មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រារព្ធពិធីរម្លឹកខួបគម្រប់៨ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី តាមរយៈសកម្មភាពផ្សេងៗ ដើម្បីបង្ហាញពីការដឹងគុណ ការនឹករលឹក និងការទាមទារយុត្តិធម៌សម្រាប់អ្នកវិភាគ បញ្ហាសង្គម រូបនេះ។ ចំណែកអង្គការសង្គមស៊ីវិល និងយុវជនផ្សេងទៀតគ្រោងនឹងរម្លឹកខួបគម្រប់៨ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា នៅតាមទីតាំង និងខេត្តផ្សេងៗគ្នា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CCHR) នៅថ្ងៃទី៩ កក្កដា រៀបចំពិធីរម្លឹកខួប ៨ឆ្នាំ នៃមរណភាពលោកបណ្ឌិត កែម ឡី តាមរយៈសកម្មភាពផ្សេងៗ គ្នា រួមមាន ពិធីបង្សុកូល និងរាប់បាត្រ ការស្មិងស្មាធិ៍រម្លឹកដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ទ្បី ការចាក់បញ្ចាំងវីដេអូខ្លី មានចំណងជើងថា «៨ឆ្នាំនៃការចងចាំ» ជាដើម។
ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានអានសារពីសាធារណជន ស្ដីពីសេចក្ដីនឹករលឹកចំពោះបណ្ឌិត កែម ទ្បី និងការតំណាលពីអនុស្សាវរីយ វីរភាព និងសេចក្ដីនឹករលឹកចំពោះបណ្ឌិត កែម ទ្បី ផងដែរ។
ជុំវិញរឿងនេះ នាយិកាស្ដីទីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ជរចន្ទ័ធីតា លើកឡើងថាការប្រារព្ធកម្មវិធីជារៀងរាល់ឆ្នាំនេះឡើងគឺដើម្បីជាការដឹងគុណ ការនឹករលឹក និងការចងចាំ លោកបណ្ឌិត កែម ឡី ដែលមិនត្រឹមតែជាអ្នកវិភាគ និងអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញប៉ុណ្ណោះទេ តែលោកក៏ធ្លាប់ជាសមាជិកម្នាក់របស់ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងដែរ។
អ្នកស្រី ជរចន្ទ័ធីតា៖«ផ្នែកមួយដែលសំខាន់ គឺយើងផ្សព្វផ្សាយតាមរយៈប្រព័ន្ធហ្វេសប៊ុករបស់យើងឱ្យមានការចូលរួមពីសាធារណជន ជាពិសេស យុវជន ឬសាធារណជនផ្សេងៗ ដែលជាអ្នកគាំទ្រនូវស្មារតីវីរភាពលោកបណ្ឌិត កែម ឡី ដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយ ពាក់ព័ន្ធនឹងស្នាដៃឯករបស់លោកក្នុងការចូលរួមសេរីភាពបញ្ចេញមតិ»។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) ក៏បានធ្វើយុទ្ធនាការនៅតាមបណ្ដាញសង្គម ដោយបង្ហោះរូបថត និងស្លាករំលឹកពីសម្ដីមាសបណ្ឌិត កែម ឡី និងសារទាមទាររកយុត្តិធម៌ ដូចជាសរសេរថា ស្លាកដែលបានលើកទាំងនោះរួមមាន« សូមឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ» «កែម ឡី ជានិមិត្តរូបនៃសេរីភាពបញ្ចេញមតិ» «បើអ្នកមិនធ្វើអ្វីទាល់តែសោះក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេននាក់ប៉ុណ្ណោះ» និង «យុត្តិធម៌សម្រាប់ កែម ឡី យុត្តិធម៌សម្រាប់យើងទាំងអស់គ្នា» ជាដើម។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើយុទ្ធនាការនេះឡើងគឺជារំលឹកនូវវីរភាព លោកបណ្ឌិត កែម ឡី ដែលជាធ្វើការងារសង្គម និងជាគំរូភាព នៃអ្នកតស៊ូមតិដោយអហិង្សា ហើយមានពលរដ្ឋ យុវជន និងសកម្មជនផ្សេងទៀត យកគំរូតាមលោកមកទល់បច្ចុប្បន្ន។ លោកថា យុទ្ធនាការនេះ ក៏ដើម្បីទាមទារឱ្យរដ្ឋាភិបាលផ្ដល់នូវភាពយុត្តិធម៌ដល់ លោកបណ្ឌិត កែម ឡី ផងដែរ។
