មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR ទទូចឱ្យមានការបើកឱកាសដល់ស្ត្រីវ័យក្មេង ក្នុងសកម្មភាពចូលរួមចំណែកក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ការទទូចនេះ ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលគ្រោងនឹងប្រារព្ធទិវាអន្តរជាតិនារីនៅ ថ្ងៃទី៧ ខែមីនាខាងមុខ ក្រោមមូលបទ«សម្រាប់ស្ត្រីនិងក្មេងស្រីទាំងអស់ ស្ដីពីសិទ្ធិសមភាព និងការពង្រឹងសិទ្ធិអំណាច» ដើម្បីអបអរសាទរទិវាអន្តរជាតិនារីថ្ងៃទី០៨ ខែមីនា នៅទូទាំងពិភពលោក។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី២៥ ខែ កុម្ភៈ ឱ្យដឹងថា មូលបទឆ្នាំនេះ អំពាវនាវឱ្យមានវិធានការណ៍នានា ដែលអាចបើកឱកាសឱ្យមានសិទ្ធិ អំណាច និងភាពស្មើគ្នាសម្រាប់មនុស្សទាំងអស់គ្នា និងកិច្ចខិតខំសម្រាប់អនាគតស្ត្រី ដែលមិនអាចផាត់ចោលនរណាម្នាក់បានឡើយ។ CCHR បញ្ជាក់ថា ទស្សនៈសំខាន់ៗ នៃមូលបទនេះ គឺការផ្ដល់ភាពអង់អាចដល់អ្នកជំនាន់ក្រោយ ជាពិសេសស្ត្រីវ័យក្មេង ដែលជាកម្លាំងចលករសម្រាប់ការផ្លាស់ប្តូររយៈពេលយូរអង្វែង។
បរិយាកាសប្រឈមរបស់ស្ត្រី
ទិវានេះ ក៏ជាឱកាសមួយ ដែលរំឭកពីបរិយាកាសប្រឈមរបស់ស្ត្រី នៅពេលអនុវត្តការងាររបស់ខ្លួនជាឧទាហរណ៍ មានឥរិយាបថការបំបិទសំឡេងជនរងគ្រោះ និង ជំរុញឱ្យមានវប្បធម៌ស្ដីបន្ទោសលើជនរងគ្រោះជាដើម។ CCHR ថា អំពើហិង្សា ទាក់ទងនឹងយេនឌ័រនៅតែបន្តកើតមាន ហើយតួនាទីស្ត្រី ក្នុងការធ្វើសេចក្ដីសម្រេច ចិត្តនៅមានកម្រិតនៅឡើយនៅកម្ពុជា ដែលនេះ រឹតតែធ្វើឱ្យមានបញ្ហាប្រឈម។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សេង សុវឌ្ឍនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែកុម្ភៈ ថា ស្ត្រីវ័យក្មេង ដែលប្រើប្រាស់សិទ្ធិសេរីភាពរបស់ ពួកគាត់ ក្នុងការចូលរួមកិច្ចការសង្គម នយោបាយ និងការការពារបរិស្ថាន មិនគួរ ទទួលរងនូវការស្ដីបន្ទោសទេ ប៉ុន្តែគួរតែត្រូវលើកទឹកចិត្តវិញ។ លោកពន្យល់ថា សកម្មភាពទាំងនេះ របស់យុវជន ជាពិសេសស្ត្រី គឺស្របតាមគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ដើម្បីសេចក្ដីថ្លៃថ្នូរសង្គមជាតិ និងការប្រើប្រាស់ធនធានធម្មជាតិដោយតម្លាភាព និងការទទួលខុសត្រូវ ជាប្រយោជន៍ ទាំងអស់គ្នា។
លោក សេង សុវឌ្ឍនា៖«ខ្ញុំចង់បញ្ជាក់ដែរថា សម្រាប់ក្មេងស្រី ស្ត្រីទាំងអស់នេះ ដែលចូលរួមនៅក្នុងការការពារធនធានធម្មជាតិ យើងមិនដាក់ការស្ដីបន្ទោសឬក៏ចោទប្រកាន់ដល់ពួកគាត់ទេ ផ្ទុយទៅវិញ យើងទាំងអស់គ្នា រួមទាំងរដ្ឋាភិបាលគួរលើកទឹកចិត្តឱ្យពួកគាត់ប្រើប្រាស់នូវជំនាញចំណេះដឹងដែរគាត់មាន ដើម្បីក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ រីឯអ្នកនាំពាក្យក្រសួងកិច្ចការនារីអ្នកស្រី ប៊ុន ពុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែកុម្ភៈ ថា អ្នកស្រី មិនឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរីនោះទេ និងតម្រូវឱ្យអ្នកសារព័ត៌មានទៅសួរអ្នកស្រីដល់ការិយាល័យនៅក្រសួងនិងបង្ហាញប័ណ្ណព័ត៌មាន។
អ្នកស្រី ប៊ុន ពុទ្ធី៖«ខ្ញុំមិនធ្លាប់ឆ្លើយតាមទូរស័ព្ទ អត់មានព័ត៌មាន។ អូនថា អ្នកណាមកថា ព័ត៌មានណាក៏បាន បងចង់និយាយអ៊ីចឹងទេ បងចង់និយាយអ៊ីចឹងទេ ដើម្បីឱ្យអត្តសញ្ញាណហ្នឹងច្បាស់លាស់!អូខេ»។
