សមាគមការពារសិទ្ធិមនុស្សអាដហុកអះអាងថា អាជ្ញាធរនៅខេត្តចំនួននៅតែបន្ត រឹតត្បិតសិទ្ធិសេរីភាពការជួបប្រជុំគ្នារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ មេសាថា ប៉ូលិសខេត្តមណ្ឌលគិរី ២នាក់បានសួរនាំ និងថតរូបលោក និងប្រជាពលរដ្ឋក្នុងពេល ដែលលោកកំពុងបើកវគ្គបណ្ដុះបណ្ដាលការយល់ដឹងពីសិទ្ធិ ជូនដល់ពលរដ្ឋសហគមន៍មកពីបណ្ដាស្រុក ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៤ មេសា។ លោកបន្តថា ពេលនោះសមត្ថកិច្ចតម្រូវឲ្យលោកដាក់លិខិតជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាមុន ទើបអនុញ្ញាតឱ្យបើកវគ្គបណ្ដុះបណ្ដាល។ លោកចាត់ទុកទង្វើរបស់ សមត្ថកិច្ចធ្វើបែបនេះថា ជាការរឹតត្បិតសេរីភាពជួបប្រជុំរបស់អង្គការសង្គមស៊ីវិល ដែលធ្វើឱ្យពិបាកបំពេញការងារ៖ « ជាអ្វីដែលយើងធ្វើសព្វថ្ងៃ សមាគមការពារសិទ្ធិមនុស្សអាដហុកយើង យើងមិនមែនទើបតែមានដំណើរការពេលហ្នឹងទេ គឺយើងបានធ្វើសកម្មភាពតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ រហូតមកទល់ពេលនេះជាដៃគូជាមួយរដ្ឋាភិបាល ដែលយើងធ្វើលើវិស័យការពារសិទ្ធិមនុស្ស ទៅលើយុត្តិធម៌សង្គម ទៅលើប្រជាធិបតេយ្យជាដើមហ្នឹង គឺយើងបានធ្វើកិច្ចការងារហ្នឹងជាយូរមកហើយ មិនដែលធ្វើអ្វីដែលមានការបំពានច្បាប់ទេ»។
លោក ស៊ឹង សែនករុណា បន្តថា នៅក្នុងឆ្នាំ២០២២ នេះ ជាខេត្តទី២ ហើយ បន្ទាប់ពីខេត្តប៉ៃលិន ដែលអាជ្ញាធរបានចុះសួរនាំមន្ត្រីអាដហុកក្នុងពេលបំពេញការងារនៅតាមមូលដ្ឋាន ។ លោកស្នើឱ្យក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីនៅតាមមូលដ្ឋានឱ្យបញ្ឈប់សកម្មភាពបែបនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។