របាយការណ៍​របស់​បណ្ដាញ​អង្គការ​អន្តរជាតិ CIVICUS ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ

0:00 / 0:00

បណ្ដាញ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ CIVICUS នៅ​ថ្ងៃទី​១៣ ខែសីហា បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ការ​ឃ្លាំមើល​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​រំលោភបំពាន​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ​ខ្លួន។

អង្គការ​នេះ​សំអាង​ករណី​ថ្មីៗ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន នៃ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត។

អង្គការ​នេះ​បាន​ដាក់​ចំណងជើង​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​៖ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី ជា​គោលដៅ​បង្ក្រាប​របស់​រដ្ឋាភិបាល។

អង្គការ​នេះ​បញ្ជាក់​ថា ស្ថានភាព​លម្ហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​កម្ពុជា ត្រូវ​ចាត់​ថ្នាក់​ថា រង​ការ​គៀបសង្កត់ ក្នុង​នោះ​ច្បាប់​ត្រូវ​គេ​ប្រើ​ជា​អាវុធ​ក្នុង​ការ​រំលោភបំពាន​សិទ្ធិ និង​ដាក់ទោស​ព្រហ្មទណ្ឌ​លើ​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស សហជីព​កម្មករ យុវជន​សកម្ម​ការងារ​សង្គម អ្នកសារព័ត៌មាន និង​អ្នកនយោបាយ ដែល​មិន​ស្រប​នឹង​រដ្ឋាភិបាល​។​

CIVICUS បាន​លើក​មក​បង្ហាញ​អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ទៅលើ​សកម្មជន​ទាំងនេះ ជាច្រើន​ករណី ដែល​មាន​ជាអាទិ៍​៖ ការ​ចាប់ខ្លួន​ប្រធាន​សហជីព​រោងចក្រ Wing star shoes លោក ជា ចាន់ ប្រធាន​សហជីព​វិស័យ​ទេសចរណ៍ លោក ម៉ម រិទ្ធី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ការ​ម្រេច​ដាក់ទោស​មេ​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ របស់​តុលាការ​កំពូល ការ​ចាប់ខ្លួន​តំណាង​អ្នក​រកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ជា ចាន់ថា ការ​ផ្តន្ទាទោស​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​ចាប់ខ្លួន​ពួកគេ​ចំនួន ៥​នាក់ ដាក់​ពន្ធនាគារ ដោយ​ដាក់​ឃុំ​នៅ​ទីតាំង​ដាច់ស្រយាល​ពី​គ្រួសារ ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ទៀត ពី​បទ​ចោទ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ការសម្រេច​ទារ​សំណង ១​លាន ៥​សែន​ដុល្លារ ពី​ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ការ​លួច​វាយ លោក សាន ប៊ុនឆាយ ឱ្យ​របួស និង​បណ្ដឹង​ប្រឆាំង​អ្នកការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែន​ករុណា ជាដើម​។ របាយការណ៍​ដដែល​នេះ​ក៏បាន​លើកឡើង​ករណី ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល មាន​អង្គការ​សង់ត្រាល់ ផង​ដែរ។

CIVICUS បាន​រំលេច​ដែរ​ថា ក្រុម​អ្នកជំនាញ និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អំពាវនាវ​ជា​បន្តបន្ទាប់ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ធ្វើទុក្ខបុកម្នេញ និង​ចោទប្រកាន់​តាមផ្លូវ​តុលាការ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម ព្រមទាំង​បើក​ឱ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​បាន​ដោយ​សេរី។

បន្ថែម​ពី​នេះ នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​កាលកំណត់ UPR លើក​ទី​៤៦ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ខែមេសា​ប្រទេស​ជា​បណ្ដា​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​ផ្ដល់​អនុសាសន៍​ជាច្រើន​ក្នុង​នោះ​រួមមាន​៖ ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ដែល​ឯករាជ្យ បញ្ឈប់​រាល់​ការ​ធ្វើទុក្ខបុកម្នេញ ការ​ចាប់​ឃុំខ្លួន​មនុស្ស​តាម​ទំនើងចិត្ត និង​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ​នៅ​យប់​ថ្ងៃទី​១៣ ខែសីហា។

យ៉ាងណា​ទាក់ទង​នឹង​វិធានការ​អាជ្ញាធរ​រដ្ឋាភិបាល​ទៅលើ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ដីធ្លី សហជីព អ្នកនយោបាយ និង​អ្នកសារព័ត៌មាន​នេះ ត្រូវ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ជា​ការ​ចាត់វិធានការ​ផ្លូវច្បាប់​ជាពិសេស ដើម្បី​ការពារ​សន្តិភាព​។ លោក​អះអាង​ថា មិន​ខ្លាច​នឹង​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ផ្ដាច់ការ​ទៀត​ផង។

លោក ហ៊ុន ម៉ាណែត៖ «​គេ​តែងតែ​ថា នេះ​ជា​ការ​ផ្ដាច់ការ​។ បើសិនជា​ការ​ប្ដេជ្ញាចិត្ត​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ឱ្យ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​គេ​ចោទ​ថា ផ្ដាច់ការ ខ្ញុំ​សុខចិត្ត​ឱ្យ​គេ​ហៅ​ជាជាង​ឱ្យ​ប្រជាជន​ចោទ​ខ្ញុំ​អសមត្ថភាព​ឱ្យ​សង្គ្រាម​កើតឡើង​។ នេះ​ជា​ការ​ពិត​។ បើ​ហៅ​ខ្ញុំ​ថា​ផ្ដាច់ការ ដោយសារ​ប្ដេជ្ញាចិត្ត​ការពារ​សន្តិភាព​មិន​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់ មិន​ឱ្យ​ប្រទេស​ដើរ​ថយក្រោយ ដូច​ពេល​ដែល​យើង​បាត់​សន្តិភាព​កាលពីមុន​នោះ​ខ្ញុំ​សុខចិត្ត​ទទួល»។

បើ​ទោះជា​យ៉ាងណា អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ទទូច​ឱ្យ​រដ្ឋាភិបាល​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​អនុលោម​តាមច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ជា​គោល​។ ក្រៅ​ពី​នេះ​អង្គការ​នេះ​ក៏បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ច្បាប់​ដែល​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ការ​បញ្ចេញ​ទស្សនៈ​យោបល់ បើក​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មាន​ដំណើរការ​ឡើង​វិញ លុបចោល​មាត្រា ដែល​កំណត់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​បទ​បរិហារកេរ្តិ៍ ព្រមទាំង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឱ្យ​ស្រប​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។