CCHRរក​ឃើញ​ថា សេរីភាព​បញ្ចេញមតិ និង​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​រង​ការ​រឹតត្បិត

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អះអាង​ថា សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បាន​រង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើងៗ ចាប់តាំងពី​មុន​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។ ការ​អះអាង​នេះ ធ្វើ​ឡើង​ក្នុង​របាយការណ៍​ស្ដីពី ស្ថានភាព​នៃ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ វិច្ឆិកា។

ដោយ​បាន​ចងក្រង​ពី​ព្រឹត្តិការណ៍​គំរាមកំហែង​ស្ថាប័ន​សារព័ត៌មាន អ្នកសារព័ត៌មាន ព្រមទាំង​បាន​ធ្វើ​ករណី​សិក្សា​ជាច្រើន​ករណី​ជាមួយ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ផង​នោះ របាយការណ៍​កម្រាស់​៦៦​ទំព័រ បង្ហាញ​ថា យ៉ាងហោចណាស់​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ​១០០​នាក់ និង​អ្នកសារព័ត៌មាន​ចំនួន​១៦​នាក់ បាន​រង​ការ​បំភិតបំភ័យ ដោយសារតែ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ​តុលាការ គំរាមកំហែង​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​។ ជាមួយ​គ្នា​នេះ​របាយការណ៍​បាន​សង្កត់ធ្ងន់​ថា ការ​ដក​ហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ចំនួន​៥ ដែល​រួម​ទាំង​ការ​ដក​អាជ្ញាប័ណ្ណ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ការ​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ គឺជា​ការអនុវត្ត​ផ្ទុយ​ទៅ​នឹង​សេចក្ដីប្រកាស​ជា​សកល​ស្ដី​អំពី​សិទ្ធិមនុស្ស។

អ្នកសម្របសម្រួល​គម្រោង​គាំពារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហួន ផន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង​ក្នុង​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ គឺ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​គំរាមកំហែង​ទៅលើ​សិទ្ធិ​សេរីភាព​ទាំងនេះ​។ លោក​បន្ត​ថា ក្រៅពី​រក​ឃើញ​ករណី​រំលោភសិទ្ធិ​សេរីភាព​បញ្ចេញមតិ​ហើយ​នោះ CCHR ក៏បាន​រក​ឃើញ​ថា អ្នកសារព័ត៌មាន​ជា​ស្ត្រី​ក៏បាន​រង​ការ​បៀតបៀន​ផ្លូវភេទ ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។

លោក ហួន ផន៖ «ខ្ញុំ​គិតថា អនុសាសន៍​ដែល​មាន​ក្នុង​របាយការណ៍​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​ធាតុ​ចូល​ទៅដល់​រដ្ឋាភិបាល​ដើម្បី​លើកយក​ទៅ​ពិចារណា​ក្នុង​ការ​កែ​លម្អ​អ្វី​ដែល​ជា​បញ្ហា អនុវត្ត​មិនបាន​គ្រប់​ជ្រុងជ្រោយ មិន​បាន​ល្អ​កន្លងមក ដើម្បី​ឱ្យ​ការគោរព​សិទ្ធិមនុស្ស​ជាពិសេស​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន ជាង​អ្វី​ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា លោក ណុប វី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ថា អ្នកសារព័ត៌មាន​នៅតែ​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ នៅពេល​ពួកគេ​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស និង​រំលោភ​ដីធ្លី​ជាដើម។

លោក ណុប វី៖ «មានច្បាប់​មួយចំនួន​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ដល់​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន ហើយ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ហ្នឹង ឧទាហរណ៍​ដូចជា​ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​យក​មក​ធ្វើការ​ចោទប្រកាន់​ទៅលើ​អ្នក​បញ្ចេញមតិ ឬ​អ្នកសារព័ត៌មាន​ហើយ​និង​ចំណុចខ្សោយ​នៃ​ច្បាប់​មួយចំនួន​ដែល​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​យើង​ដូចជា​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ហ្នឹង មិន​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ទេ នេះ​គឺជា​ឧទាហរណ៍​ជាក់លាក់ ហើយ​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ហ្នឹង លុះត្រាតែ​ច្បាប់​ទាំងនោះ​ត្រូវធ្វើ​វិសោធនកម្ម​ឡើងវិញ»។

ដោយឡែក​តាមរយៈ​ការ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​វិញ របាយការណ៍​បាន​រកឃើញ​ថា ដោយសារតែ​ខ្លាច​រង​ការចោទប្រកាន់​ពី​តុលាការ អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​ដាក់​កំហិត​ខ្លួនឯង ដោយ​មិន​ហ៊ាន​ផ្សាយ​ព័ត៌មាន​រសើប​ដូចជា​អំពើពុករលួយ បញ្ហា​ដីធ្លី រឿង​នយោបាយ ដែល​អាច​ប៉ះពាល់​អ្នកមាន​ឥទ្ធិពល និង​មន្ត្រី​រដ្ឋាភិបាល​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ អ្នកសារព័ត៌មាន​ឯករាជ្យ​មួយចំនួន​ក៏បាន​លើកឡើង​ក្នុង​របាយការណ៍​ថា ពួកគេ​តែង​រង​ការ​គំរាមកំហែង និង​រង​ការរើសអើង​ពី​មន្ត្រី​សាធារណៈ មិន​ផ្ដល់​បទសម្ភាសន៍​ទៅដល់​ពួកគេ​ផង​ដែរ។

ក្រៅពី​ស្នើ​ឱ្យ​រដ្ឋាភិបាល​លុបចោល​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺជា​ការ​គំរាមកំហែង​ដល់​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​តាម​អ៊ីនធឺណិត និង​សេរីភាព​បញ្ចេញមតិ​ហើយ​នោះ របាយការណ៍​ក៏​បាន​ផ្ដល់​អនុសាសន៍​ចំនួន​១១​ចំណុច​ផ្សេងទៀត​ទៅ​កាន់​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ និង​សិទ្ធិមនុស្ស​អន្តរជាតិ​ផង​ដែរ​។ អនុសាសន៍​ទាំងនោះ​រួមមាន ការ​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ការលុបចោល​ច្បាប់​ស្ដីពី​វិសោធនកម្ម​ការបោះឆ្នោត និង​ស្នើ​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពួកគេ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។