មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បានអំពាវនាវឲ្យគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋ ឲ្យមកចុះហត្ថលេខាលើញត្តិ ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យបើកការស៊ើបអង្កេត និងរកយុត្តិធម៌ដល់ជនរងគ្រោះដោយអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខរដ្ឋាភិបាល ក្នុងពេលតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលកំពុងបង្ហាញលទ្ធផលអង្កេតរបស់ខ្លួន និងបន្តវិធានការច្បាប់។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតជុំវិញការប្រើអំពើហិង្សាបាញ់អ្នកតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ នៅក្បែររោងចក្រ យ៉ាកជីន និងផ្លូវវ៉េងស្រេង ដោយដាក់បន្ទុកលើមេដឹកនាំគណបក្សប្រឆាំង និងសហជីព ថាជាអ្នកញុះញង់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១៧ មេសា ថា គណៈកម្មការស៊ើបអង្កេតបានចាត់ទុកថា មូលហេតុដែលនាំឲ្យមានសកម្មភាពប្រមូលផ្ដុំតវ៉ាឲ្យក្លាយទៅជាអំពើហិង្សានោះ គឺផ្ដើមចេញពីសកម្មភាពញុះញង់ដោយពាក្យសម្ដី និងការចូលរួមនៅទីសាធារណៈពីសំណាក់មេដឹកនាំគណបក្សប្រឆាំង និងមានសកម្មភាពចុះទៅដោយផ្ទាល់របស់បេក្ខជនតំណាងរាស្ត្រគណបក្សប្រឆាំង រួមទាំងសកម្មជនសហជីព ក្រោមហេតុផលឲ្យមានការតវ៉ាទាមទារដំឡើងប្រាក់ខែ។ លោកថា ដែលគ្រានោះ អ្នកតវ៉ាមានចំនួនច្រើនរហូតដល់គ្រប់គ្រងលែងបាន ទើបជនឆ្លៀតឱកាសមួយចំនួនជំរុញសកម្មភាពតវ៉ានេះឲ្យទៅជាសកម្មភាពហិង្សាបង្ហូរឈាម។
«សំឡេង»
ឆ្លើយតបបញ្ហានេះ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានបដិសេធចំពោះលទ្ធផលអង្កេតរបស់រដ្ឋាភិបាលនេះ។ លោកបន្ត ការប្រមូលផ្ដុំតវ៉ាដំឡើងប្រាក់ខែនៅពេលនោះ គឺជាសន្ទុះ និងឆន្ទៈរបស់កម្មករដោយផ្ទាល់ ពុំមានការញុះញង់នោះទេ។ រីឯសហជីពដែលចូលរួមឃ្លាំមើលនៅពេលនោះបានជួយអ្នកសម្របសម្រួល និងពន្យល់អ្នកតវ៉ាកុំឲ្យអ្នកតវ៉ាប្រើអំពើហិង្សាទៅវិញទេ។
«សំឡេង»
ចំណែកអគ្គនាយករងរដ្ឋបាលនៃគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានឆ្លើយតបថា រដ្ឋាភិបាលអសមត្ថភាពមិនអាចដំឡើងប្រាក់ឈ្នួលឲ្យកម្មករទើបជំរុញឲ្យមានការតវ៉ា ហើយលទ្ធផលអង្កេតរបស់រដ្ឋាភិបាល ដែលបង្វែរការចោទប្រកាន់មកលើគណបក្សប្រឆាំងនេះ គឺដើម្បីបិទបាំងទោសកំហុសរបស់ខ្លួនទៅវិញ។
«សំឡេង»
បញ្ហានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងចែកចាយញត្តិរយៈពេល១ខែ ដើម្បីកៀរគររកសំឡេងគាំទ្រ ដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបើកការស៊ើបអង្កេតដោយឯករាជ្យជាបន្ទាន់ ចំពោះការប្រើកម្លាំងហួសប្រមាណពីសំណាក់កងកម្លាំងចម្រុះរបស់រដ្ឋាភិបាល បង្ក្រាបលើអ្នកតវ៉ាដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីដើមឆ្នាំ២០១៤។
អ្នកសម្របសម្រួលគម្រោងការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ឆាយ ឈុនលី អះអាងថា ចាប់តាំងពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី២៤ ខែមេសា មជ្ឈមណ្ឌលកំពុងផ្សព្វផ្សាយរកអ្នកគាំទ្រញត្តិនេះ និងទទួលបានហត្ថលេខាពីអ្នកគាំទ្រជាបណ្ដើរៗហើយ។
ខ្លឹមសារសំខាន់ក្នុងញត្តិនោះ គឺសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាការពារគោរពសិទ្ធិមនុស្ស ធានាស៊ើបអង្កេតបន្ទាន់ ដោយឯករាជ្យ និងសាធារណៈ លើការប្រើកម្លាំងបង្ក្រាបលើសលប់លើអ្នកតវ៉ា បញ្ចប់និទ្ទណ្ឌភាព យកជនដៃដល់បាញ់រះអ្នកតវ៉ាមកផ្ដន្ទាទោស និងផ្ដល់សំណងដល់ជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។