មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញថា ស្ដ្រីចំនួន៦៥%កំពុងជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារ ក្នុងនោះ មួយចំនួនមិនទទួលបានការជំនុំជម្រះដោយស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ។
ព្រឹត្តិបត្តិព័ត៌មានស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទជាស្ត្រី ចេញផ្សាយកាលពីថ្ងៃទី៤ឧសភានេះ រកឃើញថា រយៈពេលការសង្កេតការណ៍សវនការសាលាឧទ្ធរណ៍ចន្លោះពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០២១ បង្ហាញថា មានជនជាប់ចោទជាស្ត្រីចំនួន១៨នាក់ ក្នុងចំណោមជនជាប់ចោទសរុបចំនួន ១១៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងចំនួន១៤ ក្នុងនោះក៏មានសំណុំរឿងជួញដូរគ្រឿងញៀនដែរ។
ព្រឹត្តិបត្តិព័ត៌មានឃ្លាំមើលសវការដដែលនេះ បង្ហាញថា ក្នុងចំណោមស្ត្រី១៨នាក់ ដែលរងការចោទប្រកាន់ពីតុលាការនោះ មានស្ដ្រីចំនួន១០កំពុងជាប់ឃុំខ្លួនជាបណ្ដោះអាសន្ន។
មន្ត្រីសម្របសម្រួលគម្រោងឃ្លាំមើលសវនាការ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន សេងហាក់ មានប្រសាសន៍ថា មានស្ត្រីជាប់ចោទម្នាក់(០១នាក់) ក្នុងចំណោមស្ត្រីទាំង១៨នាក់ បានអះអាងថា នគរបាលយុត្តិធម៌ បានប្រើអំពើហិង្សា និងធ្វើទារុណកម្មលើនាង បង្ខំឲ្យនាងសារភាព ចំពោះបទល្មើសដែលតុលាការបានចោទប្រកាន់៖ «ជាអនុសាសន៍ ចៅសាលាឧទ្ធរណ៍គួរតែធានាថា ជនជាប់ចោទ ដែលបង្ហាញខ្លួនក្នុងតុលាការ ដែលស្លៀកពាក់ឯកសណ្ឋានទណ្ឌិត ប្ដូរទៅជាឯកសណ្ឋានស៊ីវិលធម្មតាវិញ កំឡុងពេលសួរសវនាការ ដើម្បីជៀសវាងការសន្មតជាមុនថា ពួកគេមានទោស។ ចៅក្រមគួរតែស៊ើបអង្កេតភ្លាម និងឲ្យបានដិតដល់ចំពោះការអះអាងណាមួយពីជនជាប់ចោទថា មានការគំរាមកំហែងទារុណកម្ម ឬអំពើហិង្សាលើពួកគេ ដើម្បីបង្ខិតបង្ខំយកចម្លើយសារភាព»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសួរអំពីបញ្ហានេះបានទេ កាលពីយប់ថ្ងៃទី៤ ឧសភា។
មាត្រា៧ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ចែងពីការហាមឃាត់ទារុណកម្ម ឬអំពើឃោឃៅ អមនុស្សធម៌ ឬការប្រព្រឹត្តអំពីបន្ទាបបន្ថោកក្នុងការដាក់ទណ្ឌកម្ម។ មាត្រា៨នៃរដ្ឋធម្មនុញ្ញ ហាមឃាត់ការរំលោភបំពានលើរូបរាងកាយរបស់បុគ្គលណាម្នាក់ និងចែងបន្ថែមថា ការសារភាព ដែលបានមកពីការបង្ខិតបង្ខំលើរូបរាងកាយ ឬផ្លូវចិត្តមិនត្រូវបានចាត់ទុកជាភស្តុតាងនៃពិរុទ្ធនោះឡើយ។
ព្រឹត្តិបត្តិព័ត៌មានឃ្លាំមើលសវនាការសាលាឧទ្ធរណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា មានស្ត្រី៤នាក់ក្នុងចំណោម ១៨នាក់ មិនបានបង្ហាញខ្លួនក្នុងសវនាការជំនុំជម្រះក្ដីនោះទេ។ ហើយមានស្ត្រី៥នាក់ផ្សេងទៀតក្នុងចំណោម១៨នាក់ដដែលនេះ មិនមានតំណាង ឬមេធាវីការពារក្ដី ដែលបញ្ហានេះ ប៉ះពាល់ដល់ការជំនុំជម្រះដោយយុត្តិធម៌ និងភាពស្មើគ្នាចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។