មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថា បទបញ្ជារបស់មេដឹកនាំក្រុងភ្នំពេញ គឺលោក ហ៊ុន សែន ពាក់ព័ន្ធការលើកកម្ពស់អំពីសុខុមាលភាពរបស់កុមារកម្ពុជា នឹងមិនមានប្រសិទ្ធភាពនោះទេ។ ការលើកឡើងនេះ ដោយសារមន្ត្រីសង្គមស៊ីវិល បានសង្កេតឃើញពីការរំលោភបំពានសិទ្ធកុមារនៅតែកើតមានច្រើនដដែល ដោយមិនមានការថយចុះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់អាស៊ីសេរីថា បញ្ហារំលោភសិទ្ធិកុមារនៅកម្ពុជា កាន់តែមានសភាពខ្លាំងឡើង ក្នុងនោះរួមមាន ការរំលោភសេពសន្ថវៈ ការប្រើហិង្សា និងការរំលោភបំពានកម្លាំងពលកម្មកុមារជាដើម។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា បញ្ហាទាំងនេះភាគច្រើនកើតឡើងទៅលើកុមារក្រីក្រ និងដោយសារសមត្ថកិច្ចអនុវត្តច្បាប់នៅធូររលុង៖ «ជាពិសេសស្ថាប័នពាក់ព័ន្ធយើងគិតថា មិនមែនមានតែក្រសួងមហាផ្ទៃតែមួយនោះទេ យើងត្រូវផ្ដោតអារម្មណ៍ទៅលើអាជ្ញាធរពាក់ព័ន្ធគ្រប់ទាំងអស់ រួមទាំងក្រសួងកិច្ចការនារី ដែលជាប់ពាក់ព័ន្ធផ្ទាល់ជាមួយកិច្ចគាំពារកុមារ។ ពីព្រោះកុមារជាជនដែលងាយរងគ្រោះ ជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត មានន័យថាកុមារជាអ្នកស្នងតំណែងនៃអ្នកដឹកនាំបន្តទៅទៀត បើសិនជាកុមារត្រូវបានរងនូវច្រើនអីចឹង គឺប៉ះពាល់ទៅដល់ធនធានមនុស្សសម្រាប់ជាតិ»។
លោកបន្តថា នៅឆ្នាំ២០១៩នេះ បញ្ហាការរំលោភសិទ្ធិរបស់កុមារនឹងបន្តកើនឡើងទៀត បើទោះបីជាប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានដាក់បទបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការគ្នាជាមួយអង្គការសង្គមស៊ីវិល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារឱ្យប្រសើរឡើងក៏ដោយ។
កាលពីថ្ងៃ២៩ ឧសភាកន្លងទៅ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានផ្ដល់អនុសាសន៍គាំទ្រខួបលើកទី៧០ ទិវាកុមារអន្តរជាតិថ្ងៃ ១មិថុនា ដោយអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តដឹកនាំចាត់ចែងអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ នឹងការការពារកុមារជាមួយក្រសួង ស្ថាប័នដៃគូអភិវឌ្ឍសង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព។ ក្រសួង និងស្ថាប័នពាក់ព័ន្ធ មាតាបិតា អាណាព្យាបាល សហគមន៍និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្ដូរឥរិយាបថសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់អំពើហិង្សាលើកុមារគ្រប់រូបភាព និងឱ្យបានទាន់ពេលវេលា។ អាជ្ញាធរត្រូវបន្តលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងរៀបចំលិខិតបទដ្ឋានគតិយុត្តិនានា