ក្រុមកម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង ៦០នាក់ នៅព្រឹកថ្ងៃទី១៥ សីហា បាននាំគ្នាមកតាមដានញត្តិ ដែលបានដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីជាងមួយខែមុន ដើម្បីសុំជួយអន្តរាគមន៍ករណីថៅកែរត់ចោលពួកគាត់ដោយមិនបានបើកប្រាក់ឈ្នួល។ មន្ត្រីសង្គមស៊ីវិល ជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយ ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ធំជាងនេះ។
ក្រុមកម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ប្រមាណជាង ១០០នាក់ កំពុងជួបការលំបាកក្នុងការរស់នៅ បន្ទាប់ពីបាត់បង់ការងារអស់រយៈពេល ៣ខែមកនេះ។ ពួកគាត់ស្នើដល់លោកនាយករដ្ឋមន្ត្រី ឱ្យដោះស្រាយបញ្ ហាដែលថៅកែរោងចក្ររត់ចោលបុគ្គលិក បន្ទាប់ពីបានដាក់ញត្តិសុំអន្តរាគមន៍នៅខុទ្ទកាល័យលោក ហ៊ុន សែន កាលពីថ្ងៃ២២ មិថុនាកន្លងទៅ។
កម្មការិនីម្នាក់នៃរោងចក្រ ឃែនធើរេន កញ្ញា ទូច ថាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ សីហាថា មកទល់នឹងថ្ងៃនេះកញ្ញានៅមិនទាន់ឃើញដំណោះស្រាយ ឬការឆ្លើយតបណាមួយចេញពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ។ កញ្ញាថា បន្ទាប់ពីបាត់បង់ការងារនៅក្នុងរោងចក្រជាង ៣ខែមកនេះ ជីវភាពរបស់នាងក៏ដូចជាកម្មករផ្សេងទៀតកំពុងជួបការលំបាក ដោយសារគ្មានប្រាក់កាសចំណាយក្នុងជីវភាពប្រចាំថ្ងៃ ដោយប្រឈមនឹងការបាត់បង់ទីលំនៅ និងកង្វះម្ហូបអាហារ។ កញ្ញាបន្តថា ការដាក់ញត្តិទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនេះ គឺដើម្បីស្នើឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយឱ្យកម្មករទាំងអស់ទៅ តាមច្បាប់ការងារ រួមមាន ការបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីឱ្យកម្មករអាចបន្តជីវភាពក្នុងការរស់នៅទម្រាំស្វែងរកការងារផ្សេងបានធ្វើ៖ « ខ្ញុំមកនេះ ( ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ) មកជម្រើសចុងក្រោយហើយ ក្ដីសង្ឃឹមផ្ញើនៅហ្នឹងទាំងអស់។ លើកហ្នឹងមកតឿនញត្តិឱ្យរាងលឿនបន្តិច ព្រោះពួកខ្ញុំដូចជាអស់កម្លាំងតស៊ូហើយ ដាច់បាយដាច់អីហើយ បើបីខែហើយមិនទាន់ដំណោះស្រាយអីចេញផង កាន់តែយូរទៅៗ។ ពួកខ្ញុំមកហ្នឹង គឺដើម្បីឱ្យការដោះស្រាយហ្នឹងឱ្យវាលឿនបន្តិច ព្រោះពួកខ្ញុំហ្នឹងវេទនាណាស់ » ។
កាលពីខែមេសា ម្ចាស់រោងចក្រឃែនធើរេន បានលួចដឹកសម្ភារពីក្នុងរោងចក្រដោយស្ងាត់ៗ ប៉ុន្តែក្រុមកម្មករបានដឹង និងលើកគ្នាមកដេកយាមនៅខាងមុខកន្លែងនោះអស់រយៈពេលជាង ២ខែ។ ទោះយ៉ាងនេះក្ដី ក៏ក្រុមកម្មករនៅមិនទាន់ទទួលបានដំណោះស្រាយ ឬចំណាត់ការណាមួយទៅលើម្ចាស់រោងចក្រនេះ ពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងក្រសួងពាក់ព័ន្ធនៅឡើយនោះទេ ទោះបីពួកគាត់ធ្លាប់ដាក់ញត្តិទៅក្រសួងការងារ កាលពីថ្ងៃទី២៣ ឧសភាម្ដងរួចមកហើយក៏ដោយ។

ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន លោកស្រី សាន់ សុផា ឱ្យដឹងថា មកទល់ពេលនេះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីពុំទាន់មានដំណោះស្រាយណាមួយនៅឡើយនោះទេ ក្រៅតែពីមន្ត្រីនៅទីនោះហៅតំណាងកម្មករទៅជួប ដើម្បីនិយាយពីនីតិវិធីផ្សេងៗ តែប៉ុណ្ណោះ។ លោកស្រីបន្តថា ការមកតាមដានញត្តិនៅថ្ងៃចន្ទនេះ គឺដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាឱ្យពួកគាត់ ដោយសារតែខុទ្ទកាល័យនាយករដ្ឋមន្ត្រីជាជម្រើសចុងក្រោយរបស់ពួកគាត់ រីឯក្រសួងការងារ និងស្ថាប័នតុលាការ ហាក់មិនមានដំណោះស្រាយណាមួយសមស្របសម្រាប់ពួកគាត់នោះទេ ក្រៅតែពីការចេញលិខិតច្រានចោលនូវការលើកឡើងរបស់ពួកគាត់។ លោកស្រីរំពឹងថា ញត្តិដែលបានដាក់ទៅលោក ហ៊ុន សែន នេះនឹងឆាប់មានដំណោះស្រាយសម្រាប់ពួកគាត់ ដ្បិតក្រុមកម្មករទាំងអស់ លែងមានជំនឿចិត្តជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជា ក្រសួងការងារតទៅទៀតហើយ៖ « អ៊ីចឹងហើយ វាគ្មានអីក្រៅតែពីមកខុទ្ទកាល័យ ឬផ្ទះសម្ដេចទេ ឱ្យគាត់ជួយអន្តរាគមន៍មើលរឿងហ្នឹង ដោយសារខ្ញុំដើរច្រកវាច្រើនហើយ បីខែជាងហើយ។ អ៊ីចឹងអត់ចម្លែកទេ ដូចថា ខ្ញុំអស់កន្លែងទៅ មានតែកន្លែងហ្នឹងទេ ជាជម្រើសចុងក្រោយរបស់ខ្ញុំ » ។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទង មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីសុំការបំភ្លឺពីករណីនេះបាននៅឡើយនោះទេ នៅថ្ងៃទី១៥ សីហា។
កាលពីចុងខែមេសា ភាគីនិយោជកនៃរោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា ប្រមាណជាង១០នាក់ បានលាឈប់ពីការងារ និងបិទទ្វាររោងចក្រទាំងមិនទាន់ដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករ។ បន្ទាប់មកគេឃើញមានការប្រមូលសម្ភារៈពីរោងចក្រ ឃែនធើរេន ចូលទៅក្នុងរោងចក្រមួយទៀត ដែលមានឈ្មោះថា ក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល (Quality Textiles Co., Ltd.) ស្ថិតក្នុងសង្កាត់ទួលពង្រ រាជធានីភ្នំពេញ។ ក្រុមកម្មករអះអាងថា រោងចក្រទាំងពីរនេះមានថៅកែគ្រប់គ្រងតែមួយ ជាជនជាតិម៉ាឡេស៊ី ឈ្មោះ CHHOONG WEIPIAU។ ប៉ុន្តែ ការលើកឡើងនេះ ត្រូវបានក្រសួងការងារ និងមេធាវីរបស់ក្រុមហ៊ុនច្រានចោលថា មិនមែនជាការពិតនោះទេ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ការដាក់ញត្តិរបស់ក្រុមកម្មករ ដើម្បីស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលជាការបង្ហាញពីការប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ធ្វើការទាមទាររកនូវភាពយុត្តិធម៌ក្នុងប្រទេសប្រជាធិបតេយ្យ។ លោកបន្តថា ដូចនេះ ក្នុងនាមជាអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដែលមានតួនាទីសម្រេចនៅក្នុងរឿងនេះ គួរតែពន្លឿនការងាររបស់ខ្លួនដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយភាពយុត្តិធម៌។ ទន្ទឹមគ្នានេះ លោកថា ប្រសិនបើកម្មករនៅមិនទាន់ទទួលបានភាពយុត្តិធម៌ នោះពួកគេអាចប្រមូលផ្ដុំគ្នាធ្វើការតវ៉ាដោយស្របច្បាប់បានទៀតផង៖ « បើសិនជាយើងមិនចង់ឱ្យកម្មករធ្វើបាតុកម្ម មិនចង់ឱ្យកម្មករធ្វើប្រមូលផ្ដុំតវ៉ាទេ ខ្ញុំគិតថា អាជ្ញាធរ សមត្ថកិច្ច ជាពិសេស គឺក្រសួង ដែលពាក់ព័ន្ធគួរតែមានការពន្លឿននូវការដោះស្រាយទាំងអស់ហ្នឹង ធ្វើយ៉ាងណាយកចិត្តទុក្ខដាក់ដោះស្រាយឱ្យបានហ្មត់ចត់ស្របទៅនឹងរដ្ឋធម្មនុញ្ញ » ។
យោងទៅតាមច្បាប់ស្ដីពីការងារ ក្នុងករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹងដល់កម្មករគឺជារឿងខុសច្បាប់។ ជាមួយគ្នានេះ ថៅកែក្រុមហ៊ុន សហគ្រាសនោះត្រូវតែដោះស្រាយសំណងជូនកម្មករ ចំនួន ៥ចំណុចគឺ ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំ ដែលនៅសេសសល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។