រដ្ឋាភិបាល «ប្រើប្រព័ន្ធតុលាការជាឧបករណ៍» ចាប់ស្ត្រីជិត ១០នាក់ដាក់ពន្ធនាគារ
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងបច្ចុប្បន្នលោក ហ៊ុន ម៉ាណែត តែងតែប្រើប្រព័ន្ធតុលាការជាឧបករណ៍ ចាប់ស្ត្រីជិត ១០នាក់ដាក់ពន្ធនាគារ និងគំរាមកំហែងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ស្ត្រីជាច្រើន ករណីទៀត ខណៈស្ត្រីទាំងនេះ ចូលរួមក្នុងសកម្មភាពទាមទារយុត្តិធម៌ កិច្ចការ សង្គម នយោបាយ សហជីពការពារសិទ្ធិកម្មករ និងការពារបរិស្ថានជាដើម។
អត្ថបទដែលទាក់ទង៖
[ CCHR ស្នើដល់រដ្ឋាភិបាលឱ្យលើកកម្ពស់សេរីភាពពលរដ្ឋOpens in new window ]
ប្រធានសហជីពទ្រទ្រង់បុគ្គលិកខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការ និងរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារចំនួន ២ដង ដោយសារសកម្មភាពការពារសិទ្ធិការងារកូដករណាហ្គាវើលដ៏។
កញ្ញា ឈឹម ស៊ីថរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែកុម្ភៈ ថា ការអភិវឌ្ឍត្រូវការការចូលរួមទាំងគំនិត និងសកម្មភាព បើមិនដូច្នេះទេ កញ្ញាថា កម្ពុជានៅតែអន់ថយបែបគ្រួសារនិយម។ កញ្ញាកត់សម្គាល់ថា ស្ត្រីដែលធ្វើការងារលើវិស័យ នយោបាយ សារព័ត៌មាន សង្គម បរិស្ថាន សិទ្ធិមនុស្ស និងសហជីពកម្មករ រងសម្ពាធនិងប្រឈមខ្លាំង គឺខុសពីស្ត្រីក្នុងកិច្ចការជំនួញ និងអ្នកធ្វើការក្នុងវិស័យ ស្រឡាញ់ភេទដូចគ្នា ដែលរដ្ឋាភិបាលបើកឱកាស។
កញ្ញា ឈឹម ស៊ីថរ៖«យើងឃើញទាំងអស់គ្នារូបភាពចាប់ខ្ញុំ គឺអាក្រក់មែន ប្រើបុរសខ្លាំងៗ មកអូសទាញនៅកណ្ដាលទីសាធារណៈអ៊ីចឹង ហើយយើងឃើញក្មេងៗ ដែលធ្វើការក្នុងវិស័យការពារបរិស្ថាន ដូចជាមាតាធម្មជាតិ ក៏ពួកគាត់រងអំពើហិង្សា និងការបៀតបៀនខ្លាំងក្លាដែរ»។
ស្ត្រីចូលរួមកិច្ចការសង្គមនិងនយោបាយដែលរងការចោទប្រកាន់
នៅកម្ពុជាបច្ចុប្បន្នស្ត្រីដែលចូលរួមកិច្ចការសង្គមនិងនយោបាយ ជិត ១០នាក់ កំពុងជាប់ពន្ធនាគារ ទាំងអយុត្តិធម៌ដោយសារការបញ្ចេញមតិ និងការពារធនធានធម្មជាតិ។ ស្ត្រីទាំងនោះ រួមមានមេធាវីខ្មែរសញ្ជាតិអាមេរិក កញ្ញា សេង ធារី សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា កញ្ញា រៀម ស្រីពេជ្ររតនា និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា រួមទាំង លោកស្រី សែម សុផល លោកស្រី រុន អេង ហើយចុងក្រោយកូនសកម្មជនបឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយម៉ុំាមី គឺលោកស្រី អេង សុខា ជាដើម។
ក្រៅពីនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បាន ចាប់កញ្ញា នួន តឿន ពីប្រទេស ម៉ាឡេស៊ី បញ្ជូនទៅដាក់ពន្ធនាគារនៅកម្ពុជា ពីព្រោះស្ត្រីពលករវ័យក្មេងរូបនេះ រិះគន់រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ចំណែក ស្ត្រីផ្សេងៗ ទៀត ដែលចេញទាមទារយុត្តិធម៌កន្លងមក ដូចជា ក្រុមស្ត្រីថ្ងៃសុក្រ និងស្ត្រីកូដករណាហ្គាវើលដ៍ ជាដើម ត្រូវបានអាជ្ញាធរបៀតបៀនរាងកាយ អូសរុញច្រាន ប្រើអំពើហិង្សា គំរាមកំហែង ចាប់បោកនឹងថ្នល់ និងវាយដំហូតដល់រលូនកូនក៏មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។