សម្រាប់អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ពង្រឹងការអនុវត្តដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ រួមចំណែកក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាពជាដើម។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទទួលបន្ទុកផ្នែកកុមារនឹងស្ត្រីប្រចាំខេត្តបន្ទាយមានជ័យ អ្នកស្រី ប៊ិន សុភ័ណ ប្រាប់អាស៊ីសេរីថា អនុសាសន៍របស់លោក ហ៊ុន សែន ធ្វើឱ្យតែល្អមើលប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្ដែងគឺមិនដូច្នេះឡើយ ព្រោះកុមារនៅក្នុងខេត្តដែលអ្នកស្រីទទួលបន្ទុក មានជាច្រើននាក់ហើយ ដែលរងគ្រោះដោយសារការរំលោភសេពសន្ថវៈនោះ។ អ្នកស្រី បន្តថា កុមាររស់នៅទីដាច់ស្រយាល និងតំបន់អានាធិបតេយ្យរងគ្រោះច្រើនជាងគេ ជាពិសេសនៅក្រុងប៉ោយប៉ែតតែម្ដង។ អ្នកស្រីបន្ថែមថា បញ្ហាទាំងនេះចេះតែកើតឡើងមិនឈប់ឈរ បណ្ដាលមកពីអាជ្ញាធរនៅមូលដ្ឋានមិនសូវឈឺឆ្អាលជួយសង្គ្រោះដល់ក្រុមគ្រួសាររបស់កុមារ ជាពិសេសនៅពេលប្ដឹងឱ្យចាត់វិធានការផ្លូវច្បាប់ទៅលើជនល្មើស ដោយជាទូទៅអាជ្ញាធរតែងតែព្រងើយកន្តើយ ដែលនាំឱ្យជនល្មើសមិនខ្លាចច្បាប់៖ «រដ្ឋាភិបាលគាត់គួរតែមានកន្លែងណាមួយដើម្បីផ្ដល់ការអប់រំជាពិសេសកុមារក្រីក្រ ដើម្បីប្រមូលពួកគាត់ឬឱ្យគាត់បានរៀនសូត្រ នៅតំបន់ដែលពួកគាត់រស់នៅ ព្រោះអីកុមារជាច្រើនដែលយើងស្នើសុំឪពុកម្ដាយយកទៅដាក់តាមមណ្ឌលកុមារកំព្រា ដូចជាអង្គការតំណក់ទឹក អង្គការគ្រួសារថ្មី ដើម្បីឱ្យពួកគាត់បានរៀនសូត្រ ដែលជាតំបន់មានហានិភ័យខ្ពស់ដល់សុវត្ថិភាពរបស់ពួកគេ»។
អ្នកស្រីបន្តថា រយៈពេល៥ខែក្នុងឆ្នាំ២០១៩នេះ យ៉ាងហោចណាស់មានការរំលោភសេពសន្ថវៈកុមារចំនួន ៤ករណីហើយ ដែលអាណាព្យាបាលបានប្ដឹងឱ្យអ្នកស្រីជួយសង្គ្រោះដល់កុមារ ហើយចំនួននេះ គឺកើនជាងឆ្នាំកន្លង ដែលមានពី ២ទៅ៣ករណីប៉ុណ្ណោះ។ អ្នកស្រី ព្រួយបារម្ភថា ការរំលោភសេពសន្ថវៈលើកុមារ នឹងកាន់តែសាហាវទៅ ពីព្រោះកុមារខ្លះត្រូវបានជនល្មើសធ្វើទារុណកម្ម និងសម្លាប់ ដូចជាករណីការរំលោភសម្លាប់លើកុមារ២នាក់នៅខេត្តព្រះសីហនុ ខណៈដែលឪពុកម្ដាយមិននៅផ្ទះកាលពីថ្ងៃទី២៩ ឧសភាជាដើម។
លោក អំ សំអាត ផ្ដល់យោបល់ថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពជាងពេលបច្ចុប្បន្ន ទី២ត្រូវមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធនិងអង្គការក្រៅរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរំលោភបំពានគ្រប់ទម្រង់រូបភាពលើកុមារ និងរួមគ្នាផ្សព្វផ្សាយឱ្យសហគមន៍ ឱ្យយល់ដឹងអំពីផលវិបាកដែលកើតឡើងមកលើកុមារនៅពេលអនាគត ដើម្បីជំរុញឱ្យពលរដ្ឋជួយផ្ដល់កិច្ចការពារសម្រាប់កុមារបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។