្ដឹងផ្ដល់ប្រឆាំងពួកគាត់បន្តទៀត ដោយសារករណីទាំងអស់ហ្នឹង អាចជំរុញឲ្យមានការភ័យខ្លាច ឬមួយក៏មានការដាក់គំនាបពួកគាត់ ចំពោះសេរីភាពខ្លួនគាត់ផ្ទាល់ហ្នឹង»។
ប៉ុន្តែរបាយការណ៍នេះ មិនទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលទេ។ មន្ត្រីជំនាញបានច្រានចោល ដោយហៅរបាយការណ៍នេះថា មានចេតនាបំភ័ន្តមតិសាធារណៈជន ក្នុងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ពន្យល់ថា ការប្រើប្រាស់ច្បាប់នានាលើអ្នកសារព័ត៌មាននៅកម្ពុជា គឺឈរលើអង្គហេតុ និងអង្គច្បាប់ជាក់ស្ដែង។ លោកអះអាងថា ការប្រើប្រាស់ច្បាប់ ចំពោះអ្នកសារព័ត៌មាន ដែលប្រព្រឹត្តិល្មើសច្បាប់ មិនមែនជាការយាយី ឬមិនមែនជាការបំភិតបំភ័យទេ។
មន្ត្រីរូបនេះ បន្តអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ មិនដូចរបាយការណ៍នានា របស់អង្គការសង្គមស៊ីវិលទេ។ លោកបន្តទៀតថា អង្គភាពសារព័ត៌មានអាចអនុវត្តសិទ្ធិ សេរីភាព សារព័ត៌មានពេញលេញនៅកម្ពុជា និងទទួលបានការជួយជ្រោមជ្រែងផ្នែកច្បាប់ និងសន្តិសុខ ពីអាជ្ញាធរមានសមត្ថកិច្ច៖ « អនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវៈ។ អនុលោមទៅច្បាប់ជាធរមាន គឺគាត់អាចបំពេញវិជ្ជាជីវៈរបស់គាត់ ដោយសេរី ដោយពេញលេញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដូចលោក ឃើញហើយថា បច្ចុប្បន្ននេះ មានអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានជាច្រើន ដែលកំពុងតែបំពេញវិជ្ជាជីវៈសារព័ត៌មាន ហើយចំនួនទៀតសោត ក៏មានការកើនឡើងដែរ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈនៅកម្ពុជា គឺត្រូវមានកាតព្វកិច្ចទទួលខុសត្រូវ។ ក្នុងករណីអ្នកសារព័ត៌មាន ប្រព្រឹត្តិខុស គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
តែយ៉ាងណា អ្នកជំនាញក្នុងវិស័យសារព័ត៌មាន នៅកម្ពុជា មិនយល់ឃើញបែបនេះទេ។ ពួកគេ គាំទ្ររបាយការណ៍របស់ខេមបូចាជាង ដោយសង្កេតឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងស្ថានភាព មិនទាន់ល្អប្រសើរ ខណៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ប្រឆាំងអ្នកសារព័ត៌មាន ជាការគំរាមកំហែងធ្ងន់ធ្ងរ។
នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត សង្កេតឃើញថា ការអនុវត្តជាក់ស្ដែង គឺអាជ្ញាធរបានប្រើប្រាស់ក្រមព្រហ្មទណ្ឌ ចាប់ខ្លួនអ្នកសារព័ត៌មាន ទើបបណ្ដាលឲ្យអ្នកសារព័ត៌មានខ្លះ បង្ខំចិត្តដាក់កំហិតខ្លួនឯង ក្នុងការរាយការណ៍ និង ចេញផ្សាយអត្ថបទសារព័ត៌មាន។
លោក អ៊ិត សូធឿត ជំរុញអាជ្ញាធរមានសមត្ថកិច្ច ឱ្យប្រើប្រាស់ច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលមានស្រាប់ ចំពោះអ្នកសារព័ត៌មាន និង ត្រូវជួយគាំពារ លើកទឹកចិត្តអ្នកសារព័ត៌មាន ឲ្យហ៊ានរាយការណ៍ ពីភាពខ្វះចន្លោះរបស់មន្ត្រីមានអំណាច និងបញ្ហានានា ដែលកើតឡើងក្នុងសង្គម៖ « ដោយសារតែនៅក្នុងប្រទេសកម្ពុជា យើងមានច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ក៏ប៉ុន្តែឃើញថា ដូចរបាយការណ៍ខាងខេបូចា គាត់រកឃើញ គឺច្បាប់នេះ ស្ទើរតែមិនត្រូវបានប្រើប្រាស់ពាក់ព័ន្ធនឹងករណីជាមួយនឹងអ្នកសារព័ត៌មានទេ។ ផ្ទុយទៅវិញ គឺច្បាប់ពាក់ព័ន្ធនឹងខាងព្រហ្មទណ្ឌ ដែលត្រូវបានប្រើប្រាស់ ដែលនេះ គឺជាចំណុចមួយ ដែលគួរឲ្យសោកស្ដាយដែរ ចំពោះអ្នកសារព័ត៌មាន ដោយសារតែយើងមានច្បាប់ដោយឡែកហើយ។ ដូច្នេះយើងគួរតែប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន ដើម្បីចាត់ការទៅលើករណី ដែលពាក់ព័ន្ធជាមួយនឹងអ្នកសារព័ត៌មាន»។
របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ក្នុងឆ្នាំ២០២០ បង្ហាញថា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា បន្តដាំក្បាលចុះយ៉ាងគំហុកពីលេខ ១៣២ ក្នុងឆ្នាំ២០១៧ មកលេខ ១៤៤ ក្នុងចំណោម ១៨០ប្រទេស នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២០។ អង្គការនេះនៅតែចាត់ទុកថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តស្ថិតក្រោមការរឹតត្បិត ដោយការគំរាមកំហែង ការចាប់ខ្លួនអ្នកសារព័ត៌មានដាក់គុកពីបទព្រហ្មទណ្ឌ ការបង្កើតច្បាប់នានាដែលមានលក្ខណៈរឹតត្បិតសេរីភាពសារព័ត៌មានជាដើម។ បើតាមអង្គការនេះ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខ្លាចចាញ់ឆ្នោតក្នុងឆ្នាំ២០១៨ បានបើកយុទ្ធនាការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកមានសំឡេងមិនស្របនឹងរដ្ឋាភិបាល។ ក្នុងនោះ រដ្ឋាភិបាល បានបំបិទការផ្សាយរបស់វិទ្យុក្នុងស្រុកជាង ៣០ ដែលផ្សាយបន្តកម្មវិធីព័ត៌មាននៃវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក្រោមហេតុផលថា ម្ចាស់ស្ថានីយទាំងនោះ មិនគោរពកិច្ចសន្យាជាមួយក្រសួង។ ក្រោយមករដ្ឋាភិបាល បានបិទកាសែត និងគេហទំព័រកាសែតឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្រោយហេតុផលមិនបានបង់ពន្ធជូនរដ្ឋ។ បន្ទាប់មកទៀត គឺការបង្ខំចិត្តបិទការិយាល័យរបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា និងការចោទប្រកាន់ និងចាប់ខ្លួន អ្នកសារព័ត៌មាន នៃស្ថាប័នទាំង ២នេះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។