សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងរៀបចំធ្វើសន្និសីទកាសែតស្ដីពី ''ជំហររបស់សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស''ដែលទើបត្រូវបានដោះលែងពីពន្ធនាគារ។ សន្និសីទនេះ នឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ៨កន្លះព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ស្អែកនេះ នៅហាងកាហ្វេខាល់ឆ័រ (Coffee Culture) ស្ថិតនៅសង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ វិច្ឆិកាថា សន្និសីទនេះ នឹងមានក្រុមយុវជនដែលទើបចេញពីពន្ធនាគារជាវាគ្មិន និងសម្របសម្រួលដោយប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសអញ្ជើញដល់ភ្នាក់ងារស្ថានទូត តំណាងអង្គការជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធចូលរួមក្នុងសន្និសីទកាសែតនេះ ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មាន តាមការគួរ។
តុលាការបានដោះលែងលោក រ៉ុង ឈុន យុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ សកម្មជននយោបាយ និងសមាជិកសង្គមស៊ីវិលសរុប ២៧នាក់ ជាបន្តបន្ទាប់ កាលពីដើមខែវិច្ឆិកានេះ។ ប៉ុន្តែពួកគាត់ទាំងអស់ នៅជាប់លក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការចន្លោះពី ២ឆ្នាំ ទៅ ៣ឆ្នាំ ដែលធ្វើឱ្យសេរីភាពរបស់ពួកគាត់នៅតែស្ថិតក្រោមការគាបសង្កត់ដដែល។ ការដោះលែងនេះ គឺបន្ទាប់ពីតុលាការ បានឃុំខ្លួនពួកគាត់ក្នុងពន្ធនាគារចន្លោះពី ១០ខែទៅ ១៥ខែ ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។
ចាប់តាំងពីមានការចាប់ឃុំខ្លួនលោក រ៉ុង ឈុន និងសកម្មជនទាំងនោះមក សហគមន៍ជាតិ និងអន្តរជាតិ បានថ្កោលទោសរដ្ឋាភិបាលជាហូរហែថា កំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់បែបប្រឌិត និងប្រគល់សេរីភាពពេញលេញដល់ពួកគាត់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។