លោក អំ សំអាត៖«តុលាការកាលហ្នឹងក៏មានការបំបែកសំណុំរឿងជាពីរ។ បានន័យថា ទីមួយ គឺបានចោទប្រកាន់ទៅលើលោក អឿត អាង ហៅ ជួប សម្លាប់ អំពីបទមនុស្សឃាតគ្រោងទុកជាមុនហ្នឹង ហើយសំណុំរឿងមួយទៀតពាក់ព័ន្ធនឹងអ្នកផ្ដល់អាវុធ អ្នកពាក់ព័ន្ធផ្សេងៗ ទៀតនៅក្នុងឃាតកម្មលោកបណ្ឌិត កែម ឡី ហ្នឹង ក៏ប៉ុន្តែសំណុំរឿងនេះមកដល់ឥឡូវយើងអត់ទាន់ឃើញមានការវិវត្តយ៉ាងមិចនៅឡើយទេ អ៊ីចឹងហើយបានយើងមើលថាយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី មិនទាន់បានពេញលេញទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាននៅឡើយនោះទេ នៅថ្ងៃទី៩ ខែកក្កដា ដោយទូរស័ព្ទចូល ក៏ប៉ុន្តែមិនមានអ្នកទទួល។
ក្រុមយុវជនចលនាមាតាធម្មជាតិ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ក៏គ្រោងនឹងដឹកនាំយុវជនរៀបចំពិធីរំឭកខួបនៃមរណភាពបណ្ឌិតកែម ឡី ដោយដើរតាមដងផ្លូវសាធារណៈទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច (Caltex) ជាប់ស្តុបបូកគោ ជាទីដែលលោកត្រូវបានឃាតកបាញ់សម្លាប់ ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ។។ ក្រៅពីនោះអង្គការសង្គមស៊ីវិលផ្សេងទៀតរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងអង្គការសង្គមស៊ីវិល ៧ស្ថាប័នផ្សេងទៀតគ្រោង ក៏គ្រោងនឹងជួបជុំនៅទីនោះ ដើម្បីប្រារព្ធពិធីខួប ៨ឆ្នាំនេះដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ ការបាញ់ប្រហារនេះ កើតឡើងក្រោយពីអ្នកវិភាគរូបនេះបានផ្ដល់ការអធិប្បាយដល់បណ្ដាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលលាតត្រដាងនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូបល វីតណេស (Global Witness)។ សំណុំរឿងឃាតកម្មដ៏កក្រើកនេះ តុលាការបានផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ផ្អែកតាមចម្លើយសារភាពរបស់បុរសរូបនោះដែលថា គាត់ជាអ្នកបាញ់សម្លាប់លោក កែម ឡី ដោយសារលោក កែម ឡី មិនព្រមសងប្រាក់ជំពាក់ចំនួន ៣.០០០ដុល្លារ។ ប៉ុន្តែក្រុមគ្រួសារលោក កែម ឡី និងសូម្បីតែក្រុមគ្រួសាររបស់លោក អឿត អាង មិនជឿថា ជាការពិតនោះទេ ព្រោះលោក អឿត អាង គឺជាមនុស្សក្រីក្ររស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប មិនដែលស្គាល់គ្នា និងគ្មានលុយឯណាឱ្យលោក កែម ឡី ខ្ចីនោះទេ។ ក្រោយមានការរិះគន់ខ្លាំងៗ ពីសាធារណជន តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស ក៏ប៉ុន្តែតុលាការមិនបានផ្ដល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។