ក្រុមអង្គការសង្គមស៊ីវិលស្នើតុលាការកុំចោទប្រកាន់លោក ស៊ឹង សែនករុណា

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​តុលាការ​កុំ​ឱ្យ​ចោទ​ប្រកាន់​លើ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សារព័ត៌មាន​របស់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​កន្លង​មក ក្នុង​គោលបំណង​លើក​កម្ពស់​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​ប៉ុណ្ណោះ។

អង្គការក្រៅរដ្ឋាភិបាល សមាគម និងសហគមន៍ចំនួន៥៥ នៅថ្ងៃទី១៤ ខែកុម្ភៈ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើសុំ​អាជ្ញាធរ និង​តុលាការ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ដើម្បី​ដាក់​គំនាប​លើ​លោក ស៊ឹង សែនករុណា និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្សេង​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រួម​មាន សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) ជា​ដើម​ថា ពួក​គេ​សោកស្ដាយ ចំពោះ​ការ​ដាក់​ពាក្យ​បណ្តឹង ទៅ​លើ​បុគ្គលិក​ជាន់​ខ្ពស់ នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក ស៊ឹង សែនករុណា ដោយ​គ្រាន់តែ​លោក​បាន​ធ្វើ​បទ​អត្ថាធិប្បាយ​នៅ​លើ​អត្ថបទ​សារព័ត៌មាន។

សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​ពាក់ព័ន្ធ​នឹង​សិទ្ធិនយោបាយ គឺ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​នានា ដែល​កម្ពុជា​បាន​អនុម័ត​ផ្ដល់​សច្ចាប័ន។ ចំណែក​ការ​និយាយ​ក្នុង​អត្ថបទ​សារព័ត៌មាន មិន​គួរ​ត្រូវ​បាន​គេ​ប្ដឹង​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ។

សេចក្ដីថ្លែងការណ៍​ដដែល​ថា ការ​ដាក់​គំនាប​តាម​រយៈ​ផ្លូវ​តុលាការ​នេះ គឺ​ជា​ឧទាហរណ៍​មួយ ដែល​សកម្មជន​សិទ្ធិមនុស្ស សហជីព សកម្មជន​បរិស្ថាន​យ៉ាង​តិច​ណាស់ ៣៧នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ដាក់​គំនាប​នេះ​ថា មាន​គោល​បំណង​រារាំង​ការ​ចូលរួម​របស់​សាធារណជន និង​បំបិទ​សំឡេង​រិះគន់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ភាគី​ដើម​បណ្ដឹង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដក​ពាក្យ​បណ្ដឹង និង​ស្នើ​ដល់​តុលាការ​ពិចារណា មិន​ចោទ​ប្រកាន់​លោក ស៊ឹង សែនករុណា។ អង្គការ​សង្គម​ស៊ីវិល ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​នូវ​គ្រប់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា លោក សាំង វណ្ណៈ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ។

កាល​ពី​ថ្ងៃ​ទី៥ ខែកុម្ភៈ ក្រុម​មេធាវី​របស់​គណបក្ស​កាន់​អំណាច​ចោទ​ថា ការ​ថ្លែង​របស់​លោក ស៊ឹង សែនករុណា នៅ​លើ​សារព័ត៌មាន ឌឹ ខេមបូឌា (Daily) ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អំពើ​បង្ក​ចលាចល។ ក្រុម​មេធាវី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សំណូមពរ​ឱ្យ​តុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​លើ​លោក ស៊ឹង សែនករុណា រួម​ទាំង​ទាមទារ​សង​សំណង​ជំងឺ​ចិត្ត​ឱ្យ គណបក្ស​កាន់​អំណាច​ចំនួន ២ពាន់​លាន​រៀល ស្មើ​ប្រមាណ​កន្លះ​លាន​ដុល្លារ​អាមេរិក។

នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង លើក​ឡើង​ថា ការ​បញ្ចេញ​មតិ​របស់ លោក ស៊ឹង សែនករុណា គឺ​ក្នុង​គោលដៅ​លើក​កម្ពស់ ការ​គោរព​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ និង​មិន​មាន​ចេតនា​វាយ​ប្រហារ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក ហេង គឹមហុង បន្ត​ថា គណបក្ស​កាន់​អំណាច ដែល​ជា​ដើម​បណ្ដឹង​គួរ​ដក​ពាក្យ​បណ្ដឹង និង​បើក​ចិត្ត​ទូលាយ ដើម្បី​ជា​ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

លោក ហេង គឹមហុង៖«ចង់​មិន​ចង់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរីភាព​បញ្ចេញ​មតិ គឺ​ជា​រឿង​សំខាន់ ពលរដ្ឋ​តែងតែ​មាន​ទស្សន​រៀងៗ ខ្លួន ហើយ​នរណា​មាន​ទស្សន​ផ្ទុយ ទស្សន​ស្រប​អី គឺ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​សង្គម​ប្រជាធិបតេយ្យ យ៉ាង​ណា​មិញ អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា​គួរ​មាន​ចិត្ត​ទូលាយ ហើយ​ក៏​ជា​ការ​ចូលរួម​ចំណែក​បង្ហាញ​ពី​ស្មារតី​ចូលរួម​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ»។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​ប្រសាសន៍​លោក ស៊ឹង សែនករុណា ទៅ​ចុះ​ផ្សាយ​ថា វិវាទ​របស់​អ្នក នយោបាយ​គួរ​បញ្ចប់​ដោយ​នយោបាយ មិន​គួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​មួយ​មាន​ធនធាន​ថវិកា​ច្រើន គណបក្ស​នេះ គួរ​យោគយល់​ដល់​លោក សុន ឆ័យ គណបក្ស​កាន់​អំណាច​តែងតែ​យក​តុលាការ​មក​ធ្វើ​ជា​របាំង ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន និង​ថា គណបក្ស​នយោបាយ​ទាំង​អស់​គួរតែ​ប្រើ​វិធី​ចាស់ទុំ ដើម្បី​ប្រកួត​ប្រជែង​គ្នា គួរ​បញ្ឈប់​វប្បធម៌​គំរាម​កំហែង​ដៃគូ​នយោបាយ​របស់​ខ្លួន ដើម្បី​ទុក​ជា​គំរូ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​កែប្រែ​សម្រង់​សម្ដី​ដើម​របស់​លោក ស៊ឹង សែនករុណា ខ្លះ​វិញ ក្រោយ​មាន​ការ​ប្ដឹង​ពី​គណបក្ស​កាន់​អំណាច។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក ហ៊ុន សែន ប្ដឹង​មក​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទៅ​តុលាការ ដោយសារ​ការ​បញ្ចេញ​មតិ។ ជាក់ស្ដែង កាល​ពី​ឆ្នាំ២០២០ លោក ហ៊ុន សែន ដែល​កាល​នោះ កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ចាប់​ខ្លួន​នាយក​ចាត់ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ដោយ​បាន​ចោទ​ថា អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ និយាយ​ការពារ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អំពី​ជំងឺ​កូវីដ១៩ (Covid-19) នៅ​លើ​បណ្ដាញ​សារព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។